en     km
en     km

លោក សម រង្ស៊ីឱ្យគោលគំនិតចំនួន ៧ ចំណុចទៅមន្ត្រី១១៨ រូបមុនពេលសុំសិទ្ធិធ្វើនយោបាយ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អោយគោលគំនិតសម្រាប់ពិចារណាចំនួន ៧ ចំណុច​ ដល់មន្ត្រីទាំង ១១៨ មុននឹងធ្វើការស្នើសុំសិទ្ធិធ្វើនយោបាយពីនាយករដ្ឋមន្ត្រីកម្ពុជា ។

លោក​ សោម លាភ រាយការណ៍ !

មកដល់ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៩ លោក សម រង្ស៊ី នៅតែក្រើនរំលឹកដល់មន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការសម្រេចចិត្តក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយ តាមរយៈវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលជិតចូលជាធរមាន ។

លោក សម រង្ស៊ី បង្ហាញជំហរ ដោយមិនចង់ឃើញមន្ត្រីទាំងនោះ សុំសិទ្ធិធ្វើនយោបាយឡើយ ។

ជាថ្មីម្ដងហើយម្ដងទៀត លោក សម រង្ស៊ី នៅតែប្រកាសនូវការសាមគ្គីដោយស្មោះស្ម័គ្រក្នុងការរួមនយោបាយជាមួយលោក កឹម សុខា ដោយតែងតែនិយាយជាញឹកញាប់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ។

លោក សម រង្ស៊ី បានបន្តរំលឹកដល់មន្ត្រីទាំងនោះបន្ថែមទៀត ចំនួន ៧ ចំណុច ។ ជាក់ស្ដែង លោកសរសេរបានសេចក្ដីថា៖ 

១- សិទ្ធិធ្វើនយោបាយ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមានធានាក្នុងរដ្ឋធម្មនុញ្ញ ហើយមន្ត្រីទាំងអស់របស់គណបក្សនេះមិនដែលមានទោសអ្វី ដែលអាចធ្វើឲ្យបាត់បង់សិទ្ធិនេះទេ ។

២- សិទ្ធិធ្វើនយោបាយ ត្រូវបានតុលាការកំពូលកម្ពុជា សម្រេចដកចេញពីមន្ត្រីទាំង ១១៨ តាមរយៈអំណាចនៃសាលដីការរបស់ប្រព័ន្ធយុត្តាធិការកម្ពុជា ដោយអត្តនោម័ត និងគ្មានភាពយុត្តិធម៌សម្រាប់គណបក្សនេះឡើយ ។

៣- បើមន្ត្រីទាំង ១១៨ រូប សុំសិទ្ធិធ្វើនយោបាយពីនាយករដ្ឋមន្ត្រីកម្ពុជា បានន័យថា មន្ត្រីទាំងនោះ ទទួលស្គាល់ថាការដកហូតសិទ្ធិរបស់ខ្លួន គឺធ្វើឡើងដោយស្របច្បាប់ និង ត្រឹមត្រូវ ។

៤  បើមន្ត្រីទាំង ១១៨​រូបទៅសុំសិទ្ធិធ្វើនយោបាយ មានន័យថា ពួកគេទទួលស្គាល់ថា តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ដោយស្របច្បាប់ និងត្រឹមត្រូវ។

៥- បើមន្ត្រីទាំង ១១៨​រូបទៅសុំសិទ្ធិធ្វើនយោបាយ មានន័យថា ពួកគេទទួលស្គាល់ថា ការចាប់លោក កឹម សុខា យកទៅឃុំឃាំង នៅថ្ងៃ ០៣ កញ្ញា ២០១៧ ជាទង្វើស្របច្បាប់ និងត្រឹមត្រូវ ។

៦- បើមន្ត្រីទាំង ១១៨​រូបទៅសុំសិទ្ធិធ្វើនយោបាយ មានន័យថា ពួកគេទទួលស្គាល់ថា ការចោទប្រកាន់លោក កឹម សុខា ពីបទ “ក្បត់ជាតិ” ជាទង្វើស្របច្បាប់ និងត្រឹមត្រូវ ហើយសហការីរបស់លោក កឹម សុខា គឺអ្នកទាំង ១១៨ រូប រួមទាំងលោក សម រង្ស៊ី ក៏ជាជនក្បត់ជាតិដែរ ។

៧- បើមន្ត្រីទាំង ១១៨ ​រូប ទៅសុំសិទ្ធិធ្វើនយោបាយ មានន័យថា ពួកគេចាញ់បោក ឬក៏ចាញ់ការសម្លុតពីនាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏ជាការរួមចំណែកក្នុងការសម្លាប់គណបក្សសង្គ្រោះជាតិ និងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលសព្វថ្ងៃ ។

វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយមានត្រា ៤៥ ថ្មីស្ទួន ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញអនុម័ត និងប្រកាសថា មានធម្មនុញ្ញភាពហើយកាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨  ។

វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន បានចែងថា៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ប្រកាសបញ្ជាក់ម្ដងហើយម្ដងទៀតថា ការស្នើសុំសិទ្ធិធ្វើនយោបាយនេះ ត្រូវស្នើសុំម្ដងម្នាក់ៗ មិនមែនជាកញ្ជប់នោះទេ។ សម្ដេចថា សម្ដេច ត្រៀមខ្លួនរួចហើយ ក្នុងការទទួលយកសំណើររបស់បុគ្គលដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ដាក់ពាក្យស្ដានីតិសម្បទាឡើងវិញ ។

សម្ដេច ហ៊ុន សែន ក៏ធ្លាប់បានរំលឹកដល់មន្ត្រីអតីតបក្សប្រឆាំងថា បើមិនស្នើសុំធ្វើនយោបាយទេ នឹងគ្មានសិទ្ធិចូលរួមក្នុងដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០២២ នោះទេ ។

លោក សម រង្ស៊ី បានប្រកាសថា មានមន្រ្តីចំនួន ៩៩ % ក្នុងចំណោមមន្ត្រី ១១៨ រូប ដែលមិនសុំសិទ្ធិធ្វើនយោបាយ ។

សម្ដេច ស ខេង ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៣ ខែមករានេះ ក្រោយកិច្ចប្រជុំពេញអង្គលើកទី ១ របស់រដ្ឋសភានីតិកាលទី ៦ថា  មកដល់ពេលនេះ មិនទាន់មានមន្ត្រីអតីតគណបក្សប្រឆាំងណាម្នាក់ ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយនៅឡើយនោះទេ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image