en     km
en     km

អាជ្ញាធរឃុំតាំងក្រសៅនិងក្រុមហ៊ុនផ្គត់ផ្គង់ទឹកសហការផ្តល់ប្រភពទឹកសម្រាប់កសិករធ្វើស្រែប្រាំង

Share

កំពង់ធំ៖ ដោយមើលឃើញពីការប្រឹងប្រែងរបស់កសិករដែលខិតខំបង្កបង្កើនផលស្រែប្រាំង អាជ្ញាធរឃុំតាំងក្រសៅ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកមួយបានសហការគ្នារកប្រភពទឹកតាមស្ទឹងនិងបឹងនានា ដើម្បីចែកចាយដល់ប្រជាកសិករធ្វើស្រែប្រាំងដោយមិនឱ្យបារម្ភរឿងខ្វះទឹក។ នេះបើតាមសេចក្តីរាយការណ៍ពីសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំចុះជួបប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានកាលពីពេលថ្មីៗនេះ។

បច្ចុប្បន្ននេះ ប្រជាកសិករតាមស្រុកឃុំមួយចំនួនក្នុងខេត្តកំពង់ធំ កំពុងមមាញឹកនឹងការងារបង្កបង្កើនផលស្រែប្រាំង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្រោយរដូវទឹកសម្រក។

កសិករបូមទឹកដាក់ស្រែប្រាំងដែលបានដាំដុះបន្ទាប់ពីទឹកស្រក។រូបភាព ពណ្ណារាយ។

ជាក់ស្ដែង អាជ្ញាធររដ្ឋបាលឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំពេលចុះប្រមូលព័ត៌មានជុំវិញការបង្កបង្កើនផលស្រែប្រាំងថា បច្ចុប្បន្ននេះមានប្រជាកសិករ បាននឹងកំពុងមមាញឹកធ្វើស្រែប្រាំងហាក់កើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះឃុំតាំងក្រសៅ ដែលមានភូមិសាស្ត្រសម្បូរដោយប្រព័ន្ធស្រោចស្រពដូចជា អូរ ស្ទឹង បឹងបួរ នោះ បានផ្ដល់សក្តានុពលយ៉ាងខ្លាំង សម្រាប់ប្រជាកសិករប្រកបរបរកសិកម្មកើនដល់ទៅ ៩៥% មានផ្ទៃដីសរុប៣៤៨៩ហិចតា គិតត្រឹមចុងឆ្នាំ ២០២៤នេះ។ នេះបើតាមការបញ្ជាក់ពីលោក ប៊ុន តារា មេឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។

សកម្មភាពអាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនពិនិត្យការដ្ឋានជីក​ប្រឡាយផ្គត់ផ្គង់ទឹកជូនពលរដ្ឋ។រូបភាព ពណ្ណារាយ។

 លោក ប៊ន រ៉ា លើកឡើងទៀតថា ដោយមើលឃើញការខិតខំរបស់ប្រជាពលរដ្ឋបានសម្រុកនាំគ្នាធ្វើស្រែប្រាំងច្រើនកើនឡើងដូច្នេះ អាជ្ញាធរបានសហការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងសហគមន៍កសិករ ក្នុងការរកប្រភពទឹកស្រោចស្រពទាញមកប្រើប្រាស់ពីក្នុងបឹងបញ្ចូលប្រឡាយតូចៗនៅតាមស្រែកសិករ។ លោកបញ្ជាក់ថា មកទល់ពេលនេះមានប្រជាកសិករចំនួន ៤ សហគមន៍ហើយដែលបានទទួលផលពីគម្រោងផ្តល់ប្រភពទឹកនេះ ក្នុងនោះមានសហគមន៍បឹងក្អែកងូត សហគមន៍បឹងជារាម សហគមន៍បឹងអាលំ និងសហគមន៍អូរអណ្តែង។

 លោក ប៊ន រ៉ា មេឃុំតាំងក្រសៅ។រូបភាព ពណ្ណារាយ។

បើតាមលោកមេឃុំតាំងក្រសៅ កិច្ចសហការរវាងអាជ្ញាធររដ្ឋបាលឃុំជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកនេះ ធ្វើឡើងគោលបំណងការពារផលប៉ះពាល់ផ្សេងៗទៅដល់ជីវៈចម្រុះក្នុងបឹង ស្ទឹង ដោយធានាឱ្យធនធានធម្មជាតិមាននិរន្តរភាព។

ជុំវិញរឿងនេះ លោក ធន សៀងលី ប្រធានសហគមន៍បឹងក្អែកងូតរៀបរាប់ឲ្យដឹងពីប្រវត្តិបឹងក្អែកងូតនេះថា បឹងនេះត្រូវបានប្រជាពលរដ្ឋទាញយកទឹកទៅប្រើប្រាស់រហូតរីងអស់ពីបឹង ទោះបីបឹងមានផ្ទៃទំហំ ១៣ ហិកតាក៏ដោយ។ ប៉ុន្តែក្រោយពេលបង្កើតជាសហគមន៍ដែលមានការគាំទ្រពីអង្គការស្ត្រីខ្មែរ ដែលជាជំនួយរបស់ GIZ ក្នុងឆ្នាំ ២០២១ កន្លងទៅនេះ គណៈកម្មការបានគ្រប់គ្រងផ្ទៃបឹងចំនួន ៤ ហិចតាកន្លះ ដើម្បីការពារអភិរក្សធនធានធម្មជាតិជលផលរហូតដល់សព្វថ្ងៃ។

លោក ធន សៀងលី ប្រធានសហគមន៍បឹងក្អែកងូតរៀបរាប់ពីគុណប្រយោជន៍នៃបឹងក្អែកងូត។រូបភាព ពណ្ណារាយ។

លោកប្រធានសហគមន៍បញ្ជាក់ថា បច្ចុប្បន្ននេះសហគមន៍បឹងក្អែកងូត មានសកម្មភាពការពារថែរក្សាបានល្អ ដោយអនុញ្ញាតឲ្យប្រជាកសិករក្នុងសហគមន៍អាចចូលនេសាទត្រីជាលក្ខណៈគ្រួសារជុំវិញតំបន់បឹងអភិរក្សតែប៉ុណ្ណោះ។ ពិសេសអនុញ្ញាតឱ្យកសិករទាញយកទឹកប្រើប្រាស់លើផ្ទៃដីប្រមាណជាង ៤00 ហិចតា ដោយប្រការនេះធ្វើឱ្យកសិករអាចមានលទ្ធភាពធ្វើស្រែបានចំនួនពីរដងក្នុងមួយឆ្នាំ។

ដើម្បីអាចថែរក្សានិរន្តភាពទឹកបឹងប្រើប្រាស់បានយូរអង្វែរ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកបានអនុវត្តគោរពទៅតាមលក្ខន្តិកៈរបស់សហគមន៍ ដោយបានធ្វើកិច្ចសន្យាបូមទឹកពីស្ទឹងសែនបញ្ចូលក្នុងបឹងសហគមន៍ ដើម្បីឲ្យកសិករទាញយកទឹកទៅប្រើប្រាស់ធ្វើស្រែប្រាំង ដោយមានកម្រិតកំណត់កម្ពស់ទឹកច្បាស់លាស់ អាចការពារធនធានធម្មជាតិឲ្យមាននិរន្តរភាពផងដែរ។

ស្រែប្រាំងរបស់កសិករដាំដុះបន្ទាប់ពីទឹកស្រក។រូបភាព ពណ្ណារាយ។

ជាមួយគ្នានេះដែរលោក ហូរ ស៊្រុន មេភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ លើកឡើងដោយចាត់ទុកបឹងសហគមន៍ក្អែកងូតនេះ ពិតជាមានសារៈសំខាន់ដែលផ្ដល់ជាគុណប្រយោជន៍ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងភូមិទាំងមូល តាមរយៈការនេសាទលក្ខណៈគ្រួសារ និងការបង្កបង្កើនផលស្រែប្រាំង។ លោកថា កសិករដែលអាស្រ័យប្រើប្រាស់ទឹកក្នុងបឹងនេះ អាចធ្វើស្រូវបានចំនួនពីរដងក្នុងមួយឆ្នាំ ដែលអាចឱ្យកសិករទទួលផលចំណេញថវិកាប្រមាណ ២លានរៀលក្នុង១ហិចតា។

លោកមេភូមិខាងលើប្រាប់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនតាមរយៈការជួបជាមួយអ្នកជំនាញរបស់អង្គការ និងមន្ទីរស្ថាប័ននានា ដោយកសិករបានគោរពទៅតាមការណែនាំរបស់គោលការណ៍សហគមន៍ រួមចំណែកការពារបរិស្ថាន ថែរក្សាអភិរក្សធនធានជលផលដើម្បីជាប្រយោជន៍តទៅថ្ងៃអនាគត។

លោក ហូរ ស៊្រុន មេភូមិកំពង់ឈើទាលផ្តល់កិច្ចសម្ភាសន៍ជូនសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ។រូបភាព ពណ្ណារាយ។

បើតាមលោក ប៊ុន តារា មេឃុំតាំងក្រសៅ បញ្ជាក់បន្ថែមថា ទិសដៅនាពេលខាងមុខនេះ រដ្ឋបាលឃុំមានផែនការពង្រីកប្រព័ន្ធធារាសាស្ត្រមួយចំនួន និងកសាងទំនប់ក្នុងតំបន់អូរបឹងសហគមន៍មួយចំនួនផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករប្រកបរបរធ្វើស្រែប្រាំងឱ្យបានច្រើនថែមទៀតសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ៕

អត្ថបទខ្លីសរសេរដោយ  ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង