en     km
en     km

សម្ដេច ស ខេង៖ ក្រសួងមហាផ្ទៃមិនបានអនុវត្តខុសប្រកាសរបស់ខ្លួនទេ

Share

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្រសួងមហាផ្ទៃ មិនបានអនុវត្តផ្ទុយពីប្រកាសរបស់ខ្លួនដែលដាក់ចេញនោះទេ ។ ការប្រកាសបែបនេះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីមានមតិសមាគម អង្គការសង្គមស៊ីវិល  ក៏ដូចជាសម្លេងសាធារណៈជនដែលថា ក្រសួងមិនបានអនុវត្តត្រឹមត្រូវតាមសេចក្ដីប្រកាសរបស់ខ្លួននោះទេ ។

លោក សោម លាភ រាយការណ៍

 

នៅក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេច ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃ មិនបានអនុវត្តខុសពីប្រកាសរបស់ខ្លួនដែលបានចេញផ្សាយនោះទេ តែក្រសួងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន ។

ការថ្លែងបែបនេះរបស់សម្ដេច ស ខេង គឺធ្វើឡើងក្រោយពេលដែលក្រសួងមហាផ្ទៃ បានប្រកាស្ដីពីការបើកសិទ្ធិសេរីភាពដល់អង្គការសង្គមស៊ីវិល សមាគម ក៏ដូចជាសហគមន៍មូលដ្ឋាន ក្នុងការធ្វើសកម្មភាពផ្សេងៗ ដែលមានគោលដៅចូលរួមអភិវឌ្ឍកម្ពុជា ទៅតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

សេចក្ដីប្រកាសនោះបញ្ជាក់ថា  ការធ្វើសកម្មភាពទាំងឡាយ មិនចាំបាច់ស្នើសុំដល់អាជ្ញាធរមានសមត្តកិច្ចជាមុននោះទេ ។

បើទោះបីជាមានការចេញសេចក្ដីប្រកាសបែបនេះក្ដី សកម្មជនសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងសមាគមជាដើម ធ្លាប់បានអះអាងថា អាជ្ញាធរមានសមត្តកិច្ច មិនបានអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃសោះឡើយ  ។

ជាក់ស្ដែង កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ  មានក្រុមសមាគមយុវជន ប្រជាសហគមន៍ដីធ្លី បណ្តាញយុវជន ព្រះសង្ឃ សហជីពកម្មករ ក្រុមរឺម៉កទេសចរណ៍ និង អង្គការសង្គមស៊ីវិលចម្រុះវិស័យ ប្រមាណជាង ៥០០ នាក់ បានប្រមូលផ្ដុំ និងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ។

មុនពេលក្បួនយុទ្ធនាការនេះ ពួកគាត់បានបរាជ័យក្នុងការដាក់សំណើរសុំដើរហែរក្បួននៅក្នុងរាជធានីភ្នំពេញ ដោយត្រូវក្រុមអាជ្ញាធរបដិសេធក្រោមហេតុផល ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ។

នៅក្នុងយុទ្ធនាការដើរក្បួននេះ គេសង្កេតឃើញថា មានការដាក់ពង្រាយកងកម្លាំងជាច្រើន ដើម្បីហាមឃាត់មិនឲ្យមានការចេញដើរក្បួនណាមួយពីសួនច្បារនោះទេ ដោយពង្រាយកម្លាំងយាមល្បាតដែលមានចំនួនច្រើនជាងចំនួននៃអ្នកចូលរួមទាំងនោះទៅទៀត  ។

យ៉ាងណា តំណាងអ្នកចូលរួមក្នុងការហែក្បួននោះលើកឡើងថា ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ មិនបានអនុវត្តដូចប្រកាសដែលដាក់ចេញ ដើម្បីបើកសេរីភាពដល់ពួកគេ ក្នុងការធ្វើសកម្មភាពផ្សេងៗនោះទេ ។

ជាការឆ្លើយតប សម្ដេច ស ខេង បញ្ជាក់ថា អាជ្ញាធរមានសមត្តកិច្ចមិនមែនអនុវត្តផ្ទុយទៅនឹងសេចក្ដីប្រកាសទាំងនេះនោះទេ តែជាការពិតគឺក្រសួងក៏ដូចជាអាជ្ញាទាំងនោះ គឺយកច្បាប់ស្ដីពីបាតុកម្ម និងកូដកម្មយកមកអនុវត្តទៅវិញ ។

សម្ដេច ស ខេង ៖

ពាក់ព័ន្ធនឹងករណីនេះផងដែរ បណ្ដាអ្នកវិភាគខ្មែរថា ការចេញសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃបែបនេះ មិនមែនចេញពីឆន្ទៈពិតប្រាកដនោះទេ តែជាការធ្វើឡើងដើម្បីបំភ័ន្តភ្នែកអន្តរជាតិតែប៉ុណ្ណោះ ៕

អត្តបទដោយ៖ សោម  លាភ

Share

Image
Image
Image