ភ្នំពេញ៖ តំណាងជនជាតិដើមភាគតិចភូមិដងផ្លិត និង ភូមិណារ៉ុង ក្នុងខេត្តព្រះវិហាររាយការណ៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៥ ខែមីនា នេះថា ពួកគេនៅតែត្រូវបានសមត្ថកិច្ចបន្តរារាំងមិនឱ្យចូលព្រៃដើម្បីរកអនុផលព្រៃឈើដដែល បើទោះបីជាពួកគេធ្លាប់អំពាវនាវតាមរយៈសន្និសីទសារព័ត៌មានក៏ដោយ។ យ៉ាងណាជុំវិញករណីនេះ មន្រ្តីរដ្ឋបាលខេត្តព្រះវិហារតបថា នេះជាសកម្មភាពទប់ស្កាត់ជនខិលខូចកុំឱ្យបន្តឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិបន្តទៀតតែប៉ុណ្ណោះ ដ្បិតនៅសប្តាហ៍ក្រោយនេះ ក្រុមការងារពីក្រសួងដែនដីនឹងចុះវាស់វែងផ្ទៃដីជាក់ស្តែងរបស់ពលរដ្ឋដែលមកសុំធ្វើស្វ័យប្រកាសឈានទៅដល់ប្លង់កម្មសិទ្ធិជាក់លាក់។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
បើទោះបីជាតំណាងជនជាតិដើមភាគតិចភូមិដងផ្លិតនិងភូមិណារ៉ុង ស្ថិតក្នុងខេត្តព្រះវិហារ ប្រឹងធ្វើដំណើរឡើងមករាជធានីភ្នំពេញ ធ្វើសន្និសីទកាសែតកាលពីថ្ងៃច័ន្ទអំពាវនាវឱ្យមន្រ្តីនិងសមត្ថកិច្ចខេត្តព្រះវិហារកុំបន្តរារាំងពលរដ្ឋចូលទៅកាន់ព្រៃដើម្បីរកអនុផលព្រៃឈើយ៉ាងណាក៏ដោយ តែក៏នៅតែមានវត្តមានកងកម្លាំងប្រចាំការនៅទីនោះហាមឃាត់ពលរដ្ឋដដែរ។ នេះជាការបញ្ជាក់របស់លោក សោម ណៃ តំណាងពលរដ្ឋភូមិដងផ្លិតប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះ។
លោក សោម ណៃ បន្តថា ទោះបីជាក្រុមប្រជាពលរដ្ឋបានប្រកាសតាមរយៈសន្និសីទសារព័ត៌មានក្តី តែហាក់ពុំមានការឆ្លើយតបណាមួយសោះ ដោយកងកម្លាំងនៅតែបន្តប្រចាំការហាមមិនឱ្យពលរដ្ឋចូលព្រៃរកអនុផលព្រៃឈើនោះទេ។ លោកថា ជីវភាពពលរដ្ឋមួយផ្នែកគឺពឹងលើការចូលរកអនុផលព្រៃឈើតួយ៉ាង ដកផ្សិត រកបន្លែព្រៃ ត្រី សាច់ បោចវល្ល័ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាព ដូច្នេះហើយ ការរារាំងនេះប្រៀបបានដូចកាត់ផ្តាច់ចំណូលរបស់ពលរដ្ឋដូច្នោះដែរ។ មួយវិញទៀតលោកថា ថ្មីៗនេះលោកសង្កេតឃើញមានរថយន្តទាហានច្រើនគ្រឿងដឹកឈើចេញពីតំបន់ព្រៃនេះផងដែរ។
សំឡេងលោក សោម ណៃ៖
សូមរំលឹកបន្តិចថា ព្រៃដែលកំពុងមានការយាមកានេះ ស្ថិតនៅចំណុចព្រលានដៀវ ដែលភាគីខាងពលរដ្ឋតែងអះអាងថា ពួកគេធ្លាប់បានអាស្រ័យផលតាំងពីដូនតាមកម្ល៉េះ។ ប៉ុន្តែ ក្រោយមកត្រូវបានបុគ្គលមានធនធានម្នាក់ដើរទិញពីពលរដ្ឋ ហើយធ្វើការឈូសឆាយបំពានលើព្រៃនោះ។ សម្រាប់ក្រុមពលរដ្ឋនៅតែទទូចចង់ឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ដាក់ព្រៃសហគមន៍ដែលធ្លាប់អាស្រ័យផលនោះ ជាព្រៃសមូហភាព ជាជាងបែងចែកកម្មសិទ្ធិដោយឡែកៗ។
លោក សោម ណៃ បញ្ជាក់បន្ថែម៖
ជុំវិញករណីដែលអាជ្ញាធរដាក់កម្លាំងយាមកានៅទីនោះ អ្នកនាំពាក្យសាលាខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា តបថា ដោយសារតែមួយរយៈនេះ មានជនខិលខូចបានចូលព្រៃដើម្បីកាប់ឈើទន្ទ្រានដីធ្វើកម្មសិទ្ធិដែលនាំឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យនានា ខណៈសប្តាហ៍ក្រោយនេះមន្ត្រីពីក្រសួងដែនដីនឹងចុះមកពិនិត្យកំណត់ព្រំកម្មសិទ្ធិជូនពលរដ្ឋដែលបានធ្វើស្វ័យប្រកាស។
ប្រសាសន៍លោក គឹម ចាន់បញ្ញា ៖
អ្នកនាំពាក្យសាលាខេត្តព្រះវិហារបញ្ជាក់ថា កន្លងមកនេះអាជ្ញាធរខេត្តនិងស្រុកបានសហការប្រកាសឱ្យពលរដ្ឋដែលជាម្ចាស់ដីពិតប្រាកដដាក់ពាក្យធ្វើស្វ័យប្រកាសហើយមកទល់ពេលនេះ មានគ្រួសារចំនួន៥៦គ្រួសារបានមកធ្វើស្វ័យប្រកាសឈានទៅទទួលបានកាន់សិទ្ធិជាក់លាក់។ សម្រាប់ប្រជាពលរដ្ឋដែលតែងចេញតវ៉ា ដើរដាក់ញត្តិ ធ្វើសន្និសីទកាសែតនេះ គឺជាប្រជាពលរដ្ឋចំណូលថ្មីដែលតាំងខ្លួនជាពលរដ្ឋម្ចាស់ស្រុកហើយពុំមានឯកសារច្បាស់លាស់នោះទេ។ លោកបន្ថែមថា ប្រការដែលពួកគេចង់ឱ្យអាជ្ញាធរដាក់ដីព្រៃជាសម្បត្តិសមូហភាព ដ្បិតពួកគេនឹងអាចគេងចំណេញដីព្រៃសម្រាប់ធ្វើកម្មសិទ្ធិនៅថ្ងៃក្រោយតែប៉ុណ្ណោះ។
ប្រសាសន៍លោក គឹម ចាន់បញ្ញា ៖
អ្នកនាំពាក្យខេត្តព្រះវិហារបញ្ជាក់ថា ពលរដ្ឋដែលតែងតាំងខ្លួនជាម្ចាស់ស្រុកតែពុំមានឯកសារគ្រប់គ្រាន់នឹងមិនបានមកធ្វើស្វ័យប្រកាសគឺប្រឈមមុខនឹងការមិនទទួលបានដីអ្វីនោះទេក្រោយមន្រ្តីពីក្រសួងដែនដីអនុវត្តការងារចប់សព្វគ្រប់។ តែយ៉ាងណា ពួកគេអាចមកទាក់ទងអាជ្ញាធរមូលដ្ឋាននៅពេលក្រោយដើម្បីរៀបចំបែបបទឡើងវិញក្នុងការសុំសិទ្ធិអាស្រ័យផល ឬស្នើសុំដីអាស្រ័យផលតាមរយៈគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាលដែលប្រកាសផ្តល់ដីជូនពលរដ្ឋក្រីក្ររស់នៅ៕