en     km
en     km

ពលរដ្ឋមិនទាន់ទទួលសំណងនៃគម្រោងវារីអគ្គិសនីស្រែពកក្រោម ៣ ខណៈអាជ្ញាធរបន្ថែមលទ្ធភាពផ្សះផ្សា

Share

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តមណ្ឌលគិរី និងភាគីក្រុមហ៊ុន ព្រមជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចបានបើកវេទិកាសាធារណៈមួយផ្សព្វផ្សាយគោលនយោបាយសំណងនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ នៅមុខសាលាឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជាលទ្ធផល ពលរដ្ឋមិនទាន់យល់ព្រមទៅរស់នៅកន្លែងថ្មីដែលក្រុមហ៊ុនរៀបចំ ហើយចង់បន្តរស់នៅទីតាំងចាស់ដដែល តែមន្រ្តីសាលាខេត្តមណ្ឌលគិរីនឹងព្យាយាមសិក្សាលទ្ធភាពផ្សះផ្សាបន្ថែម ហើយសំណងដោះដូរជាសាច់ប្រាក់ក៏ត្រូវបន្ថែមការសិក្សាផងដែរជាមួយពលរដ្ឋ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ប្រជាពលរដ្ឋឃុំណងឃីលិក ដែលភាគច្រើនជាជនជាតិដើមភាគតិចបានបង្ហាញជំហរក្នុងកម្មវិធីវេទិកាពិគ្រោះយោបល់ដែលមានតំណាងមន្រ្តីខេត្ត និងភាគីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយពួកគេថា មិនចង់ចាកចេញពីភូមិស្រុកកំណើតរបស់ពួកគេនោះទេ ស្របពេលដែលគោលនយោបាយសំណងរបស់ក្រុមហ៊ុននៅមិនទាន់សមាមាត្រនឹងទ្រព្យសម្បត្តិដែលពលរដ្ឋមាន។

នៅដំណាក់កាលដំបូងនៃសិក្សាលទ្ធភាពសំណងជាគោលនយោបាយដោះដូរលំនៅឋានរបស់ជនជាតិដើមភាគតិចនៅឃុំណងឃីលិក ទៅរស់នៅទីតាំងថ្មីរបស់ក្រុមហ៊ុនកំណត់ឱ្យដែលឆ្ងាយពីទីតាំងចាស់ប្រហែល ៤០ គីឡូម៉ែត្រនេះ ពលរដ្ឋមិនទាន់ព្រមនៅឡើយទេ។ ចំពោះមុខនេះ ពលរដ្ឋចង់រស់នៅទីតាំងចាស់ដដែល បើទោះបីថ្ងៃអនាគទៅ ពួកត្រូវរងផលប៉ះពាល់ដោយទឹកជន់លិចក្តី ក៏ពលរដ្ឋសុខចិត្តរើចេញពីភូមិមករស់នៅមាត់អាងវារីអគ្គិសនីជាជាងទៅនៅកន្លែងថ្មី។ នេះជាការបញ្ជាក់របស់លោក សេវ រ៉ាឈួន ពលរដ្ឋរស់នៅឃុំខាងលើដែលបានចូលរួមក្នុងការវិធីវេទិកាសាធារណៈព្រឹកមិញនេះ។

ទិដ្ឋភាពក្នុងវេទិកាសាធារណៈរវាងពលរដ្ឋនិងភាគីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអាជ្ញាធរខេត្តពិភាពលើគោលនយោបាយដោះដូរសំណង។រូបភាពពីប្រជាពលរដ្ឋផ្តល់ជូន។

លោកថាសំណងដែលក្រុមហ៊ុនបង្ហាញព្រឹកមិញនេះ ខាងប្រជាពលរដ្ឋពុំទាន់អាចទទួលយកបាននោះទេ ហើយពលរដ្ឋនៅតែចង់រស់នៅភូមិចាស់ដដែល ព្រោះអាចប្រកបមុខរបរកសិកម្មដាំដុះ និងការនេសាទត្រីដែលអាចផ្គត់ផ្គង់ជីវភាពបានប្រសើរ។ លោកថា ទីតាំងថ្មីដែលក្រុមហ៊ុនកំណត់គឺនៅឆ្ងាយពីទន្លេ មិនទាន់មានហេដ្ឋានរចនាសម្ព័ន្ធច្បាស់លាស់។

លោក សេវ រ៉ាឈួន៖«ចាស់ទុំ​ ចាស់បូរាណគាត់ចូលចិត្តកន្លែងចាស់របស់គាត់ដែលជាស្រុកកំណើតដូនតារបស់គាត់ធ្លាប់រស់នៅតាមមាត់ទន្លេមានទឹកប្រើ ចង់រកត្រីក៏ស្រួល ហើយគាត់អត់ចង់ចាកចេញពីលំនៅឋានរបស់ពួកគាត់។ ខាងតំណាងក្រុមហ៊ុនគាត់ប្រាប់ថា ផ្លាស់ប្តូរទៅម្តុំផ្លូវ៩៥ ដែលជាកន្លែងក្រុមហ៊ុនពីមុនគេដេញថ្លៃកាប់ព្រៃយកឈើអស់ហើយនៅសល់ដីវាលរហោឋាន ដីក្រួសធ្វើអីមិនកើតហ្នឹង»។

ទិដ្ឋភាពក្នុងវេទិកាសាធារណៈរវាងពលរដ្ឋនិងភាគីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអាជ្ញាធរខេត្តពិភាពលើគោលនយោបាយដោះដូរសំណង។រូបភាពពីប្រជាពលរដ្ឋផ្តល់ជូន។

សម្រាប់គោលនយោបាយសំណងរបស់ក្រុមហ៊ុននៅទីតាំងថ្មីស្ថិតនៅឃុំស្រែហុយ ដែលពលរដ្ឋមិនទាន់ព្រមទទួលយកនោះ គឺខាងក្រុមហ៊ុននឹងសង់ផ្ទះឈើពីរខ្នងទំហំ ៨ ម៉ែត្រគុណ ១០ម៉ែត្រ និងដីលំនៅឋានទំហំ ២៥ម៉ែត្រគុណនឹង៥០ម៉ែត្រ បូកបន្ថែមដីបង្កបង្កើនផលទំហំ ៥ ហិកតា សម្រាប់គ្រួសារមានសមាជិករស់នៅជុំគ្នា។

សម្រាប់គ្រួសារដែលមានសមាជិកបំបែកថ្មី ទទួលបានដីលំនៅឋានទំហំដូចខាងលើ តែដីសម្រាប់បង្កបង្កើនផលទទួលបានតែ ២ ហិកតាតែប៉ុណ្ណោះ ខណៈផ្ទះវិញពុំមាននោះឡើយ។

បន្ថែមពីនេះក្រុមហ៊ុនផ្តល់សាច់ប្រាក់ឧបត្ថម្ភចំនួន ៤០០ ដុល្លារអាមេរិកសម្រាប់គ្រួសារណាដែលព្រមរុះរើតាមការកំណត់ និងសម្រាប់ជាថ្លៃដឹកជញ្ជូនទៅរស់នៅកន្លែងថ្មី។ ជាងនេះក្រុមហ៊ុនក៏សន្យាសង់ជូនផ្ទះបាយ ផ្ទះស្រែ និងទ្រុងសត្វចិញ្ចឹម បន្ថែមកូនឈើហូបផ្លែផងដែរ។ ហើយនៅទីតាំងដោះដូរនោះ ក្រុមហ៊ុននឹងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធនានា មានប៉ុស្តិ៍រដ្ឋបាលថែមទៀតផង។

សៀវភៅគោលនយោបាយសំណងរបស់ក្រុមហ៊ុនចំពោះពលរដ្ឋ។រូបភាពពីប្រជាពលរដ្ឋផ្តល់ជូន។

តែទោះបែបនេះក្តី ពលរដ្ឋនៅតែចង់រស់នៅទីតាំងភូមិចាស់របស់ខ្លួនដដែល ដោយសំណូមពរឱ្យអាជ្ញាធរជួយអន្តរាគមន៍រំកិលភូមិចេញពីមាត់អាងទំនប់វារីអគ្គិសនីតិចតួចតែប៉ុណ្ណោះ។

ជុំវិញសំណូមពរនេះ លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីពុំទាន់អាចឆ្លើយតបបានយ៉ាងណានោះទេ តែលោកបញ្ជាក់ ថា ទំហំនៃការជន់លិចលង់អាចមានទំហំធំ ទោះបីជាពលរដ្ឋរើទៅនៅមាត់អាងក៏នៅតែប៉ះពាល់ដល់ការរស់នៅនិងការប្រកបរបរដាំដុះជាដដែល។ លោកថា ក្នុងនាមថ្នាក់ដឹកនាំខេត្តលោកមិនចង់ឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាក្នុងការអភិវឌ្ឍពីទំនប់វារីអគ្គិសនីនេះឡើយ ដោយមន្រ្តីខេត្តព្យាយាមសិក្សាឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងជីវភាពពលរដ្ឋល្អប្រសើរស្របតាមការអភិវឌ្ឍរបស់រដ្ឋាភិបាល។ លោកថា ទីតាំងថ្មីដែលត្រូវដោះនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ពិសេសមានទីកន្លែងសក្ការៈបូជា និងទីតាំងកប់ សពតាមប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិច។ ជំហានមួយទៀតនោះ គឺខេត្តនឹងពិគ្រោះយោបល់បន្ថែមលើលទ្ធភាពសិក្សាសំណងជាសាច់ប្រាក់ ដើម្បីជាជម្រើសថ្មីមួយទៀត។

លោក នាង វណ្ណៈ៖«បាទខ្ញុំគិតថា បើទំហំប៉ះពាល់មិនច្រើននោះទេក្រុមហ៊ុនអាចមានលទ្ធភាពដោះស្រាយសាច់ប្រាក់ឱ្យបានចប់សព្វគ្រប់ទៅ ព្រោះអាជ្ញាធរខេត្តសង្ឃឹមថា ដោះស្រាយត្រូវគ្នាខេត្តក៏សប្បាយចិត្ត ធូរដែរដោយមិននាំបញ្ហាដល់ខេត្ត»។

សូមរំលឹកជូនថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ មានអនុភាពតម្លើងចរន្តភ្លើងកម្លាំង ៣៦៧ មេហ្គាវ៉ាត់ មានទីតាំងនៅទន្លេស្រែពក ខេត្តរតនគិរី តែវិសាលភាពនៃផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីមួយនេះគ្របដណ្តប់លើភូមិមួយចំនួនក្នុងស្រុកចំនួន ២ នៃខេត្តរតនគិរី និងភូមិស្រុកផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី។

បើតាមការរាយការណ៍ពីពលរដ្ឋ ការដែលពលរដ្ឋនៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុន ដ្បិតនៅដំណាក់កាលដំបូងនេះ ភាគីក្រុមហ៊ុនផ្តល់សំណងជាដីបង្កបង្កើនផលតែត្រឹម ៥ហិកតា ខណៈដីកសិកម្មរបស់ពលរដ្ឋក្នុងមួយគ្រួសារមានយ៉ាងហោចចន្លោះពី ១៥ ទៅ ២០ ហិកតា ច្រើនជាងរហូតទៅដល់បីដងឯណ្ណោះ ។ មួយទៀតផលដំណាំដូចជា ស្វាយចន្ទីដែលពលរដ្ឋប្រឹងដាំជាង ៧ ឆ្នាំហើយកំពុងឱ្យក៏ពុំបានបញ្ជាក់ថាទូទាត់ជាសាច់ប្រាក់ជូននោះដែរ។

នៅពេលវិទ្យុស្រ្តីបានសួរពលរដ្ឋពីលទ្ធភាពចាកចេញជាថ្នូរនៃការទូទាត់សាច់ប្រាក់លោក សេវ រ៉ាឈួន នៅស្ទាក់ស្ទើរពុំទាន់អាចបញ្ជាក់បាន ដោយរង់ចាំពិគ្រោះយោបល់ជាមួយចាសទុំក្នុងភូមិ។ ដោយឡែកអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីបញ្ជាក់ថា មន្រ្តីខេត្តធ្លាប់មានបទពិសោធណ៍ដោះស្រាយជោគជ័យលើវិធីសាស្រ្តដោះដូរជាសាច់ប្រាក់ជាថ្នូរនៃការចាកចេញរបស់ពលរដ្ឋពីមុនមកផងដែរ ហើយខេត្តនឹងអាចសាកល្បងម្តងទៀត។ ប្រការនេះសកម្មជនបរិស្ថានក៏ធ្លាប់ផ្តល់អនុសាសន៍ផងដែរ ដោយចង់ឃើញភាគីទាំងសងខាងជួបគ្នា ជជែកពិភាក្សាឱ្យអស់លទ្ធភាពនូវតម្រូវការចង់បានរបស់គូភាគី ដោយជៀសឱ្យបាននូវរូបភាពការបណ្តេញចេញដោយបង្ខំ៕

 

Share

ព័ត៌មានទាក់ទង