en     km
en     km

មន្ទីរអប់រំខេត្តត្បូងឃ្មុំបើកស៊ើបអង្កេតករណីបែកធ្លាយថាគ្រូនៅវិទ្យាល័យដារគាបសង្កត់សិស្សអត់រៀនគួរ

Share

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយព័ត៌មានករណីគ្រូមួយចំនួននៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ដារ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ប្រើមធ្យោបាយគាបសិស្ស និងរើសអើងសិស្សិដែលមិនព្រមរៀនគួរជាមួយ គឺនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ មន្ទីរអប់រំខេត្តបានប្រកាសតាមដានស៊ើបអង្កេតករណីនេះឱ្យបានជាក់លាក់។

ផ្អែកតាមសេចក្តីស្រាយបំភ្លឺរបស់មន្ទីរអប់រំខេត្ត បើសិនលទ្ធផលនៃការស្រាវជ្រាវពិតជាបានរកឃើញគ្រូប្រព្រឹត្តិទង្វើបែបនេះមែន នោះមន្ទីរអប់រំនឹងអនុវត្តទៅតាមវិធានការរដ្ឋបាល ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ មានទំព័រហ្វេសប៊ុកព័ត៌មានមានឈ្មោះថា NFP News បានផ្សព្វផ្សាយលើបណ្តាញសង្គមដែលមានខ្លឹមសារថា “ វិទ្យាល័យមួយកន្លែងនៅស្រុកមេមត់ រងការររិះគន់ពីអតីតសិស្ស បញ្ហារឿងរៀនគួរតាំងពីថ្នាក់ទី៧ ឡើងទៅ សូម្បីមុខវិជ្ជា ភូមិ និងប្រវត្តិ។ ទំព័រហ្វេសប៊ុកព័ត៌មានខាងលើបានផុសអបរូបភាពវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ដារ ស្ថិតក្នុងខេត្តត្បូងឃ្មុំផងដែរ។

រូបភាពពីហ្វេសប៊ុក NFP News។

ទំព័រសារព័ត៌មាន NFP News បន្ថែមដោយលើកឡើងការត្អូញត្អែររបស់អតីតសិស្សរូបនោះថា គ្រួសារក្រីក្រកំពុងជួបវិបត្តិសេដ្ឋកិច្ចត្រូវបង្ខំចិត្តឱ្យកូនឈប់រៀន។ ជាងនេះមានបាតុភាពគ្រូៗខ្លះលក់នំចំណីឱ្យសិស្ស ពេលសិស្សគ្មានប្រាក់ទិញគ្រូស្អប់ដល់ឆ្អឹង តែសិស្សណាជួយទិញនំគ្រូ គ្រូដាក់ពិន្ទុជួយឱ្យជាប់។

តាមរយៈទំព័រព័ត៌មានខាងលើដដែល អតីតសិស្សរូបនោះ អំពាវនាវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធពិសេសក្រសួងអប់រំ ត្រូវធានាផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និង ឱកាសទទួលបានការអប់រំស្មើៗគ្នា សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ។

ឆ្លើយតបតាមសារបែកធ្លាយពីអតីតសិស្សដែលបានបង្ហោះនេះ ក្រសួងអប់រំបានបញ្ជាក់ថា ការបង្រៀនគួររបស់លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដារ គឺជាការបង្រៀនក្នុងការងារឯកជនភាពរបស់គ្រូៗតែប៉ុណ្ណោះ មិនប៉ះពាល់ម៉ោងឈប់សម្រាក ឬយកម៉ោងរដ្ឋមកបង្រៀនគួរ ឬយកទីតាំងសាលារៀនទៅបង្រៀនគួរអ្វីឡើយ៕

 

Share

ព័ត៌មានទាក់ទង