ព័ត៌មានជាសម្លេង
នៅចុងឆ្នាំ២០២៤ ហេតុការណ៍ដែលខ្មាន់កាំភ្លើងបាញ់ អ្នកកាសែតម្នាក់ស្លាប់ នៅទីតាំងព្រៃមួយកន្លែងក្នុងខេត្តសៀមរាប ពេលដែលគេកំពុងចុះរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ បានផ្ទុះការចាប់អារម្មណ៍ថ្កោលទោសជាខ្លាំង ពីសហគមន៍ជាតិ និងអន្តរជាតិ រហូតតុលាការខេត្តសៀមរាបធ្វើសន្និសីទកាសែតមួយបកស្រាយ។
បើទោះបីជា តុលាការខេត្តសៀមរាប អះអាងដោយយោងលើចម្លើយសារភាពរបស់ជនជនជាប់ចោទ ឈ្មោះ ស៊ី លឿយ ថាគេបាញ់សម្លាប់ ឈឿង ឈឹង អ្នកកាសែតដែលរាយការណ៍ពីបញ្ហាបរិស្ថាន និងព្រៃឈើ ដោយសារការទារលុយជាថ្នូរនឹងការមិនផ្សាយព័ត៌មានពីការកាប់ឈើក្ដី ប៉ុន្តែមិត្តរួមការងាអាជីពសារព័ត៌មានជាមួយលោក ឈឿង ឈឹង ថាការបកស្រាយរបស់តុលាការខេត្តសៀមរាបជារឿងអយុត្តិធម៌ ដ្បិតគេដាក់ការសង្ស័យថា ការបាញ់សម្លាប់នេះដោយសារលោក ឈឹងផ្សាយព័ត៌មានពីការឈូសឆាយទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ។
លោក មឿន នី៖ «ខ្ញុំលឺពាក្យមួយទៅដល់តុលាការហ្នឹង តុលាការគេថាឈឿង ឈឹងហ្នឹង បង្គាប់រាប់បញ្ជាគេ យកលុយ យកកាក់ ពីបទល្មើស បើជាមួយខ្ញុំអត់បានទេ បើពីមុនម៉េចខ្ញុំអត់ដឹងទេ ដល់ពេលតុលាការគាត់ឆ្លើយមកអ៊ីចឹង ខ្ញុំវាឆ្ងល់ដែរ ព្រោះអីក្រុមការងារទាំងអស់ដែលដើរ អត់ដែលមានបង្គាប់យកលុយដូចក្រុមពួកគេទេ»។ លោកបន្តថា៖ «ខ្ញុំថាអត់យុត្តិធម៌ទេ អយុត្តិធម៌ហើយ ដោយបុគ្គល បុគ្គល និងបុគ្គល ខ្ញុំអត់ជឿ ខ្ញុំអត់ជឿទេដោយភាសាហ្នឹង»។
លោក ឈឿង ឈឹង។
នេះជាការអះអាងរបស់លោក មឿន នី មិត្តរួមការងារជាមួយលោក ឈឿង ឈឹង ដែលជាអ្នកសារព័ត៌មានត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងអំឡុងពេលលោកចុះយកព័ត៌មាននៅដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
លោក មឿន នី បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ក្នុងហេតុការណ៍បាញ់សម្លាប់នោះ លោក និងលោក ឈឹង ចុះមកយកព័ត៌មាននៅដែនជម្រកសត្វព្រៃបឹងពែរ ហើយពេលនោះលោក ឈឹង ជិះនៅខាងមុខលោក ស្រាប់តែជនជាប់ចោទបាញ់ប្រហារតែម្ដង។ កន្លងមកជនជាប់ចោទឈ្មោះ ស៊ី លឿយ មិនដែលមានទំនាស់គ្នាឡើយ ហើយលោក ឈឹង ក៏មិនដែលរាយការណ៍អ្វីពីជនជាប់ចោទនោះដែរ ពីព្រោះជនជាប់ចោទនោះ ជាអ្នកកាប់ និងដឹកឈើលក់ មិនមែនជាអ្នកឈូសឆាយព្រៃឈើឡើយ។
តាំងពីធ្វើការជាមួយលោក ឈឹងមក ទោះបីមានចំណូលតិចតួចក្ដី គឺពួកគេមិនដែលសុំលុយអ្នកណាជាថ្នូរមិនរាយការណ៍ព័ត៌មានឡើយ ពីព្រោះការប្រកបអាជីពនេះ ពួកគេធ្វើដើម្បីឱ្យថ្នាក់លើបានដឹងថា ព្រៃឈើនៅតាមមូលដ្ឋានពីមុននៅសល់ដើមឈើធំៗ ប៉ុន្តែឥលូវនេះព្រៃឈើធំៗទាំងនោះ ត្រូវកាប់ទន្ទ្រានយកដី។ ដោយសារការ សោកស្ដាយដើមឈើធំៗនេះហើយ ទាំងលោក និងលោក ឈឹង តែងតែរាយការណ៍ពីបទល្មើសទន្ទ្រានយកដីក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងតែងតែស្នើសុំឱ្យស្ថាប័នព័ត៌មានានាជួយចុះផ្សាយសេចក្ដីរាយការណ៍របស់ពួកគេ។
លោក មឿន នី មិត្តរួមការងាអាជីពសារព័ត៌មានជាមួយលោក ឈឿង ឈឹង។
លោក មឿន នី៖ «គាត់ទៅឈរឡាយខ្លួនគាត់នៅកន្លែងដីហ្នឹង គាត់ថាដីអស់ប៉ុណ្ណេះហើយហេតុអ្វីហៅខ្ញុំមកបំភ្លឺ បើអស់ប៉ុណ្ណេះហើយត្រាក់ទ័ររុនដីព្រៃវាលអស់រលីងនៅជិតកន្លែងបរិស្ថានដែរ ម៉េចបរិស្ថានមិនដឹងហៅខ្ញុំបំភ្លឺពីរឿងអី ខ្ញុំឆ្ងល់។ ដល់ពេលអ៊ីចឹងរំលងមិនទាន់បានប៉ុន្មានថ្ងៃផង ទើបថ្ងៃ៤ហ្នឹងហេតុកើតឡើងខ្ញុំអត់យល់ ដល់ពេលជនជាប់ចោទឆ្លើយបំភ្លឺគាត់ឆ្លើយថា ដោយសាររឿងលុយរឿងអី បើតាមតែខ្ញុំប៉ាន់ស្មានមើលទៅត្រឹមលុយ៣ ៤ម៉ឺនប៉ុណ្ណឹង វាអត់ដល់ថ្នាក់ហ្នឹងទេ មិនដល់បាញ់បោះសម្លាប់មនុស្សអ៊ីចឹងទេ ខ្ញុំអត់ជឿតែម្ដង បើស៊ី លឿយ ខ្ញុំនិយាយបំភ្លឺស្ដាប់ឱ្យបានទាំងអស់ បើស៊ី លឿយ គាត់អាចចូលព្រៃនេះបានលុះត្រាតែមានអ្នកឱ្យចូលបានគាត់ចូលបាន»។
លោក ឈឿង ឈឹង មានវ័យ ៦៣ឆ្នាំ អ្នកសារព័ត៌មានមកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើនៅស្រុកជីក្រែង ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំពោះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយ ៣ថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូនេះ លោក ឈឹង ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីវះកាត់ហើយ។ ហេតុការណ៍ការបាញ់សម្លាប់នេះ កើតឡើងរយៈពេលប្រមាណ១សប្ដាហ៍ ក្រោយពេលដែល លោក ឈឹង ចុះរាយការណ៍ព័ត៌មានពីការកាប់ទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ បន្ទាប់ពីមន្ទីរបរិស្ថានខេត្តសៀមរាបកោះហៅលោកទៅណែនាំ។
ងាកមកអ្នកស្រី ជៀវ ចាប ភរិយាលោក ឈឿង ឈឹង បញ្ជាក់ថា បុគ្គលដែលបាញ់សម្លាប់ស្វាមីអ្នកស្រី ជាពលរដ្ឋរស់នៅក្នុងស្រុកភូមិនេះដែរ ហើយមិនធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកឡើយ។ អ្នកស្រីអះអាងថា អត្តចរិកស្វាមីខ្លួនមានតែអ្នកស្រលាញ់រាប់អាន ពីព្រោះគ្រឿងស្រវឹង និងបារី គឺស្វាមីអ្នកស្រីមិនដែលប្រើប្រាស់ឡើយ ដូច្នេះបើមានអ្នកស្អប់ ប្រហែលពាក់ព័ន្ធនឹងរឿងការងារដែលលោក ឈឹង រាយការណ៍ពីការកាប់ទន្ទ្រានព្រៃឈើប៉ុណ្ណោះ។
អ្នកស្រី ជៀវ ចាប ភរិយាលោក ឈឿង ឈឹង។
អ្នកស្រី ជៀវ ចាប៖ «ចាសគាត់ធ្វើទាំងអស់អ្នកណាឈូសដី អ្នកណាកាប់ព្រៃ កាប់អី គឺគាត់ផ្សាយគេរហូត គាត់ទៅឃាត់គេកុំឱ្យគេឈូសឆាយ វាបាត់ព្រៃសហគមន៍ថាអ៊ីចឹងឯង វាអស់ដើមឈើធំៗ»។
បន្ទាប់ពីសមត្ថកិច្ចចាប់បានជនជាប់ចោទឈ្មោះ ស៊ី លឿយ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប បាន ៨ថ្ងៃ គឺថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ តុលាការខេត្តសៀមរាប ធ្វើសន្និសីទព័ត៌មានចំពោះចំណាត់ការលើជនជាប់ចោទ និងបកស្រាយលើករណីបាញ់សម្លាប់លោកឈឿង ឈឹង។ ក្នុងសន្និសីទនេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់ លោក ឈឿង ឈឹង នេះ ជាទំនាស់ផលប្រយោជន៍រវាងបុគ្គល និងបុគ្គល ហើយមិនមានអ្នកនៅពីក្រោយខ្នងនោះទេ។ លោកចាត់ទុកថាទំនាស់បុគ្គលនេះ កើតឡើងដោយសារតែលោក ឈឹង បានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។
លោក មាស ច័ន្ទពិសិដ្ឋ៖ «តាមលទ្ធផលនៃការស៊ើបអង្កេតមកដល់នាពេលនេះ ផ្អែកតាមបណ្ដឹងរដ្ឋប្បវេណី ចម្លើយសាក្សី និងចម្លើយរបស់ជនត្រូវចោទ និងភស្ដុតាងនានាដែលប្រមូលពីកន្លែងកើតហេតុ យើងអាចសន្និដ្ឋានបានថា ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះ គឺផ្ដើមចេញអំពីទំនាស់ផលប្រយោជន៍រវាងបុគ្គល និងបុគ្គលសុទ្ធសាត មិនមែនកើតចេញពីការសម្លាប់ក្រោមហេតុផលដែលគាត់រាយការណ៍អំពីករណីកាប់បំផ្លាញព្រៃឈើនោះទេ ពីព្រោះឃាតកម្មពុំមែនកើតឡើងក្នុងខណៈពេលដែលជនរងគ្រោះទៅយកព័ត៌មានកាប់បំផ្លាញព្រៃឈើ ឬបទល្មើសបរិស្ថាននោះឡើយ គឺកើតពីនៅពេលជនជាប់ចោទ និងជនរងគ្រោះជួបគ្នាដោយចៃដន្យនៅតាមផ្លូវត្រឡប់មកផ្ទះវិញរៀងៗខ្លួន ដោយសារជនល្មើសមានកំហឹងលើជនរងគ្រោះពីមុនមកពាក់ព័ន្ធការទារប្រាក់មិនចុះផ្សាយព័ត៌មាន និងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថាន»។
ជុំវិញរឿងនេះ លោក យិន ស្រ៊ាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប អះអាងថា មកដល់ពេលជនជាប់ចោទដែលបាញ់សម្លាប់លោក ឈឿង ឈឹង ស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយទេ ដូច្នេះការស៊ើបអង្គេតដល់ណានោះ លោកមិនអាចអត្ថាធិប្បាយបានទេ។ លោកក៏បានណែនាំ អង្គការសង្គមស៊ីវិល និងសាច់ញាតិ ស្វែងមេធាវី ដើម្បីប្ដឹងមកតុលាការ ក្នុងករណីដែលពួកគេមិនអាចទទួលយកការបកស្រាយរបស់តុលាការ និងប្រសិនរកឃើញភស្ដុតាងអ្វីថ្មីលើករណីឃាតកម្មនេះ។
លោក យិន ស្រ៊ាង៖ «ផ្ដល់ព័ត៌មានជូនបានត្រឹមតែព័ត៌មាននៃសំណុំរឿងទេនៅក្នុងកិច្ចស៊ើបសួរណាប្អូន ហើយមួយទៀតប្រសិនជាមានអ្នកណាយល់ឃើញយ៉ាងណាម៉េច អាហ្នឹងធម្មតាសំណុំរឿងព្រហ្មទណ្ឌត្រូវមានមេធាវី ឬមួយសមាគមអី ដើម្បីសម្ដែងនៅមតិយោបល់ដែលមិនយល់ស្របហ្នឹងដាក់ទៅព្រះរាជអាជ្ញា ដើម្បីឱ្យដឹងពីសំណុំរឿងហ្នឹង ព្រោះក្នុងកិច្ចស៊ើបសួរ។ អ៊ីចឹងត្រូវប្រមូលព័ត៌មានទាំងអស់ យល់ទេ អាហ្នឹងជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា ខ្ញុំមិនអាចឆ្លើយបានទេ»។
ប៉ុន្តែលោក មឿន នី លើកឡើងថា លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មានដែលសកម្មរាយការណ៍តែបទល្មើសឈូសឆាយដីព្រៃបឹងពែរ ដើម្បីឱ្យថ្នាក់លើបានដឹងពីបទល្មើសទាំងនោះ ដើម្បីចូលរួមទប់ស្កាត់ព្រៃឈើដែលនៅសេសសល់ ពីព្រោះមន្ត្រីថ្នាក់ក្រោមដឹងហើយតែការពារធនធានព្រៃឈើទាំងនោះមិនបាន។ លោកអះអាងថា លោក ឈឹង មិនបានទៅគំរាមកំហែង ឬបង្គាប់យកលុយពីបុគ្គលណាឡើយ ហើយលោក ឈឹង ក៏មិនដែលឈ្លោះទាស់ទែងជាមួយក្រុមជនជាប់ចោទដែលឈូសឆាយដែរ។
ដែនជម្រកសត្វព្រៃបឹងពែរ។
លោក មឿន នី៖ «បើថាឱ្យគាត់ទៅបង្គាប់រាប់បញ្ជាគេ ១០ម៉ឺន ២០ម៉ឺន ខ្ញុំចង់និយាយថ្ងៃពេលនេះ ជាមួយខ្ញុំមិនដែលបានប៉ះដល់ថ្នាក់ហ្នឹងហើយ តែ៣ម៉ឺន ៤ម៉ឺន ក៏អត់ដែលបានប៉ះដែរ មិនបាច់ចាំដល់បួនដប់ម៉ឺនទេ ទៅធ្វើការជាមួយខ្ញុំដល់ប៉ោយប៉ែតអី ទៅដល់គ្រាន់តែអើតមើល អាហ្នឹងមិនអីទេសមស្របរបស់គេទៅទៀតទៅ។ ប្រសិនបើរ៉ែ ថាមពល វាលើសអ៊ីចឹងទៅ ខ្លាំងគ្រាន់តែតេសួរលិចកើតតិចតួចអ៊ីចឹង ទៅទៀតទៅ មិនដែលចេះចុះគាត់ទៅមានការតវ៉ាមនុស្ស បើសួរនិយាយទៅសម្ដីសំដៅ អត្តចរិករបស់គាត់នៅក្នុងស្រុកនេះសួរមើលទៅ មានតែពួកបទល្មើសទេអាចស្អប់គាត់»។
លោកបន្ថែមថា អ្នកដែលមានឥទ្ធិពល មានអំណាច ទើបអាចយកគ្រឿងចក្រចូលមកឈូសឆាយក្នុងដែនជម្រកព្រៃនេះបាន ត្រឹមប្រជាពលរដ្ឋធម្មតា គឺមិនអាចចូលមកព្រៃនេះបានឡើយ។ ដែនជម្រកព្រៃបឹងពែរនេះទៀតសោត ជាសម្បត្តិរបស់រដ្ឋ ស្ថិតក្រោមការអភិរក្សរបស់មន្ទីរបរិស្ថាន ដូច្នេះព្រៃឈើត្រូវឈូសឆាយមិនគួរណាមន្ត្រីអភិរក្សមិនដឹងឡើយ។
ចំណែកលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ប្រាប់ដែរថា លោកទទួលស្គាល់តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មានជនជាប់ចោទលួចចូលកាប់ទន្ទ្រានយកដីព្រៃ ហើយអ្នករុករានទាំងនោះ ត្រឹមជាប្រជាពលរដ្ឋទេ មិនមានបុគ្គលមានអំណាចណាចូលបានឡើយ។ បទល្មើសទាំងនេះ គឺមន្ត្រីបរិស្ថានមិនដែលព្រងើយកន្តើយឡើយ ដោយបានប្ដឹងទៅកាន់តុលាការ ហើយនៅតាមទីតាំងទាំងនោះ មន្ត្រីអភិរក្សតែងតែចុះល្បាតជាប្រចាំ និងប្រឹងប្រែងខ្លាំងណាស់លើការងារទប់ស្កាត់ការឈូសឆាយដីព្រៃ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប។
លោក ស៊ុន គង់៖ «នៅក្នុងតំបន់ការពារធម្មជាតិហ្នឹង គឺតែងតែមានប្រជាពលរដ្ឋរស់នៅតាំងពីដើមមកហើយ យល់ទេ? ពេលខ្លះគាត់អាស្រ័យផលយូរហើយអីហើយ ពេលខ្លះបទល្មើសមែនទែន វាកើតថ្មីកើតចាស់ អាហ្នឹងកំពុងតែធ្វើការល្បាតបង្ក្រាបជានិច្ច។ ពួកខ្ញុំមិនដែលបានភ្លេចពីតួនាទី ភារកិច្ចខ្លួនឯង ពីព្រោះការរស់នៅរបស់គាត់នៅក្នុងដែនជម្រក វាមានច្បាប់ការកំណត់តំបន់ការពារធម្មជាតិ កន្លែងណាដែលអាស្រ័យផលពួកគាត់ កន្លែងណាដីវត្តអារាម សាលារៀន កន្លែងណាដីស្អីផ្សេងៗ បាទលើកជាសំណួរទម្លាក់មកយ៉ាងម៉េចទេ ថាពួកខ្ញុំមិនធ្វើការមិនធ្វើអី វាមិនកើតទេ ហើយកន្លែងដែលប្ដឹងទៅតុលាការហ្នឹងមិនដែលឃើញអ្នកកាសែតកាន់ជើងខាងខ្ញុំទេ មានតែវ៉ៃប្រហារ»។
ដែនជម្រកសត្វព្រៃបឹងពែរ មានផ្ទៃដីទំហំ ២៦៥,៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ។ តំបន់នេះត្រូវបានរាជរដ្ឋាភិបាល បង្កើតជាតំបន់អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ តាំងពីឆ្នាំ២០១៧។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយិកាអង្គការយូណេស្កូ (UNESCO) អ្នកស្រី អូដ្រេ អាហ្សូឡេ (Audrey Azoulay) ថ្កោលទោសករណីឃាតកម្មលើអ្នកសារព័ត៌មានកម្ពុជាលោក ឈឿង ឈឹង។ និងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ចំពោះរឿងនេះ ដើម្បីធានាថា ជនប្រព្រឹត្តត្រូវបាននាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ពីព្រោះអ្នករាយការណ៍ពីបញ្ហាបរិស្ថាន គឺមានសារៈសំខាន់សម្រាប់ផ្តល់ព័ត៌មានដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ ហើយពួកគេត្រូវតែទទួលបានការការពារ។
ជាមួយគ្នានេះក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើកសិទ្ធិមនុស្ស និងលើកកម្ពស់អ្នកសារព័ត៌មានជាង១០ ស្ថាប័នរួមមាន៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ជាដើម ចាត់ទុកករណីបាញ់សម្លាប់លោក ឈឿង ឈឹង ជាឃាតកម្មដ៏រន្ធត់ និងជាការបំបិទមាត់អ្នកសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានរងនូវការគំរាមកំហែង ហើយនិងការចាប់ដាក់ពន្ធនាគារ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី