en     km
en     km

ប្រជាពលរដ្ឋភូមិអូរតាសេកទទួលបានផ្លូវថ្មីក្រាលក្រួសក្រហមមួយខ្សែងាយស្រួលធ្វើដំណើរ

Share

កំពង់ធំ៖ ការលំបាកធ្វើដំណើរទៅធ្វើការងារ ទៅស្រែចម្ការ និងទៅសាលារៀន លែងជាក្តីកង្វល់ហើយសម្រាប់ប្រជាពលរដ្ឋក្នុងភូមិអូតាសេក និងភូមិផ្សេងទៀត ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានជួសជុលផ្លូវក្រាលក្រួសក្រហមឡើងវិញ។ ប្រជាពលរដ្ឋក្នុងភូមិខាងលើប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ពួកគេរីករាយដែលអាជ្ញាធរបានយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ពលរដ្ឋ ខណៈផ្លូវមួយខ្សែនេះរងការខូចខាតយ៉ាងដំណំក្រោយមានទឹកជំនន់ប្រហែល៣ឆ្នាំមកហើយ។

សកម្មភាពជួសជុលផ្លូវក្រាលក្រួសក្រហមក្រោយរងការខូចខាតដោយសារទឹកជំនន់។ រូបភាព ប៉ុន ចាន់ថន។

បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពង់ធំ បាននិងកំពុងបន្តយកចិត្តទុកដាក់លើការជួសជុលស្ថាបនាផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅប្រកបការងាររកស៊ី ទៅស្រែចម្ការ ហើយសិស្សានុសិស្សងាយស្រួលទៅសាលារៀនទាន់ពេលផងដែរ។ ជាក់ស្តែងផ្លូវមួយខ្សែប្រវែង ៤៥០ម៉ែត្រដែលកំពុងជួសជុលក្រាលក្រួសក្រហមនេះ ស្ថិតនៅក្នុងភូមិអូតាសេក ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី និងមន្រ្តីខេត្តកំពង់ធំ ក្នុងការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវនានាត្រូវខូចខាតដោយសារទឹកជំនន់កាលពីពេលកន្លងទៅ។

សកម្មភាពជួសជុលផ្លូវក្រាលក្រួសក្រហមក្រោយរងការខូចខាតដោយសារទឹកជំនន់។ រូបភាព ប៉ុន ចាន់ថន។

សិស្សានុសិស្សមួយចំនួនសិក្សានៅបឋមសិក្សាអូរតាសេកដែលសិក្ខាកាមវិទ្យុស្រ្តីបានជួបសម្ភាសន៍លើកឡើងថា កាលមិនទាន់មានការជួសជុលផ្លូវមួយខ្សែនេះ សិស្សានុសិស្សលំបាកធ្វើដំណើរទៅសិក្សាខ្លាំងណាស់ ហើយសិស្សខ្លះត្រូវសម្រេចផ្អាកសិក្សាមួយរយៈ ព្រោះខ្លាចប្រទះគ្រោះថ្នាក់ពេលធ្វើដំណើរទៅរៀន។

កុមារី សាត លីដា៖«កាលពីមុនទឹកបានជន់លិចផ្លូវ លិចសាលារៀន ខូចផ្លូវអស់។ពេលជិះកង់ទៅរៀនមានបញ្ហារអិល ជិះដួលប្រឡាកខោអាវមិនអាចទៅសាលាបាន។ឥឡូវសប្បាយចិត្តពេលគេឈូសផ្លូវស្អាតស្រួលទៅសាលា»។

សិស្សានុសិស្សសាលាបឋមសិក្សាអូរតាសេកសម្តែងក្តីរីករាយពេលទទួលបានផ្លូវថ្មីងាយស្រួលដើរ ជិះកង់ ម៉ូតូ ទៅសាលារៀនទាន់ពេល។ រូបភាព ប៉ុន ចាន់ថន។

ជាមួយគ្នានេះដែរ លោក ឡេង សីហា នាយកសាលាបឋមសិក្សាអូរតាសេកប្រាប់ឱ្យដឹងថា រយៈពេលជាងបីឆ្នាំចុងក្រោយនេះ បញ្ហាទឹកជំនន់បានបង្កឱ្យផ្លូវរងការខូចខាតជាច្រើន ដែលប្រការនេះធ្វើឱ្យសិស្សានុសិស្សមិនអាចធ្វើដំណើរមករៀនបានទៀងទាត់។ នាយកសាលារូបនេះបញ្ជាក់ថា ខាងសាលាក៏បានប្រើវិធីសាស្រ្តបង្រៀនតាមបណ្ដុំក្នុងភូមិផងដែរ តែការបង្រៀនបែបនេះពុំសូវមានប្រសិទ្ធភាពដូចការបង្រៀននៅសាលារៀននោះទេ។

លោក ឡេង សីហា ថ្លែងអំណរគុណដល់អាជ្ញាធរខេត្តដែលបានយកចិត្តទុកជួសជុលផ្លូវមួយខ្សែនេះឡើងវិញ ដែលអាចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្មេងៗសិស្សសាលាអាចធ្វើដំណើរត្រឡប់មកចូលរៀនវិញនិងមានសុវត្ថិភាពពេលទៅរៀន។

លោក ឡេង សីហា៖«អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានដុតដៃដុតជើងយកចិត្តទុកដាក់លើបញ្ហាផ្លូវជូនពលរដ្ឋ ពិសេសសិស្សានុសិស្ស តាមរយៈការជួសជុលផ្លូវនេះ។ ផ្លូវនេះធំនិងខ្ពស់អាចលែងមានបញ្ហានៅឆ្នាំក្រោយ ហើយសិស្សដែលឈប់រៀនព្រោះលំបាកធ្វើដំណើរមករៀន ពួកគេនឹងអាចត្រឡប់មកចូលរួមវិញមិនខាន»។

លោក ឡេង សីហា(ស្តាំ)នាយកសាលាបឋមសិក្សាអូរតាសេក និងលោក ឆាយ ធី ប្រជាពលរដ្ឋ។ រូបភាព ប៉ុន ចាន់ថន។

រីឯលោក ឆាយ ធី ប្រជាពលរដ្ឋរស់នៅខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និយាយថា ប្រជាពលរដ្ឋក្នុងភូមិពិសេសសិស្សសាលារងការលំបាកធ្វើដំណើររយៈពេលជាង ៣ឆ្នាំមកហើយ ដោយស្ថានភាពផ្លូវដាច់ដោយកន្លែង មានជង្ហុកធំៗ និងមានភាពរអិលពេលភ្លៀងធ្លាក់ បន្ទាប់រងការជន់លិចស្ទើររាល់ឆ្នាំ។ ជាងនេះលោកចាត់ទុកការជួសជុលផ្លូវមួយខ្សែនេះ ប្រៀបបានជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងច្រើន ខណៈប្រជាពលរដ្ឋអាស្រ័យផ្លូវនេះធ្វើដំណើរទៅប្រកបការងាររកស៊ី ការងារកសិកម្ម ពិសេសការដឹកជញ្ជួនទំនិញ​ជាដើម។

លោក ឆាយ ធី៖«ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចប្រើប្រាស់ជិះទៅធ្វើស្រែប្រាំងនៅតំបន់នេះ ដែលពីមុនមានការពិបាកជិះទៅមក តែឥឡូវលែងពិបាកហើយព្រោះអាជ្ញាធរបានធ្វើឡើងវិញ ក៏សូមអរគុណថ្នាក់ដឹកដែលយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ»។

សកម្មភាពជួសជុលផ្លូវក្រាលក្រួសក្រហមក្រោយរងការខូចខាតដោយសារទឹកជំនន់។ រូបភាព ប៉ុន ចាន់ថន។

សូមបញ្ជាក់ថា ការជួសជុលនិងកែលម្អផ្លូវលំក្រាលក្រួសក្រហមមួយខ្សែប្រវែង ៤៥០ម៉ែត្រនេះ ជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញពីអភិបាលខេត្តកំពង់ធំ។ ផ្លូវមួយខ្សែនេះដែរត្រូវរងការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០២១ មកម្លេះ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសិស្សា នុសិស្សធ្វើដំណើរទៅសាលារៀន និងដឹកកសិផលនានានៅរដូវភ្លៀងធ្លាក់ជារៀងរាល់ឆ្នាំ៕

អត្ថបទខ្លីសរសេរដោយ ប៉ុន ចាន់ថន   សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង