ពលរដ្ឋដែលដោះដូរដីពីតំបន់អង្គរ មកក្រុងរុនតាឯក ខ្លះចេញទៅចំណាកស្រុកនៅខេត្តផ្សេង ខ្លះទៀតទៅក្រុងសៀមរាប ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រោយរស់នៅក្រុងថ្មីនេះពួកគេមិនមានការងារអ្វីធ្វើសម្រាប់ទ្រទ្រង់ជីវភាព។ យ៉ាងណាអភិបាលក្រុងថ្មី អះអាងថា ខ្លួនកំពុងខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ និងបង្កើតឱកាសការងារផ្នែកកសិកម្មឱ្យបានឆាប់ជូនពលរដ្ឋនៅក្នុងក្រុងនេះ។ លោក គីម ចាន់ចាវ រាយការណ៍
ការចាកចោលលំនៅឋានរបស់ពលរដ្ឋទាំងនោះ ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់អាជ្ញាធរមូលដ្ឋានថា មិនបានខ្វល់ខ្វាយជាមួយប្រជាពលរដ្ឋ ទុកពលរដ្ឋចោល ធ្វើឱ្យមានការចំណាកស្រុកចេញពីក្រុងនេះកាន់តែច្រើន។ លោក សាន ដារ៉ាវីដ ដែលគេស្គាល់ជាយុវជនសំរាម និងជាម្ចាស់ផេកហ្វេសប៊ុកឈ្មោះ «យុវជនគ្រូ» ថ្មីៗនេះ ក៏បានសរសេរផ្សព្វផ្សាយលើផេករបស់លោកថា ប្រជាជនដែលជម្លៀសចេញពីតំបន់អង្គរ មករស់នៅក្រុងរុនតាឯក បានបិទទ្វារផ្ទះជាច្រើនចាកចេញពីក្រុងនេះ ដើម្បីចំណាកស្រុករកចំណូលទ្រទ្រង់ជីវភាព។
តំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទៅជាក្រុងរុនតាឯក តេជោសែន កាលពីដើមខែមករា ឆ្នាំ២០២៤ ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ មកដល់ពេលនេះ ក្រុងថ្មីនេះ ត្រូវបានអាជ្ញាធរខេត្តសៀមរាប មានការអភិវឌ្ឍន៍ដូចជា៖ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្សារ ផ្លូវ ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងជាដើម។
អ្នកស្រី ប៊ុន សំណាង អាយុ ៣៩ឆ្នាំ ជាស្ដ្រីមេម៉ាយទទួលបន្ទុកចិញ្ចឹមកូនចំនួន ៣នាក់ ដែលជាពលរដ្ឋដោះដូរដីពីតំបន់អង្គរ មកនៅក្រុងរុនតាឯក ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៧ ខែធ្នូនេះថា ក្រោយពីដោះដូរដីមកនៅក្រុងរុនតាឯក អ្នកស្រីចាប់ផ្ដើមទៅធ្វើការនៅក្រុងសៀមរាប ជាអ្នករៀបចំបន្ទប់ក្នុងសណ្ឋានគារមួយកន្លែង ដែលទទួលបានប្រាក់ខែ ១២០ដុល្លារ។ តែប្រាក់ខែនេះមិនទ្រទ្រង់ជីវភាពគ្រួសារអ្នកស្រីបានឡើយ ពីព្រោះត្រូវចំណាយលើអង្ករ ថ្លៃធ្វើដំណើរ ការសិក្សាកូន និងបំណុលជាដើម។
ស្ដ្រីមេម៉ាយរូបនេះថា ដោយសារចំណូលដែលរកបាននៅក្រុងសៀមរាបផ្គត់ផ្គង់ជីវភាពគ្រួសារមិនគ្រប់គ្រាន់ ដូច្នេះអ្នកស្រីសម្រេចចិត្តចាកចោលកូន ចេញពីក្រុងរុនតាឯកមកចំណាកស្រុកនៅខេត្តព្រះសីហនុ ដើម្បីរកចំណូល។ គិតមកដល់ពេលនេះ មានរយៈពេល ៦ខែហើយ ដែលអ្នកស្រីចំណាកស្រុកចេញពីក្រុងរុនតាឯក មកធ្វើការនៅខេត្តព្រះសីហនុ ហើយចំណូលដែលរកបាននៅក្នុងខេត្តនេះ មួយខែរកបានច្រើនជាងនៅខេត្តសៀមរាប។
លោក ប៊ុន សំណាង៖ «ទីមួយកូនរៀនសូត្រ ហើយណាមួយទៀតយើងជំពាក់ចំណុលចាស់របស់យើងនៅភូមិចាស់យើងស្រេចផង អ៊ីចឹងលុយនៅក្នុងប័ណ្ណសមធម៌បងប្រគល់ឱ្យម្ចាស់បំណុលគាត់កាត់អ៊ីចឹងនៅសល់ជាង ២០ខែទៀត ទើបដាច់ អ៊ីចឹងបងត្រូវធ្វើការរកមកដើម្បីផ្គត់ផ្គង់ក្នុងផ្ទះ តែដល់ពេលប្រាក់ខែ៤៨ម៉ឺនយើងទប់ទល់អត់ជាប់សមាជិកដល់បួនប្រាំប្រាំមួយនាក់ មួយខែ ៤៨ម៉ឺនយើងទប់អត់ជាប់ទេ អាហ្នឹងយើងអត់គិតលើការចំណាយថ្លៃសាំង ម៉ូតូយើងផង។ បើសាំងម៉ូតូយើងទៀត មួយខែអស់ជាង ១០ម៉ឺនទៀតគ្រាន់តែយើងជិះទៅធ្វើការ អ៊ីចឹងអត់ទប់អត់រួចទិញតែអង្ករមួយការ៉ុងគ្រប់បាត់ហើយអូន នៅម្ហូបចុក កូនក្មេងទៅរៀន»។
ស្ដ្រីវ័យ ៣៩ឆ្នាំនេះ លើកឡើងថា បើនៅខេត្តសៀមរាប មានប្រាក់ខែច្រើន ការងារនៅជិតផ្ទះ គ្មានអ្នកណាចង់ចំណាកស្រុកចេញពីគ្រួសារឡើយ ប៉ុន្តែលំនៅឋាននៅក្រុងរុនតាឯកគ្មានការងារអ្វីឱ្យអ្នកស្រីរកចំណូលបាន ហើយត្រូវឡើងមកខេត្តធ្វើការ ខណៈចំណូលទទួលបានមានចំនួនតិចតួចនៅឡើយ។
អ្នកស្រី ប៊ុន សំណាង៖ «បើសិនជាមានដូចថានៅក្នុងភូមិហ្នឹងមានការងារអាចឱ្យយើងធ្វើការបានដោយមិនបាច់ចំណាយពេលច្រើន ចំណាយខ្លួនយើងអ៊ីចឹងណា ត្រឹមតែយើងជិះកង់ជិះម៉ូតូតិចតួចដល់យើងធ្វើការទៅហើយក្នុងភូមិហ្នឹងជិតផ្ទះជិតសម្បែងយើងចង់បានដែរ។ ចង់បានដូចជារបៀបចង់បានថា ឱ្យមានការងារធ្វើនៅក្នុងភូមិ ជាការងារអ្វីមួយសម្រាប់មនុស្សស្រីដូចបងអាចធ្វើបានអ៊ីចឹងហើយមានចំណូលទៀតទាត់ច្បាស់លាស់ យើងអាចថាមិនអាចទ្រទ្រង់ជាប់ទេតែមួយល្មមក៏យកដែរ មិនបាច់ដូចថាដល់យើងសល់ឱ្យដល់ថ្ងៃមុខថ្ងៃក្រោយនោះទេ ត្រឹមទប់ទល់ជាប់មួយខែៗហ្នឹងក៏យកៗទៅ ទំម្រាំតែកូនធំចេញធ្វើការចាំគិតគ្នាទៀត»។
ពលរដ្ឋម្នាក់ទៀតដែលឡើងទៅធ្វើការនៅក្រុងសៀមរាប គឺលោក ឈឺ ពៅ និយាយថា តំបន់ដែលលោករស់នៅ មានតែផ្ទះពលរដ្ឋ មិនមានមនុស្សរស់នៅទេ ដូច្នេះលោក និងគ្រួសារ ទោះជាប្រកបរបរអ្វីក៏ពិបាករកចំណូលដែរ។ យ៉ាងណាក៏ដោយ លោកពិតជាសាទរដែលរាជរដ្ឋាភិបាល បានសាងសង់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ជូនពលរដ្ឋដែលរស់នៅក្រុងថ្មីនេះបានយ៉ាងលឿន។
លោក ឈឺ ពៅ ពលរដ្ឋនៅក្រុងរុនតាឯក។ WMC/Shay chanthy
លោក ឈឺ ពៅ ៖ «ខ្ញុំសរសើរត្រង់ថាដូចជាសាលារៀន មន្ទីរពេទ្យ វត្តអី គាត់រុញឱ្យបានលឿនមែន រុញបានលឿនមែនបានកូនចៅយើងរៀនបានលឿនមែន ប៉ុន្តែបើកូនចៅរៀនបានលឿនមែនមានតែសាលារៀន ចុះដូចជាចំណូលដែលម៉ែឳរកចូលមិនបាន បើម៉ែឳទៅក្រៅកូនក៏ទៅដែរ មិនអត់ដដែល។ បង្កើតតែសាលា បើស្អីៗវាអត់មានឱ្យវាទៅរកស្អី ដូចខ្ញុំថាបើមិនជឿបងឯងឆែកមើលពីរបីថ្ងៃហ្នឹង ដើរខ្វៀលមើលតាមផ្លូវប៉េតុងក៏ដោយ ឬផ្លូវណាក៏ដោយតាមភូមិចាស់ មានប្រជាពលរដ្ឋរស់នៅមាណដូចខ្ញុំថាអីចឹងមាន ៧០០គ្រួសារ នៅរស់តែ៣០០ជាង មានតែផ្ទះទេ»។
ជុំវិញរឿងនេះ លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯក តេជោសែន បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ប្រជាពលរដ្ឋទាំងអស់ដែលបានដោះដូរដីចេញពីក្រុងរុនតាឯក គឺពួកគេទៅប្រកបរបរនៅក្រុងសៀមរាប ចេញ-ចូល ធម្មតាទេ ហើយការដែលទៅធ្វើការនៅខេត្តសៀមរាបនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ផ្ដល់នៅឡានក្រុងធ្វើដំណើរឥតគិតថ្លៃ និងអភិវឌ្ឍន៍ភូមិ-ឃុំផងដែរ។ ដូច្នេះលោកថា គ្មានប្រជាពលរដ្ឋណាម្នាក់ទៅរស់នៅក្រុងរុនតាឯក ត្រូវបានទុកចោលឡើយ ហើយរាជរដ្ឋាភិបាល គឺនៅបន្តខិតខំទាក់ទាញអ្នកវិនិយោគចូលមកបង្កើតសហគ្រាស ក្រុមហ៊ុន ដើម្បីផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះដែរ។
លោក អ៊ឹង សុភ័ណ៖ «ឥលូវគ្រាន់តែលូយើងដាក់ហ្នឹងរាប់គីឡូទៀត ពុងធ្វើរាល់ថ្ងៃហ្នឹងក្រុងការងារពុងធ្វើរាល់ថ្ងៃហ្នឹង ហើយបើថាអត់មានអភិវឌ្ឍន៍អីអាហ្នឹងខ្ញុំអត់យល់ដែរ។ ខ្ញុំកំពុងតែប្រឹងប្រែងច្រើនណាស់ យើងប្រឹងប្រែងធ្វើការងារច្រើនណាស់ តាំងរាជរដ្ឋាភិបាល តាំងខេត្ត តាំងក្រុង សស្រាក់សស្រាំណាស់ មិនមែនទុកប្រជាពលរដ្ឋចោលដូចគេថា»។
ប៉ុន្តែលោក អ៊ិន គង់ជិត មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានផ្ដល់យោបល់ថា នៅក្នុងខេត្តសៀមរាប មានឧកញ៉ាច្រើន ដូច្នេះថ្នាក់ដឹកនាំខេត្ត ត្រូវតែផ្សព្វផ្សាយយ៉ាងណាឱ្យឧកញ៉ាទាំងនោះ មកធ្វើការវិនិយោគនៅក្នុងក្រុងថ្មីនេះ ដើម្បីបង្កើតជាឱកាសការងារជូនពលរដ្ឋ។ លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋ រកចំណូលបានពីក្រុងថ្មីនេះ ពួកគេនឹងមិនត្រឡប់មកក្រុងសៀមរាបវិញឡើយ។
លោក អ៊ិន គង់ជិត ៖ «ការបង្កើតឱកាសការងារហ្នឹងជាបញ្ហាចម្បងសម្រាប់ឱ្យគាត់បានធ្វើការនៅក្បែរៗហ្នឹង ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត ហើយអីចឹងនៅពេលដែលមិនបានយកចិត្តទុកដាក់ចំពោះគាត់ ពួកគាត់វាយតម្លៃថាដូចយកពួកគាត់ទៅប្រោសចោលអីចឹង ដោយមិនបានយកចិត្តទុកដាក់។ យើងឃើញថាការឧបត្ថម្ភសាច់ប្រាក់ កត្តាជីវភាពក្រីក្រពួកគាត់គ្រាន់តែរួមចំណែកតិចតួចទេ បន្ថែមតិចតួចទេ ប៉ុន្តែពួកគាត់នៅតែជួបការលំបាកដដែល អីចឹងទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសាធារណៈហ្នឹង គួរតែមានការពន្លឿន ហើយការរៀបចំកន្លែងឱកាសការងារ ត្រូវទាក់ទាញអ្នកវិនិយោគទុនផ្សេងៗមកធ្វើការអភិវឌ្ឍន៍ ឬក៏ការបង្កើតឱកាសការងារនៅហ្នឹង ដើម្បីឱ្យពួកគាត់បានការងារធ្វើ វាជាកត្តាមួយជួយលើកកម្ពស់ជីវភាពពួកគាត់បាន»។
លោក អ៊ឹង សុភ័ណ លើកឡើងថា សេដ្ឋកិច្ចពិភពលោកកំពុងមានបញ្ហា ដែលធ្វើឱ្យវិនិយោគិន មិនទាន់បោះទុនលើក្រុងនេះ ហើយការអភិវឌ្ឍន៍ក្រុងមួយបាន គឺត្រូវធ្វើតាមដំណាក់កាល មិនអាចអភិវឌ្ឍន៍ម្ដងបានទាំងអស់ឡើយ។ ហេតុនេះអ្វីដែលចាំបាច់ គឺរាជរដ្ឋាភិបាល បានផ្ដល់ជូនប្រជាពលរដ្ឋបានច្រើនហើយ លើកលែងតែការបង្កើតការងារឱ្យពលរដ្ឋធ្វើក្នុងក្រុងប៉ុណ្ណោះ។
លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯក។ រូបភាពពីរដ្ឋបាលក្រុងរុនតាឯក តេជោសែន។
លោក អ៊ឹង សុភ័ណ៖ «យើងប្រៀបធៀបគ្នាកាលពីគាត់នៅតំបន់អង្ករយ៉ាងម៉េច ហើយគាត់ទៅនៅហ្នឹងយ៉ាងម៉េច ហើយរដ្ឋាភិបាលយើងបានធ្វើការងារច្រើនណាស់ពាក់ព័ន្ធនឹងការងារហ្នឹង ចំណាយលុយរាប់រយលានដើម្បីបងប្អូនប្រជាពលរដ្ឋនៅហ្នឹងហើយគេថាមិនធ្វើអី ខ្ញុំអត់យល់ដែរ។ យើងគិតគូរច្រើនណាស់ តែគោលគំនិតយើងធំយើងនឹងរៀបចំការងារនៅមូលដ្ឋានហ្នឹងផ្ទាល់ វារបៀបធ្វើការនៅតាមផ្ទះគាត់ យើងខ្ញុំកំពុងប្រឹងប្រែងលើការងារកសិកម្មមួយចំនួនដើម្បីអាចឱ្យផលិតផលអីអាចចេញពីតំបន់ហ្នឹង គ្រាន់តែយើងធ្វើទៅតាមលទ្ធភាពដែលយើងមាន យើងមិនអាចបង្ខំមួយពេលហ្នឹងឱ្យចេញបានគ្រប់រឿងនោះទេ»។
ការមករស់នៅតំបន់រុនតាឯកនេះ លោក ឈឺ ពៅ ត្រូវចំណាយថ្លៃធ្វើដំណើរទៅធ្វើការដល់ ១ម៉ឺនរៀលក្នុងមួយថ្ងៃ បើធៀបនឹងលំនៅឋានចាស់ លោកថា លុយ ១ម៉ឺនរៀលនេះ អាចធ្វើដំណើរទៅធ្វើការបានរយៈពេលមួយសប្ដាហ៍។ ម្យ៉ាងវិញទៀត ទោះបីការធ្វើដំណើរនេះចំណាយច្រើនក្ដី លោកនៅតែបន្តការងារជាសន្តិសុខដដែល ពីព្រោះតំបន់ថ្មី មិនមានការងារអ្វីសម្រាប់ឱ្យលោករកចំណូលបានដូចលំនៅឋានចាស់ឡើយ។
លោក ឈឺ ពៅ ៖ «មេភូមិក៏ដោយ មេឃុំក៏ដោយនៅឃុំរុនតាឯកនេះ ប្រសិនជាដូចខ្ញុំថា ជួយគ្នាមក ជួយរាយការណ៍ទៅថ្នាក់លើ ឬរដ្ឋបាលអី ឱ្យធ្វើដូចជារោងចក្រមួយកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងអីដែលគាត់មានកម្លាំងគាត់អាចធ្វើបានទៅធ្វើទៅ។ យូរៗទៅដល់មានការងារធ្វើនៅហ្នឹងលុយអាចបង្វិលនៅហ្នឹងឯង ព្រោះនៅកន្លែងណាដូចកន្លែងណា ប្រសិនអត់មានអាហ្នឹងហើយមានតែរត់ទៅណា ក្នុងខេត្តសព្វថ្ងៃដោយសារតែមានហាង មានអីទៅគ្នាចេះតែធ្វើការស៊ីឈ្នួលគេ ដូចខ្ញុំមានកន្លែងសន្តិសុខអីចឹងទៅយើងចេះតែដាក់ពាក្យធ្វើទៅ ចុះបើនៅនេះមានតែពាក្យណា មានតែពាក្យមួយស្វាទោះបីមានចំណេះប៉ុណ្ណាដាក់ពាក្យ ដាក់ពាក្យមួយស្វា បើដាក់ខេត្តដដែលនៅឯណោះមិនស្រួល»។
កាលពីថ្ងៃទី១៣ ខែធ្នូនេះ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភអំពីការបន្តតាំងទីលំនៅថ្មីដោយបង្ខំទៅលើប្រជាពលរដ្ឋ ដែលមានដីធ្លី និងផ្ទះសម្បែងនៅតំបន់រមណីយដ្ឋានអង្គរ។ ក្ដីបារម្ភនេះ ដោយសារតំបន់រុនតាឯក និងកន្លែងតាំងទីលំនៅថ្មីផ្សេងទៀត ស្ថានភាពរស់នៅ គឺមិនល្អ ដោយពលរដ្ឋខ្លះបានទទួលដីទទេដែលខ្វះហេដ្ឋារចនាសម្ព័ន្ធ ឬសេវាមូលដ្ឋាន រួមទាំងលទ្ធភាពទទួលបានអគ្គិសនី ទឹកស្អាត និងអនាម័យដែលអាចទុកចិត្តបាន ជាពិសេសត្រូវសាងសង់ផ្ទះបណ្តោះអាសន្ន ដោយគ្មានសម្ភារៈគ្រប់គ្រាន់។
ក្រុមអ្នកជំនាញ លើកឡើងថា ការបាត់បង់ដីធ្លី កសិកម្ម និងប្រភពចំណូលប្រពៃណី ហើយរួមផ្សំផលប៉ះពាល់នៃការបណ្តេញចេញដោយបង្ខំ និងការតាំងទីលំនៅថ្មី គឺបណ្ដាលឱ្យពលរដ្ឋជាច្រើនគ្មានស្បៀង និងងាយរងគ្រោះ។
ឆ្លើយតបនឹងក្ដីបារម្ភនេះ នៅថ្ងៃទី១៦ ខែធ្នូនេះ អាជ្ញាធរជាតិអប្សរា ចេញលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជាពិសេស ចំពោះប្រជាជន ដែលបានតាំងទីលំនៅមិនសមស្របមួយចំនួនក្នុងតំបន់ការពារ ហើយដែលបានស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី តាមរយៈការផ្ដល់នូវកិច្ចគាំពារ ដូចជាគោលការណ៍ទទួលកម្មសិទ្ធិដីធ្លីស្របច្បាប់ គោលនយោបាយគាំពារសង្គមរយៈពេល១០ឆ្នាំ និងការគាំពារជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គម ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី