ផ្អែកតាមសេចក្ដីថ្វាយ-ប្រគេន-ជូនដំណឹង របស់សាលាគណខេត្តសៀមរាបចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ បានឱ្យដឹងថា សាលាគណខេត្តសៀមរាបបានសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ អនុវត្តសេចក្ដីសម្រេចមួយលេខ ១០៧/២៣ ស.ន.ក.ជ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់នៅក្នុងវត្តពោធិលង្កា ដែលមានទីតាំងនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ការអនុវត្តសេចក្ដីសម្រេចរបស់សាលាគណខេត្តសៀមរាប គឺបានឱ្យព្រះសង្ឃប្រមាណ១៤០អង្គ រួមទាំងតាជី យាយជី និងក្មេងវត្តជាង៣០នាក់ ចេញពីវត្តពោធិលង្កា ទៅគង់ និងស្នាក់នៅវត្តផ្សេងៗ ដោយសារសេចក្ដីសម្រេចលេខ ១០៧/២៣ ស.ន.ក.ជ ចេញកាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ បានសម្រេចបញ្ចប់មុខតំណែងព្រះសង្ឃជាច្រើនអង្គដែលគង់នៅវត្តពោធិលង្កា។
ផ្អែកតាមគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុដែល ត្រូវបញ្ចប់តំណែងព្រះសង្ឃគង់នៅវត្តនោះទេ ត្រឹមតែណែនាំឱ្យគណខេត្តរៀបចំរចនាសម្ព័ន្ធថ្មី ក្នុងវត្តពោធិលង្កាតែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានលើកឡើងថា មូលហេតុដែលនាំឱ្យមានការអនុវត្តសេចក្ដីសម្រេចរបស់គណៈសង្ឃនាយកនៃកម្ពុជា ដោយសារនៅវត្តពោធិលង្កា មានបញ្ហាប្រកាន់បក្ខពួករវាងព្រះសង្ឃនៅក្នុងវត្តនេះ ជាពីរក្រុមជាពីច្រើនឆ្នាំមកហើយ។
យ៉ាងសម្ដេច ពិន សែន ព្រះចៅអធិការវត្តរាជបូព៌ខេត្តសៀមរាប មានសង្ឃដីកាថា ការជម្លៀសព្រះសង្ឃ តាជីយាយជី និងក្មេងៗ ទៅកាន់វត្តផ្សេងៗ គឺមានការៀបចំទុកដាក់រួចរាល់ហើយ មិនទុកឱ្យរសាត់អណ្ដែតនោះទេ៕