en     km
en     km

លោកសម រង្ស៊ីប្រាប់ សម្ដេចហ៊ុន សែន នូវដំណោះស្រាយងាយមួយ ដើម្បីគេចពីទណ្ឌកម្មអន្តរជាតិ

Share

ភ្នំពេញ៖  លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ទៅកាន់សម្ដេច ហ៊ុន សែន ឱ្យធ្វើនូវរឿងងាយមួយដើម្បីបញ្ចៀសកម្ពុជារួចផុតពីការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិ ។ លោក ក៏ប្រាប់ទៅសម្ដេច ដោយលើកសុភាសិតខ្មែរមួយឃ្លាថា ខឹងគោ កុំទៅវ៉ៃយរទេះ ដែលលោកថា មានតែលោកម្នាក់គត់ ដែលជម្រុញអន្តរជាតិឱ្យដាក់ទណ្ឌកម្មលើកម្ពុជា។ការឆ្លើយតបបែបនេះ ក្រោយពេលដែលសម្ដេច ហ៊ុន សែន ប្រកាសថា នឹងកម្ទេចគណបក្សប្រឆាំង បើអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា ។

លោក សោម លាភ ធ្វើសេចក្ដីរាយការណ៍៖

បន្ទាប់ពីមួយថ្ងៃ ដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញកំហឹងតាមរយៈការថ្លែងក្នុងកម្មវិធីបើកការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នៅខេត្តកណ្ដាល កាលពីថ្ងៃទី ១៤ ខែ មករា ម្សិលមិញ ដែលសម្ដេចសម្ដៅដល់ការសងសឹកកំទេចគណៈបក្សប្រឆាំង ប្រសិនណាបើអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជាមែននោះ  ។

ការថ្លែងបែបនេះ ហាក់ដូចជាការបង្ហាញជំហរព្រួយបារម្ភ ខណៈដែលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា មិនដែលទទួលស្គាល់ថា កម្ពុជាទទួលរងសម្ពាធ ឬទណ្ឌកម្មណាមួយពីអន្តរជាតិនោះទេ ។

ដោយឡែក លោក សម រង្ស៊ី បានសរសេរជាការប្រាប់ទៅកាន់សម្ដេច ហ៊ុន សែន នូវសុភាសិតខ្មែរបុរាណមួយឃ្លាថា «ខឹងគោ កុំវ៉ៃរទេះ» ។

សាររបស់លោក សម រង្ស៊ី សរសេរដូចនេះថា «បើខឹងទណ្ឌកម្មពីសហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា»

លោក សម រង្ស៊ី អះអាងថា មានតែលោក ម្នាក់គត់ ដែលជម្រុញទៅសហគមន៍អន្តរជាតិយ៉ាងសកម្មឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា​ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ទៅនាយករដ្ឋមន្ត្រីកម្ពុជា ដោយសរសេរបន្ថែមថា «បើ លោកហ៊ុន សែន ចង់បញ្ចៀសទណ្ឌកម្មទាំងនោះ ពីព្រោះ លោកហ៊ុន សែន ចេះគិតគូរពីសុខុមាលភាពប្រជារាស្ត្រខ្មែរ លោកហ៊ុន សែន  គ្រាន់តែបញ្ឈប់ នយោបាយគាបសង្កត់មកលើប្រជារាស្ត្រ ហើយចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញនៅកម្ពុជាទៅ វាបានទៅហើយ»

សម្ដេចនាយករដ្ឋមន្រ្តីកាលពីជំនួបអ្នកសារព័ត៌មានលើកទី ៣ ឆ្នាំ ២០១៩ បានបញ្ជាក់ថា កម្ពុជា នឹងដកស្ថាប័ននិងអង្គភាព ពាក់ព័ន្ធមួយចំនួនដែលរាំងស្ទះដល់ការនាំទំនិញ ចេញចូលតាមច្រកព្រំដែន ដោយរក្សាទុកតែមន្រ្តីនគរបាលអន្តោប្រវេសន៍ និង មន្រ្តីគយនៅគ្រប់ច្រកព្រំដែនទាំងអស់ ។

យ៉ាងណាមិញ ការធ្វើបែបនេះ ជាវិធានការមួយដើម្បី ជាការសម្រួលការលំបាករបស់ពាណិជ្ជករ ដោយធ្វើយ៉ាងណាធានាឲ្យ សេដ្ឋកិច្ចកម្ពុជារស់ដោយឯករាជ្យ មិនពឹងផ្អែកលើការអនុគ្រោះពន្ធពីអន្តរជាតិ ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគឯករាជ្យមួយរូបប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា កម្ពុជា នឹងមិនអាចរស់នៅតែម្នាក់ឯងបានទេ ហើយកម្ពុជាក៏មិនអាចរស់ទេ បើសិនជាអន្តរជាតិដាក់ទណ្ឌកម្ម ខណៈពេលនេះលោកថា គ្រាន់តែជាដំណាក់កាលនៃការចាត់វិធានការតែប៉ុណ្ណោះ ។

កាល​ពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០១៩ ​សមាជិក​ព្រឹទ្ធសភាអាមេរិកចំនួន​ ២​​រូប ​បាន​ស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជកម្ម ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មទូទៅ GSP ពី​កម្ពុជា ។

បើតាមសេចក្ដីថ្លែងការរបស់គណបក្សសង្គ្រោះជាតិ ប្រចាំនៅសហរដ្ឋអាមេរិកចុះផ្សាយកាលពីថ្ងៃម្សិលមិញ  បញ្ជាក់អំពីការអបអរសាទរ និងគាំទ្រាពេញទំហឹងសេចក្តីស្នើច្បាប់ ព្រឹទ្ធសភាអាមេរិកដើម្បីសើរើមើលប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជានេះ ។

ដោយឡែក សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​នៃ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​នោះ ក៏​បាន​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA ពី​កម្ពុជា​ផង​ដែរ ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផល ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក ប្លាស្ទិក ម្ហូបអាហារ និងផលិតផលកសិកម្មជាដើម ។

សហរដ្ឋអាមេរិក ផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តាំងពីឆ្នាំ១៩៩៧ ។

ការអនុគ្រោះពន្ធនេះ ធ្វើឱ្យកម្ពុជាទទួលបានការមិនយកពន្ធសរុបតម្លៃ ៤០០ លានដុល្លារ ពីសហរដ្ឋអាមេរិក ។

ដោយឡែក សហភាពអឺរ៉ុប ក៏ផ្ដល់ការអនុគ្រោះពន្ធ តាមរយៈកម្មវិធីអ្វីៗទាំងអស់ លើកលែងតែអាវុធ តាំងពីឆ្នាំ២០១២ ។ ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការមិនយកពន្ធ សរុបតម្លៃជិត ៧០០លានដុល្លារ ពីសហភាពអឺរ៉ុប ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image