កំពង់ធំ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋានរួមមាន មន្ត្រីនគរបាល មេឃុំ ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ និងប្រជាពលរដ្ឋចំនួន ១១ ភូមិស្ថិតក្នុងឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានរួមសហការគ្នាចុះកាប់ឆ្ការព្រៃតាមផ្លូវក្នុងភូមិ មាត់ប្រឡាយ មាត់ស្រះ មុខវត្ត មុខសាលារៀន មន្ទីរពេទ្យ ជាដើមដើម្បីបំបាត់ជម្រកមូលដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម គ្រុនចាញ់ និង ជំងឺគ្រុនឈីកជាដើម។
ក្នុងសកម្មភាពកាប់ឆ្ការព្រៃនេះ អ្នកចូលរួមក៏បានសម្អាតបរិស្ថានផងដែរ តាមរយៈការរើសសំរាមមាន ថង់ប្លាស្ទីក ដបជ័រ និងកម្ទិចសំរាមនានា។
ភូមិទាំង ១១ ស្ថិតក្នុងឃុំ កំពង់ថ្ម ដែលអាជ្ញាធរ និងពលរដ្ឋ បើកយុទ្ធនាការសម្អាតបរិស្ថាននេះមានភូមិកំពង់ថ្ម ភូមិកងសៅ ភូមិឃ្លៃ ភូមិឈើទាល ភូមិស្ងោរ ភូមិល្អក់ ភូមិជន់មោង ភូមិទួលសង្កែ ភូមិស្អាង ភូមិព្រៃភ្លូ និងភូមិខ្វែក។
ជាការកត់សម្គាល់ កាលពីកក្តដាកម្ពុជាបានផ្ទុះឡើងនូវជំងឺគ្រុនឈីកនេះជាថ្មី នៅខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ រស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត សរុបចំនួន៦ភូមិ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាពួកគេបានកើតជំងឺឈីក។
សូមរំលឹកថាជំងឺគ្រុនឈីកនេះ បានកើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅប្រទេសកម្ពុជានៅឆ្នាំ ១៩៦១ និងឆ្នាំ២០១១ ដែលករណីនេះបានកើតឡើងនៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយគ្រុនឈីកធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០ទៅ៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងនៅឆ្នាំ ២០១១-២០១២ នៅតាមខេត្តមួយចំនួនរបស់កម្ពុជា៕
អត្ថបទខ្លីសរសេរដោយ សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។