en     km
en     km

ពលរដ្ឋសាទរខណៈមន្រ្តីខេត្តកំពង់ធំផ្តើមជួសជុលផ្លូវខូចក្រោយរងការខូចខាតដោយទឹកជំនន់

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិប្រមាត់ដី ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសម្តែងការសាទរចំពោះអាជ្ញាធរខេត្តដែលដុតដៃដុតជើង ជួសជុលកែលម្អផ្លូវមួយខ្សែក្រាលក្រួសក្រហមធ្វើឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរទៅប្រកបការងារ និងសិស្សានុសិស្សក៏ធ្វើដំណើរទៅសាលារៀនទាន់ពេល។

ទិដ្ឋភាពការជួសជុលផ្លូវខូចរបស់អាជ្ញាធរខេត្ត។រូបភាព ចាន់ថន។

ការជួសជុលផ្លូវមួយខ្សែក្រាលក្រួសក្រហមប្រវែង២៣០០ម៉ែត្រ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដែលតភ្ជាប់ពីភូមិប្រមាត់ដីឆ្ពោះមកផ្លូវជាតិលេខ ៦អា ត្រង់ចំណុចភូមិត្រពាំងវែងនេះ ជាការប្រឹងប្រែងរបស់មន្រ្តីអាជ្ញាធរខេត្តឆ្លើយតបទៅតាមការសន្យាដែលពលរដ្ឋសំណូមពរកាលពីគ្រាមុន។

បើតាមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំរាយការណ៍មកថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះ ត្រូវបានដឹកនាំដោយអភិបាលខេត្តកំពង់ធំ និងគណៈបញ្ជាការឯកភាពខេត្ត ចុះជួសជុលបន្ទាប់ពីតាមភូមិសាស្រ្តមួយចំនួនក្នុងក្រុងស្ទឹងសែន ត្រូវរងការលិចលង់ដោយទឹកជំនន់ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុង។ មួយវិញទៀត ការជួសជុលនេះ ក៏ជាផ្នែកមួយឆ្លើយតបទៅកាន់ប្រជាពលរដ្ឋតាមសំណើ ខណៈពលរដ្ឋបានលើកឡើងពីការលំបាកធ្វើដំណើរទៅប្រកបការងារ និងទៅសិក្សាជាដើម។

ស្ថានភាពផ្លូវនេះលំបាកធ្វើដំណើរនៅមុនពេលជួសជុល។រូបភាព ចាន់ថន។

ពលរដ្ឋរស់នៅភូមិប្រមាត់ដីគឺលោក គីម គុង និងលោក កែវ  អាន ប្រាប់ថា កន្លងមកនេះ លោកនិងប្រជាពលរដ្ឋក្នុងភូមិពិសេសក្មេងៗសិស្សានុសិស្ស លំបាកធ្វើដំណើរទៅស្រែចម្ការ ទៅធ្វើប្រកបការងាររកស៊ី និងធ្វើការ ហើយសិស្សក៏លំបាកទៅរៀនផងដែរ ដ្បិតស្ថានភាពផ្លូវមានជង្ហុកបែកភក់ និងរអិលខ្លាំងពេលមានភ្លៀង ឬទឹកជន់លិច។ លោកសូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី ពិសេសអភិបាលខេត្តដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋតាមរយៈការប្រឹងប្រែងឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋឱ្យងាយស្រួលធ្វើដំណើរឡើងវិញ។

ប្រជាពលរដ្ឋក្នុងភូមិសម្តែងក្តីរីករាយដែលអាជ្ញាធរយកចិត្តទុកដាក់ជួសជុលផ្លូវខូចឡើងវិញ។រូបភាព ចាន់ថន។

សូមបញ្ជាក់ថា កាលពីដើមខែកក្កដាឆ្នាំ ២០២៤នេះ នៅទូទាំងរដ្ឋបាលក្រុងស្ទឹងសែន ត្រូវលិចលង់ដោយជំនន់ទឹកភ្លៀងជាច្រើនកន្លែង បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផលដំណាំរបស់ប្រជាកសិកររាប់ពាន់ហិតាយ៉ាងធ្ងន់ធ្ងរ។  ជាក់ស្ដែងផ្លូវលំមួយខ្សែដែលមានប្រវែងជាង ២៣០០ ម៉ែត្រ ពីភូមិប្រម៉ាត់ដីឆ្ពោះមកផ្លូវជាតិលេខ ៦អា ត្រង់ចំណុចភូមិត្រពាំងវែងនេះ ក៏បានលិចលង់និងខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

សកម្មភាពគ្រឿងចក្រចុះជួសជុលផ្លូវ។។រូបភាព ចាន់ថន។

តាមការបញ្ជាក់បន្ថែមពីមន្រ្តីខេត្ត អាជ្ញាធរបានកំពុងយកចិត្តទុកដាក់ក្នុងការចុះជួសជុលផ្លូវដែលរងការខូចខាតជាបន្តបន្ទាប់ ដ្បិតថាផ្លូវប្រៀបដូចជាសរសៃឈាមអភិវឌ្ឍរបស់ប្រជាសហគមន៍ក្នុងការដឹកកសិផលពេលប្រមូលផល៕

អត្ថបទខ្លី សរសេរដោយ ប៉ុន ចាន់ថន   សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង