en     km
en     km

តុលាការស្វាយរៀង ដាក់បន្ទុកលោក ជា ចាន់ថា ទាំងស្មារតីមិននឹងនរ ដោយសារជាប់ឃុំយូរ

Share

សមាគម IDEA និងអង្គការសិទ្ធិមនុស្ស ថា តុលាការខេត្តស្វាយរៀង ព្យាយាមដាក់បន្ទុកលើលោក ជា ចាន់ថា ជាថ្នាក់ដឹកនាំមូលដ្ឋានសមាគម IDEA ជុំវិញបទចោទ «ឆបោក» និងបទ «ធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» ខណៈស្មារតីថ្នាក់ដឹកនាំមូលដ្ឋានរូបនេះ មានស្ថានភាពមិននឹងនរ។ យ៉ាងណាតុលាការខេត្តស្វាយរៀង មិនទាន់សម្រេចផ្តន្ទាទោស ឬដោះលែងលោកនៅឡើយ ដោយនឹងប្រកាសសាលក្រមលោក ជា ចាន់ថា នៅថ្ងៃទី៩ ខែធ្នូខាងមុខនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៨ ខែវិច្ឆិកាថា សវនាការជំនុំជម្រះរឿងក្ដីលោក ជា ចាន់ថា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ មានការឃ្លាំមើលពីអង្គការសិទ្ធិមនុស្សជាតិ និងអង្គការសហប្រជាជាតិ (UN) ដែលចំណាយពេលជិតមួយថ្ងៃ គឺតុលាការខេត្តស្វាយរៀង ជំនុំជម្រះដោយមិនទាន់សម្រេចអ្វីនៅឡើយ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមថាដោះលែង ឬមិនដោះលែង លោក ចាន់ថា នៅថ្ងៃទី៩ ខែធ្នូខាងមុខនេះ។

យ៉ាងណាមេដឹកនាំសមាគមរូបនេះថា ក្នុងសវនាការជម្រះក្ដីនេះ គឺព្រះរាជអាជ្ញាបានសួរដេញដោលលោក ចាន់ថាជាច្រើន ជុំវិញបទចោទថា លោក ជា ចាន់ថា បាន​ធ្វើសកម្មភាព​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ​ជាមួយ​ការ​បំ​ពេញមុខ​ងារ​សាធារណៈ​។ ប៉ុន្តែលោកអះអាងថា សកម្មភាពរបស់លោក ចាន់ថា គ្រាន់តែចុះផ្សព្វផ្សាយពីបេឡាជាតិរបបសន្តិសុខសង្គម និងចុះចងក្រងសមាជិកសមាគម IDEA ប៉ុណ្ណោះ។

លោក វន់ ពៅ៖ «គេចោទប្រកាន់ពីបទឆបោក និងបទធ្វើឱ្យមានភាពវឹកវរច្រឡំនឹងការបំពេញមុខងារសាធារណៈរបស់មន្ត្រីរាជការ ហើយលោក​ ជា ចាន់ថា សំណូមពរឱ្យទម្លាក់បទចោទប្រកាន់មកលើគាត់ ពីព្រោះសកម្មភាព ជា ចាន់ថា គ្រាន់តែជាសកម្មភាពចុះចងក្រងសមាជិក ហើយនិងគាត់និយាយអំពីការផ្សព្វផ្សាយបម្រែបម្រួលអាកាសធាតុ និង ប.ស.ស តែប៉ុណ្ណោះ មិនមានបទល្មើសអ្វីត្រូវចោទគាត់នោះទេ»។

លោក វន់ ពៅ ឈរខាងមុខសាលាដំបូងខេត្តស្វាយរៀង។

បើតាមលោក វន់ ពៅ សុខភាពរបស់លោក ជា ចាន់ថា មានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារជាប់ឃុំខ្លួនក្នុងពន្ធនាគារយូរពេក ដូច្នេះនៅពេលដែលព្រះរាជអាជ្ញាសួរដេញដោលស្មារតីលោក ចាន់ថា មិននឹងនរ ដែលធ្វើឱ្យការឆ្លើយទៅកាន់តុលាការក៏មិនសូវល្អផងដែរ។

លោក វន់ ពៅ៖ «សុខភាពលោក យើងឃើញថាធ្ងន់ធ្ងរមែនទែន មានន័យថាគាត់ឡើងមនុស្សស្ទើរតែខូចស្មារតីគាត់និយាយទៅមុខទៅក្រោយដោយសារតែគាត់ត្រូវបានគេឃុំខ្លួនឡើងជាង ៤ខែហើយ ហើយអ៊‌ីចឹងគាត់ពិបាកចិត្ត គេសួរត្រឡប់ចុះត្រឡប់ឡើង ធ្វើឱ្យគាត់វង្វេង គាត់ឆ្លើយខុសផងត្រូវផង ហើយសុខភាពគាត់មិនសូវល្អ ហើយស្ថានភាពគ្រួសារគាត់ធ្លាក់ដុនដាបតែម្ដង ដោយសារគាត់បាត់មេបង្គោលត្រូវបានចាប់ដាក់ពន្ធនាគារ»។

ជុំវិញរឿងនេះ លោក នុត បូពិណ្ណារ័ត្ន មន្ត្រី​សម្របសម្រួល​នៃ​អង្គការការពារសិទ្ធិមនុស្ស ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង បញ្ជាក់ថា តាមការឃ្លាំមើល និងចូលរួមស្ដាប់សវនាការនេះ គឺតុលាការហាក់ដូចជាដាក់បន្ទុកខ្លាំងលើលោក ចាន់ថា ថាប្រើប្រាស់ពាក្យពេចន៍ខុសច្បាប់ច្រើន ដូច្នេះធ្វើឱ្យលោក ចាន់ថា គឺមិនយល់ពីផ្លូវច្បាប់ដែលតុលាការនិយាយ។ មួយវិញទៀតលោកថា ស្ថានភាពលោក ចាន់ថា គឺមិនសូវល្អទេ ដោយអារម្មណ៍ និងស្មារតីមានភាពមិននឹងនរ ហេតុនេះការឆ្លើយតបមួយចំនួនត្រូវបានមេធាវីជាអ្នកឆ្លើយជំនួស។

ដោយសារតែតុលាការដាក់បន្ទុកខ្លាំង លោកថា ជាលទ្ធផលចុងក្រោយតុលាការក៏សម្រេចតម្កល់សាលក្រមលោក ជា ចាន់ថា នៅក្រៅឃុំ ឬក៏ផ្តន្ទាទោស នឹងត្រូវប្រកាសនៅដើមខែធ្នូខាងមុខនេះ។

លោក នុត បូពិណ្ណារ័ត្ន៖ «តាំងពីខ្ញុំចាប់ផ្ដើមធ្វើរឿងហ្នឹង បើយើងមើលទៅលើមាត្រាពាក់ព័ន្ធនឹងបទចោទឆបោក ពាក់ព័ន្ធនឹងសកម្មភាពបង្កើតឱ្យមានការច្រឡំជាមន្ត្រីសាធារណៈហ្នឹង បើយើងមើលទៅក្នុងអង្គច្បាប់គឺអត់មានពាក់ព័ន្ធសោះ ជាពិសេសការឆបោកហ្នឹង បើគាត់អត់ឆបោក ហើយគាត់អត់មានយកលុយហ្នឹងទៅណាទេ ហើយគាត់ធ្វើក្នុងនាមជាសមាគមរបស់គាត់មួយ ហើយមានសាក្សីក៏គេបានឆ្លើយដែរថា លុយហ្នឹង១៤០០០សម្រាប់ចូលជាសមាជិក ធ្វើកាតធ្វើអីដើម្បីចូលជាសមាជិក IDEAហ្នឹង។ អ៊‌ីចឹងបើយើងមើលទៅលើអង្គច្បាប់ គឺអត់មានសោះពាក់ព័ន្ធនឹងការឆបោក ពីព្រោះគាត់អត់មានចេតនាទៅឆបោកយកលុយហ្នឹងមកធ្វើអីអត់មានទេណា»។

លោកបន្ថែមថា តុលាការគួរតែពិចារណាទម្លាក់បទចោទទាំងអស់នោះ និងដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពឡើងវិញ ពីព្រោះលោក ចាន់ថា មិនបានប្រព្រឹត្តបែបនោះឡើយ។ មួយវិញទៀត ស្មារតីរបស់លោក ចាន់ថា ក៏មិនសូវល្អ ហើយជីវភាពក្នុងគ្រួសារ គឺអាស្រ័យលើភរិយារបស់លោកទៀត ដូច្នេះលោកបូពិណ្ណារ័ត្នសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ជូនលោក ជា ចាន់ថា។

 

លោក ជា ចាន់ថា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាពពីអ្នកស្រី ឡេង ចន្នី ភរិយារបស់លោក។

លោក ជា ចាន់ថា ត្រូវបានសាលាដំបូង​ខេត្ត​ស្វាយរៀង​ សម្រេច​ចោទប្រកាន់​លោកចំនួនពីរបទ គឺទីមួយ «​បទ​ឆបោក​​» យោង​តាម​មាត្រា​​៣​៧​៧ និងមាត្រា​៣​៧​៨​ ដោយប្រឈមនឹងជាប់ពន្ធគារពីចន្លោះ ៦ខែ ទៅ ៣ឆ្នាំ។ និងទីពីរ «​​បទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» យោង​តាម​មាត្រា​​៦​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ។

វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក សូ ធីដា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ជាច្រើនដង ប៉ុន្តែមកដល់ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាមិនមានការឆ្លើយតបពីលោកឡើយ។

ប៉ុន្តែលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានសរសេរបញ្ជាក់ប្រាប់តាមរយៈប្រព័ន្ធតេលេក្រាមថា ក្នុងសវនាការជំនុំជម្រះនេះ តុលាការមិនទាន់សម្រេចលទ្ធផលអ្វីនៅឡើយទេលើជនជាប់ចោទលោក ជា ចាន់ថា ប៉ុន្តែបទចោទដែលតុលាការ សម្រេចលើលោក ចាន់ថាកន្លងមកនេះ គឺផ្អែកលើរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ និងតាមរយៈការរាយការណ៍របស់ប្រជាពលរដ្ឋ។ លោកបន្តថា ភស្ដុតាងទាំងនោះ បង្ហាញថាលោក ចាន់ថា បានប្រមូលលុយពីប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូឌុប និងជាអ្នករត់កង់បី នៅក្រុងបាវិត ក្រោមលេសចុះទៅធ្វើសកម្មភាពផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណប.ស.ស។

លោក ឈីវ អ៊ិចគង់៖ «អត់ទាន់សម្រេចទេ ចាំប្រកាសនៅកាលបរិច្ឆេទក្រោយ កាលបរិច្ឆេទប្រកាស នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ»។

ងាកមកភរិយាលោក ជា ចាន់ថា គឺអ្នកស្រី ឡេង ចន្ធី ប្រាប់វិទ្យុស្ដ្រីដែរថា កាលលោក ចាន់ថា មិនទាន់ជាប់ឃុំ គឺស្វាមីអ្នកស្រីបានជួយមើលថែកូន និងជួយកិច្ចក្នុងផ្ទះទាំងការគ្រប់គ្រងចំណូល ហើយនិងចំណាយជាដើម។ មួយវិញទៀតរយៈពេលជាងបួនខែនេះ ដែលលោក ចាន់ថា ជាប់ឃុំក្នុងពន្ធនាគារ អ្នកស្រីថា ត្រូវបង្ខំចិត្តឱ្យកូននៅឃ្លាតឆ្ងាយពីខ្លួនដោយយកទៅផ្ញើរបងប្អូន ដើម្បីអាចឱ្យអ្នកស្រីរកចំណូលបានសម្រាប់ផ្គត់ផ្គង់ជីវភាព។

អ្នកស្រី ឡេង ចន្ធី៖​ «ដល់ពេលជាប់អ៊‌ីចឹងទៅនិយាយរួមខ្ញុំពិបាកហ្មង ខ្ញុំនៅតែឯងធ្វើការរកលុយចិញ្ចឹមកូនវាច្រើនមុខដែរ ក៏ប៉ុន្តែយើងនិយាយរួមយើងជាម្ដាយ​វាមានការបែងចែកច្រើន នៅបន្ទប់ជួលអត់មានផ្ទះផងមកធ្វើការនេះបានមួយឆ្នាំ មកនេះតែពីរគាត់ហ្នឹងអត់មានបងប្អូនផង។ មានតែស្នើសំណូមពរខាងអង្គការទាំងអស់ជួយស្វាមីខ្ញុំឱ្យបានចេញទៅខ្ញុំនិយាយរួមទៅអត់ភ្លេចគុណទេ ព្រោះអីមានទុក្ខត្រង់ហ្នឹងហ្មង យើងមានតែពីរនាក់អ៊‌ីចឹង ដល់ពេលគាត់អ៊‌ីចឹងទៅ ខ្ញុំពិបាកវាអត់មានទីពឹង និយាយទៅខ្ញុំចង់តែយំ ព្រោះអីលើកហេតុផលច្រើនវាវែងឆ្ងាយ ព្រោះអីខ្ញុំវាមានវិបត្តិច្រើន»។

លោក ជា ចាន់ថា ជាថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទៅដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងខេត្តស្វាយរៀង។​ បន្ទាប់ពីការឃាត់ខ្លួនហើយ តុលាការខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនលោក ចាន់ថា បណ្ដោះអាសន្ន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង