ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក បានដំឡើងសរសៃកដាក់គ្នា លើបញ្ហាអ៊ុយក្រែន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញ។ ភាគីទាំងពីចោទប្រកាន់គ្នាទៅវិញទៅមកថា«បង្ករឿង»។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …
ភាពតានតឹងរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក ពីរឿងដែលរដ្ឋាភិបាលរុស្ស៊ីបង្កើនកងទ័ពនៅក្បែរប្រទេសអ៊ុយក្រែន បានហៀរចូលដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញ។ ប្រទេសមហាអំណាចទាំងពីរនោះបានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នក«បង្ករឿង»។
ការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្សិលមិញ ជាពេលដែលតំណាងប្រទេសរុស្ស៊ី និងតំណាងសហរដ្ឋអាមេរិក ប្រឈមមុខដាក់គ្នាជាសាធារណៈ លើបញ្ហាដែលសហរដ្ឋអាមេរិកនិងប្រទេសដទៃៗទៀតបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស-ហ្គ្រីនហ្វៀល បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក 15 ប្រទេសនោះតាមសម្ដីផ្ទាល់ថា៖ «ការគំរាមឈ្លានពាននៅតាមព្រំដែនប្រទេសអ៊ុយក្រែនគឺជាការបង្កហេតុ។ ការទទួលស្គាល់របស់យើងចំពោះការពិតនៅលើផ្ទៃដី គឺមិនមែនជាការបង្កហេតុទេ។»
«ការបង្កហេតុគឺមកពីប្រទេសរុស្ស៊ី មិនមែនមកពីសហរដ្ឋអាមេរិក ឬមកពីប្រទេសផ្សេងណាដែលស្ថិតក្នុងក្រុមប្រឹក្សាសន្តិសុខនេះទេ»។ លោកស្រី ថូម៉ាស-ហ្គ្រីនហ្វៀល បានអះអាងបន្ថែមយ៉ាងដូច្នេះ ដោយបន្ទរតាមទឡ្ហីករណ៍ស្នូលរបស់រដ្ឋាភិបាលនៅទីក្រុងវ៉ាស៊ីនតោន ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីបានបន្តធ្លាក់ចុះថែមទៀត។
លោកស្រី ថូម៉ាស-ហ្គ្រីនហ្វៀល បានចោទប្រកាន់ប្រទេសរុស្ស៊ីថាមានទាហានលើសពី 1 សែននាក់នៅតាមព្រំដែនជាប់ប្រទេសអ៊ុយក្រែន ហើយថាប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស្សកំពុងរៀបចំ«ធ្វើសកម្មភាពវាយលុកប្រទេសអ៊ុយក្រែន»។ លោកស្រីបាននិយាយទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឃើញភស្តុតាងដែលថាទីក្រុងមូស្គូគ្រោងនឹងពង្រាយទាហានចំនួន 3 ម៉ឺននាក់បន្ថែមទៀត នៅក្នុងប្រទេសបេឡារុស្សនាដើមខែកុម្ភៈនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស្ស៊ីលី នីបិនស្យា បាននិយាយថា «មិនមានភស្តុតាង»បញ្ជាក់ពីការរៀបចំផែនការសកម្មភាពយោធារបស់រដ្ឋាភិបាលរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនទេ ហើយថាប្រទេសរុស្ស៊ីតែងតែបានច្រានចោលការចោទប្រកាន់បែបនេះជានិច្ច។
លោក នីបិនស្យា បាននិយាយតាមសំដីដើមថា៖ «សហសេវិករបស់យើងខាងបស្ចិមលោក កំពុងនិយាយអំពីតម្រូវការកាត់បន្ថយភាពតានតឹង។ ប៉ុន្តែ ជាបឋមនិងជារឿងសំខាន់បំផុត ពួកគេខ្លួនឯងកំពុងបង្កើនភាពតានតឹង និងវោហាស័ព្ទ ហើយកំពុងបង្កឱ្យមានភាពតានតឹង»។
លោក នីបិនស្យា បានគូសបញ្ជាក់ទៀតថា៖ «ការពិភាក្សាអំពីការគំរាមធ្វើសង្គ្រាមគឺជាការបង្កហេតុនៅក្នុងហ្នឹងតែម្ដង។ អ្នកសឹងតែអំពាវនាវឱ្យមានសង្គ្រាមហើយ។ អ្នកចង់តែឱ្យវាកើតឡើងទេ។ អ្នកកំពុងរង់ចាំឱ្យវាកើតឡើង គឺដូចជាអ្នកចង់ធ្វើឱ្យពាក្យរបស់អ្នកក្លាយជាការពិតអ៊ីចឹង»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចចាត់វិធានការណាមួយ ឱ្យលើសពីការនិយាយអំពីស្ថានភាពបានទេ ដោយសារតែរុស្ស៊ីជាប្រទេសមួយ ក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ ដែលមានសិទ្ធិខ្ទាស់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សានេះ ដូចសហរដ្ឋអាមេរិក ចិន បារាំង និងអង់គ្លេសដែរ។
ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំរាប់សិបដងមកហើយ ជុំវិញវិបត្តិនៅអ៊ុយក្រែន ចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីបញ្ចូលតំបន់គ្រីមៀររបស់អ៊ុយក្រែនមកក្នុងទឹកដីរបស់ខ្លួនវិញនាឆ្នាំ២០១៤។
ប្រទេសចិនគាំទ្រ«ការទូតបែបស្ងៀមស្ងាត់»។ លោក ចាង ជុន ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា៖ «អ្វីដែលត្រូវការជាបន្ទាន់នៅពេលនេះគឺការទូតបែបស្ងៀមស្ងាត់ មិនមែនជាការទូតតាមឧគ្ឃោសនាសព្ទនោះទេ»។ ប្រទេសចិនធ្លាប់បានស្នើឱ្យភាគីជម្លោះនៅក្នុងវិបត្តិអ៊ុយក្រែនវិលទៅរកកិច្ចព្រមព្រៀងទីក្រុងមីន ដែលសម្រេចបាននៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ វិញ។
លោក នីបិនស្យា បានពិពណ៌នាវិបត្តិនៅអ៊ុយក្រែនបច្ចុប្បន្នថាជា«រឿងក្នុងស្រុក» ហើយបាននិយាយថា វាអាចត្រូវបានធ្វើឱ្យប្រសើរឡើងដោយការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីន។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចប់សង្គ្រាមបំបែកទឹកដីដោយអ្នកនិយាយភាសារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ រដ្ឋាភិបាលរុស្ស៊ីបានអះអាងជាយូរមកហើយថា ខ្លួនមិនមែនជាភាគីនៃជម្លោះនោះទេ៕
—
យោង៖
១) https://www.reuters.com/world/europe/russia-fails-keep-un-security-council-debate-ukraine-closed-2022-01-31/
២) https://www.reuters.com/world/europe/uss-blinken-holds-talks-with-chinas-wang-ukraine-situation-2022-01-27/