en     km
en     km

ពលរដ្ឋសាទរមន្រ្តីស្រុកបាទីករណីដោះស្រាយបញ្ចប់ទំនាស់រឿងកសិដ្ឋានចិញ្ចឹមជ្រូកបង្ហូរទឹកកខ្វក់ចូលស្រែ

Share

ភ្នំពេញ៖ ទំនាស់ដ៏រុំាំរ៉ៃរយៈពេលជិត ៤ឆ្នាំ ទាក់ទងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងបង្ហូរទឹកកង្វក់ចូលស្រែប្រជាកសិករក្នុងភូមិចំនួន៤ ស្ថិតក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានដោះស្រាយបញ្ចប់ទំនាស់ចប់សព្វគ្រប់ហើយ ក្រោយមន្រ្តីស្រុកបាទីចេញមុខសម្របសម្រួល។ ចំពោះមុខនេះ ប្រជាពលរដ្ឋសម្តែងការសាទរចំពោះមន្រ្តីពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ជួយដោះស្រាយទំនាស់នេះ ខណៈមន្រ្តីស្រុកបាទីផ្តល់ជាឱវាទចំពោះភាគីទំនាស់ គប្បីបញ្ចប់វប្បធម៌បើកកកាយបញ្ហាលើបណ្តាញសង្គមដោយងាកមករកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឱ្យអស់ពីលទ្ធភាព។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ទំនាស់រវាងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ជាមួយប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារក្នុងភូមិចំនួន ៤ ស្ថិតក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដែលបាន អូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយភាគីទាំងសងខាងព្រមទទួលសងសំណង និងព្រមទទួលយកសំណងខូចខាត។

លោក  សៅ ប៊ុនសុខ ប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋទាំង ៥ រូបដែលបានចូលទៅចរចាដោះស្រាយទំនាស់ជាមួយភាគីម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នេះដោយបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណចំពោះមន្រ្តីជាន់ខ្ពស់ស្រុកបាទី ដែលបានខ្នះខ្នែងជួយអន្តរាគមន៍ដោះស្រាយទំនាស់នេះបានយ៉ាងល្អប្រសើរ។ លោកបញ្ជាក់ថា លទ្ធផលនៃកិច្ចសម្របសម្រួលចុងក្រោយដែលមានលោកអភិបាលស្រុក និងអភិបាលរងស្រុកបាទី ជាមួយមន្រ្តីនៃមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន គឺប្រជាពលរដ្ឋយល់ព្រមទទួលយកសំណងពីម្ចាស់កសិដ្ឋានចំនួន ២ លានរៀលក្នុងផលស្រូវលើដីមួយហិកតា ហើយស្រូវដែលខូចនោះក៏បានមកលើកសិករផងដែរ។

លោក  សៅ ប៊ុនសុខ៖«ខ្ញុំសូមអរគុណចំពោះមន្រ្តីកសិករ មន្រ្តីបរិស្ថាន និងចៅហ្វាស្រុកបាទី ដែលគាត់យកចិត្តទុកដាក់ ខ្នះខ្នែងដោះស្រាយរឿងនេះ»។

សកម្មភាពពលរដ្ឋឡាយលើហ្វេសប៊ុកសុំកិច្ចអន្តរាគមន៍ពីអ្នកពាក់ព័ន្ធករណីស្រូវខូចដោយសារទឹកដែលបង្ហូរពីកសិដ្ឋានចិញ្ចឹមជ្រូក។រូបភាពលើបណ្តាញសង្គម។

សូមជម្រាបបន្តិចថា ក្នុងការចរចាបញ្ចប់ទំនាស់នោះភាគីខាងប្រជាពលរដ្ឋស្នើសុំដោះស្រាយលើបញ្ហាចំនួនពីរ គឺទាមទារម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកប៉ះប៉ូវសំណងខូចខាតលើផលស្រូវរបស់កសិករ និងរៀបចំគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកឱ្យបានល្អប្រសើរ ជៀសវាងបង្កផលរំខានដល់ការដាំដុះស្រូវរបស់កសិករ។

សម្រាប់បញ្ហាគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកនេះលោក សៅ ប៊ុនសុខ ថាអាជ្ញាធរនឹងយកចិត្តទុកដាក់បន្ថែមលើបញ្ហានេះ ជាមួយភាគីពាក់ព័ន្ធ។

លោក  សៅ ប៊ុនសុខ៖«អ្វីដែលយើងចង់បានគឺចង់ឱ្យការបង្ហូរទឹកហ្នឹងបើមកសុំកុំឱ្យមានក្លិនស្អុយ និងប៉ះពាល់ស្រូវ»។

សកម្មភាពចរចាស្វែងរកដំណោះស្រាយចំពោះមុខលោកអភិបាលស្រុកបាទី។រូបភាពផ្តល់ដោយពលរដ្ឋ។

ជុំវិញរឿងនេះលោក កង វត្ថា អភិបាលរងស្រុកបាទី ខេត្តតាកែវ និយាយថា ខាងមន្រ្តីស្រុកពុំបានប្រើវិធីសាស្រ្តវិសេសវិសាលអ្វីមកដោះស្រាយនោះទេ​ ដោយគ្រាន់តែតាំងជំហរជាកណ្តាល ហើយការត្រូវរូវគ្នាមួយផ្នែកធំគឺអាស្រ័យលើឆន្ទៈរបស់គូភាគីតែប៉ុណ្ណោះ។ ចំពោះមុខនៃលទ្ធផលនេះ លោកសុំឱ្យប្រជាពលរដ្ឋគប្បីប្រើប្រាស់យន្តការដោះស្រាយជាមួយមន្រ្តីគ្រប់លំដាប់ថ្នាក់ឱ្យអស់ពីលទ្ធភាព ដោយជៀសវាងប្រើបណ្តាញសង្គមផ្សព្វផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើការអត្ថាធិប្បាយ ដ្បិតអាចប៉ះពាល់ផ្លូវច្បាប់ដោយពុំបានគ្រងទុក។

លោក កង វត្ថា៖«ខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋហើយថា ឈប់ប្រើវប្បធម៌ដដែលដដែលនេះទៅ យើងត្រូវផ្លាស់ប្តូរកុំបន្ត ខាងកសិដ្ឋានក៏ត្រូវប្តូរ ខាងពលរដ្ឋក៏ត្រូវប្តូរ»។

សកម្មភាពលោកអភិបាលបើកកិច្ចសម្របសម្រួលគូភាគី។រូបភាពផ្តល់ដោយពលរដ្ឋ។

សូមរំលឹកបន្តិចថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គ្រួសារដែលរងផលប៉ះពាល់ខាងលើទាំង ៤ ភូមិមានភូមិពានមាសខាងលិច ភូមិពានមាសខាងកើត ភូមិកណ្តាល និងភូមិថ្មសរ សរុបមានចំនួន៥០គ្រួសារ បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋបាលឃុំ លំពង់ ឱ្យជួយដោះស្រាយករណីកសិដ្ឋានចិញ្ចឹមជ្រូកមានម្ចាស់ឈ្មោះ សូ សែង បានបង្ហូរទឹកចូលស្រែធ្វើឱ្យស្រូវខូតខាត។ ករណីនេះរដ្ឋបាលឃុំលំពង់ក៏ដាក់លិខិតទៅកាន់រដ្ឋបាលស្រុកបាទី ចុះពិនិត្យមើលស្ថានភាពបរិស្ថាននៅទីតាំងកើតហេតុ និងរកដំណោះស្រាយលើបញ្ហានេះ។

យ៉ាងណាផ្អែកតាមលិខិតបំភ្លឺរបស់រដ្ឋបាលឃុំលំពង់កាលណ្ណោះបញ្ជាក់ថា ការបង្ហូរទឹកក្បែរកសិដ្ឋានជ្រូកខាងលើ គ្មានក្លិនស្អុយ ទឹកមានសភាពសថ្លា ចំណែកអាងស្តុកលាមកជ្រូកក៏គ្មានហូរទឹកចេញដែលនាំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនោះទេ។ រីឯស្រូវរបស់ប្រជាពលរដ្ឋក៏មិនខូចខាតអ្វីនោះដែរ។

តែយ៉ាងណា កសិករគ្រានោះក៏អះអាងដែរថា ទិន្នផលស្រូវដែលប្រមូលបានគឺមានសភាពក្លិនស្អុយពេលចម្អិនដោយមិនអាចទទួលទានបានទេ ហើយស្រូវប្រមូលបានគឺត្រឹមតែឱ្យសត្វមាន់ ទា ជ្រូក ជាចំណីតែប៉ុណ្ណោះ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង