រយៈពេលជាង ២ខែបន្ទាប់ពីកើតហេតុ ដោយដោះស្រាយករណីសិស្សសាលាសុវណ្ណភូមិម្នាក់ត្រូវសិស្សផ្សេងទៀតចាក់កញ្ចក់គ្រាប់ភ្នែក មិនមានការឯកភាពគ្នា គ្រួសារកុមាររងគ្រោះ អះអាងថា នឹងដាក់ពាក្យបណ្តឹងប្ដឹងម្ចាស់សាលារៀនសុវណ្ណភូមិទៅតាមនីតិវិធីច្បាប់។
«គាត់ប្រើពាក្យថា អឺ!! ទុក្ខលំបាករបស់គ្រួសារខ្ញុំពុំមែនជាបន្ទុករបស់សាលាគាត់ទេ»
ករណីសិស្សមត្តេយ្យវ័យ ៤ឆ្នាំម្នាក់ ក្នុងម៉ោងសិក្សានៅសាលារៀនសុវណ្ណភូមិសាខាចំការដូង១ ត្រូវបានខ្មៅដៃចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង ដែលកើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅមានការចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីខាងគ្រួសារកុមាររងគ្រោះបង្ហោះសារប្តឹងទៅខាងសាលារៀន។ កាលនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយមានឈ្មោះថា Kanha Joly ដែលត្រូវជាម្តាយកុមាររងគ្រោះ បានបង្ហោះសារជាថ្មីម្តងទៀត ដោយក្នុងសំណេរនោះ បង្ហាញថាគ្រួសារជនរងគ្រោះបានដាក់ពីពាក្យបណ្តឹងជាផ្លូវការទៅខាងនាយកសាលា បន្ទាប់ពីខាងសាលាគេចវេស គ្មានទំនួលខុសត្រូវណាមួយសមស្របរយៈពេល១ខែ ជាទ្វេរភាគី និងការទទឹងរង់ចាំដំណោះស្រាយពី ក្រសួងអប់រំ យុវជន និងកីឡា ជាត្រីភាគីរយៈពេល១ខែបន្ថែមទៀត។ លោក ញ៉ឹប លក្ខិណា ដែលត្រូវជាឪពុករបស់កុមារារងគ្រោះបានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ថា គ្រួសាររបស់លោកបានចាយពេល១ខែក្នុងការចរចា ទ្វេភាគីជាមួយសាលា ប៉ុន្តែហាក់គ្មានលទ្ធផលសមស្រពណាមួយត្រឡប់មកវិញ។
«ជាក់ស្តែងខ្ញុំបានចាយពេល ១ខែ ក្នុងការចរចាទ្វេភាគីជាមួយសាលា ប៉ុន្តែអត់មានមានលទ្ធផលអ្វីទេ។ គឺពួកគាត់អត់ៗនេះ អ្ហឹៈ! អត់ទទួលខុសត្រូវ ពួកគាត់ថា គេហៅអី? គាត់ប្រើពាក់ថា ទុក្ខលំបាករបស់គ្រួសាខ្ញុំពុំមែនជាបន្ទុករបស់សាលាគាត់ទេ»។
បើតាមគ្រួសាររងគ្រោះ ក្នុងរយៈ១ខែនៃកិច្ចចរចាទ្វេរភាគីផ្ទាល់ជាមួយសាលាសាលារៀនសុវណ្ណភូមិសាខាចំការដូង១ ចំនួន៣ដង និងតាមទូរសព្ទជាបន្តបន្ទាប់ច្រើនលើក ប៉ុន្តែពុំមានលទ្ធផលអ្វីជាដុំកំភួនអ្វីនោះទេ ក្រៅតែពីលេសរបស់សាលា។ បន្ទាប់មកនៅពាក់កណ្តាលខែ តុលា គ្រួសារលោកបានស្នើអន្តរាគមពីក្រសួងអប់រំ យុវជន និងកីឡា ទើបខាងសាលាផ្តល់ជម្រើសចំនួនពីរមកកាន់គ្រួសារជនរងគ្រោះ។ ដោយទី១ សំណង១ពាន់ដុល្លាអាមេរិក និងទី២ ផ្តល់អាហារូបករណ៍ដល់កូនរបស់លោករយៈពេល៦ឆ្នាំ។ ប៉ុន្តែគ្រួសាររបស់កុមាររងគ្រោះពុំអាចទទួលយកបានឡើយ ដោយអះអាងថា ជម្រើសនេះ គឺបង្ហាញពីកម្សោយ នៃការទទួលខុសត្រូវរបស់សាលារៀនមកកាន់គ្រួសាររបស់លោក។
«ខ្ញុំមានការទាក់ទងតាមទូរសព្ទច្រើនដង និងជួបប្រជុំផ្ទាល់ជាមួយសាលា៣លើក។ ប៉ុន្តែគ្មានលទ្ធផលអីរហូតគឺគាត់ប្រើពាក្យថា គាត់នាំពាក្យទៅឱ្យថ្នាក់ដឹកនាំសាលា ដើម្បីថ្នាក់ដឹកនាំសាលាដោះស្រាយ ប៉ុន្តែត្រឡប់មកវិញគឺ អត់មានចម្លើយអីទេ។ លុះត្រាទៅដល់កាលពីពាក់កណ្តាលខែដប់ ថ្ងៃពាក់កណ្តាលខែហ្នឹងខ្ញុំ អ្ហឹៈ! ដាក់អន្តរាគមទៅក្រសួងអប់រំ យុវជននឹងកីឡាហ្នឹងបានគាត់ចេញជម្រើសឱ្យខ្ញុំពីរហ្នឹង។ គាត់ផ្តល់ឱ្យអាហារូបករណ៍ឱ្យខកូនខ្ញុំរៀន៦ឆ្នាំ ប៉ុន្តែខ្ញុំអត់អាចទទួលយកបាន ព្រោះកូនខ្ញុំកំពុងមានគ្រោះថ្នាក់គាត់ទៅនិយាយពីរឿងរៀនសូត្រ។ ជម្រើសដែលបន្ទាប់ពី១ខែហ្នឹង គឺគាត់បានប្រាប់ថា គាត់ឱ្យគ្រួសាខ្ញុំហ្នឹង១ពាន់ដុល្លាក្នុងការជួយសម្រួលដល់ការរៀនសូត្រ អាហ្នឹងក៏ខ្ញុំអត់អាចទទួលយកបានដែរ ព្រោះ ការព្យាបាលកូនខ្ញុំៗចំណាយអស់ច្រើនណាស់មកដល់ពេលនេះ។»
ឆ្លងកាត់ការវះកាត់ចំនួន២លើករបួសដែល ស្ថិតនៅបរិវេណកញ្ចក់ភ្នែករបស់កុមារានោះក៏បានជាសះស្បើយ។ ប៉ុន្តែបច្ចុប្បន្នកុមារាអាយុ៤ឆ្នាំនោះ កំពុងបន្តព្យាបាលភ្នែក ដើម្បីជួយឱ្យគំហើញរបស់ភ្នែកកាន់តែប្រសើឡើង។ ក្រុមគ្រួសារ ក៏បានបញ្ជូនទៅព្យាបាលទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ម្យ៉ាងវិញទៀត ខាងគ្រួសារត្រូវជួបជាមួយយវេជ្ជបណ្ឌិតជារៀងរាល់១-២សប្តាហ៍ម្តង ខណៈក្នុងព្យាបាលប៉ុន្មានខែរហូតមកដល់ពេលនេះ ចំណាយទឹកប្រាក់អស់ប្រមាណជាង១ម៉ឺនដុល្លារ។
« ប៉ុន្តែឥឡូវនេះខ្ញុំកំពុងបន្តព្យាបាលគាត់ទៀតទាកទងនឹងការជួយឱ្យគំហើញគាត់មានភាពវិជ្ជាមានអ្ហឹៈ! ដោយសារនៅក្នុងការព្យាបាលទាក់ទងនឹងរបួសភ្នែកគាត់ហ្នឹង (Doctor) វេជ្ជបណ្ឌិតបានវាយតម្លៃថាគាត់អាចខូចគំហើញ៥០ភាគរយ អ៊ីចឹងខ្ញុំកំពុងតែព្យាបាលការតាមដាន ត្រួតពិនិត្យព្យាបាលគំហើញរបស់គាត់ ជួយគាត់ក្នុងការធ្វើឱ្យអាគំហើញគាត់ហ្នឹងកាន់តែប្រសើឡើងវិញបន្តទៀត។ ហើយបើសិនជាសរុបប្រាក់ហ្នឹង បើយើងគិតត្រឹមតែការចំណាយពេទ្យហ្នឹង បើគាត់តាមពេទ្យ២ហ្នឹង ប្រហែលជាចូលខ្ទង់១ម៉ឺនដុល្លាជាងហើយ»។
ចំណែកកិច្ចការបន្ទាប់ដែលគ្រួសាររបស់លោកត្រូវធ្វើ នៅពេលដោះស្រាយជាមួយទ្វេភាគ១ខែហាក់គ្មានលទ្ធផល និងត្រីភាគីគ្មានការឆ្លើយតប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឪពុកកុមាររងគ្រោះបានប្រាប់វិទ្យុស្ត្រីឱ្យដឹងថា បច្ចុប្បន្នលោកលែងចាំបន្តទៅទៀតហើយ លោកនឹងដាក់ពាក្យបណ្តឹងប្ដឹងម្ចាស់សាលារៀនសុវណ្ណភូមិទៅតាមនីតិវិធីច្បាប់។
«អ៊ីចឹងបច្ចុប្បន្ននេះ ខ្ញុំកំពងុងតែត្រូវការដំណើរការតាមនិតិវិធីច្បាប់ទៅតុលាការ។ ខ្ញុំមើលទៅកាន់តែ អ្ហឺៈ!គ្មានការទទួលខុសត្រូវ ហើយគេចវេសបណ្តែតបណ្តោយ ធ្វើមិនដឹងធ្វើមិនឮរហូតមកហើយ បើតាមពីកើតថ្ងៃកើតហេតុមក ឥឡូវនេះវាចូលជាង ២ខែហើយ អ៊ីចឹងពួកខ្ញុំកំពុងដំណើការទៅតាមប្រព័ន្ធតុលាការ»។
វិទ្យុស្ត្រីបាន ទាក់ទងទៅខាងសាលារៀនសុវណ្ណភូមិសាខាចំការដូង ដើម្បីសូមការបំភ្លឺបន្ថែម ប៉ុន្តែសហការីរបស់សាលាប្រាប់ថា លោកបានតែបញ្ចូលតែឯកសារដំបូងប៉ុណ្ណោះ ត្រង់ថា រឿងហេតុដំណើរការដល់ណានោះ លោកពុំដឹងនោះទេ ដ្បិតខាងរដ្ឋបាលរបស់លោកជាអ្នកទាក់ទងផ្ទាល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា។
«ខ្ញុំដូចជាបានបញ្ជូនតែឯកសារដំបូង តែនីតិវិធីបន្តគឺ ខាងការិយាល័យរដ្ឋបាលនៃទីស្នាក់ការសាលារបស់ខ្ញុំជាអ្នកទាក់ទងផ្ទាល់ជាមួយក្រសួង»
នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកាដដែល វិទ្យុស្ត្រីក៏បានទាក់ទងទៅ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា លោកប្រាប់ថា ករណីនេះ ត្រូវទៅទាក់ទងសួរប្រធានការិយាល័យ ខណ្ឌដង្កោរវិញ ព្រោះការិយាល័យរដ្ឋបាល ខណ្ឌដង្កោរជាអ្នកទទួលបន្ទុក ថ្នាក់មតេយ្យ និងថ្នាក់បឋម ទាំងសាលារដ្ឋ និងឯកជន។
«សូមក្មួយស្រីបង្វិលទៅផ្តល់កិច្ចសម្ភាសហ្នឹងទៅ នែក! ប្រធានការិយាល័យអប់រំខណ្ឌដង្កោរៗវិញ ព្រោះយើង សមាហរណកម្មប្រតិភូ មតេយ្យ បឋមហ្នឹងទៅរដ្ឋបាលខណ្ឌហើយ ចឹងសួរទៅគាត់វិញទៅគាត់វិញ»។
វិទ្យុស្ត្រីក៏បានទាក់ទងទៅ ប្រធានការិយាល័យអប់រំ ខណ្ឌដង្កោរ គឺ លោក វ៉ែន សាគុណ លោកបានប្រាប់ត្រឡប់មកវិញថា ចំពោះដំណើរនីតិវិធីយ៉ាងណានោះ លោកពុំបានដឹងនោះទេ ព្រោះបានបញ្ជូនទៅលើ ចេញផុតពីការិយាល័យអប់រំខណ្ឌហើយ។
«គេ!!ទៅជួបនឹងរដ្ឋមន្ត្រីដោះស្រាយនៅនាយកដ្ឋានអស់ហើយហ្នឹង តែ! ឮសូរថាដូចជាមិនបានចប់សព្វគ្រប់ទេ តាមមើលទៅអ្ហឹៈ! គាត់ថាការងារនេះ ក្រសួងបាននេះហើយ ផុតដៃការិយាល័យអប់រំខណ្ឌហើយណាស់»។
ទោះយ៉ាងណាសាលារៀនបានផ្តល់របាយការណ៍មកបន្តិចបន្តួចប៉ុណ្ណោះមកកាន់ការិយាល័យអប់រំ ខណ្ឌដង្កោរ ការណ៍ដែលបាននេះក៏ដោយសារលោកទៅព្យាយាមសុំទៅខាងសាលារៀន។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ នៅទីតាំងសាលារៀនសុវណ្ណភូមិសាខាចំការដូង។ បើតាម ម្តាយកុមាររងគ្រោះ កូនរបស់ខ្លួនត្រូវបានចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង ដោយគ្មានការសង្គ្រោះបឋម បន្តទុកចោលច្រើនម៉ោងដោយមិនផ្តល់ដំណឹងឱ្យឳពុកម្តាយ និងមិនខ្វល់ពីការបង្ករោគ មិនចាប់អារម្មណ៍ការវិវត្តធ្ងន់នៃរបួស។ ជាងនេះ អ្នកស្រីថាផុតម៉ោងសិក្សាប្រគល់សងដោយធ្វើមិនដឹងរឿង ពេលសួរនាំចោទថែមវិញថាចាក់ភ្នែកខ្លួនឯង ធ្វើឱ្យពន្យាពេលការព្យាបាល ជាលទ្ធផលដេរ៧ថ្នេរ ខូចគំហើញយ៉ាងតិច៥០% កំពុងបន្តព្យាបាល និងបង្កផលវិបាកបន្តក្នុងជីវិត៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម