loader

លោក សម រង្ស៊ី បង្ហាញពីតម្រូវការមួយរបស់អន្តរជាតិចង់បាន ហើយសម្ដេច ហ៊ុន សែនខ្លាចជាងគេ

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ ពន្លេចចេញនូវតម្រូវការមួយរបស់អន្តរជាតិដែលទាមទារមកកម្ពុជាត្រូវតែធ្វើតាម ហើយចំណុចមួយនោះ គឺជាអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាខ្លាចបំផុត ។ លោក សម រង្ស៊ីថា សម្ដេច ហ៊ុន សែន ចង់ល្បែងដ៏គ្រោះថា្នក់ដល់ខ្លួនជាមួយអន្តរជាតិ ។ តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាមិនមានហេតុផលអ្វីដែលត្រូវចាំបាច់ឆ្លើយតប ឬខ្វល់ពីសម្ដីរបស់លោក សម រង្ស៊ីនោះទេ ព្រោះលោកសម រង្ស៊ី មិនមែនធ្វើអ្វីដើម្បីបុព្វហេតុជាតិកម្ពុជានោះទេ ។

លោក សោម លាភ រាយការណ៍ !

 

តាមរយៈការបរិយាយដោយសំណេររបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ នៅលើទំព័រហ្វេសបុកបែបនេះ គឺបន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថា កម្ទេចគណបក្សសង្គ្រោះជាតិ បើអន្តរជាតិដាក់សម្ពាធមកលើកម្ពុជាមែននោះ ។

លោក សម រង្ស៊ី តែងតែអះអាងថា មានតែសម្ពាធអន្តរជាតិទេ ដែលអាចធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា ងាកមកចូលតុចរចា ដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ។

នៅថ្ងៃទី ១៧ ខែ មករានេះ លោក សម រង្ស៊ី បានសរសេរបង្ហោះលើទំព័រហ្វេសបុកជាសាធារណៈថា  សម្ដេច ហ៊ុន សែន ចង់លេងល្បែងយូកូងបាតផ្សារជាមួយអន្តរជាតិ ដែលល្បែងនេះ ជាល្បែងគ្រោះថ្នាក់សម្រាប់គាត់ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះរំលឹកថា សហភាពអឺរ៉ុប បានតម្រូវឲ្យកម្ពុជា បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ។ យ៉ាងណា លោកថា សំណើរនេះ ហើយដែលសម្ដេច ហ៊ុន សែន ខ្លាចជាងគេបំផុត ក្នុងចំណោមសំណើរជាច្រើនទៀត ។

តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា លោកមិនចាំបាច់ឆ្លើយតបជាមួយលោក សម រង្ស៊ីនោះទេ ព្រោះជននេះ មិនមែនធ្វើអ្វីដើម្បីបុព្វហេតុកម្ពុជានោះទេ ពោលគឺធ្វើដើម្បីខ្លួនឯង ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ Reuters មានកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈកម្មការអឺរ៉ុបសម្រេចយកពន្ធអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងរយៈពេល៣ឆ្នាំខាងមុខ​ ដោយតម្រូវបង់ពន្ធ២០០,៧៣ដុល្លារក្នុងមួយតោននៅឆ្នាំដំបូង ។

លោក សម រង្ស៊ី បញ្ជាក់ ប្រសិនបើសម្ដេច ហ៊ុន សែន មិនធ្វើតាមសំណើររបស់សហភាពអឺរ៉ុបនោះទេ នោះ​សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន ។

លោក សម រង្ស៊ី បន្ថែមទៀតថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១៤ ខែមករា កន្លងទៅ ពាក់ព័ន្ធទៅនឹងការដែលនឹងកំទេចគណបក្សប្រឆាំង ប្រសិនបើអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជានោះ ជាភាសា និងចរិតជនពាល លើឆាកអន្តរជាតិ ដែលជាការធ្វើឱ្យរបបដឹកនាំកម្ពុជា ឈានមកដល់ទីបញ្ចប់ ។

សម្ដេច ហ៊ុន សែន បានប្រកាសជាការបង្ហាញកំហឹង និងសងសឹកទៅដល់អ្នកណាដែលទៅញុះញង់ឱ្យអន្តរជាតិដាក់សម្ពាធ ជាពិសេសគឺទណ្ឌកម្មមកលើកម្ពុជា ។

បន្ទាប់ពីការថ្លែងបែបនេះមួយថ្ងៃ លោក សម រង្ស៊ី បានចេញមុខបញ្ជាក់ថា មានតែលោកម្នាក់គត់ ដែលជាមនុស្សសកម្មក្នុងការស្នើឱ្យអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៃប្រទេសនេះ ។

កាលពីម្សិលមិញ លោក សម រង្ស៊ី ក៏សរសេរលើទំព័រហ្វេសបុកដែលជាការផ្ទុយសម្ដីរបស់លោកពីមុន ។

ជាក់ស្ដែងលោក សរសេរប្រាប់ទៅនាយករដ្ឋមន្ត្រីកម្ពុជាថា  នាយករដ្ឋមន្ត្រីកម្ពុជាមានការយល់ច្រឡំ ដែលចោទថា គណបក្សសង្គ្រោះជាតិ និងរូបលោកផ្ទាល់ ជាអ្នកញុះញង់ឱ្យអន្តរជាតិដាក់សម្ពាធមកលើរបបកម្ពុជា ។

លោក សម រង្ស៊ី បានលើកយកនូវរឿងរ៉ាវដែលកន្លងផុតទៅជាច្រើនឆ្នាំពាក់ព័ន្ធទៅនឹងអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលឯករាជ្យ រដ្ឋាភិបាលបស្ចឹមប្រទេស អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្ថាប័នអន្តរជាតិជាច្រើន រួមមានអង្គការសហប្រជាជាតិទៀតនោះ គឺសុទ្ធតែចូលដៃជាមួយអតីតគណបក្សសង្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាត្រូវបានតុលាការកំពូលរំលាយនោះ ដើម្បីរិះគន់របបដឹកនាំនៅកម្ពុជា ។

លោក សម រង្ស៊ី អធិប្បាយបំភ្លឺថា ការចោទបែបនេះ គឺបានមកពីការមិនយល់របស់សម្ដេច ហ៊ុន សែន អំពីរបៀបគិតគូរ និងរបៀបធ្វើការរបស់ក្រុមអង្គការ ប្រទេស និងស្ថាប័នទាំងនោះ ដែលមានជំនាញ និងមសិការ ក្នុងការបញ្ចេញយោបល់ និងធ្វើសេចក្ដីសម្រេចដោយខ្លួនឯង ។

លោក បន្ថែមថា ក្រុមទាំងនោះ មិនទទួលបញ្ជាពីនរណាទេ ហើយក៏មិនស៊ីឈ្នួល និងញាក់តាមការញុះញង់របស់អ្នកណាដែរ  ។

អ្នកនយោបាយដែលនិរទ្ទេសខ្លួនរូបនេះ ស្នើទៅនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យល្មមទទួលស្គាល់ការពិត និងបញ្ឈប់ការដើររករឿងគេឯងបន្តទៀត  ។

លោក សម រង្ស៊ី តែងតែលើកយកសំណើររបស់លោកស្រី Federica Mogherini ដែលតម្រូវឱ្យកម្ពុជា ដំណោះស្រាយរួម នៃវិបត្តិនយោបាយនៅប្រទេសកម្ពុជា មាន ៥ ចំណុចដូចតទៅ ៖

១- ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ

២- ទម្លាក់ចោលរាល់ការចោទប្រកាន់ មកលើថ្នាក់ដឹកនាំទាំង ១១៨ នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងអស់

៣- បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ

៤- សងគណបក្សសង្គ្រោះជាតិវិញ នូវតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋ បានបោះឆ្នោតឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ

៥- បោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភា ឡើងវិញ ដោយមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ និងដោយមានការត្រូតពិនិត្យពីអន្តរជាតិ ។

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ជាពិសេសគឺសម្ដេច ហ៊ុន សែន តែងតែបញ្ជាក់ និងអះអាងម្ដងហើយម្ដងទៀតថា កម្ពុជាមិនធ្វើតាមការស្នើរបស់ប្រទេសណាទាំងអស់ ដែលការធ្វើនោះជាហេតុនាំឱ្យប៉ះពាល់ដល់អធិបតេយ្យជាតិកម្ពុជា ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

សមត្ថកិច្ចបង្ក្រាបការលួចនាំចូលសំរាមចំនួន១៦០០តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់[...]

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ [...]

ក្រសួងសាធារណការគ្រោងដាក់កាមេរ៉ាតាមផ្លូវចាប់អ្នកបើកបរល្មើសល្បឿនផាកពិន័យដល់ផ្ទះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត