ផ្អែកតាមរបាយការណ៍ចំនួនពីរ ដែលចេញដោយ គណៈកម្មការទន្លេមេគង្គ (MRC) នៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២១ បានបង្ហាញថាការនេសាទនៅតែបន្តក្នុងជីវភាពសំខាន់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ តាមរបាយការណ៍ដដែលបានបន្ថែមថា តែការនេសាទហួសកំរិត និងការបំផ្លាញជម្រកដែលបណ្តាលមកពីកំណើនប្រជាជនយ៉ាងឆាប់រហ័ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុកំពុងសង្កត់ធ្ងន់ទៅលើជលផលនៃអាងទន្លេមេគង្គក្រោម ខណៈពេលដែលការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីក្នុងអាងទឹកកំពុងជះឥទ្ធិពលដល់ស្ថានភាពសង្គម។
ក្នុងរបាយការណ៍បន្ដថា បើគិតពីវិសមភាពយេនឌ័រក្នុងសង្គម ក៏ជាកត្តាចម្បងមួយដែលជួយបង្កើនភាពងាយរងគ្រោះ នៅតំបន់នៃច្រកអាងទន្លេមេគង្គក្រោមដែរ ដោយតួនាទីយេនឌ័រតាមប្រពៃណី កំពុងរីករាលដាលតាមតំបន់ជាច្រើន ដោយមានភាពខុសគ្នាខ្លាំងក្នុងការងារ និងប្រាក់កម្រៃរវាងស្ត្រី និងបុរស។ ក្រុមគ្រួសារដឹកនាំដោយស្ត្រី ត្រូវរងគ្រោះជាងគេ ដោយសារពួកគេក៏ជាក្រុមគ្រួសារទោល។ ការស្ទង់មតិនេះ បានរកឃើញថា ១៩ភាគរយ នៃក្រុមគ្រួសារ ត្រូវបានដឹកនាំដោយស្ត្រី និង៨១ភាគរយ ដោយបុរស។
របាយការណ៍របស់ MRC បង្ហាញថា ប្រទេសឡាវ និងវៀតណាម មានអត្រាទាបបំផុតនៃក្រុមគ្រួសារដឹកនាំដោយស្ត្រី ពោលគឺត្រឹមតែ ១៣ភាគរយ ស្របពេលដែលថៃ មានកម្រិតខ្ពស់បំផុត គឺ២៧ភាគរយ ។