en     km
en     km

មន្រ្តីពាក់ព័ន្ធចាត់វិធានត្រួតពិនិត្យផ្លែទុរេនខណៈពលរដ្ឋរាយការណ៍ថាមានទុរេនវៀតណាមដឹកមកលក់នៅខ្មែរ

Share

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញវិធានការត្រួតពិនិត្យផ្លែទុរេនដែលលក់នៅតាមស្ដង់ផ្លែឈើមួយចំនួន ដើម្បីទប់ស្កាត់ការលក់ទុរេនដែលមានសារធាតុគីមីនៅលើទីផ្សារ ក្នុងពេលអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណា ក៏ចាប់ផ្ដើមវិធានការឱ្យសមត្ថកិច្ចតាមច្រកព្រំដែនទប់ស្កាត់ការនាំចូលផ្លែទុរេន។ ការអនុវត្តវិធានការទាំងនោះ ខណៈទុរេនវៀតណាមចាល់ពេញទីផ្សារដោយសារចិនផ្អាកការនាំចូល ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមរាយការណ៍ថា មានវត្តមានរថយន្តទុរេនវៀតណាមដឹកចូលកម្ពុជាតាមច្រកព្រំដែន។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

បញ្ហាទុរេនវៀតណាម ចាល់ពេញទីផ្សារនេះ បង្កជាក្ដីបារម្ភសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ប្រជាជនខ្មែរប្រើប្រាស់បណ្ដាញសង្គមបានបង្ហោះសារលើហ្វេសប៊ុក ដោយស្នើទៅថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនវៀតណាម ឱ្យជួយត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលផ្លែទុរេនពីប្រទេសវៀតណាម។ ក្រៅពីក្ដីបារម្ភនេះ ថ្មីៗនេះក៏មានសារព័ត៌មានអនឡាញមួយចំនួន ចុះផ្សាយថានៅតាមច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍​ ក្នុងខេត្តស្វាយរៀង មានឈ្មួញដឹកជញ្ជូនផ្លែទុរេនទាំងឡានៗនាំចូលពីវៀតណាម។

ជុំវិញរឿងនេះលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា​ បន្ទាប់ពីទទួលបានព័ត៌មានមួយចំនួនពីប្រភពផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាផ្លែទុរេន ក្រសួងបានចាត់វិធានការចុះទៅណែនាំ ផ្សព្វផ្សាយដល់សាធារណជន ពិសេសចុះទៅណែនាំអាជីវករឱ្យយល់ពីផលប៉ះពាល់សុខភាពអ្នកបរិភោគ ដោយបញ្ឈប់ការនាំចូលផ្លែទុរេនពីប្រទេសក្រៅ និងកុំលក់ក្លែងបន្លំប្រភពផ្លែទុរេន។

ក្រៅពីចុះផ្សព្វផ្សាយហើយ លោកថា ក្រសួងពាណិជ្ជកម្ម សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះទៅយកសំណាកនៅកន្លែងស្ដង់លក់ផ្លែទុរេនទៀតផង ដើម្បីត្រួតពិនិត្យគុណភាពផលិផលនៅក្នុងស្ដង់ផ្លែឈើ ឬក្នុងទីផ្សារទាំងនោះ ក្រែងមានក្លែងបន្លំលក់ផ្លែទុរេននាំចូលពីបរទេស។

 

លោក ប៉ែន សុវិជាតិ៖ «ការព្រួយបារម្ភរបស់សាធារណជន គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជាពិសេសក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់ខ្ពស់ចំពោះការព្រួយបារម្ភនេះ ហើយយើងតែងតែស្ដាប់យោបល់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ដើម្បីធ្វើម៉េចជួយទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ហើយក៏សូមអំពាវនាវផងដែរថា សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអ្នកលក់ដូរក្ដី ទាំងអ្នកប្រើប្រាស់ ម៉ៅទុរេនពីចម្ការក្ដី សូមឱ្យមានការប្រុងប្រយ័ត្ន ហើយសូមអំពាវនាវសាធារណជន ប្រសិនបានឃើញទុរេននាំចូលហើយមកក្លែងបន្លំប្រភពជាទុរេនខ្មែរ សូមឱ្យដំណឹងមកក្រសួង ដើម្បីមានវិធានការចាត់ការ»។

តាមរយៈការអនុវត្តវិធានការជាប់ជាប្រចាំនេះ មន្រ្តីអ្នកនាំពាក្យអះអាងថា​ ផលិតផលដែលប្រើប្រាស់គីមីហាមឃាត់ និងទំនិញក្លែងបន្លំ ហាក់បានថយចុះលើទីផ្សារ។

លោក ប៉ែន សុវិជាតិ៖ «អំណះអំណាងរឿងឃើញតិចតួចចំផុតនេះ មិន​មែនថាអត់ទាំងស្រុងទេ យើងមានបញ្ហាខ្លះនៅតាមទីផ្សារ នៅតាមច្រកព្រំដែនមួយចំនួនតូច អាចនឹងមានវត្តមាននៃការនាំចូលនេះដែរ។ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះជាបណ្ដើរៗហ្នឹង យើងសង្កេតឃើញទីផ្សាររបស់យើងមានការយល់ដឹងទាំងអ្នកលក់ អ្នកប្រើប្រាស់ មិនចង់ប៉ះពាល់ដល់អាជីវកម្ម ធម្មតាទុរេនលក់តាមរដូវ បើខូចឈ្មោះនៅតាមចម្ការហ្នឹង ឆ្នាំក្រោយៗទៀតលក់មិនដាច់ទេ។ អ៊‌ីចឹងភាគច្រើន ខ្ញុំមិនហ៊ាននិយាយថា ១០០ភាគរយទេ តែសឹងតែទាំងអស់ដែលយើងសង្កេតមើលទីផ្សារធំៗ ឬនៅតាមតូបផ្លែឈើធំៗ ពុំមានករណីរបៀបនេះកើតឡើងទេបាទ!»។

 

ចំណែកលោក គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បញ្ជាក់ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមថា ពាក់ព័ន្ធនឹងក្តីកង្វល់ពលរដ្ឋរឿងទុរេននាំចូលពីប្រទេសជិតខាងនេះ អគ្គនាយកដ្ឋាន បានដាក់ចេញនូវគោលការណ៍មួយចំនួនជាការបន្ទាន់សម្រាប់សាខា ក.ប.ប. ដែលមានព្រំដែនជាប់វៀតណាមចុះត្រួតពិនិត្យ រួមមាន៖ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពត ខេត្តមណ្ឌលគីរី និងខេត្តរតនគិរីជាដើម។

ជុំវិញការបង្ហោះសាររបស់អ្នកប្រើបណ្តាញសង្គមករណីនាំចូលទុរេនតាមច្រកព្រំដែនខេត្តស្វាយរៀងនេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ប្រាប់វិទ្យុស្ដ្រីដែរថា តាមច្រកព្រំដែននានា ជាពិសេសច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ថ្នាក់ដឹកនាំខេត្ត បានណែនាំជាប់ជាប្រចាំទៅដល់សមត្ថកិច្ច ឱ្យត្រួតពិនិត្យផលិតផលនាំចូលពីប្រទេសជិតខាង មិនថាការនាំចូលផ្លែទុរេនតែមួយនោះទេ។ បញ្ហានេះដែរ លោកថា មិនមែនតែខេត្តស្វាយរៀងទេដែលត្រូវយកចិត្តទុកដាក់ ពោលគឺខេត្តផ្សេងទៀតដែលជាប់ព្រំដែន សុទ្ធតែយកចិត្តទុកលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

 

 

លោក ម៉ែន អេង៖ «យើងទទួលស្គាល់ហើយថាគាត់បារម្ភ គាត់អីៗអ៊‌ីចឹង ប៉ុន្តែជាលក្ខណៈបច្ចេកទេស និងជាការឆ្លើយតបទៅគឺថារដ្ឋបាលខេត្តស្វាយរៀង គឺយក​ចិត្តទុកដាក់ចំពោះការងារនេះ ហើយក៏កំពុងបន្តរឹតបន្ដឹងដែរ ប៉ុន្តែទន្ទឹមនេះវែងឆ្ងាយព្រោះយើងត្រូវការប្រើពេល ពេលខ្លះការផ្សព្វផ្សាយគាត់ត្រូវការបិទការបើកអីៗ ពេលខ្លះមិនមែនសម្រេចតាមចិត្តរបស់យើងដែលវិនិច្ឆ័យទេ យើងត្រូវទៅមើលតាមនីតិវិធីផ្លូវច្បាប់ ហើយនិងអ្វីដែលជាការអនុវត្តជាក់ស្ដែង ដែលយើងថា ទុរេនហ្នឹងដាក់គីមី តើមាននរណាបានពិនិត្យទេ?បងប្អូនអ្នកកាសែត មានដឹងអាហ្នឹងសារធាតុអី យ៉ាងម៉េច? តែអានេះតាមការវិនិច្ឆ័យ តាមការយល់ឃើញផ្ទាល់ខ្លួនអ៊‌ីចឹងទេ។ ខ្ញុំសូមជំរាបថាមិនធ្ងន់ធ្ងរដូចអ្វីដែលបងប្អូនអ្នកកាសែតយើងព្រួយបារម្ភហ្នឹងទេបាទ!»។

នៅថ្ងៃទី៨ ខែឧសភានេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក ដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ឱ្យមន្រ្តីប្រចាំការនៅច្រកទ្វារតាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ខេត្តគៀងយ៉ាង របស់វៀតណាម ត្រូវទប់ស្កាត់ឱ្យបាន កុំឱ្យនាំផ្លែទុរេនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក អន ភារៈ អភិបាលរងខេត្ត មកដល់ថ្ងៃទី៩ ខែឧសភានេះ មិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ជ្រលក់លើផ្លែទុរេនទាំងនោះ។

ក្នុងសេចក្ដីប្រកាសនោះ ក.ប.ប. បង្ហាញថា អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគេដាក់តាំងលក់ គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាងក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង