អស់រយៈពេលមួយឆ្នាំ ដែលតំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងរុនតាឯតេជោសែន។ ទោះបីក្រុងនេះមានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនពលរដ្ឋជាហូរហែរក៏ពិតមែន តែក្រុងថ្មីនេះនៅមិនទាន់មានអ្នកវិនិយោគចូលមកបង្កើតអាជីវកម្មនៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋពិបាករកចំណូលហើយខ្លះត្រូវសម្រេចចិត្តទៅរកស៊ីនៅក្នុងក្រុងសៀមរាបដដែរ។ ថ្វីដ្បិតមិនទាន់មានអាជីវកម្មធំៗក្ដី តែអាជ្ញាធរក្រុងថ្មីនេះបញ្ជាក់ថា ក្រុងរុនតាឯកនឹងមានអ្នកវិនិយោគផ្នែកកសិកម្មចូលមក ហើយនឹងគ្រោងបើកដំណើរការផ្សារឆាប់ៗនេះ។ ទាក់ទងរឿងបើកដំណើរការផ្សារនេះ ពលរដ្ឋរស់នៅក្រុងរុនតាឯកក៏កំពុងទន្ទឹមចាំឱ្យផ្សារថ្មីនេះបើកដំណើរការដែរ ដ្បិតអាចរកចំណូលក្នុងមូលដ្ឋានជាជាងការទៅរកស៊ីឆ្ងាយពីមូលដ្ឋាន។ កញ្ញា កែវ សុជាតា រាយការណ៍
កាលពីដើមខែមករា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតតំបន់រុនតាឯក ទៅជាក្រុងរុនតាឯតេជោសែន ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ មកដល់ពេលនេះ ក្រុងរុនតាឯក ត្រូវបានអាជ្ញាធរខេត្តសៀមរាប មានការអភិវឌ្ឍន៍ដូចជា៖ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្សារ ផ្លូវ ប្រព័ន្ធទឹកស្អាត ហើយនិងប្រព័ន្ធភ្លើងជាដើម។
ពលរដ្ឋមួយរូប អ្នកស្រី ប្រាក់ សាវិន រស់នៅក្នុងប្លុកប៊ី(B) ស្ថិតក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា សព្វថ្ងៃនេះក្រុងរុនតាឯក មានសភាពមិនសូវអ៊ូអរដូចមុនទេ ពីព្រោះពលរដ្ឋបាននាំគ្នាឡើងមកខេត្តធ្វើការ ខ្លះទៀតចំណាកស្រុកទៅខេត្តផ្សេងៗ។ ចំណែកអ្នកស្រី គ្មានមុខរបរអ្វីទេធំដុំនោះទេ ចាប់តាំងពីមករស់នៅក្រុងនេះ ហើយជីវភាពរាល់ថ្ងៃអាស្រ័យលើប័ណ្ណសមធម៌ និងដើររកត្រីតាមវាលស្រែប៉ុណ្ណោះ។
ជាស្រ្ដីមេម៉ាយត្រូវចិញ្ចឹមកូនតូចៗ ចំនួន ៤នាក់ អ្នកស្រី សាវិន មានបំណងចង់លក់ទឹកអំពៅនិងចំណីអាហារដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូនទាំង៤ តែសព្វថ្ងៃអ្នកស្រីខ្វះទន់បើករកស៊ី។
អ្នកស្រី ប្រាក់ សាវិន និងគ្រួសារ។
អ្នកស្រី ប្រាក់ សាវិន ៖ «អត់ទាន់មានមុខរបរអីរកទេ ព្រោះខ្ញុំអត់ទាន់មានលុយ សឹងតែពិបាកដាច់ខ្យល់ងាប់ហើយ មានម៉ែគាត់ឈឺទៀតយកមកពេទ្យទៀត រាល់ថ្ងៃបានតែប័ណ្ណក្រីក្រហ្នឹងឯង ហើយដូចខ្ញុំមានអីប្រចាំ ទោះបីខ្ញុំប្រចាំគេក៏គេអត់យក ដោយសារយើងអត់មានសមត្ថភាពអីសងគេ។ អ្នកគ្រូខ្ញុំចង់ណាស់តែខ្ញុំអត់មានដើមទុន ខ្ញុំចង់មានមែនទែន ខ្ញុំមិនដឹងមានដើមទុនពីណាមកទេមួួយរយ ពីររយពិបាកណាស់អ្នកគ្រូ ខ្ញុំអត់ហ៊ានហាមាត់ខ្ចីគេ ព្រោះខ្ញុំខ្លាចអត់មានសមត្ថភាពសងគេ ខ្ញុំមានជំងឺជាប់ខ្លួន បើយើងមានដើមទុនអីតិចតួច យើងចេះតែរកបានអ៊ីចឹងទៅ»។
ងាកមកអ្នកស្រី ចាវ ភិរម្យ វ័យ ៤៧ឆ្នាំ រៀបរាប់ប្រាប់វិទ្យុស្ដ្រីដែរថា បន្ទាប់ពីរុះរើលំនៅឋានចេញមកតំបន់តុនតាឯកនេះ ទ្រព្យសម្បត្តិដែលគ្រួសារអ្នកស្រីប្រឹងរក និងសន្សំបានពីរបរកាត់ដេរសម្លៀកបំពាក់ កាលនៅតំបន់អង្គរត្រូវលក់ ដើម្បីសាងសង់លំនៅឋាន និងត្រូវកសាងមុខរបរឡើងវិញក្នុងតំបន់ថ្មីនេះ។ សព្វថ្ងៃនេះស្វាមីអ្នកស្រីជិះម៉ូតូទៅធ្វើសន្តិសុខនៅក្រុងសៀមរាប ចំណែកអ្នកស្រីបន្តកាត់ដេរសម្លៀកបំពាក់នៅផ្ទះផង និងជិះឡានក្រុងមកខេត្តដើម្បីឱ្យស្វាមីជូនទៅរកត្រីនៅទន្លេ សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។
ប្រសិនផ្សារនៅក្រុងនេះ បើកដំណើរការឆាប់ៗ អ្នកស្រី និងនាំកូនៗទៅបើកតូបកាត់ដេរសម្លៀកបំពាក់មួយនៅក្នុងផ្សារនេះ ហើយរំពឹងថានឹងរកចំណូលបានសម្រាប់ផ្គត់ផ្គង់ជីវភាពឱ្យល្អប្រសើរ។ ដូច្នេះហើយបើមានមុខរបរ និងការងារនៅជិតផ្ទះបែបនេះ បានរស់នៅជុំគ្រួសារ និង ជួយកាត់បន្ថយការចំណាយធ្វើដំណើរ ហើយនិងកាត់បន្ថយការចំណាកស្រុកជាដើម។
អ្នកស្រី ចាវ ភិរម្យ៖ «អត់ទាន់ឃើញបើកលឺថាជិតបើកៗ មុនដំបូងថាដើមឆ្នាំនេះ ឥលូវដើមឆ្នាំថ្មីហើយចូលពីខែជិតដាច់ អត់ទាន់លឺដំណឹងអីទៀត ហើយអត់ដឹងគេបើកផ្សារអីថ្ងៃណាអីថ្ងៃណាឱ្យប្រាកដ មានតែផ្សារហ្នឹងមួយទេដែលសង្ឃឹម សង្ឃឹមថាប្រជាជនអាចប្រកបបានហ្នឹងណា»។
ជុំវិញរឿងនេះ លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯក តេជោសែន បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា តាមផែនការរបស់រដ្ឋាភិបាល លោកខិតខំប្រឹងប្រែងអភិវឌ្ឍក្រុងនេះឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់កន្លែងដែលពលរដ្ឋរស់នៅ។ ដោយឡែកការបង្កើតឱកាសការងារ និងមុខរបរជូនប្រជាពលរដ្ឋវិញក៏ដូចគ្នាដែរ គ្មានប្រជាពលរដ្ឋណាម្នាក់ទៅរស់នៅក្រុងរុនតាឯក ត្រូវបានទុកចោលឡើយ ថ្វីដ្បិតសេដ្ឋកិច្ចបច្ចុប្បន្ននេះមិនសូវល្អ តែរាជរដ្ឋាភិបាល នៅតែបន្តខិតខំទាក់ទាញអ្នកវិនិយោគចូលមកបង្កើតសហគ្រាស ក្រុមហ៊ុន ដើម្បីផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។
លោក អ៊ឹង សុភ័ណ៖ «ឥលូវនេះមានក្រុមហ៊ុនមួយពីរគេមកម្សិលមិញនេះ ខ្ញុំជូនក្រុមហ៊ុនកសិកម្មមួយដែរ មកមើលទីតាំងមួយចំនួន ប្រហែលជាអភិវឌ្ឍក្នុងពេលឆាប់ៗនេះហើយ អ៊ីចឹងយើងអាចមានឱកាសការងារមួយចំនួនសម្រាប់បងប្អូននៅក្នុងមូលដ្ឋានជាក់ស្ដែង»។
លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯក តេជោសែន។ រូបភាពពីហ្វេសប៊ុករដ្ឋបាលក្រុងរុនតាឯក។
លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯក តេជោសែន អះអាងថា ផ្សារក្រុងរុនតាឯកដែលបង្កើតឡើងនេះ នឹងបើកដំណើរការឱ្យពលរដ្ឋបានចូលលក់ដូរឆាប់ៗនេះ ក្រោយពីរៀបចំប្រព័ន្ធគ្រប់គ្រងផ្សារ អនាម័យ និងរៀបចំតូបឱ្យមានសណ្ដាប់ធ្នាប់ជូនពលរដ្ឋរួចរាល់។
លោក អ៊ឹង សុភ័ណ៖ «ផ្សារហ្នឹងកាលពីយើងធ្វើដំបូង យើងធ្វើជារបៀបផ្សារសហគមន៍ ឥលូវយើងត្រូវរកថវិកាមួយចំនួនដើម្បីរៀបចំតូបរៀបចំអី ទើបយើងអាចឱ្យគាត់លក់បាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រហែលអាចមុនចូលឆ្នាំខ្មែរនេះខ្ញុំអាចឱ្យគាត់ចូលលក់មួយចំនួនហើយ។ បញ្ហាជាក់ស្ដែងខ្ញុំឱ្យគាត់លក់បណ្ដោះអាសន្ននៅខាងក្រៅសិន ទម្រាំអាចលក់ចូលក្នុងផ្សារបាន តែអ្វីក៏ដោយយើងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង យើងមិនអាចបើកលក់ដោយគ្មានប្រព័ន្ធគ្រប់គ្រង គ្មានអីច្បាស់លាស់អ៊ីចឹងទេអូនត្រូវយល់ថាផ្សារកាលណាដំណើរការហើយ វាមិនអាចថយក្រោយទេ ដល់យើងរៀបចំប្រព័ន្ធឱ្យច្បាស់លាស់ទើបអាចចូលលក់ តែបើយើងឱ្យលក់ដោយគ្មានការរៀបចំ ថ្ងៃក្រោយរៀបចំ យើងប្រាកដជាប្រទាក់ប្រទើសជាមួយពួកគាត់ហើយ»។
រូបភាពផ្សារធម្មជាតិរុនតាឯក កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ WMC/Chea sokny
ដោយឡែកអ្នកស្រី ទឹម ចាន់ធឿន ជាពលរដ្ឋដែលដោះដូរដីពីតំបន់អង្គរ មកនៅតំបន់រុនតាឯក ប្រាប់វិទ្យុស្ដ្រីដែរថា បច្ចុប្បន្ននេះ លំនៅឋានអ្នកស្រីនៅក្រុងរុនតាឯកត្រូវម្ចាស់បំណុលរឹបអូស ដោយសារគ្មានលុយសងត្រឡប់ទៅវិញ។ លុយដែលជំពាក់ម្ចាស់បំណុលនេះ អ្នកស្រីខ្ចីដើម្បីព្យាបាលជំងឺកាលពីរើមកនៅតំបន់រុនតាឯកថ្មីៗ តែយូរៗទៅរកចំណូលលែងបាន ម្ចាស់បំណុលក៏រឹបអូសផ្ទះជាការសង់លុយជំពាក់។
ក្រោយពីអស់លំនៅឋាន ស្ដ្រីមេម៉ាយដែលចិញ្ចឹមកូន ២នាក់ រូបនេះ បានទៅសុំទីជម្រកពីអ្នកស្គាល់គ្នាស្នាក់អាស្រ័យកាលពីខែមករា ឆ្នាំ២០២៥។ ចំណែកកូនទាំងពីរនាក់ ម្នាក់មានគ្រួសារ និងម្នាក់ទៀតបានចាកចេញពីអ្នកស្រីទៅធ្វើជាកម្មកររោងចក្រនៅក្រុងភ្នំពេញ។ ថ្វីដ្បិតអស់លំនៅឋានហើយក្ដី អ្នកស្រី ចាន់ធឿន នៅតែបន្តរបរដើរបោកខោអាវនេះនៅក្នុងតំបន់អង្គរដដែល។
អ្នកស្រី ទឹម ចាន់ធឿន៖ «យើងគិតតែរឿងដើរបោកខោអាវតិចៗយកតែបាយហូបនៅឯខេត្តណេះ មីងអត់ទំនាក់ទំនងអីខាងហ្នឹងទៀត ប៉ុន្តែគ្រាន់តែថាទិដ្ឋភាពនៅហ្នឹងស្ងាត់ហើយ ព្រោះយើងអត់ទាន់មានការអភិវឌ្ឍធ្វើអី ប្រជាជនចេញមកធ្វើសំណង់ធ្វើអី តែធម្មតាលំបាកមុនបានស្រណុកក្រោយណាក្មួយ សំខាន់យើងតស៊ូ តែមីងអកុសលអីដោយសារជំពាក់គេម្ចាស់បំណុលគេមកយកអ៊ីចឹងមីងក៏អត់ធ្វើម៉េចដែរ។ ប្រសិនយើងមិនជំពាក់គេយើងមានផ្ទះនៅទៅ យើងចេញត្រឹមមកខេត្តទៅល្ងាចយើងចូលព្រលឹមយើងចេញ ដល់ពេលឥលូវមានអីដល់ថ្នាក់ធ្លាក់ខ្លួនមកសុំផ្ទះគេនៅហើយ»។
គួររំលឹកថា តំបន់រុនតាឯក ដើមឡើយស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្លាយជាទីតាំងដែលរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី