en     km
en     km

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហាញនៅលើទំព័រហ្វេសបុករបស់ខ្លួនថា នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន ពិបាកនឹងដោះស្រាយបញ្ហារបស់លោក កឹម សុខា ដែលលោក ហៅថា «លោកហ៊ុន សែនទាល់ច្រកក្នុងការរកដំណោះស្រាយករណី កឹម សុខា »។ តែអ្នកនាំពាក្យបក្សកាន់អំណាចថា លោកមិនខ្វល់ពីសម្ដីរបស់ លោក សម រង្ស៊ី នោះទេ ។

រាយការណ៍ដោយលោក សោម លាភ

 

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ នៅតែបន្តសរសេរតាមរយៈទំព័រហ្វេសបុកដែលបង្ហាញអំពីបរាជ័យ ឬបញ្ហារបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែន  ដែលឡើងដឹកនាំអំណាចនៅកម្ពុជាបន្តក្នុងអាណត្តិទី ៦ នេះ ។

លោក សម រង្ស៊ី បន្តការសរសេររិះគន់ម្ដងហើយម្ដងទៀត បើទោះបីជាសម្ដេច ហ៊ុន សែន បញ្ជាក់ជាច្រើនលើកហើយថា សម្ដេច មិនឆ្លើយឆ្លងជាមួយលោកបន្តទៀតទេ ព្រមទាំងសម្ដេចធ្លាប់បោះសម្ដីថា ការសរសេរតាមទំព័រហ្វេសបុករបស់លោក សម រង្ស៊ី គឺដោយសារតែគ្មានការងារធ្វើប៉ុណ្ណោះ ។

មកដល់ថ្ងៃនេះ គឺជាសប្ដាហ៍ទី ៣ នៃឆ្នាំថ្មី ឆ្នាំ ២០១៩ នឹងជាថ្ងៃ ដែលសហភាពអឺរ៉ុប ចាប់ផ្ដើមដកការអនុគ្រោះពន្ធអង្ករពីកម្ពុជាជាស្ថាពរ។

 លោក សម រង្ស៊ី បានចេញលិខិតមួយទៀត ដែលមាន ៥ ចំណុចធំៗ៖

ចំណុចផ្ដើមទី ១ របស់លោក សម រង្ស៊ី គឺលោកមិនភ្លេចទេ ក្នុងការបង្ហាញអំពីស្ថានភាព និងភាពរឹងមាំនៃដៃគូនយោបាយស្លាប់រស់របស់លោក គឺលោក កឹម សុខា ហើយក៏ជាស្ថាបនិកក្នុងការបង្កើតគណបក្សសង្រោះជាតិ  ដែលលោក កឹម សុខា កំពុងតែរស់នៅក្នុងផ្ទះរបស់លោក ក្រោមការត្រួតពិនិត្យរបស់តុលាការកម្ពុជា ។

លោក សម រង្ស៊ី ថាទិដ្ឋភាពរស់នៅរបស់លោក កឹម សុខា ថា ជាការឃុំខ្លួននៅក្នុងផ្ទះ ដែលការហៅបែបនេះត្រូវបានបដិសេធជាច្រើនដងពីអាជ្ញាធរកម្ពុជា និងមន្ត្រីរបស់រាជរដ្ឋាភិបាល រួមទាំងសហមេធាវីការពារក្ដីឱ្យលោក កឹម សុខា ។

ជាក់ស្ដែង លោក សម រង្ស៊ី បញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា មិនអាចដោះស្រាយបានក្នុងករណីរឿងក្ដីលោក កឹម សុខា បានទេ ។

លោក បញ្ជាក់ពីមូលហេតុពាក់ព័ន្ធនឹងករណីនេះ គឺមាន៥ ចំណុចដោយលោកធ្វើការ ពន្យល់ដូចនេះថា៖ 

១- ដោះលែង កឹម សុខា ក៏មិនបាន ពីព្រោះខ្លាច កឹម សុខា ទៅដឹកនាំគណបក្សសង្គ្រោះជាតិវិញ ជាមួយ សម រង្ស៊ី ហើយធ្វើឲ្យគណបក្សនេះ ផុសផុលឡើងវិញ ដូចកាលពីមុនឆ្នាំ ២០១៧ ។ ចង់បំបែក កឹម សុខា ពី សម រង្ស៊ី ក៏បំបែកមិនបាន ពីព្រោះទាំងប្រជារាស្ត្រ ទាំង សម រង្ស៊ី និងទាំង កឹម សុខា ខ្លួនឯង នៅតែរក្សាគោលជំហរ “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ។

២- មិនដោះលែង កឹម សុខា ក៏មិនបាន ពីព្រោះខ្លាចទទួលទណ្ឌកម្ម ពីអន្តរជាតិ ដែលទាមទារការដោះលែង កឹម សុខា ហើយនេះជាលក្ខខណ្ឌទី ១ របស់គេ ។

៣- កាត់ទោស កឹម សុខា ក៏មិនបាន ពីព្រោះរកភស្តុតាងចោទប្រកាន់មិនបាន ។

៤- មិនកាត់ទោស កឹម សុខា ក៏មិនបាន ពីព្រោះបើមិនកាត់ទោសទេ តាមផ្លូវច្បាប់ ត្រូវតែដោះលែង កឹម សុខា មុនថ្ងៃ ៣ មីនា ២០១៩ ។

៥- សូមឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យ កឹម សុខា ក៏មិនបាន ពីព្រោះគ្មានទោសអ្វីឲ្យលើកលែងផង។ ហ៊ុន សែន ចេះតែចង់យកព្រះមហាក្សត្រ មកធ្វើជាឡប់ឡែ ដូចដែលគាត់បានយកការលើកលែងទោសពីព្រះមហាក្សត្រនេះ មកធ្វើជាឡប់ឡែ ដើម្បីរំដោះខ្លួនគាត់ចេញពីការភ្នាល់គ្នា ជាមួយ សម រង្ស៊ី

ករណីលោក កឹ​ម សុខា គឺជាករណីមួយដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានគម្រាមដាក់ទណ្ឌកម្មដោយផ្ដាច់ការអនុគ្រោះពន្ធពីកម្ពុជា ។

ថ្នាក់ដឹងនាំជាន់ខ្ពស់កម្ពុជា តែងតែអះអាង សេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា មិនអាចស្លាប់បានទេ បើទោះបីជាអន្តរជាតិផ្ដាច់ការអនុគ្រោះពន្ធក៏ដោយ ។

សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៤ មករា ប្រកាសថា នឹងកម្ទេចបក្សប្រឆាំងបើអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជាមែននោះ ។  

បណ្ដាអ្នកវិភាគ តែងតែបង្ហាញការមើលឃើញថា ប្រសិនបើអន្តរជាតិដាក់សម្ពាធ ឬទណ្ឌកម្មមកលើកម្ពុជា អ្នកដែលរងទុក្ខធំបំផុតនោះគឺពលរដ្ឋកម្ពុជា ។

ដោយឡែក លោក សម រង្ស៊ី បញ្ជាក់ដោយលើកយកការបញ្ចេញមតិ (Comment) នៅលើបណ្ដាញសង្គម របស់មនុស្សបួនាក់ដែលបញ្ចេញមតិម្ដងហើយម្ដងទៀតដែលលោក អះអាងថា  ពលរដ្ឋកម្ពុជាភាគច្រើនចង់ឱ្យអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា ដោយខ្លួនសុខចិត្តទ្រាំមួយគ្រាសិន ។ 

ជាក់ស្ដែង លោកសរសេរដូចនេះថា «ប្រជាពលរដ្ឋភាគច្រើន នៅកម្ពុជា យល់ឃើញថា បើអន្តរជាតិដាក់ទណ្ឌកម្ម មកលើរបប ហ៊ុន សែន កាន់តែខ្លាំង និងកាន់តែឆាប់: គឺកាន់តែល្អ ។ ប្រជាពលរដ្ឋទាំងនោះ សុខចិត្តលំបាក ហើយសុខចិត្តអត់ទ្រាំ មួយគ្រា ពីព្រោះពួកគាត់ចង់ឲ្យរបប ហ៊ុន សែន ដួលរលំឲ្យឆាប់ ដោយសង្ឃឹមលើទណ្ឌកម្មពីអន្តរជាតិនេះ»

ក្រោយពេលដែលលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អ្នកនិយម កឹម សុខា បង្ហាញនូវអាកប្បកិរិយា មិនពេញចិត្តសោះឡើយ ដោយពួកគាត់ថា នេះជាការធ្វើបក្សប្រហារជាដើម ។ ករណីនេះអ្នកវិភាគបានគម្រាមអំពីការបែកបាក់គ្នានៃគណបក្សនេះ បើមិនមានការប្រុងប្រយ័ត្នខ្ពស់ ។

កឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ គឺជាឃ្លាមួយដ៏ពេញនិយមរបស់លោក សម រង្ស៊ី និងអ្នកនិយម សម រង្ស៊ី តែងតែនិយាយ ។ ពួកគាត់តែងតែអះអាងថា នេះជាការបង្ហាញអំពីភាពរឹងមាំរបស់ផ្ទៃក្នុងគណបក្សនេះ ។ លោក សម រង្ស៊ី សរសេរថា ភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិ ធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា មានកំហឹងយ៉ាងខ្លាំង ។

លោក បានសរសេរថា «ហ៊ុន សែន កំពុងតែខឹងសម្បារ ពីភាពរឹងមាំ នៃគណបក្សសង្គ្រោះជាតិ ដែលគាត់មិនអាចបំបែកបាន។ គាត់បានខំឲ្យរដ្ឋសភាទីងមោងរបស់គាត់ ធ្វើច្បាប់មួយពិសេស ដើម្បីអូសទាញមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូប ដែលត្រូវបានតុលាការអាយ៉ងរបស់គាត់ ដកសិទ្ធិធ្វើនយោបាយ កាលពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការអាយ៉ងនេះ រំលាយលើក្រដាស ក្នុងឆ្នាំ ២០១៧។ ទោះបីគាត់ខំសម្លុតផង ខំឲ្យលុយផង និងខំសន្យាឲ្យតំណែងផង តែគាត់បានអូសទាញមន្ត្រីគណបក្សសង្គ្រោះជាតិ ត្រឹមតែ ២ នាក់គត់ (គឺ គង់ គាំ និងកូនប្រុសម្នាក់) លើ ១១៨ នាក់។ នេះជាបរាជ័យមួយដ៏អាម៉ាស់ សម្រាប់ ហ៊ុន សែន ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិ យល់ឃើញថា គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែល ហើយនឹងដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ»

លោក សួស យ៉ាង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ មករា ម្សិលមិញថា ថ្នាក់ដឹកនាំកម្ពុជាលេងគិត ពិចារណាទៅលើសម្ដីរបស់លោក សម រង្ស៊ីទៀតហើយ ព្រោះបុគ្គលម្នាក់នេះធ្វើអ្វីក៏ដើម្បីតែខ្លួនឯងដែរ ហើយលោក ក៏គ្មានការឆ្លើយតបជាមួយនោះទេ ។

គណបក្សប្រឆាំង និងអន្តរជាតិមួយចំនួន ចាត់ទុកថា កម្ពុជាមិនអនុត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោយពេលដែលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ បិទសិទ្ធិសេរីភាពមន្ត្រី ១១៨ រូបនៃបក្សនេះក្នុងការធ្វើសកម្មភាពនយោបាយ និងចាប់ប្រធានគណបក្សនេះដាក់ពន្ធនាគារជាដើម ។ សកម្មភាពទាំងនេះ ធ្វើឡើងមុនពេលដែលកម្ពុជារៀបចំប្រព្រឹត្តទៅនៃដំណើរការនៃការបោះឆ្នោតសភានីតិកាលទី ៦ ដែលបានកន្លងផុតទៅប្រមាណជាជាងកន្លះឆ្នាំមកហើយ ។ ទាំងនេះគឺជាមូលហេតុដែលសហគមន៍អន្តរជាតិ ទាមទារឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បើពុំនោះទេ ពួកគេនឹងដាក់ទណ្ឌកម្មនៅកម្ពុជា ជាពិសេសគឺទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ។

លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនលោក ពាក់កណ្ដាលយប់ ។ យ៉ាងណា ការចាប់ខ្លួនលោក កឹម សុខា គឺក្រោមបទចោទថា ក្បត់ជាតិ ដោយយោងតាមវីដេអូដែលលោក បានថ្លែងសន្ទរកថានៅបរទេស កាលពីថ្ងៃឆ្នាំ ២០១៣ ដែលអាជ្ញាធរមានសមត្តកិច្ចហៅថាជាបទល្មើសជាក់ស្ដែង ។

លោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេល១ ឆ្នាំ និងប្ដូរលោក មករស់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យ និងតាមដានតាមផ្លូវតុលាការ ។ ការផ្លាស់លោក មកនៅក្នុងផ្ទះនេះ គឺក្រោមហេតុផលថា ដោយសារបញ្ហាសុខភាពរបស់លោក ។

លោក កឹម សុខា ជាប់បម្រាមយ៉ាងតឹងរឹងពីតុលាការ ដោយកំណត់ដែនដីឱ្យលោកដើរ និងមិនឱ្យជួបបរទេសណាមួយដែលពាក់ព័ន្ធនឹងរឿងក្ដី និងជាពិសេសគឺមនុស្សរបស់គណបក្សសង្រ្គោះជាតិ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image