en     km
en     km

ពលរដ្ឋភូមិរំចេកសាទរក្រោយមុខសញ្ញាល្បីខាងជួញដូរថ្នាំញៀនត្រូវបង្ក្រាប ខណៈសមត្ថកិច្ចផ្ញើសារឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន

Share

ព្រះវិហារ៖ នៅទីបំផុតមុខសញ្ញាជួញដូរថ្នាំញៀនដ៏ល្បីប្រចាំភូមិពីរនាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះបង្រ្កាបហើយ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយទទួលដំណឹងនេះ ប្រជាពលរដ្ឋសម្តែងការសាទរ ព្រោះកន្លងមកដោយសារតែបញ្ហាចរាចរគ្រឿងនេះ ទើបបង្កឱ្យមានអសន្តិសុខក្នុងមូលដ្ឋាន ហើយយុវជនក្លាយជាមនុស្សពាលាដើរអុកឡុកក្នុងភូមិបង្កជាភាពអនាធិបតេយ្យ។

សកម្មភាពសមត្ថកិច្ចចុះបង្ក្រាបជនសង្ស័យករណីជួញដូរថ្នាំញៀន។រូបភាពពី មាន សុវណ្ណារិទ្ធ។

លោក ប៉ាត ណាល់ អាយុ ៥៧ឆ្នាំ រស់នៅក្នុងភូមិរំចេកប្រាប់សិក្ខាកាមវិទ្យុស្រ្តីឱ្យដឹងថា កន្លងមកមុខសញ្ញាជួញដូរថ្នាំញៀន ២នាក់ប្ដីប្រពន្ធនេះ បានប្រព្រឹត្តិទង្វើខុសច្បាប់ដោយចែកចាយថ្នាំញៀនទៅកាន់យុវជនមួយចំនួន ហើយពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ។ លោក ប៉ាត ណាល់ សម្តែងក្តីសប្បាយរីករាយ បន្ទាប់ពីទទួលដំណឹងថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចុះបង្រ្កាប ឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ សម្តែងការសាទរដ្បិតថា ដោយសារតែបញ្ហាចរាចរគ្រឿងញៀននេះហើយ ទើបធ្វើឱ្យយុវវ័យមួយចំនួនក្នុងភូមិក្លាយខ្លួនជាមនុស្សឆ្កួតលីលា បង្កហិង្សាដើរវាយតបគ្នា និងមានករណី លួច ឆក់ ទ្រព្យសម្បត្តិអ្នកភូមិកើតឡើងជាដើម ដោយប្រការនេះធ្វើឱ្យមូលដ្ឋានបាត់បង់សណ្តាប់ធ្នាប់ និងអសន្តិសុខយ៉ាងខ្លាំង។

លោក ប៉ាត ណាល់ ៖«ឲ្យតែពេលរសៀល រហូតដល់យប់គឺមានក្មេងមកទទួលថ្នាំពី ២នាក់ប្ដីប្រពន្ធនោះហើយពួកគេចាក់បាស់ ផឹកស៊ី តែតាមពិតលក់ថ្នាំនោះទេ»។លោកបញ្ជាក់ទៀតថា៖«កន្លងមកខ្ញុំបានទៅចូលរួមផឹកស៊ីនៅផ្ទះនោះដែរ តែក្រោយពីឃើញទង្វើលអាក្រក់ខាងលើនោះក៏លែងហ៊ានទៅចូលរួមទៀតហើយ»។

ជនសង្ស័យពីរនាក់ប្តីប្រពន្ធត្រូវសមត្ថកិច្ចវាយខ្នោះ។ រូបភាពពី មាន សុវណ្ណារិទ្ធ។

ចំណែកអ្នកស្រី ហេង ស៊ីថា អាយុ ៥៥ឆ្នាំ រស់នៅភូមិរំចេកផងដែរនោះនិយាយថា មុនពេលមានការបង្ក្រាបករណីចរាចរថ្នាំញៀននេះ អ្នកស្រីពុំហ៊ានចេញដើរទីណាយប់ព្រលប់នោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនដែលបង្កដោយក្រុមក្មេងទំនើងដែលញៀនថ្នាំក្នុងភូមិ។ អ្នកស្រីថា កន្លងមកមានករណីអ្នកញៀនថ្នាំខ្លះបានបង្កហិង្សាលើប្រពន្ធ កូន និងក្មេងខ្លះបង្កហិង្សាជាមួយបងប្អូន ឪពុក ម្តាយ និងឈានដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះក៏មាន។

អ្នកស្រី ហេង ស៊ីថា សប្បាយចិត្តពេលអ្នកលក់ថ្នាំញៀនត្រូវបានចាប់ខ្លួន។ រូបភាពពី មាន សុវណ្ណារិទ្ធ។

ជុំវិញរឿងនេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានផ្ញើសារមកកាន់យុវជនទាំងអស់ឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវរាយការណ៍មកកម្លាំងអាវុធហត្ថ ដើម្បីចុះបង្ក្រាបបានទាន់ពេលវេលា ពោលគឺយុវជនត្រូវចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់គ្រឿងញៀន។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ។រូបភាពពី មាន សុវណ្ណារិទ្ធ។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយវត្ថុតាង រួមមាន ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន១០កញ្ចប់ ទូរស័ព្ទចំនួន ០៣គ្រឿង ស្លាកលេខម៉ូតូ០១ លុយចំនួន៤៧០ ០០០រៀល កង់ម៉ូតូចំនួន០៤គូរ ខោអាវម៉ូតូ(ជ័រ)មួយចំនួន និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទខ្លី សរសេរដោយ  មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង