en     km
en     km

អាជ្ញាធរស្រុកស្វាយជ្រុំខេត្តស្វាយរៀងដោះស្រាយសំណងជូនកសិករក្រោយមានការតវ៉ា

Share

ភ្នំពេញ៖ អាជ្ញាធរស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងភាគីពាក់ព័ន្ធនៅព្រឹកនេះកំពុងចរចាដោះស្រាយសំណងជូនប្រជា កសិករក្នុងឃុំចំនួនពីរ ដែលកន្លងមកបានចេញតវ៉ាដោយពុំសុខចិត្តទទួលយកសំណងដែលអាជ្ញាធរមូលដ្ឋានកំណត់។ តែយ៉ាងណា ប្រជាពលរដ្ឋដែលកំពុងរងចាំការដោះស្រាយបញ្ជាក់ថា ប្រសិនជាការចរចាមិនទទួលបាន ផលលទ្ធដូច ការរំពឹងទុកនោះទេ ប្រជាពលរដ្ឋនឹងបន្តចេញតវ៉ាទៀត ហើយគ្រោងធ្វើដំណើរមកភ្នំពេញផងដែរ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

ប្រជាពលរដ្ឋប្រហែល ១២០គ្រួសារ កំពុងអាស្រ័យផលលើដីស្រែប្រហែល ១០០ហិកតា កំពុងរងផលប៉ះពាល់បន្ទាប់ ពីអាជ្ញាធរនិងក្រសួងពាក់ព័ន្ធបានបង្កើតគម្រោងស្តារប្រព័ន្ធប្រឡាយទឹកកំពង់ជ្រៃ ជាប្រព័ន្ធធារាស្រ្តមួយផ្តល់ទឹកស្រោច ស្រពដី​កសិកម្ម​រាប់ម៉ឺន​​ហិចតា​ទាំង​​នៅខេត្ត​ព្រៃវែង និង​ស្វាយ​រៀង។​

ប្រជាពលរដ្ឋក្នុងឃុំចំនួនពីរ គឺឃុំឈើទាល និងឃុំស្វាយធំដែលធ្លាប់អាស្រ័យផលលើដីស្រែតាំងពីក្រោយរបប ប៉ុល ពល បានអះអាងថា ពួកគេធ្លាប់ចេញទាមទារជាច្រើនលើក ដើម្បីទទួលបានសំណងសមរម្យ តែអាជ្ញាធរនៅតែប្រកាន់ជំហរ ទូទាត់សំណងត្រឹមតែ ៩០០រៀលក្នុងមួយម៉ែត្រការ៉េដែលជាតម្លៃមួយថោកជាពន់ពេក។

អ្នកស្រី ឥន សូត្រ ប្រធានសហគមន៍ចេកមាសភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រាប់វិទ្យុស្រ្តីថា ដីស្រែ របស់ប្រជាកសិករគឺអាស្រ័យផលតាំងពីឆ្នាំ១៩៨០មកម្ល៉េះ។ អ្នកស្រីថា កន្លងមកអាជ្ញាធរបានពាក្យសំដីមិនសមរម្យ បង្ខំឱ្យ ពលរដ្ឋទទួលយកសំណងត្រឹម ៩០០រៀលក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមិនអាចយកមកទិញដីសែ្រផ្សេងបានទេ។ អ្នកស្រីបន្តថា ពលរដ្ឋចង់បានសំណងខ្ទង់បីដុល្លារក្នុងមួយម៉ែត្រការ៉េ ព្រោះតម្លៃនេះសមស្របតាមតម្លៃដីស្រែក្នុងតំបន់នេះ។

រៀបរាប់ទាំងកំហឹងផង អ្នកស្រីគូសបញ្ជាក់ថា អ្នកស្រីនិងពលរដ្ឋផ្សេងទៀតនឹងបន្តចេញតវ៉ាបើគ្មានដំណោះស្រាយសមរម្យ នឹងគ្រោងឡើងមករាជធានីភ្នំពេញផងដើម្បីដាក់ញត្តិ ព្រោះមិនអាចទ្រាំនឹងភាពអយុត្តិធម៌បាន។

អ្នកស្រី ឥន សូត្រ៖«ខ្ញុំថា បើដកចំដីអស់លោក អស់លោកឈឺចាប់អត់ ដកចំឆ្នាំងបាយអស់លោកឈឺចាប់អត់ មកដកដី រាស្ត្រសុទ្ធសាធ អាងគ្នាគ្មានអំណាច អាងគ្នាទន់ខ្សោយ ចុះពេលបោះអស់លោកក៏ត្រូវការម៉េះរាស្រ្តហ្នឹង ម៉េចក៏លើករាស្រ្ត ដាក់លើហឹង ដល់ពេលបោះឆ្នោតបានឈ្នះបានអំណាច បានធ្វើការបានបុណ្យស័ក្កហើយជិះជាន់គៀបសង្កាត់ អត់ខ្វល់ សម្លាប់រាស្រ្ត អត់គិតខ្វល់ថា ប្រជាពលរដ្ឋហ្នឹងឈឺចាប់ប៉ុណ្ណា អត់មានឱ្យប្រជាពលរដ្ឋហ្នឹងរស់ផង ចង់រស់តែខ្លួនឯង ក៏មើល ងាយអ្នកក្រម៉េះ មើលងាយអ្នកក្រ មើលងាយម្ចាស់ឆ្នោតម៉េះ»។

ទាក់ទិនរឿងនេះ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រុំ​ប្រាប់វិទ្យុស្រ្តីថា​ ក្រុមការងារអន្តរក្រសួងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងធនធានទឹកកំពុងដោះស្រាយជូនប្រជាពលរដ្ឋ ដែលមកទល់ពេលនេះ លោកថា ពលរដ្ឋឃុំ ស្វាយធំព្រមទទួលយកសំណងដោះស្រាយជិត១០០%ហើយ។ លោកបន្ថែមថា ក្រុមការងារកំពុងបន្តចរចាដោះស្រាយ សំណងជូនពលរដ្ឋឃុំឈើទាលបន្តទៀត។

លោក ហែម សារិទ្ធ៖«នៅស្រុកស្វាយធំប្រជាពលរដ្ឋជិត១០០%ហើយដែលទទួលយក ហើយឥឡូវថ្ងៃហ្នឹង យើងស្តាប់មើល ព្រឹកហ្នឹងមើល តើការតវ៉ារបស់គាត់តវ៉ាពីមុនហីជាមួយក្រុមការងារចុះមកមើល តើកាត់បង្ហាញគោលការណ៍អីយ៉ាងម៉េច ជាមួយប្រជាពលរដ្ឋ ចឹងអាហ្នឹងទាក់ទងខាងក្រុមការងារអន្តរក្រសួងចុះមក»

យ៉ាងណាលោកមិនអាចប្រាប់ពីទំហំសំណងទូទាត់សម្រាប់ឃុំទាំងពីរបានទេ ដោយបង្វែរសំណួរទៅក្រសួងពាក់ព័ន្ធ។

ការដោះស្រាយទំនាស់រឿងសំណងដីស្រែរបស់កសិករ ឃុំឈើទាល និងឃុំស្វាយធំនេះ កំពុងស្ថិតក្នុងដៃក្រុមការងារ អន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក។

វិទ្យុស្រ្តីមិនទាន់អាចទាក់ទងលោក គឹម សាវុធ ប្រធានមន្ទីរ​ធនធានទឹក​ខេត្តស្វាយ​រៀងបាននៅឡើយទេ ដោយទូរស័ព្ទចូល តែចុចបិទ។

ទាក់ទងក្នុងរឿងនេះដែរ លោក ប៉ុល សេត ប្រជាពលរដ្ឋភូមិធ្នង់ ឃុំស្វាយធំប្រាប់ឱ្យដឹងថា ពិតជាមានប្រជាពលរដ្ឋព្រម ទទួលយកសំណងត្រឹម ៩០០រៀលក្នុងមួយម៉ែត្រការ៉េមែន ព្រោះពួកគេមានដីតិចតួច មិនចង់តវ៉ាវែងឆ្ងាយ និងខ្លាចរង អំពើហិង្សា ទើបពួកគេព្រមទទួលយក។ ប៉ុន្តែសម្រាប់លោក ប៉ុល សេត លោកថា លោកមិនព្រមយកសំណងនេះទេ ព្រោះតិចតួចខ្លាំងពេក។ លោកស្នើឱ្យភាគីពាក់ព័ន្ធជួយដោះស្រាយរកសំណងសមរម្យជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការ ចេញតវ៉ានាំឱ្យខាតពេលវេលា និងប្រឈមការប៉ះទង្គិចជាយថាហេតុ។

លោក ប៉ុល សេត៖«បើបានឡើងជាងហ្នឹងតិចទៅក៏គ្រាន់បើដែរ ទុកចែកកូនចែកចៅធ្វើខាងមុខទៀត។ខ្ញុំគ្មានអីទៀតទេ ខ្ញុំសុំតែប៉ុណ្ណឹង សុំឱ្យបានឡើងថ្លៃតិចក៏យល់ព្រមដែរ មិនមែនដាចអហង្ការថាមិនឱ្យនោះទេ។ បើថាយកលុយមកទិញដីឱ្យ គ្នាក៏ពួកខ្ញុំព្រមដែរ អរគុណណាស់ បានដីធ្វើស្រែវិញ»។

អ្នកភូមិបញ្ជាក់ថា​ ជម្លោះនេះប្រជាកសិករធ្លាប់លើកគ្នាឡើងមករដ្ឋសភារួចមកហើយតែគ្មានដំណោះស្រាយ។ ហើយ គម្រោង​ពង្រីក និង​ស្ដារ​ឡើង​វិញ​ប្រឡាយទឹក​នេះ​បាន​ចាប់​ផ្ដើម​ឡើង​តាំងពី​ឆ្នាំ២០០៩ ប៉ុន្តែត្រូវ​បាន​ពន្យារ​ពេល​ដោយសារ តែមានការ​តវ៉ាពីប្រ​ជា​កសិករ​។

មន្ត្រី​​ក្រ​​សួង​ធនធានទឹក​បានប្រាប់សារព័ត៌មានក្នុងស្រុកថា ​តំបន់​ដែល​ប៉ះពាល់​ជា​ដី​របស់​រដ្ឋ ហើយ​សំណង​នោះ​គឺ​សង​លើ​ផល​ដំណាំ មិន​មែន​លើ​តម្លៃដី​ជាក់​ស្ដែង​នោះទេ​។ ​មន្ត្រី​ឲ្យ​ដឹង​ដែរ​ថា គម្រោង​នេះ​មិន​ពង្រីក​ប្រឡាយ​នោះទេ ដោយ​គ្រាន់​តែ​ជួសជុល​ស្ដារ​ឡើង​វិញ​ប៉ុណ្ណោះ​៕

 

Share

Image
Image
Image