en     km
en     km

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍Share EUដល់និស្សិតប្រមាណ ៥០ កន្លែង ក្នុងឆ្នាំ ២០១៨

Share

ក្រុងភ្នំពេញ៖ សហភាពអឺរ៉ុប និង ដៃគូអាស៊ាន បានរៀបចំ សន្និសីទសារព័ត៌មាន ស្តីពីការគាំទ្ររបស់សហភាពអឺរ៉ុបដល់ឧត្តមសិក្សានៅក្នុងតំបន់អាស៊ានក្រោមកម្មវិធីអាហាររូបករណ៍ Share ដែលជំរុញឲ្យមានការផ្លាស់ប្តូរឬចល័តនិស្សិតនៅក្នុងតំបន់អាស៊ាន។ កម្មវិធីនេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣០-៣១ខែឧសភាឆ្នាំ២០១៨នេះ។

សូមស្តាប់ការរាយការណ៍របស់លោក សេរី វឌ្ឍនៈ៖

កាលពីព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅឯសណ្ធាគារសាន់វ៉េ សហភាពអឺរ៉ុប បានបើកសន្និសីទសារព័ត៌មានស្តីពីការជម្រុញការអប់រំថ្នាក់ឧត្តមសិក្សា នៅក្នុងតំបន់អាស៊ាន ដែលមានការចូលរួមពី អ្នកជំនាញផ្នែកឧត្តមសិក្សា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង មន្រ្តីអប់រំជាន់ខ្ពស់ មកពីតំបន់អាស៊ាន និង សហភាពអឺរ៉ុបប្រមាណ ១២០ រូប ដោយផ្តោតលើយុទ្ធសាស្រ្តក្នុងការលើកកម្ពស់វិស័យអប់រំថ្នាក់ឧត្តមសិក្សា តាមរយៈគម្រោងកម្មវិធីអាហារូបករណ៍ Share ។

កម្មវិធីអាហាររូបករណ៍នេះ មានគោលបំណងចង់លើកកម្ពស់ការសិក្សាអប់រំដល់និស្សិតក្នុងតំបន់ ឲ្យទទួលបានឱកាសបើកចំហជើងមេឃ ទទួលបានចំណេះដឹងដែលមានការទទួលស្គាល់ជាអន្តរជាតិ និងយល់ដឹងពីជំនាញថ្មីៗ ក្នុងថ្នាក់ឧត្តមសិក្សា។

គម្រោងកម្មវិធីអាហាររូបករណ៍នេះ គឺធ្វើការផ្តោតទៅលើការផ្ទេប្រព័ន្ធក្រេឌីតពីសាកលវិទ្យាល័យក្នុងស្រុក ទៅ សាកលវិទ្យាល័យអន្តរជាតិ។

លោក ច្សច អេដហ្កា ឯកអគ្គរដ្ឋទូតសហភាពអឹរ៉ុបប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ រីករាយ ដែលសហភាពអឺរ៉ុប សហការជាមួយសាកលវិទ្យាល័យក្នុងតំបន់អាស៊ាន បង្កើតជាគម្រោងអាហាររូបករណ៍នេះ ដល់និស្សិតកម្ពុជានិងនិស្សិតនៃប្រទេសសមាគមអាស៊ាន។

លោក បានលើកឡើងថា អាហាររូបករណ៍នេះ គឺជាឱកាសដ៏កម្រសំរាប់សិស្សានុសិស្សដែលមានសក្តានុពល ហើយចង់បានឱកាសការសិក្សាអប់រំថ្នាក់ឧត្តមសិក្សា នៅឯក្រៅប្រទេស។

លោក ច្សច អេដហ្ការ៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបាន ឃើញបទពិសោធន៍របស់សហភាពអឺរ៉ុបលើប្រព័ន្ធផ្ទេក្រឌីត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញឲ្យមានការចល័តនិស្សិតក្នុង តំបន់អាស៊ាន និង កសាងអត្តសញ្ញាណអាស៊ានខ្លួនឯង ហើយកម្មវិធីនេះ ក៏ជាកម្មវិធីបន្ថែមលើការគាំទ្រយ៉ាងច្រើនរបស់សហភាពអឺរ៉ុបដល់វិស័យអបរំនៅកម្ពុជា អញ្ជឹង និស្សិតគួរតែក្តាប់ឱកាសនេះ ដើម្បីអភិវឌ្ឍន៍ធនធានផ្ទាល់ខ្លួន ក៏ដូចជាការប្រែក្លាយខ្លួនជា កោសិការដែលមានតម្លៃដល់សង្គមរបស់ខ្លួន»។

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ក៏បង្ហាញភាពវិជ្ជមាន និង ការគាំទ្រ ដល់គម្រោងរបស់សហភាពអឺរ៉ុប និង អាស៊ាន ដែលរួមគ្នាផ្លាស់ប្តូរការសិក្សាររបស់សិស្សនិស្សិត តាមរយៈការផ្លាស់ប្តូរ ប្រព័ន្ធក្រេឌីត រវាងសាកលវិទ្យាល័យនៃប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្នុងតំបន់អឺរ៉ុប។

លោកមានសុទិដ្ឋិនិយមថា បរិបទសាកលភាវូបនីយកម្មនៃសតវត្សទី ២១ នេះ បានផ្តល់ឱកាសដល់យុវជន ដែលជាថ្នាលទំពាំង ស្នងឬស្សី របស់កម្ពុជានៅថ្ងៃអនាគត ដោយបង្កើនឲ្យមានឱកាសបានទៅបន្តថ្នាក់ឧត្តមសិក្សា ដែលវាជាកត្តាវិជ្ជមាន តាមរយៈប្រព័ន្ធសេដ្ឋកិច្ច នវានុវត្តន៍ និង ធនធានមនុស្ស។

លោក យក់ ង៉ុយ៖ ពិសេសការផ្លាស់ប្តូរ ធ្វើឲ្យនិស្សិតហ្នឹងចំណេញច្រើន ចំណេញផ្នែកគុណភាព ទាំងផ្នែកជំនាញរឹង និង ជំនាញទន់ គាត់មិនត្រឹមតែយល់ដឹងតែពីវប្បធម៌របស់ខ្លួនទេ តែគេអាចយល់ដឹងដល់វប្បធម៌ប្រទេសដទៃ ហើយវាបង្ករលក្ខិណៈងាយស្រួលនៅពេលដែលគាត់រៀនចប់ចេញធ្វើការ ព្រោះគាត់បានពង្រឹង និង លត់ដំខ្លួន។

យ៉ាងណាលោក បន្ថែមថា សិស្សនិស្សិតគួរចាប់យកឱកាសនេះ ដើម្បីពង្រឹងជំនាញទន់របស់ខ្លួនឲ្យបានខ្លាំង ព្រោះថា នៅសម័យឧស្សាហូបនីយកម្មនេះ មានតែជំនាញទន់ប៉ុណ្ណោះដែលគេត្រូវការ ព្រោះជំនាញរឹង ដូចជាបច្ចេកទេស វិទ្យាសាស្រ្ត នៅថ្ងៃអនាគត មនុស្សយន្តនឹងរ៉ាប់រងជំនួសកម្លាំងពលកម្មរបស់មនុស្ស។

សូមបញ្ជាក់ថា គម្រោងអាហាររូបករណ៍ Share របស់សហភាពអឺរ៉ុប សហការជាមួយអាស៊ាន ដោយផ្តោតសំខាន់លើការផ្ទេប្រព័ន្ធក្រេឌីតពីនិស្សិតនៃសាកលវិទ្យាល័យក្នុងស្រុក ធ្វើបម្លាស់ប្តូរទៅ សាកលវិទ្យាល័យផ្សេងៗនៅក្នុងតំបន់អាស៊ាន និង សហភាពអឺរ៉ុប។ កម្មវិធីនេះ ផ្តល់ដល់និស្សិតដែលកំពុងរៀន នៅតាម សាកលវិទ្យាល័យ ចំនួន៤ ក្នុងប្រទេសកម្ពុជា គឺសាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង និង សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

ចាប់តាំង ពីឆ្នាំ ២០១៦ មក កម្មវិធីនេះ បានផ្តល់អាហាររូបករណ៍សរុបជាង ៤០០ កន្លែងដល់និស្សិត មកពីបណ្តាប្រទេសចំនួន ៨ ក្នុងប្រទេសតំបន់អាស៊ាន។ សិស្សនិស្សិតអាចធ្វើការ ភ្ជាប់ប្រវតិ្តរូបរបស់ខ្លួន ដែលមានព្រឹត្តិប័ត្រពិន្ទុ ចូលទៅក្នុងគេហទំព័រ share_asean.eu រួចធ្វើការទំនាក់ទំនងទៅការិយាល័យអាហាររូបករណ៍នៅក្នុងសាកលវិទ្យាល័យដែលខ្លួនកំពុងសិក្សា៕

អត្ថបទដោយ៖ សេរី វឌ្ឍនៈ 

Share

Image
Image
Image