ប្រភពរូប៖ធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីធនាគារជាតិដាក់ចេញនូវវិធានការឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ប្រឡាក់ ឬខូចខាត ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន រឿងនេះត្រូវបានមហាជនបញ្ចេញមតិដាក់ជាចម្ងល់ថា ហេតុអ្វី ធនាគារជាតិអនុវត្តន៍តែក្នុងខេត្តសៀមរាបមិនអនុវត្តន៍ទូទាំងប្រទេស។ ទាក់ទងរឿងនេះ ធនគារជាតិពុំទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេ តែអ្នកតាមដានបញ្ហាសង្គមយល់ថា អនុវត្តន៍នេះគួរត្រូវគ្រប់ដណ្តប់ទូទាំងប្រទេសនៅពេលខាងមុខ ដើម្បីភាពងាយស្រួលដល់ពលរដ្ឋ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ក្រោយពីធនាគារជាតិបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដោយសម្រេចឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកមានសភាពចាស់ ប្រឡាក់ ឬខូចខាត ដោយមិនកាត់ទឹកពីអតិថិជន ប្រការនេះធ្វើឱ្យអ្នកប្រើបណ្តាញសង្គមបញ្ចេញមតិជាច្រើនជុំវិញការសម្រេចនេះ។
អ្នកប្រើបណ្តាញសង្គមមានគណនីឈ្មោះ Moni Pheakavorn បានចូលទៅបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់ធនាគារជាតិ ត្រង់សេចក្តីប្រកាសនេះថា «បើដាក់អោយអនុវត្តន៍តែសៀមរាប បានន័យថា ទេសចរណ៍ដែលចង់មកលេងភ្នំពេញ ឬខេត្តផ្សេង គឺមិនបាច់ទៅលេងទេឬពេលលេងហើយ គឺកុំចាយលុយអោយសោះ ព្រោះលុយចាស់នឹងចាយបានតែនៅសៀមរាបទេ ឯភ្នំពេញនិងខេត្តដទៃនៅតែកាត់ខាតដដែល ចឹងដូចជាស្មុគស្មាញណាស់។»
ចំណែកអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយរូបទៀត មានគណនី Choeng Korvit ក៏បញ្ចេញមតិថា«យន្តការនេះគួរតែដាក់ចេញនិងអនុវត្តន៍ទូទាំងប្រទេស ព្រោះតំបន់ទេសចរណ៍មិនមែនមានតែខេត្តសៀមរាបមួយប៉ុណ្ណោះទេ»។
ជុំវិញបញ្ហានេះ វិទ្យុស្រ្តីពុំទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមពីធនាគារជាតិកម្ពុជាបាននៅឡើយទេនៅថ្ងៃនេះ។
ក្នុងរឿងនេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងជាអ្នកតាមដានកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការសម្រេចភ្លាមៗរបស់ធនាគារជាតិនៃកម្ពុជា គ្របដណ្តប់នៅតែខេត្តសៀមរាបបែបនេះ ព្រោះអាចជាករណីដោយឡែក ដោយសារជាការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី បន្ទាប់ពីលោកអញ្ជើញទៅសៀមរាបផ្ទាល់។ មួយទៀតលោកយល់ថា ការចេញសេចក្តីសម្រេចនេះជាការដោះស្រាយបញ្ហាទេសចរណ៍នៅខេត្តសៀមរាប ដូច្នេះជំហាន បន្ទាប់មកទៀត អាចនឹងចេញគោលការណ៍ច្បាស់លាស់អនុវត្តន៍ទូទៅប្រទេស។
លោកបណ្ឌិត ឈត ប៊ុនថង៖ «ប្រសិនជាអាចអនុវត្តន៍បាន ជាទូទៅ ទូទំាងប្រទេសយើងមានភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ប្រាក់ដុល្លារ ដោយសារតែយើងចរាចរណ៍ប្រាក់រៀលផង ប្រាក់ដុល្លារផងនិងប្រាក់ដទៃទៀតនៅលាយជាមួយគ្នា តែងតែមានចាស់ ប្រឡាក់ ចៀសមិនផុតទេ អ៊ីចឹងកុំឱ្យបងប្អូនមានការលំបាករកកន្លែងដូរ១ និងមួយទៀតខាតប្រយោជន៍ ដូរកាត់ទឹក វាបាត់ប្រយោជន៍ ឧបមា១០០ដុល្លារ គេកាត់យក១០ដុល្លារ ឬជាង១០ដុល្លារ គាត់អស់លុយច្រើន គាត់កំពុងតែក្រផង អស់លុយទៀតក៏ពិបាកដែរ»។
អាជីវករប្តូរប្រាក់ម្នាក់នៅរាជធានីភ្នំពេញ គឺលោក ស៊ាង ហ៊ត់ បានប្រាប់ឱ្យដឹងថា កន្លងមកលោកធ្លាប់បានកាត់ទឹកលុយដុលា្លររហែកក្រដាស១០០ដុល្លារ ត្រូវកាត់ទឹកចន្លោះពី ៥ ដល់១០ដុល្លារ និងបើអតិថិជនដូរលុយ ១០០ដុល្លារចង់បានជាលុយរាយដូចជាក្រដាស១០ដុល្លារ លោកត្រូវកាត់ទឹកចំនួន១៥០០រៀល ទៅ២០០០រៀលផងដែរ។ «ក្រដាស១០០ដុល្លារគេចង់បាន១០ដុល្លារៗកាត់១៥០០រៀល ទៅ២០០០រៀល ដុល្លាររហែកកាត់១០ដុល្លារ(រៀល) ក៏មាន ៥ដុល្លារ (រៀល)ក៏មាន បើរហែកតិចយើងកាត់៥ដុល្លារ(រៀល)បើរហែកច្រើនកាត់១០ដុល្លារ(រៀល) »
គួររំលឹកផងដែរថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាមៗឱ្យធនាគារជាតិ ពិនិត្យ និងដោះស្រាយករណីលុយដុល្លារចាស់ ឬមានដាច់បន្តិចបន្តួច ពិបាកចាយ ឬត្រូវកាត់ខាត ដែលបញ្ហានេះធ្វើប៉ះពាល់ដល់ភ្ញៀវទេសចរ គឺកើតឡើង បន្ទាប់ពីសម្តេចបានចុះទៅ Pub Street នៅខេត្តសៀមរាបកាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងមកនេះដោយទទួលបានការត្អូញត្អែរពីប្រជាពលរដ្ឋសម្រាប់ការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ ដែលបង្កការលំបាកដល់ភ្ញៀវទេសចរណ៍។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងករណីដែលក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅ ក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ។
ធនាគារជាតិក៏ «តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារ និង៥០ ដុល្លារជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ដុល្លារនៅក្នុងម៉ាស៊ីនដកប្រាក់ ATM ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ»។ ប៉ុន្តែ ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
ធនាគារជាតិក៏នឹងផ្សព្វផ្សាយអំពីយន្តការនេះទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់និងត្រៀមវសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាអ្នកស្នើសុំឲ្យមានដំណោះស្រាយលើបញ្ហាប្រាក់ដុល្លារចាស់ ឬទក់ ឬហែកបន្តិចបន្តួច បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២២ ខែកក្កដា បង្ហាញការគាំទ្រចំពោះវិធានការចំពោះមុខនេះ។
បន្ថែមពីលើនេះ សម្តេចក៏ស្នើឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប និងបណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា៕