គ្លីនិក សុងហាក់ ម៉ារីណា នៅខេត្តតាកែវ ដែលបានចាក់ថ្នាំបណ្ដាលស្ត្រីអ្នកជំងឺម្នាក់ស្លាប់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ ប្រភពរូបភាព ហ្វេសប៊ុក។
ជុំវិញបញ្ហាម្ចាស់គ្លីនិក «សុងហាក់ ម៉ារីណា» នៅស្រុកបាទី ខេត្តតាកែវ ដែលបានចាក់ថ្នាំបណ្ដាលឱ្យប្រតិកម្មស្លាប់អ្នកជំងឺ ហើយយកសពអ្នកជំងឺ និងក្មួយស្រី ទៅផ្លុងចោលក្នុងព្រៃ ត្រូវបានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី បញ្ជាក់ថា គ្លីនិកនេះ បានដំណើរការរយៈពេល២ឆ្នាំមកហើយ។ លោក គីម ចាន់ចាវ រាយការណ៍
បើទោះបីជាគ្លីនិកឯកជនយីហោ «សុងហាក់ ម៉ារីណា» ដែលបានយកសពអ្នកជំងឺបានស្លាប់ និងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំប៉ូតព្រៃស្ងាត់មួយកន្លែងទាំងយប់ ត្រូវបានអាជ្ញាធរអះអាងថា ជាគ្លីនិកគ្មានច្បាប់អនុញ្ញាតក្ដី ប៉ុន្តែមជ្ឈដ្ឋានមួយចំនួន បានចោទជាចម្ងល់ថា ហេតុអ្វីបានជាគ្លីនិកនេះ អាចដំណើរការបាន បើគ្មានច្បាប់អនុញ្ញាត។ តើពិតទេដែលគ្លីនិក «សុងហាក់ ម៉ារីណា» ដំណើរការដោយគ្មានច្បាប់អនុញ្ញាត ហើយដំណើរការរយៈពេលយូរប៉ុណ្ណាហើយ?
ដើម្បីឆ្លើយតបនឹង ចម្ងល់នេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីបានព្យាយាម ទាក់ទងសម្ភាសន៍សុំព័ត៌មានបន្ថែមពីលោក កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថា ការណ៍ដែលយើងនិយាយអំពី គ្លីនិកនេះ មានច្បាប់ ឬគ្មានច្បាប់ ជាការធាក់ថយក្រោយ ក្នុងន័យថា ការណ៍ដែលគ្លីនិក«សុងហាក់ ម៉ារីណា» ដំណើរការដែលគ្មានច្បាប់អនុញាតគឺជាការពិត។
«យើងបានសរសេរនៅក្នុងកិច្ចការបញ្ជាក់ហ្នឹងអស់ហើយ ជាការជូនដំណឹងច្បាស់លាស់ ជាផ្លូវការណា៎។ បាទ មន្ទីរសុខាភិបាល បានបញ្ជាក់ដោយរឿងកិច្ចការអត់ច្បាប់ហ្នឹងណា ចង់ថាអញ្ចឹងណា៎ ដូច្នេះបើយើងនិយាយឡើងវិញរបស់ហ្នឹងវាចាស់ទៅហើយ។»
ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានបានព្យាយាមងាកមកទាក់ទងលោក ហង្ស វិច្ឆិការាង្សី អភិបាលរងស្រុកបាទី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែលោកបាន ណែនាំឱ្យទាក់ទងទៅខាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី ជំនួសវិញ។
លោក ឃួរ ហួត មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីថា ឃ្លីនិក«សុងហាក់ ម៉ារីណា» បានផ្លាស់ប្ដូរទីតាំងពីទីរួមខេត្តតាកែវ មកកាន់ស្រុកបាទី ខេត្តតាកែវ ដោយចាប់ផ្ដើមពីការបើកជាបន្ទប់ពិគ្រោះព្យាបាល រហូតក្លាយជាគ្លីនិក រយៈពេល២ឆ្នាំមកហើយ។
«បាទគាត់ដូរមកធ្វើការហ្នឹង(នៅស្រុកបាទី) ២ឆ្នាំជាង ដូរមកពី(ទីរួមខេត្ត)តាកែវហ៎។ …អាជ្ញាបណ្ណតាមពិតគាត់អត់ទាន់មាន ហើយគាត់ឆ្លើយថាគាត់រត់ការ។ កាលពីមុនហៅគាត់មកប្រជុំមួយសារហើយ សួរនាំគាត់ទៅអត់មាន។ ចឹងណែនាំគាត់ធ្វើ។ ថ្ងៃទី៨ ខែ១១ ខ្ញុំបានហៅគាត់ ហៅអីមកប្រជុំដើម្បីជំរុញគាត់ធ្វើពាក្យស្នើពាក្យអីហ្នឹង។ ចឹងតាមពិតគាត់និយាយថា គាត់ធ្វើសំបុត្រធ្វើអីទៅថ្នាក់លើបន្តណា៎ ទាក់ទងនឹងច្បាប់ហ្នឹងអត់ឆ្លងមកOD (ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ)ទេ ទាក់ទងមន្ទីរសម្រាក់មន្ទីរព្យាបាលហ្នឹង គឺខាងគ្លីនិក…ហ្នឹងគឺអត់ឆ្លងមកOD(ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ)ទេ។»
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានសម្រេចបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ដោយមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តទៀត ក្រោយពីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ និងយកសពជនរងគ្រោះទៅផ្លុងចោល ដែលជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។
បើតាមរបាយការណ៍នៃការធ្វើកោសល្យវិច័យ ម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា បានចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យអ្នកជំងឺស្លាប់កាលពីល្ងាចថ្ងៃទី១៨វិឆ្ឆិកា រួចយកសព និងក្មួយស្រីអាយុ៣ខួបដែលនៅរស់ទៅផ្លុងចោលនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ក្នុងភូមិដដែល រហូតដល់ព្រឹកថ្ងៃទី១៩វិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញ ក្មួយស្រីអាយុ៣ខួប អង្គុយក្បែរសពស្ត្រីរងគ្រោះ៕