បរិយាកាសទូទៅនៅសមុទ្រចិនខាងត្បូងនាពេលនេះ គឺកំពុងឡើងកម្តៅខ្លាំងបន្ទាប់ពីការបង្អួតសាច់ដុំ អំណាចយោធាដាក់គ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ ប្រលយសម្តីឌឺដងដាក់គ្នាបែបការទូត មើលទៅទំនងដូចជាចង់បង្ករ សង្គ្រាម។ ថ្ងៃនេះលោកសេរីវឌ្ឍនៈ នឹងលើកយកបញ្ហាចម្រូងចម្រាស់នៅតំបន់សមុទ្រចិនខាងត្បូងមកធ្វើការសិក្សាពន្យល់ ដោយលោកថា បើស្ថានភាពកាន់តែតានតឹង នុះនឹងបង្ករគ្រោះថ្នាក់បំផុតដល់សន្តិសុខក្នុងតំបន់ និង តុល្យភាពនយោបាយពិភពលោក។
ដូចដែលបានលើកឡើង និង ធ្វើការសិក្សាពន្យល់ជារឿយថា ស្ថានភាពសមុទ្រចិនខាងត្បូងមិនយូរមិនឆាប់ គង់តែនឹងឡើងកម្តៅ ហើយឥឡូវនេះបរិយាកាសនៅសមុទ្រចិនខាងត្បូងគឺតានតឹងមែនទែនហើយ។ ចិន ដែលជាមហាអំណាចទើបនឹងរះ បានពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំងក្លារ ហើយជារឿយតែងតែទាមទារអោយប្រទេសក្នុងតំបន់អាស៊ានជ្រើសរើសថា តើចិន និង អាមេរិក ជ្រើសយកមួយណា?
អាមេរិកវិញក៏មិនឈរអោបដៃស្ងៀម ឈរមើលប្រទេសចិន ក្អេងក្អាងវាតទី តាមតែអំពើចិត្តរបស់ខ្លួនបានដែរ។ នៅថ្ងៃអង្គារ ទី ២៧ ខែ កក្កដា ថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin តាមរយៈដំណើរទស្សនកិច្ចនៅប្រទេសសឹង្ហបុរី បានបង្ហាញពីចេតនាចំៗ ថា អាមេរិកពេលនេះ ចង់ដោះស្រាយវិវាទសមុទ្រចិនខាងត្បូងដោយសន្តិវិធីបំផុត តាមរយៈការគៀងគរការសហការគ្នា ទប់ទល់ទៅនឹងសកម្មភាពវាតទី កាងយកសមុទ្រចិនខាងត្បូងតែឯងរបស់ចិន។ ទៅដល់ប្រទេសសិង្ហបុរី នាពេលនោះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងសន្ទរកថា នៅឯវិទ្យាស្ថាន អន្តរជាតិសិក្សាយុទ្ធសាស្ត្រ (IISS) ដោយលោកបានលើកឡើងថា ការទាមទារច្បាមយកតំបន់ដែនសមុទ្រចិនខាងត្បូង ពីសំណាក់ចិន គឺធ្វើឡើងដោយគ្មានផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិទេ។ លោកបន្តថា ការទាមទាររបស់ចិន គឺវាបានរំលោភបំពាន ប៉ះពាល់ ដល់អធិបតេយ្យភាព បូរណភាពដែនដី របស់ប្រទេសផ្សេងទៀត នៅក្នុងតំបន់នេះ។
ចំណែកឯចិនវិញ ខណៈពេលដែលរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសសឹង្ហបុរី កងទ័ពជើងអាកាសនៃកងទ័ពរំដោះប្រទេសចិនបានធ្វើការហោះហើរវាតទីចូលទៅកាន់ដែនអាកាសរបស់កោះតៃវ៉ាន់ បែបទំនងចង់ប្រាប់ថា គ្មានការញញើត និង ភ័យខ្លាចណាមួយឡើយសម្រាប់ចិន បើចង់ត្របាក់យកកោះតៃវ៉ាន់។ កោះតៃវ៉ាន់ឯណោះវិញ បានអំពាវនាវសុំអោយមានការធ្វើអន្តរាគមន៍ពីសំណាក់ប្រទេសមហាអំណាចលោកខាងលិច ដើម្បីប្រឆាំងនឹងការច្បាមយកតែឯងរបស់ចិន។
ស្ថានភាពនាពេលនេះឡើងកម្តៅមែនទែន ព្រោះថា ជប៉ុនដែលជាប្រទេសដែលមានសម្ពន្ធភាពរវាងអាមេរិកនោះ បានប្រកាសថានឹងការពារតៃវ៉ាន់ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ជប៉ុន នាពេលថ្មីៗនេះ បានអះអាងថា ខ្លួននឹងបញ្ចេញកងកម្លាំងប្រដាប់អាវុធការពារខ្លួនរបស់ខ្លួន ជាជំនួយទៅជ្រោមជ្រែងកោះតៃវ៉ាន់ ប្រសិនបើចិនហ៊ានប្រហើនបោះជំហានចូលទឹកដីកោះតៃវ៉ាន់មែននោះ។ ពេលនោះជប៉ុនអះអាងថា បើចិនយកបានកោះតៃវ៉ាន់ គឺវាមានន័យថាមិនយូរមិនឆាប់ឥទ្ធិពលអាក្រក់ពីការបាត់បង់កោះតៃវ៉ាន់ក៏នឹងជះមកលើខ្លួនផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ធ្លាប់បានទទូចដល់បណ្តាប្រទេសនៅអឺរ៉ុប ឱ្យមានការចូលរួមផ្នែកយោធាកាន់តែសកម្មនៅអាស៊ីប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ គឺលោក Nobuo Kishi។ លោកបានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលោកថា ចិនបានបង្កើនកម្លាំងយោធាយ៉ាងរហ័ស ហើយមិនប្រាកដថាចេតនារបស់ចិន គឺជាអ្វីនោះទេ តែពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។ លោករដ្ឋមន្ត្រីបានទទូចថា គ្រប់ភាគីទាំងអស់ដូចជាជប៉ុន និងសហភាពអឺរ៉ុប ត្រូវចូលរួមដោះស្រាយរួមគ្នាប្រយុទ្ធប្រឆាំងនឹងកម្លាំងវាតទីនិយម។
កាលពីខែមេសា បន្ទាប់ពីជំនួបទល់មុខគ្នាលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីអាមេរិក លោក Joe Biden បានចេញសេចក្តីថ្លែងការណ៍រួមមួយបង្ហាញពីការព្រួយបារម្ភអំពីសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែគេដឹងថា ចិន និងជប៉ុន មានជម្លោះដែនកោះជាប្រវត្តិសាស្ត្រទៅហើយ។ ជប៉ុនអះអាងប្រាប់អង់គ្លេស អាមេរិក និងមហាអំណាចដទៃទៀតថា ខ្លួននឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះការផ្លាស់ប្ដូរតុល្យភាពយោធារបស់ចិន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយថាស្ថិរភាពជុំវិញកោះតៃវ៉ាន់មានសារសំខាន់សម្រាប់សន្តិសុខរបស់ជប៉ុន ហើយក៏មានសារសំខាន់ផងដែរសម្រាប់សហ
គមន៍អន្តរជាតិ។
បើគេសង្កេតអោយយូរៗទៅ តាមពិតចិនគ្មានសោះឡើយសត្រូវនៅជុំវិញខ្លួន តែបែរជាសំបូរអ្នកមិនទុកចិត្តចិនខ្លួនឯង។ អាមេរិកឯណោះវិញ ត្រឹមតែនិយាយតែមាត់ប្រហែលមើលទៅគ្មានប្រសិទ្ធិភាព ក៏បញ្ចូនដែរ បញ្ចូននាវា USS Ronald Reagan តាំងតែពីដើមខែកក្កដាមកក្នុងលំហរសមុទ្រចិនខាងត្បូង ត្រៀមជួបនិងធ្វើសមយុទ្ធរួមគ្នាជាមួយ កងទ័ពជើងទឹកដែលជាប្រទេសសម្ព័ន្ធមិត្ត ដែលមកពីប្រទេសជប៉ុន អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង នូវែលហ្សេឡង់ និងរដ្ឋមួយចំនួននៅអឺរ៉ុប រួមមានបារាំង ដាណឺម៉ាក ក្រិក និងអ៊ីតាលី នៅក្នុងខែកញ្ញា ខាងមុខនេះ។
ផងដែរ មហាអំណាចជើងទឹកដែលត្រូវបានគេស្គាល់ថាជាចក្រភពអង់គ្លេស នៅពេលនេះក៏បានប្រកាសថា នឹងដាក់ពង្រាយនាវាចម្បាំងចំនួន ២គ្រឿងដាក់ជាអចិន្ត្រៃយ៍នៅក្នុងដែនទឹកអាស៊ី គឺនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
ការប្រកាសនេះ ធ្វើឡើងខណៈនាវាដឹកយន្តហោះ HMS Queen Elisabeth នឹងមកដល់សមុទ្រប្រទេសជប៉ុន ក្នុងខែកញ្ញា នេះហើយ ក្នុងនោះនាវាចម្បាំងចំនួន ២គ្រឿងរបស់ប្រទេសមហាអំណាចនេះដែលនឹងពង្រាយនៅសមុទ្រអាស៊ី នឹងមកដល់ទន្ទឹមគ្នា។
តែនៅពេលនេះ នាវាផ្ទុកយន្តហោះចម្បាំងអង់គ្លេសនោះ គឺកំពុងល្បាតជាមួយនាវាពិឃាតពីរគ្រឿង នាវាចរជំនួយការ ២គ្រឿងនឹងមកដល់សមុទ្រចិនខាងត្បូងហើយមុនទៅកាន់សមុទ្រជប៉ុន គឺកងនាវានេះត្រូវរួមដំណើរជាមួយនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក USS Ronald Reagan បើកក្នុងលំហសមុទ្រចិនខាងត្បូងមួយរយៈ។
លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេស Wallace មានប្រសាសន៍ថា ចក្រភពអង់គ្លេសមានកាតព្វកិច្ចការពារសេរីភាពនៃការធ្វើនាវាចរណ៍ទៅកាន់សមុទ្រប្រទេសជប៉ុន ដោយឆ្លងកាត់សមុទ្រចិនខាងត្បូង។ តែបើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera នាវាចម្បាំងអង់គ្លេសដែលត្រូវមកល្បាតសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត គឺនាវា HMS Spey និង HMS Tamar នឹងចាប់ផ្តើមដាក់ពង្រាយជាអចិន្ត្រៃយ៍នៅសមុទ្រអាស៊ីនៅខែកញ្ញា ខាងមុខនេះតទៅ។
តាម Aljazeera ការដាក់ពង្រាយនាវាពីរគ្រឿងរបស់អង់គ្លេសនេះ នឹងមានការគាំទ្រពីនាវាមកពីអូស្ត្រាលី ជប៉ុន និងសិង្ហបុរី។ តាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស គឺនាវាពីរគ្រឿងរបស់អង់គ្លេស នឹងមកជាមួយដោយកងម៉ារីនមួយក្រុម ដើម្បីអនុវត្តបេសកកម្មប្រឆាំងភេរវកម្មនៅក្នុងតំបន់នេះទៀតផង។ ចិន ទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់។ ការទាមទារនេះ បានធ្វើឱ្យប្រទេសជិតខាងក្នុងតំបន់របស់ខ្លួនខឹងសម្បា ដោយពួកគេបានសុំជំនួយពីសហរដ្ឋអាមេរិក។
លោក Wallace បានបន្តថា ប្រទេសចិនមិនគួរក្លាយជាឧបសគ្គចំពោះការឆ្លងកាត់ដែនទឹកអន្តរជាតិឡើយ។ លោកសង្ឃឹមថា ប្រទេសចិនគោរពច្បាប់អន្តរជាតិ ព្រោះនាវាអង់គ្លេសត្រូវធ្វើដំណើរលើផ្លូវដែលច្បាប់សមុទ្រអន្តរជាតិអនុញ្ញាត។
គេមិនទាន់អាចដឹងថា តើជំហររបស់ចិនចំពោះមុខអង់គ្លេស យកនាវាចម្បាំងមកដាក់ពង្រាយលើដែនទឹកអាស៊ីមានប្រតិកម្មដូចម្ដេចនោះទេ។ ប៉ុន្តែអ្នកវិភាគភូមសាស្រ្តនយោបាយពិភពលោកបានធ្វើការ ចាត់ទុកថាសកម្មភាពនាវាចម្បាំងរបស់អង់គ្លេស គឺជាសកម្មភាពគំរាមកំហែងដល់ប្រទេសចិន ហើយវាគឺជាគ្រោះថ្នាក់ធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកកំពុងប្រជែងគ្នាចង់ក្លាយជាបងធំកាងប្លុកសមុទ្រចិនខាងត្បូង និង លំហរសមុទ្រអាស៊ីបា៉ស៊ីហ្វិក។ ក៏ប៉ុន្តែ ប្រសិនបើផ្កាភ្លើងនេះបង្ករអោយផ្ទុះសង្គ្រាមមែននោះ គេមិនគួរសួរថា តើរវាងអាមេរិក និង ចិន មួយណាជាអ្នកឈ្នះពិតប្រាកដមែនទេ? គេគួរសួរថា តើរវាងអាមេរិក និង ចិន មួយណាទ្រាំទ្រសង្គ្រាមបានយូរជាងគេ។