en     km
en     km

 របាយការណ៍៖១៥នាក់ជាប់ពន្ធនាគារនិង ៥៦ករណីបញ្ជូនទៅតុលាការក្នុងការបង្រ្កាបបទល្មើសជលផលឆ្នាំនេះ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ជនល្មើស ១៥នាក់ត្រូវជាប់ពន្ធនាគារក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសជលផលទូទាំងប្រទេស ដែលបង្រ្កាបសរុបចំនួន ១៥០៦ករណី។ លទ្ធផលនេះ បើតាមក្រសួងកសិកម្មគឺជាការអនុវត្តមួយដ៏ល្អប្រសើរកើតចេញពីសកម្មភាពចុះបង្ក្រាប ទប់ស្កាត់ របស់កម្លាំងសមត្ថកិច្ច បន្ថែមជាមួយកិច្ចសហការពីសំណាក់ប្រជាពលរដ្ឋដែលបានរាយការណ៍បទល្មើសនេសាទ។

ក្នុងរង្វង់ប្រតិបត្តិការចុះបង្ក្រាបបទល្មើសជលផល របស់កម្លាំងសមត្ថកិច្ចខេត្ត ក្រុង ទូទាំងប្រទេស រយៈពេល ៥ ខែនេះ ពោលគឺក្នុងរដូវបិទនេសាទពីដើមខែមិថុនា ដល់ចុងខែ តុលា ឆ្នាំ២០២៤នេះ ការទប់ស្កាត់និងបង្ក្រាបសរុប ១៥០៦ករណី។​

សម្រាប់វត្ថុតាងដែលរឹបអូស ត្រូវបានដុតបំផ្លាញចោល ១៤១០ករណី ហើយសំណុំរឿងចំនួន ៥៦ករណីត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ ក្នុងដំណើរការនីតិវិធីនៅតុលាការ មានជនល្មើសចំនួន ១៥នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារផងដែរ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

សម្រាប់វត្ថុតាងបទល្មើសដែលរឹបអូសនិងបំផ្លាញចោល មានជាអាទិ៍៖ របាំងស្បៃមុង និងសាច់អួនប្រវែងជិត៨០ម៉ឺនម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩ គ្រឿង ក្នុងនោះអ្នកស្ម័គ្រចិត្តប្រគល់ជូនចំនួន ១៦៥គ្រឿង។ ដោយឡែកកូនត្រីចម្រុះប្រមាណមួយលានក្បាល ស្មើនឹងជាង ៤០តោនត្រូវបានលែងចូលក្នុងដែនទឹកធម្មជាតិវិញ ។

តាមរយៈសមិទ្ធផលនេះក្រសួងកសិកម្មអះអាងថា បរិមាណត្រីក្នុងធម្មជាតិចាប់ផ្តើមកើនឡើងគួរកត់សម្គាល់។ ទន្ទឹមនេះ សត្វផ្សោត ទន្លេមេគង្គក៏មានការកើនឡើងផងដែរ គឺពី ៩០ក្បាល នៅឆ្នាំ២០២២ ដល់ ១០៤ក្បាល គិតត្រឹមខែតុលាឆ្នាំ២០២៤។

ផ្អែកតាមក្រសួង ការកើនឡើងនូវធនធានជលផលនេះ ក៏ជាលទ្ធផលនៃការចូលរួមពីប្រជានេសាទនិងអ្នកពាក់ព័ន្ធនានា ដែលបានសហការផ្តល់ព័ត៌ មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងលែងប្រភេទវារីសត្វកម្រ ត្រីមេពូជចូលទៅក្នុងដែនទឹក ធម្មជាតិវិញ ដើម្បីថែរក្សាធនធានជល ផលឱ្យបានគង់វង្ស។

តាមរយៈលទ្ធភាពនេះ ក្រសួងកសិកម្ម ជំរុញដល់ប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ។ ក្រសួងចាត់ទុកថា ការថែរក្សា ការពារ និងអភិរក្សធនធានជលផល ធ្វើឡើងដើម្បីធានានូវនិរន្តរភាពធនធានជលផលក្នុងធម្មជាតិ និងនិរន្តរភាពស្បៀងសម្រាប់ប្រជាជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការរបស់ពលរដ្ឋក៏រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងការងារអភិរក្សធនធានជលផលដ៏កម្រ ដែលសឹងតែបាត់បង់ ឬបានបាត់បង់រួចទៅហើយនៅ ប្រទេសមួយចំនួនលើសកលលោក។

ក្រសួងកសិកម្មសំណូមពរ ទៅកាន់ប្រជាពលរដ្ឋ ករណីប្រទះឃើញបទល្មើសនេសាទ ត្រូវសហការផ្តល់ព័ត៌មានដល់មន្ត្រីជលផលឱ្យបានទាន់ពេលវេលា តាមរយៈទូរសព្ទលេខ៖ ០១២ ៩១១ ៤១១ /០៩៩ ៧៩១ ១៩១៩/ ០១២ ៧៧៨ ៩៦៨/០១១ ៥២២ ២២៦៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង