(ប្រទេសថៃ)៖ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ក្រសួងពាក់ព័ន្ធកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍អំពីការដោះស្រាយជំលោះ ដីធ្លី និង ធនធានធម្មជាតិនៃតំបន់ជម្លោះដីធ្លីរ៉ាំរ៉ៃមួយក្នុងប្រទេសថៃ។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ អង្គការសង្គមស៊ីវិលពីកម្ពុជាយល់ថា គោលនយោបាយដោះដូរដីព្រៃជាដីសម្បទានរបស់រដ្ឋនៃប្រទេសថៃទៅឲ្យសហគមន៍ គឺជាយន្តការដំណោះស្រាយដ៏មានប្រសិទ្ធិភាពក្នុងការបញ្ជៀសវិវាទដីធ្លីសហគមន៍ ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅប្រទេសថៃរយៈពេល ៦ ថ្ងៃកាលពីថ្ងៃទី ០៣ ដល់ ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០១៨នេះ ស្តីអំពី អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងបរិបទនៃការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម (CSR) ការអភិវឌ្ឍប្រកបដោយចីរភាព (SDG) និង (VGGT) ដែលរៀបចំដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (The NGO Forum) សង្គមកម្ពុជានិងសង្គមស៊ីវិលថៃបាន ដោះដូរទស្សនៈគ្នាច្រើន ជុំវិញអភិបាលកិច្ចដីធ្លីនៃប្រទេសទាំងពីរ។
គណៈប្រតិភូ៤៦ រូប មកពីកម្ពុជា ក្នុងនោះ មាន តំណាងរដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល តំណាងវិស័យឯកជន និង អ្នកសារព័ត៌មាន។
ភាគីពាក់ព័ន្ធនៃប្រទេសថៃដែលចូលរួមក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចនេះ មានដូចជា ក្រុមប្រឹក្សាខេត្ត ប្រធានសហគមន៍ តំណាងសាកលវិទ្យាល័យ និង អភិបាលស្រុកវ៉ាងណាមខៀវនៃខេត្តនគររាជសីម៉ា ប្រទេសថៃជាដើម។
លោក ច័ន្ទ នួសារ អធិការស្រុក វ៉ាងណាមខៀវនៃ ខេត្តនគររាជសីម៉ា ប្រទេសថៃ បានបង្ហាញត្រួសៗអំពីយន្តការក្នុងការដោះស្រាយជំលោះ ដីធ្លី និង ធនធានធម្មជាតិថា ការដោះស្រាយវិវាទដីធ្លីនៅក្នុងស្រុកវ៉ាងណាមខៀវ គឺជាដំណោះស្រាយដោយយកតាមយុទ្ធសាស្ត្ររបស់អតីតព្រះមហាក្សត្រថៃ ភូមិបុលអាឌុលយ៉ាដេត។ លោកបន្តថា ដំណោះស្រាយគឺសម្បទានដី ១ រ៉ៃ (១៦ ម៉ែត្រx៤ ជ្រុង) ជូនប្រជាពលរដ្ឋដែលមានជម្លោះដោយផ្ដល់ ការរស់នៅ ផែ្អកលើអនុផលលើដីនោះ តែពុំមានសិទ្ធិលក់ដីនោះទេ។
លោក ច័ន្ទ នួសារ៖ «នៅក្នុងស្រុកវ៉ាងណាមខៀវ គឺជាតំបន់ធម្មជាតិខៀវ ស្រងាត់ជាតំបន់ទេសចរណ៍មួយកន្លែងដ៏មានប្រជាប្រិយភាព ក៏ប៉ុន្តែទន្ទឹមនឹងនេះ វ៉ាងណាមខៀវក៏ទាមទារឲ្យមានការអភិរក្សផងដែរ។ យើងបានធ្វើសម្បទានដីសង្គមកិច្ចទៅដល់សហគមន៍ប្រហែល ១ រ៉ៃ សម្រាប់មួយគ្រួសារហើយដីទាំងនោះ លើកទឹកចិត្តឲ្យពួកគេអាចធ្វើអនុផល និង រស់នៅ ប៉ុន្តែពួកគេពុំមានសិទ្ធិលក់នោះទេ ហើយនេះគឺជាដំណោះស្រាយមួយយ៉ាងល្អ ដែលជួយដោះស្រាយវិវាទដីធ្លី ហើយបង្កើនផលិតផលក្នុងស្រុកផងដែរ។»
បញ្ហាវិវាទដីធ្លី គឺជាបញ្ហាមួយតានតឹង និង ស្រួចស្រាវដែលកម្ពុជាកំពុងជួបប្រទះ អស់រយៈពេលជាងម្ភៃឆ្នាំមកនេះ ។ ជំលោះដីធ្លីនៅកម្ពុជាត្រូវបានរកឃើញ ដោយសារការរីករាលដាល ការរំលោភបំពានសិទ្ធិកាន់កាប់ដី។ បញ្ហា ដីសម្បទានសេដ្ឋកិច្ច និងការពង្រីកការរុករករ៉ែ និងកសិពាណិជ្ជកម្ម ក៏ជាកើតចេញពីដើមហេតុចម្បងនៃការរំលោភបំពានលើទ្រព្យសម្បត្តិឯកជន និងការរំលោភសិទ្ធិមនុស្សទាក់ទងនឹងដីធ្លីនេះដែរ។
ជាការកត់សម្គាល់ វិវាទដីធ្លីកើតមានឡើងច្រើន ជាពិសេសនៅតំបន់ខ្ពង់រាប ដែលតំបន់មានគម្រោងរុករកធនធានជាច្រើនបានតាំងមូលដ្ឋាននៅទីនោះ ហើយជនចំណាកស្រុកមកពីខេត្តផ្សេងបានផ្លាស់ទីលំនៅចូលទៅរស់នៅដីដែលបានប្រើប្រាស់ដោយប្រជាជនក្នុងតំបន់។នេះ បើយោងតាមរបាយការណ៍របស់គេហទំព័រOpen Development Cambodia។
របាយការណ៍ អង្គការសិទ្ធិមនុស្ស ADHOC បាននិយាយថា នៅក្នុងឆមាសដំបូងកាលពីឆ្នាំ២០១៥ អង្គការនេះទទួលបានពាក្យបណ្តឹងដីធ្លី ៦៦ករណី ដែលប៉ះពាល់ជាង ៣,៥០០គ្រួសារនៅលើផ្ទៃដីជាង ៨,៦០០ ហិកតា។
បញ្ហាទំនាស់វិវាទដីធ្លី មិនមែនមានត្រឹមតែ ភាគីប្រជាពលរដ្ឋដែលជាជនរងគ្រោះ និង រដ្ឋាភិបាលតែប៉ុណ្ណោះទេចូលពាក់ព័ន្ធដើម្បីរកដំណោះស្រាយ ក្នុងនោះមានក៏ អង្គការសង្គមស៊ីវិល និង វិស័យឯកជនក៏ជាផ្នែកផងដែរ។
ក្នុងការដោះដូរទស្សនកិច្ចសិក្សានេះ លោក យិន ម៉េងលី មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស ADHOC ប្រចាំខេត្តបាត់ដំបង បានលើកឡើងថា ការដោះស្រាយទំនាស់ដីធ្លីដោយផ្ដល់សម្បទានដីអោយប្រជាពលរដ្ឋរស់នៅតាមសហគមន៍គឺជាដំណោះស្រាយឆ្លាតវៃមួយរបស់រដ្ឋាភិបាលថៃ ហើយដំណោះស្រាយនេះកម្ពុជាគួររៀនសូត្រតាម។
លោក យិន ម៉េងលី៖ «តែចំពោះកម្ពុជាយើង គឺដើរដល់ចំណុចទី ១ គឺចង់ឲ្យរដ្ឋាភិបាលគេទទួលស្គាល់ការតស៊ូមតិ ហើយយើងឃើញរដ្ឋាភិបាលយើងក៏លើកឡើងដែរ តែរបៀបជាទ្រឹស្តី តែពេលខ្លះយើងឃើញថារដ្ឋាភិបាលគាត់ទាត់សង្គមស៊ីវិលចេញ នេះអ្វីដែលយើងមើលឃើញពីភាពខុសគ្នា អញ្ចឹងខ្ញុំចង់ឲ្យរដ្ឋាភិបាលយើងហ្នឹង សហការគ្នាគ្រប់វិស័យដើម្បីធ្វើការអភិវឌ្ឍប្រទេសយើងឲ្យបានដូចគេ»។
ដូចគ្នានឹងការលើកឡើងនេះ លោក សោរ សុន្ទរ៍ធារី អគ្គនាយកក្រុមហ៊ុន ពិស្តារអភិវឌ្ឍន៍ និង ជាប្រធានក្រុមហ៊ុនកម្ពុជា-កូរ៉េ មានប្រសាសន៍ថា សេដ្ឋកិច្ចបៃតង និង សេដ្ឋកិច្ចភោគផល ដែលជាទស្សនៈវិជ្ជា របស់អតីតព្រះមហាក្សត្រថៃ ភូមិបុលអាឌុលយ៉ាដេត គឺប្រៀបបាននឹងមុខវិជ្ជាមួយ បង្រៀនឲ្យជនជាតិថៃស្រលាញ់ធម្មជាតិ និង បង្កើនសេដ្ឋកិច្ចនៃជីវភាពរស់នៅក្នុងសហគមន៍។
លោកបន្តថា ចំណុចល្អនេះ បានកែប្រែបញ្ហានៃទំនាស់វិវាទដីធ្លី ឲ្យក្លាយជារបស់សហគមន៍ជួយបណ្តុះអនុផលព្រៃឈើបៃតង ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋតាមសហគមន៍។
លោក សោរ សុន្ទរធារី៖ «យើងបានរៀនច្រើនគឺទី ១ គឺអភិបាលកិច្ចដីធ្លី និង ការគ្រប់គ្រងធនធានធម្មជាតិ ដែលគេផ្តោតសំខាន់ទៅលើការអប់រំមនុស្សតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កម្រិតឧត្តមសិក្សា ដូចយើងឃើញហើយថា មានសិស្សនិស្សិតជាច្រើនត្រូវបានឲ្យទៅសិក្សានៅឯវិទ្យាស្ថានស្រាវជា្រវវិទ្យាសាស្រ្តសាកែរ៉េត ហើយគេបង្រៀនមនុស្សឲ្យស្រឡាញ់ធម្មជាតិ រស់នៅជាមួយធម្មជាតិ ហើយរួមទាំងការចាក់បញ្ចូលជាមួយនឹងទស្សនៈវិជ្ជារបស់ព្រះមហាក្សត្រថៃ គឺសេដ្ឋកិច្ចបៃតង ដោយបណ្តុះគំនិតស្មារតីប្រជាជនឲ្យធ្វើកសិកម្មសេរីរាង្គ ទាញពីបញ្ហាដីធ្លីឲ្យក្លាយជាប្រយោជន៍។ »
អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងអន្តរជាតិ បានដើរតួយ៉ាងសំខាន់នៅក្នុងការរៀបចំ និងការអភិវឌ្ឍឡើងវិញនៅក្នុងប្រទេសមួយ។
ទាក់ទិននឹងរឿងនេះ មន្រ្តីផ្នែកសម្របសម្រួលផ្នែកយុទ្ធនាការនៃអង្គការ ActionAid Cambodia អ្នកស្រី អ៊ូ សុភារី មានយល់ឃើញថា ទស្សនកិច្ចសិក្សានៅប្រទេសថៃ គឺជាឱកាសមួយ បានរៀនសូត្រពីរបៀបរបបនៃការដឹកនាំ ការសហការគ្នា និង ការពិភាក្សាស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និង ការដោះស្រាយទំនាស់វិវាទដីធ្លីជាច្រើនដែលអ្នកស្រីថា កម្ពុជាក៏អាចយកគម្រូល្អៗពីភាគីថៃ មកអនុវត្តផ្ទាល់នៅកម្ពុជាផ្ទាល់បានដែរ។
អ្នកស្រី អ៊ូ សុភារី៖ «គិតថា ទស្សនកិច្ចហ្នឹង! យើងរៀនបានច្រើន។ ចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សានេះ យើងទទួលបានកិច្ចសហការមួយដ៏ល្អ រវាងស្ថាប័នដៃគូរពាក់ព័ន្ធ ដែលមានទាំងរដ្ឋាភិបាល សហគមន៍ សង្គមស៊ីវិល ក៏ដូចជាវិស័យឯកជនផងដែរចា៎ស!»។
យល់ស្របនឹងការលើកឡើងនេះ អ្នកស្រី សំ សុម៉ាលី ប្រធានការិយាល័យផែនការនិងទំនាក់ទំនងសារធារណៈ នៃនាយកដ្ឋានជនជាតិភាគតិច ចំណុះក្រសួងអភិវឌ្ឍជនបទ និយាយថាដំណោះស្រាយរបស់រដ្ឋាភិបាលប្រទេសថៃ ពិតជាបទពិសោធន៍ល្អមួយ។
អ្នកស្រីបន្តថា ការចូលរួមពីប្រជាពលរដ្ឋ តាមសហគមន៍ អង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីថ្នាក់ក្រោមជាតិ និង មន្រ្តីថ្នាក់ជាតិគឺជាការវេញគ្នាជាធ្លុងមួយអង្គុយក្នុងតុរចរចាស្វែងរក ដំណោះស្រាយ និង ត្រីវិស័យ ក្នុងការអភិវឌ្ឍជាតិ។
អ្នកស្រី សំ សុម៉ាលី៖ «សំរាប់ដែលយើងមើលឃើញទិដ្ឋភាពជាក់ស្តែង គឺល្អសម្រាប់ដំណោះស្រាយរបស់គេ ជាពិសេសគឺការចូលរួមរវាងអង្គការសង្គមស៊ីវិល វិស័យឯកជន មន្រ្តីតាំងពីក្រោមដល់លើ គឺមានការទាក់ទងគ្នាល្អគឺមាន ដំណោះស្រាយល្អសម្រាប់ពួកគាត់អញ្ជឹងគាត់អាចទទួលយក ការរស់នៅមួយសមស្របសម្រាប់ជីវភាពរបស់ពួកគាត់។ វាបានផ្តល់ចំណេះដឹងសម្រាប់ប្រទេសយើង យើងមើលឃើញគម្រូរបស់គេ ហើយយើងអាចយកចំណុចល្អហើយយើងអាចយកសារហ្នឹងទៅដល់ថ្នាក់ដឹកនាំបាន»។
ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំដោយ អង្គការវេទិការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលមានការសម្របសម្រួលដោយភាគីកម្ពុជា និង ភាគីថៃ ។
ទស្សនកិច្ចសិក្សានេះ មានរយៈពេល ៦ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ០៣ ខែ កញ្ញា រហូត ដល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨។
លោក វង្ស កុសល មន្រ្តីសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានៃអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និង គោលបំណងនៃទស្សនកិច្ចសិក្សានេះថា ការដែលរៀបចំទស្សនកិច្ចសិក្សានេះ គឺចង់ឲ្យតួរអង្គដែលមានតួនាទីក្នុងការអភិវឌ្ឍជាតិ មានឱកាសមកស្គាល់គ្នា ប្រជុំពិភាក្សាដេញដោលរួមគ្នា វេញគ្នាជាធ្លុងមួយ ក្នុងការអភិវឌ្ឍសង្គមជាតិ។
លោក វង្ស កុសល៖ «យើងប្រាកដជាអាចធ្វើបាន កាលណាយើងមានសេចក្តីទុកចិត្តគ្នា យើងយល់អំពីកិច្ចការងារ របស់យើង។ យើងយល់ អំពីតួនាទីរបស់យើងរៀងៗខ្លួន ហើយយើងមានគោលការណ៍ច្បាប់យើងល្អបង្គួរស្រាប់ថែមទៀតនោះ ហើយយើងបានរៀនសូត្រពីចំណុចខ្វះចន្លោះ នៃគោលនយោបាយ ហើយយើងរួមគ្នាដោយឈរលើគោលការទទួលខុសត្រូវ យើងនឹងអាចអភិវឌ្ឍន៍ប្រទេសយើងបានប្រសើរ។ »
សូមបញ្ជាក់ថា ការចូលរួមដំណើរទស្សនកិច្ចសិក្សានេះ មានការចែករំលែកបទពិសោធន៍ពីករណីជោគជ័យក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ព្រមទាំងវិធានការទប់ស្កាត់ និងដោះស្រាយជំលោះដែលអន្តរាគមន៍ដោយមន្រ្តីសមត្ថកិច្ច និង សហគមន៍ក្នុងតំបន់ខេត្តនគររាជសីមា ដោយមានការអញ្ជើញចូលរួមពីភាគីថៃ និង កម្ពុជា ដែលក្នុងនោះមាន មន្រ្តីអង្គការសង្គមស៊ីវិល តំណាងក្រសួងពាក់ពន័្ធនានា រួមទាំង អ្នកសារព័ត៌មានពីវិទ្យុស្រ្តីផងដែរ៕