en     km
en     km

មន្រ្តីពាក់ព័ន្ធសហការចុះអប់រំបញ្ហាជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ៤ នៃខេត្តបាត់ដំបង

Share

ខេត្តបាត់ដំបង៖ កាលពីពេលថ្មីៗនេះ គណៈកម្មការទទួលបន្ទុក កិច្ចការនារី និងកុមារ (គ.ក.ន.ក)និងបុគ្គលិកមណ្ឌលសុខភាពឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានសហការគ្នាចុះអប់រំ ផ្សព្វផ្សាយទប់ស្កាត់បញ្ហាជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចម្លងចូលក្នុងសហគមន៍។

មន្រ្តីពាក់ព័ន្ធកំពុងណែនាំពលរដ្ឋពីបញ្ហាជំងឺកូវីដ-១៩ និងការការពារពីជំងឺនេះ។

កិច្ចសហការចុះអប់រំរបស់មន្រ្តីពាក់ព័ន្ធនេះ ធ្វើឡើងនៅក្នុងភូមិចំនួន ៤ មានភូមិកកោះ ភូមិរំចេក ភូមិទួលព្រំ ១ និងទួលព្រំ ២ ដោយមានការសហការគាំទ្រពីអង្គការខូសហ្វី និងមន្ទីរសុខាភិបាល។

ប្រជាពលរដ្ឋកំពុងស្តាប់ការពន្យល់ពីរបៀបការពារខ្លួនពីជំងឺកូវីដ-១៩។

យោងតាមសម្តីរបស់កញ្ញា តក់ សៅឌី ជាសមាជិកគណៈកម្មការទទួលបន្ទុក កិច្ចការនារី និងកុមារ ប្រចាំឃុំកកោះបានឱ្យដឹងថា ការចុះផ្សព្វផ្សាយប្រជាពលរដ្ឋក្នុងសហគមន៍ពេលនេះ គឺក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានភូមិឃុំ។

សកម្មភាពមន្រ្តីចុះអប់រំពលរដ្ឋតាមផ្ទះពីបញ្ហាកូវីដ-១៩។

ក្នុងបេសសកម្មចុះអប់រំផ្សព្វផ្សាយនេះ ក្រុមការងារមានសកម្មភាពពិនិត្យស្ទង់កម្តៅ វាស់សម្ពាធឈាម និងជូនសាប៊ូជូនប្រជាជន ដើម្បីលាងសម្អាតដៃនិងខ្លួនប្រាណឱ្យមានអនាម័យជាប់ជានិច្ច។

មន្រ្តីពិនិត្យសុខភាពជូនពលរដ្ឋ និងណែនាំពលរដ្ឋការពារជំងឺកូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់ (ស្រី០២នាក់ និងបុរស ១១នាក់)៕

អត្ថបទខ្លីសរសេរដោយ រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

Image
Image
Image