en     km
en     km

ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យស្នើអាជ្ញាធរពិនិត្យរោងចក្រមួយកន្លែងករណីតបញ្ចេញផ្សែងពុលប៉ះពាល់សុខភាព  

Share

សិស្សនិស្សិត និងពលរដ្ឋ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្នើឱ្យអាជ្ញាធរជួយដោះស្រាយ និងពិនិត្យមើលរោងចក្រមួយកន្លែងដែលបញ្ចេញផ្សែងពុលជាច្រើន ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងសុខភាពរបស់ពួកគេ។ យ៉ាងណាអាជ្ញាធរខណ្ឌ ប្រាប់វិទ្យុស្រ្តីថា បញ្ហានេះកំពុងចាត់ឱ្យមន្ត្រីមូលដ្ឋានចុះទៅពិនិត្យទីតាំងកើតហេតុនៅរសៀលថ្ងៃទី០៦ ខែមីនានេះ។

ការស្នើបែបនេះ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ «Tav Seav» បានសរសេរបង្ហោះកាលពីថ្ងៃទី៤ ខែមីនានេះ ដោយអះអាងថា ខ្លួនជាសិស្សនិស្សិតដែលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានរងផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដោយសារមានរោងចក្រមួយនៅក្បែរវិទ្យាស្ថាននេះ បញ្ចេញផ្សែងពុលជាច្រើន។ គណនីហ្វេសប៊ុកដដែលនេះ សរសេរបន្តទៀតថា ផ្សែងពុលនេះ ក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ការសិក្សារបស់និស្សិត ដោយពេលខ្លះ និស្សិតត្រូវសុំលោកគ្រូ​-អ្នកគ្រូចេញពីរៀនមុនម៉ោង ពីព្រោះតែទ្រាំទ្រនិងផ្សែងពុលនេះមិនបាន។

គណនីហ្វេសប៊ុកខាងលើស្នើឱ្យអាជ្ញាធរជួយដោះស្រាយនៅបញ្ហាដែលខ្លួនបានសរសេររៀបរាប់នេះផង ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព និងការសិក្សារបស់ពួកគេជាបន្តទៅទៀត។

ជុំវិញរឿងនេះ លោក ប៉ាង លីដា អភិបាលរងទទួលបន្ទុកការងារ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យសង្គម នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៦ ខែមីនានេះថា លោកនឹងចាត់ឱ្យអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលករណីដែលមានរោងចក្របញ្ចេញផ្សែងពុលនេះ។ ជាមួយគ្នានេះវិទ្យុស្ដ្រីក៏បានព្យាយាមសួរលោកថាដឹងព័ត៌មានពីរោងចក្របញ្ចេញផ្សែងពុលនេះទេ លោកបែរជាមិនឆ្លើយតប ដោយចុចបិទទូរស័ព្ទភ្លាមៗ។

លោក ប៉ាង លីដា៖ «បាទចាំមើលខ្ញុំឱ្យគេមើល មើលស្រួលបួលប្រយ័ត្នព្រោះជាប់នៅហ្នឹងអាចជាមួយខណ្ឌព្រែកព្នៅ។ ចាំខ្ញុំឱ្យសង្កាត់ទៅមើល»។

តាមរយៈការសរសេរបង្ហោះនេះ មានគណនីហ្វេសប៊ុកផ្សេងទៀត ក៏អះអាងដែលថា ខ្លួនជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានបញ្ចេញមតិយោបល់ថា ផ្សែងពុលដែលបញ្ចេញពីរោងចក្រនេះ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់ការសិក្សារបស់សិស្សនិស្សិតក្នុងវិទ្យាស្ថាននេះផងដែរ។ ក្រៅពីនេះ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងតំបន់ក្បែររោងចក្រនេះ ក៏ប៉ះពាល់ដល់ផ្លូវដង្ហើមពួកគេ។

គណនីដែលបញ្ចេញមតិនេះ សរសេរថា ក្នុងនាមជាពលរដ្ឋនៅតំបន់នោះ សូមអំពាវនាវដល់អាជ្ញាធរដែនដី ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធទាំងអស់ ជួយពិនិត្យមើលការដំណើរការរោងចក្រដែលបានបញ្ចេញផ្សែងពុលនេះ៕

Share

ព័ត៌មានទាក់ទង