ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋានបានបង្ក្រាបករណីក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង ៥០ នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបន្តថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុតស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។រូបភាពពីបណ្តាញសង្គម
ជាការសង្កេតរបស់លោក ទូច សុឃៈ ការអនុវត្តវិធានការបង្ក្រាបយ៉ាងក្ដៅគគុកពីកម្លាំងសមត្ថកិច្ចនេះ ធ្វើឱ្យករណីក្មេងទំនើងហាក់ថយចុះគួរឱ្យកត់សម្គាល់នារយៈកាលចុងក្រោយនេះ ពីព្រោះបានដឹងថា រាល់ការបង្ក្រាបរបស់សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងភាគច្រើនគឺត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។
សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល ១០ថ្ងៃ ក្នុងខែមីនា ឆ្នាំ២០២៥នេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង សៀមរាប ព្រះវិហារ ក្រចេះ ខេត្តរតនគីរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕