loader

គ្រូបង្រៀន១១ នាក់ប្ដឹងលោក ហង់ ជួនណារ៉ុន ករណីលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌគ្រូ

ភ្នំពេញ៖ អតីតគ្រូបង្រៀនចំនួន ១១ នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨ បានផ្ដិតមេដៃដាក់រួមគ្នា លើពាក្យបណ្ដឹងមួយប្ដឹងទៅលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ករណីរដ្ឋមន្ត្រីរូបនេះ លុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌគ្រូបង្រៀន ។ យ៉ាងណា អ្នកនាំពាក្យក្រសួងអប់រំថា អ្វីដែលក្រសួងធ្វើកន្លងមក គឺធ្វើទៅតាមច្បាប់ចូលជាធរមាន ហើយការធ្វើទាំងនេះមិនមែនជារឿងចម្លែកនោះទេ ។

រាយការណ៍ដោយ លោក សោម លាភ

 

តាមពាក្យបណ្ដឹងនេះ មានកម្មវត្ថុ ដោយសុំឱ្យតុលាការចេញនូវសាលក្រមដែលមានខ្លឹមសារពីរចំណុច គឺទី ១ សុំបដិសេធនូវប្រកាសស្ដីពីការលុបឈ្មោះបុគ្គលិកអប់រំ ចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ និងទី ២ គឺសុំផ្ដល់ក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ឱ្យដល់ពួកគាត់វិញ ។

ក្នុងពាក្យបណ្ដឹងនោះទៀតសោត បានរំលឹកនូវអង្គហេតុសំខាន់ៗ មួយចំនួនដូចជា ពួកគាត់ទទួលបានការអនុញ្ញាតឱ្យស្ថិតក្រៅពីក្របខ័ណ្ឌពីក្រសួងអប់រំ យុវជន និងកីឡា តាមការស្នើរបស់ពួកគាត់ ដើម្បីទៅបម្រើការងារជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់  ក្រុមប្រឹក្សាស្រុក ខ័ណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្ត និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ពួកគាត់ថា ពួកគាត់ បានបាត់បង់តួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់     ក្រុមប្រឹក្សាស្រុក ខ័ណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្ត និងលាលែងពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីតុលាការកំពូលចេញសាលដីការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។

ពាក្យបណ្ដឹងដែលផ្ដិតមេដៃដោយអតីតគ្រូបង្រៀនចំនួន ១១ នាក់នោះ បញ្ជាក់ទៀតថា បន្ទាប់ពីពួកគាត់អស់តួនាទីនៅក្របខ័ណ្ឌថ្មី ពួកគាត់បានដាក់ពាក្យស្នើសុំធ្វើការនៅក្របខ័ណ្ឌចាស់ គឺក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡាវិញ តែក្រសួងបានចេញប្រកាសស្ដីពីការលុបឈ្មោះ បុគ្គលិកអប់រំ ចុះកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ ដោយចោទប្រកាន់ថា ទៅលើពួកគាត់ថា បោះបង់ចោលការងារ និងមួយចំនួនទៀតគឺអវត្តមានដោយគ្មានច្បាប់អនុញ្ញាត ។

អតីតគ្រូបង្រៀនទាំងនេះហៅការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ថាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ណាស់ ។ យ៉ាងណា ពួកគាត់បញ្ជាក់ថា ពួកគាត់មិនប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ 

លោក រ៉ុង ឈុនថា ការលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡានេះ មិនបានអនុវត្តទៅតាមនីតិវិធីរដ្ឋបាល ដូចមានចែងក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជាការសីវ៉ិល មាត្រា  ៤០  និងមាត្រា ៤៧ ក៏ដូចជាមានបញ្ហាមិនប្រក្រតីច្រើន ។

លោក រ៉ុង ឈុន បញ្ជាក់ទៀតថា លោកបានដាក់ពាក្យទៅក្រសួងអប់រំ ក៏ដូចជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ តែមិនមានការឆ្លើយតប និងគ្មានដំណោះស្រាយសម្រាប់ពួកគាត់នោះទេ។

យ៉ាងណាមិញ ពួកគាត់បានភ្ជាប់ជាមួយនូវ ភស្តុតាងមួយចំនួនដូចជា សេចក្ដីចម្លងលិខិត របស់សហភាពសហជីពកម្ពុជា, សេចក្ដីចម្លងលិខិតសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ, សេចក្ដីចម្លងពាក្យសុំអនុញ្ញាតច្បាប់ចូលបម្រើការងារវិញ, សេចក្ដីចម្លងប្រកាសស្ដីពីការដាក់មន្ត្រីរាជការស្ថិតក្រៅក្របខ័ណ្ឌដើមនៃក្រសួងអប់រំយុវជន និងកីឡា និងសេចក្ដីចម្លងប្រកាសស្ដីពីការលុបឈ្មោះបុគ្គលិកអប់រំ ។

លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា នៅថ្ងៃទី  ១៦ ខែមករា នេះថា អ្វីដែលក្រសួងអប់រំបានធ្វើគឺធ្វើទៅតាមនីតិវិធី និងច្បាប់ដែលចូលជាធរមាន ។

លោកបន្ថែមថា ការការដាក់ពាក្យប្ដឹងរបស់គ្រូទាំង ១១ នាក់នោះ គឺជាសិទ្ធិរបស់ពួកគាត់ ។

ការលុបឈ្មោះបុគ្គលអប់រំចេញពីក្របខ័ណ្ឌនេះ មានចំនួន ១៣ នាក់ ។ ថ្មីៗនេះ ក៏មានការដក និងដូរដំណែងគ្រូបង្រៀនចំនួនពីរនាក់នៅខេត្តកំពុងធំផងដែរ ដែលលោកគ្រូទាំងពីរថា ជាការធ្វើឡើងមិនមានភាពត្រឹមត្រូវធ្វើឡើងដោយសារខុសនិន្នាការនយោបាយជាដើម ៕

អត្តបទដោយ៖ សោម លាភ        

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត