en     km
en     km

បាត់ដំបង៖ កសិករស្នើឱ្យអាជ្ញាធរផ្គត់ផ្គង់ពូជស្រូវក្រោយខូតខាតដោយសារជំនន់ទឹកភ្លៀង

Share

ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តក្រុងចំនួនជាង ១០ផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។ បញ្ហាជំនន់ទឹកភ្លៀងបានបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើន រួមមាន ស្ពាន ថ្នល់ សាលារៀន និងហេដ្ឋានរចនាសម្ព័ន្ធមួយចំនួនទៀត។ ជាងនេះគ្រោះជំនន់ទឹកភ្លៀង ក៏បានបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ក្នុងនោះមាន ផ្ទះសម្បែង សត្វពាហនៈ ពិសេស គឺដំណាំស្រូវ និងដំណាំហូបផ្លែជាច្រើនហិកតា។

ឈរនៅក្នុងស្រែដែលមានទឹកត្រឹមជង្គង់ កសិករមួយក្រុមប្រមាណ ១០នាក់ក្នុងដៃប្រដាប់ដោយកណ្តៀវកំពុងមូលដៃគ្នាច្រូតស្រូវ ដែលគ្រាប់ស្រូវខ្លះខូចរលួយនិងខ្លះដុះពន្លកដោយអន្លើៗ ព្រោះត្រូវទឹកភ្លៀងជន់លិចកាលពីប៉ុន្មានថ្ងៃមុននោះ។

កសិករឃុំកកោះកំពុងច្រូតស្រូវប្រមូលផលដែលត្រូវទឹកលិចខូច។

កសិករខ្លះមានពាក់មួក ខ្លះរុំក្បាលដោយកូនកន្សែង ដើម្បីការពារកម្តៅព្រះសូរិយា ពួកគេបានច្រូតស្រូវដាក់ក្នុងសំពត់កៅស៊ូ(តង់កៅស៊ូ) ក្នុងកាយវិការមួយៗហាក់អស់កម្លាំងនិងអស់សង្ឃឹម ព្រោះផលស្រូវនៅឆ្នាំនេះត្រូវខូចខាតអស់ដោយសារជំនន់ទឹកភ្លៀង។

លោក រឿម រឿប​ កសិករមួយរូបរស់នៅឃុំកកោះ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង និងជាកសិករមួយរូបក្នុងចំណោមកសិករដែលកំពុងច្រូតស្រូវខាងលើបានឱ្យដឹងថា​ ទាំងលោក និងកសិករផ្សេងទៀត រងផលប៉ះពាល់ផ្នែកជីវភាព ព្រោះបញ្ហាជំនន់ទឹកភ្លៀងបានបង្កការខូចខាតទាំងផលដំណាំ និងព្រទ្យសម្បត្តិមួយចំនួនទៀត។

លោកឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលដែលប្រជាកសិករក្នុងកំពុងជួបផលលំបាកនេះ ម្ចាស់ម៉ាស៊ីនគោយន្តមួយចំនួននៅតែមិនយោគយល់បន្ថូរប​ន្ថយថ្លៃជួលនោះទេ ពោល គឺយកតំម្លៃពេញក្នុងមួយបាវស្រូវតម្លៃមួយម៉ឺនរៀលដដែរ។

ស្រូវកសិករត្រូវខូចព្រោះជំនន់ទឹកភ្លៀង។

អ្វីដែលបង្កការលំបាកជាងនេះទៅទៀតនោះ គឺស្រូវដែលដាំបំរុងទុកធ្វើពូជនៅឆ្នាំក្រោយ ត្រូវលិចទឹកខូចអស់​ ហើយស្រូវដាំសម្រាប់ទុកហូបក៏ខូចផងដែរ។

កសិករដែលរស់នៅឃុំកកោះ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង រូបនេះ ស្នើសុំឱ្យមន្រ្តីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ជួយផ្គត់ផ្គង់នូវស្បៀងអាហារ និងជួយដោះស្រាយផ្គត់ផ្គង់ជាស្រូវពូជសម្រាប់ឱ្យប្រជាកសិករអាចមានលទ្ធភាពបន្តការដាំដុះស្រូវនៅឆ្នាំក្រោយនេះ។

  យោងតាមទិន្នន័យផលប៉ះពាល់ខូតខាតដោយជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី១ តុលា ដល់ថ្ងៃទី១៩ តុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា យ៉ាងហោចមានខេត្តក្រុងចំនួន១៩ សរុបមាន៩១ស្រុកទូទាំងប្រទេសត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងនោះរួមមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កមពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។​

ដោយឡែកខេត្តបាត់ដំបងរងផលប៉ះពាល់ដល់ស្រុកចំនួន១៤ ឃុំចំនួន៩៨ ប្រជាជនប៉ះពាល់ចំនួន១៥៨៦២គ្រួសារ ជម្លៀសប្រជាជនចំនួន១២៣៤គ្រួសារ។ ក្នុងនោះប៉ះពាល់ផ្ទះចំនួន១៥២៩០ខ្នង សាលារៀន៣១៦។ ជម្លៀសសត្វពាហនៈចំនួន១៩០៨៤ក្បាល លិច សន្ទូង ១០៩១០៣ ហិកតា ប៉ះពាល់ដំណាំផ្សេងៗ៥៥០១៣ហិកតា ផ្លូវជាតិ និងផ្លូវខេត្តប៉ះពាល់១១៥០១៣ម៉ែត្រ ផ្លូវលំជនបទប៉ះពាល់១០៧៦០០០ម៉ែត្រ ប៉ះពាល់ទំនប់មេចំនួន១០០ ប្រឡាយមេចំនួន១៣៥៨៥ ប្រឡាយស្រោចស្រព៨០៣៤៥ ប្រឡាយរង៤៨៤៦៩៕

អត្ថបទខ្លីសរសេរដោយ រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW) ។

Share

Image
Image
Image