en     km
en     km

លោក សម រង្ស៊ី​ ស្ម័គ្រចិត្តធ្វើជាសាក្សីឱ្យលោកកឹម សុខា តាមSkype  ខណៈអ្នកច្បាប់គាំទ្រ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី​ ស្ម័គ្រចិត្តផ្ដល់ព័ត៌មានតាមSkype  ក្នុងឋានៈជាសាក្សីក្នុងសំណុំរឿងក្ដីលោក កឹម សុខា ដែលលោកអះអាងថា លោកជាអ្នកដឹងរឿងច្រើនជាងលោក គង់ គាំ និងដឹងរឿងច្រើនជាងគេបង្អស់។​ យ៉ាងណា អ្នកច្បាប់ថា តុលាការគួរតែយល់ព្រមតាមអ្វីដែលលោក សម រង្ស៊ី ស្នើនេះបើមានរឿងរ៉ាវ និងព័ត៌មានពាក់ព័ន្ធ  ខណៈប្រព័ន្ធច្បាប់សម័យទំនើប ការផ្ដល់សក្ខីកម្មតាមរយៈមធ្យោបាយនេះ គឺអាចធ្វើទៅបាន ។

លោក សោម លាភ រាយការណ៍

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី ៩ ខែ មករា ថា លោក ស្ម័គ្រចិត្តធ្វើជាសាក្សី និងជាអ្នកដឹងរឿងច្រើនជាងគេ ក្នុងសំណុំរឿងក្ដីរបស់លោក កឹម សុខា ។

លោក សរសេរលើទំព័រហ្វេសបុករបស់លោកថា   «ក្នុងសំណុំរឿងចោទប្រកាន់លោក កឹម សុខា ពីបទ “សន្និដ្ឋិភាពជាមួយបរទេស” ស្មើទៅនឹងបទ “ក្បត់ជាតិ” និងពីបទបំផុសបំផុលកម្មករឲ្យធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ កាលពីដើមខែមករា ឆ្នាំ ២០១៤ សាក្សីដែលដឹងរឿងច្រើនជាងគេ គឺរូបខ្ញុំ សម រង្ស៊ី តែម្តង»

ការអះអាងបែបនេះរបស់លោក សម រង្ស៊ី គឺធ្វើឡើងក្រោយពេលដែលតុលាការ ចេញដីការកោះហៅលោក គង់ គាំ ឱ្យចូលធ្វើជាសាក្សី ក្នុងសំណុំរឿងលោក កឹម សុខា ហើយលោក គង់គាំ ក៏ស្ម័គ្រនឹងផ្ដល់ព័ត៌មានផងដែរ។

លោកបញ្ជាក់ទៅតុលាការក្រុងភ្នំពេញថា លោក គង់ គាំ គ្រាន់តែជាទីប្រឹក្សារបស់លោកទេ ពោលគឺមិនសូវដឹងរឿងច្រើន ហើយក៏មិនបានចូលរួមក្នុងការធ្វើសេចក្ដីសម្រេចលើកិច្ចការសំខាន់ៗអ្វីដែរ ដូច្នេះ មិនចាំបាច់ហៅលោក គង់ គាំ ធ្វើជាសាក្សីទេ ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា អំឡុងពេលដែលលោក កឹម សុខាថ្លែងសន្ទរកថា នៅថ្ងទី ១០ ធ្នូ ឆ្នាំ ២០១៣ នៅប្រទេសអូស្រ្តាលី និងនៅពេលដែលមានបាតុកម្មកម្មករបានផ្ទុះឡើងនៅភ្នំពេញ បានផ្ទុះឡើងនៅទីក្រុងភ្នំពេញ កាលពីដើមខែមករា ឆ្នាំ ២០១៤ ខណៈពេលនោះ គឺលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ហើយលោក ជាប្រធាននៃគណបក្សនេះ ។

លោក សម រង្ស៊ី បន្ថែមថា លោកជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេបង្អស់ ព្រោះលោកជាអ្នកធ្វើសេចក្តីសម្រេចចុងក្រោយ ក្នុងការអនុវត្តយុទ្ធសាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ។  

ប្រធានស្ដីទីអតីតគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា ខ្លួនជាប្រធាន ដែលមានទំនាក់ទំនងជាមួយដៃគូអាមេរិ  របស់គណបក្សសង្គ្រោះជាតិ ច្រើនជាងលោក កឹម សុខា ។ លោកបន្ថែមថា លោក ក៏មានទំនាក់ទំនងជាមួយកម្មករនៅកម្ពុជា ច្រើនជាងលោក កឹម សុខា ផងដែរ ។

ជារួម លោកសរសេរជាការអំពាវនាវថា «ដូច្នេះ បើចង់ស៊ើបអង្កេតស៊ីជម្រៅ ក្នុងសំណុំរឿងចោទប្រកាន់លោក កឹម សុខា ពីបទល្មើសទាំងពីរដូចបានបញ្ជាក់ខាងលើនេះ តុលាការអាយ៉ង ត្រូវតែហៅខ្មុំ សម រង្ស៊ី មកសាកសួរ មុនគេបង្អស់ ។ ខ្ញុំ យល់ព្រមផ្តល់ព័ត៌មាន ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នេះ ជូនតុលាការអាយ៉ង តាមរយៈប្រព័ន្ធវីដេអូ Skype ពីសហរដ្ឋអាមេរិក ដែលខ្ញុំកំពុងតែស្ថិតនៅពេលនេះ ។

 បើតុលាការ មិនចង់ដឹងការពិតពីខ្ញុំទេ មានន័យថា តុលាការទីក្រុងភ្នំពេញនេះ កាន់តែអាយ៉ងថែមទៀត ហើយជនផ្តាច់ការ ហ៊ុន សែន ដែលជាអ្នកទាញខ្សែពីក្រោយ កាន់តែយកតុលាការនេះ ធ្វើជាឡប់ឡែ ដើម្បីធ្វើបាបអ្នកស្លូតត្រង់ នៅប្រទេសកម្ពុជា ក្នុងគោលបំណងការពារអំណាចផ្តាច់ការរបស់គាត់» ។

សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ឱ្យចូលខ្លួនមកសាកសួរ ក្នុងសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ក្នុងអំពើក្បត់ជាតិ ។ ការកោះហៅនេះ ធ្វើឡើងតាមរយៈដីកាដែលចុះកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ធ្វើឡើងដោយចៅក្រមស៊ើបសួរគឺលោក គី ឬទ្ធី ។

តាមដីកានោះ លោក គង់ គាំ ត្រូវចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក ។

លោក គង់ គាំ ថា លោក រីករាយនឹងសហការក្នុងការផ្ដល់ព័ត៌មានដែលលោកបានដឹងជុំវិញករណីនេះ ។

វិទ្យុស្ដ្រី នៅមិនអាចសុំការបកស្រាយបំភ្លឺឆ្លើយតប ពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទាក់ទងទៅនឹងបញ្ហានេះនៅឡើយនោះទេ ដោយហៅទូរស័ព្ទចូលហើយ​ មិនមានអ្នកណាទទួល ។

លោក គង់ សំអុន មេធាវីសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាថា តុលាការកម្ពុជាគួរតែទទួលនូវសំណើនេះ បើសិនជាមានរឿងរ៉ាវដែលពាក់ព័ន្ធ ដើម្បីជាប្រយោជន៍សម្រាប់រឿងក្ដីនេះគ្រប់ភាគី ។

លោក គង់ សំអុន៖ បាទ! ខ្ញុំយល់ថាជាមធ្យោបាយល្អដែរ ពីព្រោះក្នុងប្រព័ន្ធច្បាប់សម័យទំនើប ឥឡូវនេះគេអាចផ្ដល់សក្ខីកម្មតាមរយៈវីដេអូលីង បាទ! ហើយតុលាការអាចទទួលយកបាន ។ បាទ! ក៏ប៉ុន្តែវាអាស្រ័យទៅលើភាពពាក់ព័ន្ធ ដែលសកម្ខីកម្មរបស់លោក សម រង្ស៊ី អាចផ្ដល់ឱ្យក្នុងករណីលោក កឹម សុខា នឹងបានកម្រិតណា។ បាទ! អ៊ីចឹងអាចនេះជាសិទ្ធិរបស់ តុលាការក្នុងការពិចារណា ទៅលើភាពពាក់ព័ន្ធ ឬក៏ភាពចាំបាច់ នៃសក្ខីកម្មនោះ ក៏ប៉ុន្តែបើសិនជាមានភាពពាក់ព័ន្ធគ្នាហើយ ស៊ីសង្វាក់គ្នាហើយ អានឹងតុលាការគួរពិចារណាផ្ដល់ឱកាសនឹងដែរ ពីព្រោះវាអត់មានអីខាតទេ បាទ! ហើយក៏វាអាចជួយសម្រួលបានទាំងសងខាង ។  

ដោយឡែក លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ហាក់ដូចជាអស់សំណើច និងសុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះទេ ។

លោក ចាន់ ចេន៖ សើច! ត្រង់ចំណុចនេះ អឹមសុំទោសណាប្អូនណាស់ បងសុំមិនធ្វើអត្ថាធិប្បាយទេ បាទ!

រហូត​មក​ទល់​ពេល​នេះ​មនុស្ស​ប្រមាណ​ ១០ ​នាក់​ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​កោះហៅ​មក​សាកសួរ​ក្នុង​នាម​សាក្សី​ក្នុង​សំណុំ​រឿងនេះ​ ។
លោក កឹម សុខា ​ត្រូវ​បាន​សមត្ថកិច្ច ចូល​ទៅ​ចាប់ខ្លួន​ដល់​ផ្ទះ កាលពី​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ។ លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ​លួច​សហការ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ។

លោក កឹម សុខា ត្រូវបានតុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ បាន​មួយ​ឆ្នាំ ។

មកដល់ចុងឆ្នាំ ២០១៨ គឺខែកញ្ញា ចៅក្រម​ស៊ើបសួរ ​សម្រេច​ឲ្យលោក កឹម សុខា ​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា គិតគូរ​ពី​សុខភាព​របស់​លោក ។ យ៉ាងណា រស់នៅក្នុងផ្ទះក្រោម​បម្រាម​យ៉ាង​តឹងរ៉ឹង ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយ​មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ ។

ពាក់ព័ន្ធនឹងករណីរបស់លោក កឹម សុខានេះ លោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន បានព្រមព្រៀងគ្នា ដោយការភ្នាល់គ្នា ដែលភាគីម្ខាង គឺលោក សម រង្ស៊ី នឹងចូលមកកម្ពុជាឱ្យចាប់ខ្លួនដាក់ពន្ធនាគារបើលោកចាញ់  និងសម្ដេច ហ៊ុន សែន នឹងលាលែងពីដំណែងជានាយករដ្ឋមន្ត្រី បើសម្ដេចចាញ់ ។ ការភ្នាល់គ្នានេះ គឺលោកសម រង្ស៊ី ជឿជាក់ថា សម្ដេច ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា​ ដែលមានឱសានវាទមិនលើសថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ ។ យ៉ាងណា​បើសិនជាមានការដោះលេងលោក កឹម សុខា​ នោះលោក សម រង្ស៊ីជាអ្នកឈ្នះ ៕  

អត្តបទដោយ៖ សោ​ម លាភ

Share

Image
Image
Image