ភ្នំពេញ៖ សាច់ញាតិក្រុមគ្រួសារលោក រ៉ុង ឈុន ដាក់ការរំពឹងទុកថា សាលាឧទ្ធរណ៍នឹងដោះលែងលោក រ៉ុង ឈុន នៅពេលប្រកាសសាលក្រមនៅថ្ងៃទី១២ ខែវិច្ឆិកាព្រឹកស្អែកនេះ ខណៈពួកគេយល់ថា លោក រ៉ុង ឈុន មិនបានប្រព្រឹត្តិកំហុសអ្វីដូចការចោទប្រកាន់នោះទេ តែផ្ទុយទៅវិញសកម្មភាពរបស់លោក រ៉ុង ឈុន គឺដើម្បីបុព្វហេតុផលប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
លោក រ៉ុង វិជ្ជា ក្មួយប្រុសលោក រ៉ុង ឈុន ដាក់ក្តីរំពឹងថា សាលាឧទ្ធរណ៍នឹងដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពឡើងវិញ ព្រោះលោកយល់ថាពូរបស់លោកគ្មានប្រព្រឹត្តិទោសកំហុសអ្វីនោះទេ។ លោកបញ្ជាក់ថា ប្រសិនបើតុលាការដោះលែងលោក រ៉ុង ឈុន មែននោះសរបញ្ជាក់ឱ្យឃើញពីភាពយុត្តិធម៌ ភាពត្រឹមត្រូវ អព្យាក្រឹត្យ របស់ស្ថាប័នមួយនេះ ព្រោះសកម្មភាពតស៊ូមតិរបស់លោក រ៉ុង ឈុន គឺដើម្បីទាមទារផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋទន់ខ្សោយតែប៉ុណ្ណោះ។
លោក រ៉ុង វិជ្ជា ៖«គឺសកម្មភាពរបស់គាត់ធ្វើកន្លងមក មិនមានជាផលប៉ះពាល់ដូចការចោទប្រកាន់ បង្កអសន្តិសុខអីដល់សង្គម គាត់មានតែជួយប្រជាពលរដ្ឋទន់ខ្សោយ ជួយគ្រូបង្រៀន សហជីពកម្មករជាដើម ដូច្នេះតុលាការ ដែលប្រជាពលរដ្ឋរំពឹងថា ជាតុលាការយុត្តិធម៌ ដែលឯករាជ្យ ហើយអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួនគួរតែផ្តល់ភាពយុត្តិធម៌ជូនពូរបស់ខ្ញុំវិញបាទ»។
ទាក់ទងការប្រកាសសាលក្រមនេះដែលលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រាប់វិទ្យុស្រ្តីថា លទ្ធផលនៃសាលក្រមរបស់សាលាឧទ្ធរណ៍នៅថ្ងៃស្អែកនេះ អាចនិយាយបានថាជាខ្នាតរង្វាស់រង្វាល់មួយដែលអាចវាយតម្លៃពីកម្រិតវិជ្ជាជីវៈ ឯករាជ្យ មិននៅក្រោមសម្ពាធនយោបាយ។អ្នកស្រីយល់ឃើញថា ការចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមនានាកន្លងមក បង្ហាញឱ្យឃើញនូវរូបភាពផ្តាច់ការ និងបិទសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ពលរដ្ឋជាដើម។
លោកស្រី អ៊ុក ឆាយ៉ាវី៖«ហើយបើសិនមិនមានការដោះលែងពួកគាត់ទេ នេះជាមុខមាត់របស់ប្រទេសទាំងមូល គឺលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារយៈពេលកន្លងមកគឺធ្លាក់មកចំណុច បើសិនមិនដោះលែងពួកគាត់ទេនោះ»។
លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកបានទៅមើលដីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តត្បូងឃ្មុំហើយលោកបានធ្វើការអត្ថាធិប្បាយពីសកម្មភាពរបស់អាជ្ញាធរវៀតណាមហាមមិនឱ្យកសិកម្មខ្មែរធ្វើស្រែចម្ការ និងការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជាជាដើម។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀលពី«បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ពាក់ព័ន្ធនឹងការចុះទៅពិនិត្យមើលព្រំដែន និងការចេញសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ។
ទាក់ទងរឿងនេះ អង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើយុទ្ធនាការតាមបណ្តេញសង្គមដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជននានា ដែលរហូតមកទល់បច្ចុប្បន្ននេះជាសប្តាហ៍ទី១៣ហើយ។ ក្នុងយុទ្ធនាការនោះ បណ្តាលអង្គការសង្គមស៊ីវិលយល់ឃើញថា សកម្មភាពតស៊ូមតិដើម្បីសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិគ្រូបង្រៀន សិទ្ធិកម្មករ កម្មាការិនីនិងការបញ្ចេញមតិពាក់ព័ន្ធផលប្រយោជន៍ជាតិ មិនសូវមានការគាំទ្រពីអាជ្ញាធរ តែផ្ទុយទៅវិញពួកគេបែរជាត្រូវបានចាប់ខ្លួន និងផ្តន្ទានទោសទៅវិញ៕