អាជ្ញាធរអាល្លឺម៉ង់បានសង្គ្រោះកុមារ៦៥នាក់ ពីក្រញ៉ាំដៃអ្នករំលោភបំពានផ្លូវភេទ ក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ វាជាផ្នែកមួយនៃការរឹតបន្តឹងច្បាប់ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារនៅក្នុងប្រទេសនេះ។
កញ្ញា មាស គឹមធួន ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី និងទីភ្នាក់ងារសារព័ត៌មាន ឌីដាប់ប៊ែលយូ …
អាជ្ញាធរក្នុងប្រទេសអាល្លឺម៉ង់បាននិយាយថា ពួកគេបានសង្គ្រោះកុមារ៦៥នាក់ ពីក្រញ៉ាំដៃនៃអ្នករំលោភបំពាន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ការសង្គ្រោះកុមារទាំងនោះជាផ្នែកមួយនៃការស៊ើបអង្កេតលើបណ្តាញរំលោភបំពានផ្លូវភេទដ៏ធំមួយ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធម្សិលមិញ នគរបាលនៅទីក្រុងកូឡូញបាននិយាយថា ជនរងគ្រោះមានអាយុចាប់ពី៣ខែ ដល់១៧ឆ្នាំ។
ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណកុមារទាំងនោះ អំឡុងការស្រាវជ្រាវរបស់ពួកគេនៅក្នុងកន្លែងផ្ទុកទិន្នន័យរូបថតនិងវីដេអូបែបរំលោភបំពានដ៏ធំមួយ ដែលត្រូវបានរកឃើញកាលពីឆ្នាំ២០១៩ នៅភាគខាងលិចនៃទីក្រុង ប៊ើហ្គីស គ្លែដបែស្ស។
អាជ្ញាធរបាននិយាយថា ឈ្មោះក្លែងក្លាយជាង៣ម៉ឺន ត្រូវបានប្រើប្រាស់ដោយមនុស្សនៅក្នុងបណ្តាញរំលោភបំពានផ្លូវភេទនោះ ប៉ុន្តែភាគច្រើននៃឈ្មោះប្រឌិតមិនអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតរកឃើញមនុស្សពិតប្រាកដទេ។
រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតអាចកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន៤៣៩នាក់ និងប្រាកដថាមនុស្សជាច្រើននាក់នឹងត្រូវផ្តន្ទាទោស រួមទាំងបុរសដែលនៅក្នុងបរិវេណផ្ទុកវត្ថុតាងពីដំបូងនោះផង។
រដ្ឋាភិបាលអាល្លឺម៉ង់បានរឹតបន្តឹងច្បាប់ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារ និងប្រឆាំងអ្នកដែលបង្កើតឬចែកចាយរូបភាពរំលោភបំពានលើកុមារ ដែលជាលទ្ធផលនៃការរឹតបន្តឹងច្បាប់នោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ឌីដាប់ប៊ែលយូ (DW) របស់អាល្លឺម៉ង់ ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងរូបភាពបែបរំលោភបំពានផ្លូវភេទកុមារស្ទើរតែកើនឡើងទ្វេដងក្នុងឆមាសទី១នៃឆ្នាំ២០២១។ ប្រធានប៉ូលីសព្រហ្មទណ្ឌសហព័ន្ធអាល្លឺម៉ង់បានព្រមានថា ការកើនឡើងដ៏ច្រើននៃបទល្មើសប្រភេទនេះកំពុងទៅហួសពីលទ្ធភាពផ្នែកធនធានរបស់នគរបាល។ សង្ឃកាតូលិកក៏មានពាក់ព័ន្ធនៅក្នុងការរំលោភបំពានផ្លូវភេទលើកុមារតាមរូបភាពដែរ៕
—
យោង៖
១) https://apnews.com/article/europe-germany-sexual-abuse-cologne-e8d6a5a777fabaa85923ba663e78c61a
២) https://www.dw.com/en/germany-crimes-involving-child-sexual-abuse-images-almost-double/a-59747731