en     km
en     km

សម្តេចទៀបាញ់ផ្តាំផ្ញើឲ្យគ្រប់កងអង្គភាពកងទ័ពត្រូវចូលរួមគាំទ្រ និង លើកកម្ពស់ស្រ្តី(មានសំឡេង)

Share

សម្តេច ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ផ្តាំផ្ញើទៅគ្រប់មេបញ្ជាការអង្គភាពចំណុះក្រសួងការពារជាតិ ឲ្យចូលរួមលើកកម្ពស់តម្លៃស្រ្តី ដើម្បីរួមគ្នាអភិវឌ្ឍន៍ជាតិ។ សម្តេចរដ្ឋមន្ត្រីការពារជាតិបានលើកឡើងដូចនេះ ស្របពេលកម្ពុជាត្រៀមរៀបចំ ទិវានារីអន្តរជាតិលើកទី១០៧ នៅថ្ងៃទី៨មីនា។

សំឡេងលោក សេរីវឌ្ឍនៈ រាយការណ៍៖

នៅព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៨នេះសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១០៧ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៨ ក្រោមប្រធានបទ៖«ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាព» សម្ដេចបានថ្លែងណែនាំឱ្យ អង្គភាពកងទ័ពត្រូវឲ្យចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់សិទ្ធិនិងតម្លៃស្រ្តី ។

សម្តេច ទៀ បាញ់មានប្រសាសន៍ថា មេបញ្ជាការ គ្រប់កងអង្គភាព ត្រូវចូលរួមលើកកម្ពស់ស្រ្តី រួមគ្នាអភិវឌ្ឍន៍ជាតិ ក្នុងនោះត្រូវយកចិត្តទុកដាក់ ដល់ស្ត្រីនៅក្នុងអង្គភាពរបស់ខ្លួន ដោយត្រូវផ្តល់ឱកាស និងបង្កលក្ខណៈងាយស្រួល ឲ្យនារីបង្កើនសមត្ថភាព ចំណេះដឹងជំនាញលើកទឹកចិត្ត និងត្រូវផ្តល់ឱកាសក្នុងការទទួលឋានន្តរសក្តិ តួនាទី សមស្របទៅតាមសមត្ថភាព បទពិសោធន៍ដោយមិនរើសអើងឡើយ។

ជាមួយគ្នានេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យនៃក្រសួងការពារជាតិ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីថា កន្លងមកក្រសួងការពារជាតិបានខិតខំយកចិត្តទុកដាក់ជាពិសេស បង្កើតឲ្យមានការបញ្ជ្រៀតវិសមភាពយ៉េនឌ័រ​នៅក្នុងកងអង្គភាពចំណុះក្រសួងការពារជាតិ។ យ៉ាងណា លោកបានបញ្ជាក់ថា ក្រសួងការពារជាតិ គ្រោងនឹងមានការតែងតាំងនារី ឬ ស្រ្តីទៅតាមសមត្ថភាព ដោយប្រឹងប្រែងលើកទឹកចិត្តនិងការបង្រៀនឲ្យមានសមត្ថភាព ដោយតែងតាំងពួកគាត់ជាអនុប្រធាននៅគ្រប់កងអង្គភាព។

សំឡេងនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ៖ យើងកាលពីព្រឹកមិញ គឺសម្តេចទៀ បាញ់បានឲ្យមានការបង្កើត និង បញ្ជូលនារីដែលមានសមត្ថភាពជាអនុប្រធាន មានន័យថាគឺដាក់ជាអនុប្រធាន តែយ៉ាងណា សម្តេចបានលើកទឹកចិត្តឲ្យនារីមានការខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាមេបញ្ជាការជាដើម។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមផងដែរដោយ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាយទាហាន ពលទាហាន កងកម្លាំងរាជអាវុធហត្ថ គ្រូយោធាចារ្យ សិស្សនាយទាហាន មកពីអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពថ្មើរជើង និងបណ្តាអង្គភាពពាក់ព័ន្ធនានាប្រមាណ៦០០នាក់ផងដែរ៕

 

 

Share

Image
Image
Image