en     km
en     km

ពលរដ្ឋនៅក្រុងប៉ោយប៉ែត ស្នើអាជ្ញាធរនិងក្រុមហ៊ុនដោះស្រាយបញ្ហាខ្វះអគ្គិសនីប្រើប្រាស់

Share

ពលរដ្ឋនៅក្រុងប៉ោយប៉ែត ជួបផលលំបាកទាំងមុខរបរ និងការរស់នៅប្រចាំថ្ងៃ ដោយសារអគ្គិសនីនៅក្នុងក្រុងមួយនេះ ផ្គត់ផ្គង់មិនគ្រប់គ្រាន់ ដោយពលរដ្ឋទាំងនោះស្នើឱ្យអាជ្ញាធរ និងក្រុមហ៊ុនអគ្គិសនីអានកូ ជួយដោះស្រាយបញ្ហាផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

លោក ម៉ានិត គង់ ប្រកបរបរជាជាងជុសជុលម៉ូតូនៅសង្កាត់ប៉ោយប៉ែត ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃ៧ ខែមីនានេះថា បញ្ហាដាច់ចរន្តអគ្គិសនីញឹកញាប់នេះ មិនធ្លាប់មានទេកន្លងមក ហើយឆ្នាំនេះ បញ្ហាបានឡើងតាំងពីខែកុម្ភៈមក ដោយពុំទាន់ឃើញក្រុមហ៊ុន និងអាជ្ញាធររកដំណោះស្រាយនៅឡើយ។ លោកថា ក្នុងមួយថ្ងៃអគ្គិសនីដាច់ពី១០ ទៅ ២០ដង ពោលគឺតាំងពីព្រឹក រហូតទល់យប់ ដោយបញ្ហានេះប៉ះពាល់ដល់មុខរបររកស៊ី ជាពិសេសប៉ះពាល់ដល់ការស់នៅ និងសម្ភារៈមួយចំនួនអាចប្រឈមការខូចខាត។

លោក ម៉ានិត គង់៖ «ទើបតែឆ្នាំហ្នឹងទេ រាល់ឆ្នាំគេផ្ដាច់ មួយកំណាច់ៗអ៊‌ីចឹងវាល្អ ជួបកាល៥ម៉ោងគឺដឹងតែ ៥ម៉ោង តែអានេះអត់ទេ គឺបិទបើក បុកចុះបុកឡើង បុកទៅ បុកមក អ៊‌ីចឹងរបស់របសដែលយើងប្រើប្រាស់ក្នុងផ្ទះរបស់យើងត្រូវបិទដែរ មកបាន ១ម៉ោង ២ម៉ោងបាត់ដាច់ទៀតទៅ។ អ៊‌ីចឹងវាខូចរបស់របរយើងប្រើប្រាស់ ប៉ះពាល់ដល់ការយើងរស់នៅ ដូចយើងធ្វើការខាងម៉ូតូអ៊‌ីចឹងយើងផ្សារៗឱ្យគេអ៊‌ីចឹងវាដាច់បាត់ទៅ វាឆេះប្រដាប់ប្រដាដែលយើងប្រើការ ដល់យប់ក្មេងតូចក្មេងអីទៅ វាហប់»។

ក្រៅពីប៉ះពាល់មុខរបរ និងការរស់នៅហើយ ពលរដ្ឋរូបនេះ អះអាងថា នៅពេលដាច់អគ្គិសនីញឹកញាប់បែបនេះ តែបែរជាត្រូវកើនគីឡូភ្លើងទៅវិញ ប្រការនេះលោកត្រូវចំណាយច្រើនលើការបង់ថ្លៃសេវា ខណៈការផ្គត់ផ្គង់អគ្គិសនីមិនគ្រប់គ្រាន់ជូនពលរដ្ឋ។

លោក ម៉ានិត គង់ ៖ «ដល់អ៊‌ីចឹងរកអត់បាន ដាច់ៗ ដល់គិតលុយឡើងទ្វេគុណនឹងពីរ​ ឱ្យតែភ្លើងដាច់ញឹកអ៊‌ីចឹង។ សំណូមពរឱ្យខាងរដ្ឋាភិបាលជួយមើលអាត្រង់ហ្នឹងផង ហើយក្រុមហ៊ុនអគ្គិសនីអី»។

ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ពលរដ្ឋម្នាក់ទៀតប្រកបរបរបោកគត់សម្លៀកបំពាក់ដោយម៉ាស៊ីនរស់នៅសង្កាត់អូរជ្រៅ ក៏ត្អូញត្អែរពីផលប៉ះពាល់ប្រភពចំណូលផងដែរ ខណៈមុខរបរនេះត្រូវការការផ្គត់ផ្គង់អគ្គិសនីជាចាំបាច់។ លោកបន្តថា ការខ្វះអគ្គិសនីប្រើប្រាស់បែបនេះ ក៏រំខានសុខមាលភាពនិងសុវត្ថិភាពប្រចាំថ្ងៃផងដែរ ដ្បិតសមាជិកគ្រួសារត្រូវមកគេងនៅក្រៅផ្ទះនាពេលយប់ ខណៈម៉ាស៊ីនត្រជាក់និងកង្ហារមិនអាចដំណើរការបាន។

«យើងអាចបង់ហ្នឹងហើយ អត់មានភ្លើងផងហ្នឹង បានអីបោកខោអាវឱ្យភ្ញៀវ ហើយបើយើងទិញម៉ាស៊ីនយើងមានលុយឯណាទិញ បើម៉ាស៊ីនថ្លៃហ្នឹងងាប់ ថ្លៃជួលផ្ទះគេផងជួលអីផង បានលុយឯណា? ក្រែងលោអាជ្ញាធរគាត់ជួយសម្រួលឱ្យវាស្រួល បើមួយថ្ងៃដាច់លែងដាច់៧ ទៅ៨ម៉ោង ពេលភ្លើងមកវិញងាករលត់ៗ ដល់ពេលអ៊‌ីចឹងសូម្បីតែទូទឹកកក ទូបោកយើងអី ភ្លើងបុកមកចុះឡើងអ៊‌ីចឹងវាឆាប់ខូច ដល់អ៊‌ីចឹងយើងពិបាករកស៊ីដែរ»។

ជុំវិញរឿងនេះ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត ប្រាប់វិទ្យុស្ដ្រីដោយលោកទទួលស្គាល់ថា នៅរយៈពេលចុងក្រោយនេះ នៅក្រុងប៉ោយប៉ែតពិតជាមានបញ្ហាដាច់ចរន្តអគ្គិសនីញឹកញាប់មែន ហើយបញ្ហាធ្វើឱ្យពលរដ្ឋបានរអ៊ូរទាំប្រាប់អាជ្ញាធរផងដែរ។សម្រាប់មូលហេតុខ្វះអគ្គិសនីនេះ លោកអភិបាលរងបញ្ជាក់ថា ដោយសារក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី អានកូ ពុំមានអគ្គិសនីគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ ខណៈការប្រើប្រាស់ហក់ឡើងខ្ពស់នារដូវក្តៅនេះ។ តែយ៉ាងណា បញ្ហានេះ ខាងក្រុមហ៊ុនកំពុងពន្លឿនការដោះស្រាយ ដោយជួសជុលពង្រីកបន្ថែមនូវបណ្តាញអគ្គិសនីបន្ថែមទៀត។

លោក ញឹម ផឿង៖ «ពាក់ព័ន្ធនឹងភ្លើងនិយាយជារួមក្រុងនេះ ឃើញប្រជាពលរដ្ឋមានទុក្ខលំបាកអ៊‌ីចេះយើងតែងតែគិតគូរហើយ តែការដោះស្រាយភ្លើងហ្នឹងវាពាក់ព័ន្ធទៅនឹងអាជ្ញាធរអគ្គិសនីកម្ពុជា ព្រោះអាភ្លើងប្រើប្រាស់គ្រប់ ប្រើប្រាស់មិនគ្រប់ យើងជាអាជ្ញាធរយើងពិបាកសន្និដ្ឋានដែរ និយាយជារួមយើងអត់មានបច្ចេកទេសអ៊‌ីចឹងណា។ បញ្ហាដោះស្រាយមានតែយើងជំរុញឱ្យក្រុមហ៊ុនពិនិត្យមើលបណ្ដាញរបស់គាត់ហ្នឹងឯង»។

ជុំវិញបញ្ហាកង្វះខាតសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជូនអតិថជននេះ គឺកាលពីចុងខែកុម្ភៈ ក្រុមហ៊ុន អគ្គិសនីអានកូ ប្រាឌ័រ ក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងមួយថា ដោយសារតែអាកាសធាតុបច្ចុប្បន្នកើនកម្ដៅខ្លាំង ដូច្នេះធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីកាន់តែកើនឡើងខ្ពស់ ប្រការនេះតម្រូវឱ្យក្រុមហ៊ុនផ្អាកផ្គត់ផ្គង់អគ្គិសនីតាមតំបន់ខ្លះនៃក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏បានណែនាំទៅកាន់ក្រុមហ៊ុនអគ្គិសនីអានកូ ឱ្យយកចិត្តទុកដាក់ថែទាំបណ្ដាញអគ្គិសនីរបស់ខ្លួន ពីព្រោះបញ្ហាដាច់ចរន្តអគ្គិសនីក្នុងក្រុងប៉ោយប៉ែតនេះ គឺមកពីក្រុមហ៊ុនអគ្គិសនីអានកូ មិនយកចិត្តទុកដាក់ក្នុងការថែទាំបណ្ដាញអគ្គិសនី ទើបធ្វើឱ្យមានការរអាក់រអួលដល់ដំណើរការផ្គត់ផ្គង់តាមតំបន់ខ្លះៗនៃក្រុងប៉ោយប៉ែត៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង