ភ្នំពេញ៖ ក្រោយបិទសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៥ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា កន្លងទៅនេះ គេសង្កេតឃើញរាជរដ្ឋាភិបាល តាមរយៈបណ្តាញសង្គមរបស់ខ្លួន បានបង្ហោះនូវសមិទ្ធផលហេដ្ឋារចនាសម័្ពន្ធធំៗដែលបាននិងកំពុងសាងសង់។ តាមរយៈលទ្ធផលនៃសន្និបាទបក្សប្រជាជនកម្ពុជាកាន់ ក៏បង្ហាញនូវមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយក្នុងឆ្នាំ២០២៤ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៦% ដែលបញ្ជាក់ថា ជីវភាពប្រជាជនមានភាពល្អប្រសើរ។
សមិទ្ធផលរបស់រដ្ឋាភិបាលបង្ហាញលើបណ្តាញសង្គម។រូបភាពពីតេលេក្រាមសម្តេច ហ៊ុន ម៉ាណែត។
សមិទ្ធផលជាសំណងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនត្រូវបានប្រមុខរដ្ឋាភិបាលបង្ហោះចែករំលែកលើបណ្តាញសង្គមតេឡេក្រាមនិងហ្វេសប៊ុក ស្របពេលនិងក្រោយពេលគណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់បក្សកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែមករាកន្លងទៅថ្មីៗនេះ។
សមិទ្ធផលធំៗក្នុងនោះមានគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយបច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨% ដែលទំនប់នេះជាហិរញ្ញប្បទានពីចិន។ បើតាមរដ្ឋាភិបាលទំនប់ដងកាំបិតនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ ក្នុងស្រុកចំនួន ៦ នៅខេត្តកំពង់ធំ សរុប២៥.០០០គ្រួសារ អាចស្រោចស្រពផ្ទៃដីដំណាំជាង ១៣ម៉ឺនហិកតា និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានគ្រប់គ្រាន់។
ក្នុងខេត្តកំពង់ធំដដែរ ក៏មានគម្រោងស្តារស្ទឹងស្លាប់ផងដែរ ដោយបច្ចុប្បន្នសម្រេចការងារសាងសង់ប្រមាណ ៣៥%។ គម្រោងស្ដារស្ទឹងស្លាប់នេះ មានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញនោះ។ ជាងនេះគម្រោងក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពផ្ទៃដីបង្កបង្កើនផល នៅក្នុងក្រុង-ស្រុកចំនួន ៥ នៃខេត្តកំពង់ធំដូចគ្នា។
ងាកមកភូមិសាស្រ្តរាជធានីភ្នំពេញនិងក្បែររាជធានីភ្នំពេញវិញ បើតាមការបង្ហាញរបស់រដ្ឋាភិបាល គឺគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ៤៥% ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ ពីមហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោនៅមុនខែមេសា ឆ្នាំ២០២៥នេះ ហើយនឹងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។
គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។
ដោយឡែកការងារទាក់ទងគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវវិញ ក្នុងនោះប្រព័ន្ធរំដោះទឹកស្ទឹងតូច ប្រព័ន្ធរំដោះទឹកសាក់សំពៅ ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លាគូ ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា និងប្រព័ន្ធរំដោះទឹកដទៃៗទៀតសម្រេចបានជិត១០០%ហើយ។
បើតាមរដ្ឋាភិបាលគម្រោងរំដោះ និងពង្វាងទឹកនេះ នឹងអាចរំដោះទឹកបានប្រមាណ ៧០០ ម៉ែត្រត្រីគុណក្នុង១វិនាទី ដែលធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ជួយសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ ៦៥%ដោយសុវត្ថិភាព។
តាមរយៈគម្រោងនេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងហើយនោះ ប្រព័ន្ធរំដោះទឹកក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត ដូចជារក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ការតភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោងដោយបង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ។
ក្នុងសេចក្តីជូនដំណឹង ស្តីពី សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៥ គណបក្សប្រជាជនរំពឹងថា នៅឆ្នាំ២០២៥ នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តងើបឡើងក្នុងអត្រា ៦.៣% ដែលអាចឱ្យស្ថានភាពសេដ្ឋកិច្ចដើរមករកភាពល្អប្រសើរដូចមុនអំឡុងវិបត្តិជំងឺកូវីដ-១៩។
គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដោយព្យាករថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៨% សម្រាប់ឆ្នាំ ២០២៤ ពោលកើនចំនួន ០,២% ធៀបនឹងឆ្នាំ ២០២៣ ដែលមានកំណើន ៥,៦%។ ចំណែកឆ្នាំ ២០២៥ ត្រូវបានធនាគារពិភពលោកព្យាករមានកំណើនសេដ្ឋកិច្ច ៦,១% និងឆ្នាំ ២០២៦ អាចមានកំណើន ៦,៤%។
ទោះបែបនេះក្តី ក៏ធនាគារអភិវឌ្ឍអាស៊ី ADB ក៏បញ្ជាក់ពីហានិភ័យដែលអាចកើតមានសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ ប្រសិនណាស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗតួយ៉ាង ដូចជាចិន អឺរ៉ុប និងអាមេរិកជួបការលំបាក និងមានកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក៕