en     km
en     km

ប្រទេសមួយចំនួននៅតំបន់អាស៊ីជាកូនបំណុលចិនចាប់ផ្ដើមព្រួយបារម្ភខ្លាចធ្លាក់ខ្លួនដូចស្រីលង្កា

Share

ប្រទេសស្រីលង្កាដែលកំពុងធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរត្រូវបានមើលឃើញថាដោយសារប្រទេសនេះធ្លាក់ខ្លួនជាកូនបំណុលចិនរើមិនរួច។ ដោយសារករណីនេះ យ៉ាងហោចណាស់កំពង់ផែសមុទ្រចំនួនពីរកន្លែង របស់ប្រទេសនេះ ត្រូវបានចិនរឹបអូសយកមកធ្វើជាភាគហ៊ុនរបស់ខ្លួនផ្ទាល់។ ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសមួយចំនួន នៅតំបន់អាស៊ី ដែល ជាកូនបំណុលនៃប្រទេសចិនកំពុងសិក្សាឡើងវិញពីហានិភ័យខ្លាចដូចប្រទេសស្រីលង្កា។

លោកនួនបូរិន ជូនសេចក្ដីប្រែសម្រួល៖

នៅលើពិភពលោកយើងនេះ មាន១៩៣ ប្រទេស។ ប្រទេសក្រីក្រភាគច្រើន សុទ្ធតែជាកូនបំណុលនៃប្រទេសចិន គឺគ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ប្រទេស ស្រីលង្កា ស្ថិតនៅអាស៊ីខាងត្បូងបានក្លាយជាកូនបំណុលចិនដ៏ធ្ងន់ធ្ងរ គឺជាងមួយទសវត្សប៉ុណ្ណោះ ប្រទេសក្រីក្រនេះ បានខ្ចីបុលចិន នូវទឹកប្រាក់ជាង៦ពាន់លានដុល្លារ ក្នុងបំណុលសរុប ៨ពាន់៥រយលានដុល្លារអាមេរិក។ ប្រទេសនៅអាស៊ីរួមទាំងប្រទេសឥណ្ឌា មិនត្រូវបានចាត់ទុកជាប្រទេសមានកម្រិតសេដ្ឋកិច្ចជឿនលឿនកម្រិតខ្លាំងក្លានោះទេ។

តាមការកត់សម្គាល់ ប្រទេសនៅអាស៊ី ប្រទេសដែលមិនល្បីឈ្មោះ ជាកូនបំណុលធ្ងន់ធ្ងររបស់ចិន គេអាចរាប់ឥណ្ឌាមួយដែរហើយជប៉ុនជាប្រទេសសេដ្ឋកិច្ចទីបីបន្ទាប់ពីចិន។ ប៉ុន្តែសម្រាប់អតីតប្រទេសមួយធ្លាប់ចំណុះឥណ្ឌា គឺស្រីលង្កា បានក្លាយជាកូនបំណុលចិនដ៏គ្រោះថ្នាក់ជាងគេ។ ប្រទេសនេះ កំពុងមានវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ដោយសារតែការដោះបំណុលចិនមិនដូច ការសន្យា។ តាមសេចក្ដីរាយការណ៍របស់ប្រភពព័ត៌មានបរទេស ជាច្រើន បានចុះផ្សាយថា កំពង់ផែសមុទ្រ និងឆ្នេរលំហែកាយរបស់ប្រទេសនេះបានធ្លាក់ក្នុងភាគហ៊ុនស្វយ័តរបស់ចិនទាំងស្រុងទោះជាកិច្ចសន្យា៩៩ឆ្នាំក៏ដោយ។ ករណីនេះ នាំឱ្យ អ្នកនយោបាយប្រទេសនេះ បែកបាក់គ្នា ដោយក្រុមខ្លះចោទថាមកពី រដ្ឋាភិបាលរបស់អតីតប្រធានាធិបតី មហាហិនដារ៉ាយ៉ាប៉ាសេ ដែលស្និទ្ធនឹងចិន បណ្ដោយ ឱ្យគម្រោងវិនិយោគរបស់ចិន ក្លាយជាប្រភពនៃការកឹបកេងប្រាក់កម្ចី។ ការបែកបាក់ជាតិខ្លាំងបំផុតនៃប្រទេសនេះ ដោយសារតែលោកមាហិនដាហក់ចូលមកធ្វើនាយករដ្ឋមន្ត្រី ហើយ ត្រូវបានសមាជិកសភាក្រុមប្រឆាំងមិនបោះឆ្នោតគាំទ្រក៏ព្រោះតែមិនទុកចិត្តបុរសនេះ ដឹកនាំប្រទេសឡើងវិញ។ សមាជិកសភាក្រុមប្រឆាំងខ្លះព្រមានថាបើមាហិនដាធ្វើជានាយករដ្ឋមន្ត្រីគឺប្រទេសស្រីលង្កាទាំងមូលនឹងក្លាយជាតំបន់សេដ្ឋកិច្ចរបស់ចិនផ្ដាច់មុខ ហើយបំណុលកាន់តែវ័ណ្ឌក។

ប្រទេសខ្លះក្នុងតំបន់អាស៊ីកំពុងរើខ្លួនចេញពីកូនបំណុលចិន

ភ្លាមៗបន្ទាប់ពីជាប់ឆ្នោត ជាប្រធានាធិបតី កោះម៉ាល់ឌីវ លោក មហាម៉ាតសូលីសបានប្រកាសបញ្ជូនបេសកជនរបស់លោក ទៅកាន់ទីក្រុងប៉េកាំង ដើម្បី ជូនដំណឹង ពីការពិនិត្យឡើងវិញបំណុលចិន ដែលរដ្ឋាភិបាល អាណត្តិមុនបានខ្ចីមានបំណុលសរុប ជិត១៥០០លានដុល្លារខណៈប្រទេសតូចមួយនេះ មានប្រជាជនជាង៤៣ម៉ឺននាក់ប៉ុណ្ណោះ។

លោក ប្រធានាធិបតីថ្មីដែលគេថាជាអ្នកនយោបាយ កែទម្រង់ហើយមាននិន្នាការ ទៅរក ប្រទេសឥណ្ឌា បានថ្លែងក្នុងពិធីស្បថចូលកាន់តំណែងថា បំណុលបរទេស ភាគច្រើន គ្រប់គ្រងនិងធ្វើការបែកចែកមិនចំគោលដៅ ហើយប្រព្រឹត្តអំពើពុករលួយជាខ្លាំង នាំឱ្យសមិទ្ធិផលបានមកតិចតួច ហើយខ្លះគ្មានគុណភាព។ លោកថាជាពិសេស បំណុលពីប្រទេសចិន ដែលចាំបាច់ត្រូវសើរើឡើងវិញ។ មិនត្រឹមសើរើបំណុលនោះទេ គឺលោកប្រធានាធិបតីរូបនេះក៏មានផែនការព្យួរគំរោងវិនិយោគមួយចំនួនទៀតផង។

កាលពីថ្មីៗនេះ លោកមហាធាមហាម៉ាត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី បានទៅជួបមេដឹកនាំចិន នៅទីក្រុងប៉េកាំង ដោយបានប្រាប់ថា លោកនិងសមាជិកសភារបស់លោកលុបចោលគំរោងធំៗចំនួន៣ ជារបស់ក្រុមហ៊ុនចិន ដែលមានប្រាក់វិនិយោគជាង២ពាន់លានដុល្លារ។ លោកបា្រប់ពីមូលហេតុថា ដោយសារ គំរោងអភិវឌ្ឍន៍ទាំងនោះប៉ះពាល់ដល់ ធនធាតុធម្មជាតិ និង មិនបានបំពេញសេចក្ដីត្រូវការរបស់ ប្រជាជន។ គំរោងវិនយោគដែលត្រូវលុបនោះ គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ និងសំណង់ទីក្រុង China Town។ ក្រៅពីនេះ លោកមហាធាបាន ប្រាប់ប្រធានាធិបតីចិន ស៊ីជីនភីងនិងនាយករដ្ឋមន្ត្រីលីកែឈាងថា ករណីបំណុលចិន ក៏ត្រូវពិនិត្យឡើងវិញដែរ។

ដោយឡែកប្រទេសហ្វីលីពីន ក៏កំពុងធ្លាក់ក្នុងបំណុលចិនធ្ងន់ធ្ងរដែរ។ នៅរយៈពេលចុងក្រោយនេះ លោកប្រធានាធិបតី Rodrigo Duterte, បានទៅធ្វើទស្សនកិច្ចនៅចិន ដោយត្រឡប់មកវិញបានប្រាក់កម្ចីពីចិនជិត៥០០លានដុលា្លរមកជាមួយហើយស្របពេល ប្រទេសទាំងពីរសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញ ដើម្បីកាត់បន្ថយជម្លោះសមុទ្រចិនខាងត្បូងដែលចិនមានមហិច្ឆតា កាន់កាប់កោះមួយចំនួន ក្នុងដែនទឹកជម្លោះជាមួយហ្វីលីពីន។  មិនត្រឹមតែបានទទួលជំនួយកម្ចីសាច់ប្រាក់ផ្ទាល់នោះទេ គឺបន្ថែមលើសនេះទៀត ចិន និងហ្វីលីពីនបាន បន្តកិច្ចព្រមព្រៀងវិនិយោគរួមលើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ និងថាមពលអគ្គីសនីដោយ ការដាក់ទុនរបស់ក្រុមហ៊ុនចិន នូវទឹកប្រាក់វិនិយោគ៧ពាន់១៩លានដុល្លារ។ យ៉ាងណាមិនមានរបាយការណ៍ណាមួយបញ្ចាក់ថាហ្វីលីពីនជាប់បំណុលចិន ប៉ុន្មានពាន់ដុល្លារនោះទេ តែបំណុលជាតិសរុបរបស់ប្រទេសនេះមាន​២៩០ពាន់លានដុល្លារអាមេរិកគិតដល់ឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហ្វីលីពីន លោក Ernesto Pernia បាននិយាយថា ប្រទេសហ្វីលីពីនកំពុងសិក្សាករណីប្រទេសស្រីលង្កាក្លាយជាកូនបំណុលចិនបមិនអាចដោះខ្លួនរួច។ លោកថា ហ្វីលីពីនមិនបណ្ដោយឱ្យធ្លាក់ខ្លួនដូចស្រីលង្កានោះទេ។ តែយ៉ាងណា ការគ្រប់គ្រងបំណុលបរទេសរបស់ប្រទេសហ្វីលីពីន នៅមានភាពល្អប្រសើរជាងប្រទេសស្រីលង្កា។ តែអ្នកវិភាគម្នាក់គឺលោក Jay Batongbacal, ជានាយកវិទ្យាសា្ថន សិក្សា កិច្ចការបរទេសនិងច្បាប់សមុទ្រអន្តរជាតិ ថា ហ្វីលីពីននឹងអាចបញ្ជៀសករណីនេះបាន ដោយសារប្រទេសនេះមានកំពណើតសេដ្ឋកិច្ចថេរប៉ុន្តែលោកព្រមានថា បើមានហានិភ័យអ្វីមួយ គឺត្រូវប្រុងប្រយ័ត្ន ដែលបំណុលក្លាយជាឧបករណ៍អ្វីមួយក៏ថាបាន។

ប្រទេសក្នុងទ្វីបអាហ្រ្វិកវិញ

ប្រទេសក្នុងទ្វីបអាហ្រ្វិក​ភាគច្រើនជាប្រទេសក្រីក្រ បានកំពុងវ័ណ្ឌកនឹងបំណុលប្រទេសចិន។

បណ្ដាញផ្សាយព័ត៌មានBBC ចុះផ្សាយកាលពីថ្មីៗនេះថា ចិនជាម្ចាស់បំណុលធំជាងគេនៅបណ្តាប្រទេស អាហ្រ្វិក ហើយថា ចិនកំពុងប្រើប្រាស់បំណុលដើម្បីគ្រប់គ្រងគ្រងភាគហ៊ុន និងធនធានជាច្រើនរបស់ប្រទេសទាំងនោះ។

កាលពីថ្មីៗនេះ មេដឹកនាំថ្មីនៃប្រទេសស៊ីរ៉ា ឡេអូនគឺលោក Julius Maada Bio បានសម្រេចលុបចោលកម្ចី ៤០០លានដុល្លារពីចិន ដែលទឹកប្រាក់នេះជាការស្នើខ្ចីពីមេដឹកនាំមុនរបស់ប្រទេសក្រីក្រមួយនេះ។

កម្ចីនេះ គឺខ្ចីដោយប្រធានាធិបតីមុនឈ្មោះ លោកErnest Bai Koroma ក្នុង គោលបំណងយកទៅសាងសង់ ព្រលានយន្តហោះអន្តរជាតិមួយទៀតនៅក្រៅរដ្ឋធានី។​

មេដឹកនាំចិន បាន​អះអាង​ជាថ្មីម្ដង​ទៀត​ថា​គ្មានប្រទេស​ណាមួយ​ធ្លាក់ចូល​ក្នុង​អន្ទាក់​បំណុល ព្រោះតែធ្វើ​កិច្ចសហប្រតិបត្តិការជាមួយខ្លួន​នោះទេ។​

ចិន ប្រតិកម្មដែលថាបំណុលរបស់ខ្លួនជាអន្ទាក់ ដើម្បីឱ្យកូនបំណុលស្ថិតក្រោមឥទិ្ធពលខ្លួន

 

អ្នកនាំពាក្យក្រសួងការ​បរទេសចិន លោកស្រី ហួរ ឈុនអ៊ីង ​បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងកាលពីថ្មីៗនេះថា មិនមាន​ប្រទេសកំពុង​អភិវឌ្ឍណាមួយ​ធ្លាក់ចូលក្នុងវិបត្តិបំណុល​ដោយសារតែ​ធ្វើកិច្ចសហប្រតិបត្តិការជាមួយ​ចិននោះទេ។ ផ្ទុយទៅវិញកិច្ចសហប្រតិបត្តិការរបស់​ប្រទេស​ទាំងនោះជាមួយចិន ជួយបង្កើនសមត្ថភាពរបស់ប្រទេសទាំងនោះក្នុងការអភិវឌ្ឍដោយខ្លួនឯង ក៏ដូចជាធ្វើឲ្យជីវភាពប្រជាជន​របស់ពួកគេបានប្រសើរឡើង​ទៀតផង។

ប្រតិកម្មរបស់ចិន បន្ទាប់​ពី​អនុប្រធានាធិបតី​អាមេរិកលោក Mike Pence បាន​ថ្លែងក្នុងកិច្ចប្រជុំរបស់​​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅកាត់​ថា​ APEC កាលពីថ្ងៃទី​១៧ ខែវិច្ឆិកា ​ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។​លោកបានរិះគន់​ពីគំនិត​ផ្ដួចផ្តើ​ម«​ខ្សែក្រវ៉ាត់មួយ​​ផ្លូវមួយ»របស់​ចិនថាជាយុទ្ធសាស្ត្រទាក់បំណុល។ លោក ព្រមានថា​ ជំនួយនិងកម្ចីដែល​ចិន​បានផ្ដល់​ដល់​​ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់​ធ្វើឡើងតាម​រយៈ «​ខ្សែក្រវ៉ាត់មួយ​​ផ្លូវមួយ»នឹងធ្វើ​ឲ្យប្រទេសនោះផុងខ្លួនធ្លាក់​ក្នុង​វិបត្តិបំណុលដ៏ធ្ងន់ធ្ងរ៕

 

Share

Image
Image
Image