en     km
en     km

ខេត្តបាត់ដំបង៖ ពលរដ្ឋភូមិមួយរួមគ្នាសង់ស្ពានក្រោយជំនន់ទឹកភ្លៀងហូរបាក់

Share

​បាត់ដំបង៖ បន្ទាប់បញ្ហាជំនន់ទឹកភ្លៀងបានបង្កការខូតខាត ស្ពាន ថ្នល់ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងឃុំស្រុកមួយចំនួនស្ថិតក្នុងខេត្តបាត់ដំបង ​ ប្រជាពលរដ្ឋភូមិមួយគឺ ភូមិព្រានដិន ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រមូលកម្លាំងគ្នាសាងសង់ស្ពានឈើមួយដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។

រូបភាពស្ពានដែលប្រជាពលរដ្ឋរួមគ្នាសាងសង់។

ស្ពានដែលប្រជាពលរដ្ឋក្នុងភូមិរួមគ្នាសាងសង់នេះ មានប្រវែង ១៥ ម៉ែត្រ។ ចំណែកសម្ភាសន៍សម្រាប់សាងសង់ស្ពានវិញ គឺជាការចូលរួមបដិភាគពីប្រជាពលរដ្ឋក្នុងភូមិមានដូចជា ដើមត្នោត កំណាត់ឈើ

ការ៉ុងច្រកដីទប់ទឹក ខ្សែវៀន ដែកគោល ជាពិសេស គឺការចូលរួមជាកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋក្នុងភូមិមានប្រមាណ​ ២០នាក់។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាននេះបានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរួមគ្នាសាង សង់ស្ពានរួចមក ឃើរញថា មានភាពងាយស្រួលធ្វើដំណើរទៅប្រកប​ការងារកសិកម្ម និងលក់ដូរទំនិញផ្សេងៗ ចំណែកសិស្សានិសិស្សក៏ទៅសាលាបានលឿនជាងមុន និងមានសុវត្ថិភាព។

ពលរដ្ឋក្នុងភូមិចូលរួមសាមគ្គីគ្នាធ្វើស្ពានដើម្បីងាយធ្វើដំណើរ។

យោងតាមទិន្នន័យផលប៉ះពាល់ខូតខាតដោយជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី១ តុលា ដល់ថ្ងៃទី១៩ តុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា យ៉ាងហោចមានខេត្តក្រុងចំនួន១៩ សរុបមាន៩១ស្រុកទូទាំងប្រទេសត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងនោះរួមមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កមពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។​

ដោយឡែកខេត្តបាត់ដំបងរងផលប៉ះពាល់ដល់ស្រុកចំនួន១៤ ឃុំចំនួន៩៨ ប្រជាជនប៉ះពាល់ចំនួន១៥៨៦២គ្រួសារ ជម្លៀសប្រជាជនចំនួន១២៣៤គ្រួសារ។ ក្នុងនោះប៉ះពាល់ផ្ទះចំនួន១៥២៩០ខ្នង សាលារៀន៣១៦។ ជម្លៀសសត្វពាហនៈចំនួន១៩០៨៤ក្បាល លិច សន្ទូង ១០៩១០៣ ហិកតា ប៉ះពាល់ដំណាំផ្សេងៗ៥៥០១៣ហិកតា ផ្លូវជាតិ និងផ្លូវខេត្តប៉ះពាល់១១៥០១៣ម៉ែត្រ ផ្លូវលំជនបទប៉ះពាល់១០៧៦០០០ម៉ែត្រ ប៉ះពាល់ទំនប់មេចំនួន១០០ ប្រឡាយមេចំនួន១៣៥៨៥ ប្រឡាយស្រោចស្រព៨០៣៤៥ ប្រឡាយរង៤៨៤៦៩៕

អត្ថបទខ្លីសរសេរដោយ  រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

Image
Image
Image