en     km
en     km

សាច់ញាតិយុវជនជាប់ឃុំខ្លួនគម្រោង CLV ខកចិត្តដែលតុលាការមិនអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំ

Share

តុលាការកំពូល សម្រេចតម្កល់សាលដីកាមិនអនុញ្ញាតឱ្យយុវជនដែលជាប់ឃុំខ្លួនដោយសារគម្រោង CLV នៅក្រៅឃុំបណ្ដោះអាសន្ន ដែលធ្វើឱ្យសាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ខកចិត្តចំពោះការសម្រេចនេះ ដោយពួកគេបន្តស្នើឱ្យដោះលែង ពីព្រោះយុវជនទាំងនោះមិនបានប្រព្រឹត្តអំពើក្បត់ជាតិឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

យុវជនដែលតុលាការកំពូលប្រកាសតម្កល់សាលដីកានៅព្រឹកថ្ងៃទី១៤ ខែមករានេះ មាន៖ កញ្ញា រៀម ស្រីពេជ្ររតនា លោក ធី ថន ដែល​អ្នក​ទាំងពីរ​មាន​អាយុ​ ​២​៣​ឆ្នាំ​ មានតួនាទីជាអនុប្រធានសមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ (KS​I​L​A​) កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។ ក្នុងនោះមានតែមេធាវីការពារក្ដី និងលោក ធី ថន ប៉ុណ្ណោះ ដែលមានវត្តមាននៅថ្ងៃប្រកាសនេះ។ ចំណែកគ្រួសារពួកគេ មិនមានវត្តមានចូលរួមស្ដាប់ឡើយ។

មុនប្រកាសសាលដីកានេះ កញ្ញា ស្រី​ពេជ្រ​រតនា និងលោក ធី ធន ត្រូវបានតុលាការកំពូល បើកសវនាការជំនុំជម្រះម្ដងរួចមកហើយ។ ក្រៅពីតុលាការកំពូលជំនុំជម្រះ ពួកគេក៏ត្រូវសាលាឧទ្ធរណ៍រាជធានីភ្នំពេញបដិសេធសំណើនៅក្រៅឃុំបណ្ដោះអាសន្ន ហើយពួកគេក៏ធ្លាប់ចូលទៅឆ្លើយបំភ្លឺពីបទ «រួមគំនិតក្បត់» ចំពោះមុខចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ។

កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយរងបទចោទ «រួមគំនិតក្បត់» ក្នុងអំឡុង​ពេលដែលរដ្ឋាភិបាល ត្រៀមកម្លាំង​ចាប់ខ្លួន​ពលរដ្ឋ​ ដែល​​ចូលរួម​បញ្ចេញមតិ​ ​ឬ​លើកឡើង​ពី​ផែនការ​ប្រមូលផ្តុំ​គ្នា​ ទាក់ទង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​ (C​L​V​-​D​T​A​)។ បទចោទនេះ បើត្រូវផ្តន្ទាទោស ពួកគេនឹងប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ គិតមកដល់ពេលនេះ ពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិត ៥ខែហើយ។

កញ្ញា រៀម ស្រីពេជ្ររតនា នៅខាងឆ្វេង។ លោក ធី ថន នៅខាងស្ដាំ។ រូបភាពពីអង្គការលីកាដូ។

លោក ថន ធន ដែលជាមិត្តភក្ដិលោក ធី ថន និងកញ្ញា ស្រីពេជ្ររតនា ដែលមកចូលរួមស្ដាប់ការប្រកាសសាលដីកានេះ ប្រាប់វិទ្យុស្ដ្រីនៅមុខតុលាការកំពូលថា លោកខកចិត្តដែលតុលាការប្រកាសសម្រេចតម្កល់សំណើនៅក្រៅឃុំរបស់ពួកគេ ខណៈកន្លងមកលោកមានក្ដីរំពឹងទុកថា តុលាការកំពូលនឹងដោះលែងមិត្តភក្តិរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ។ ការប្រកាសតម្កល់នេះ មិនយុត្តិធម៌ឡើយ ពីព្រោះតាមលោកចូលរួមស្ដាប់សវនាការកន្លងមកមេធាវីការពារក្ដី លោក ធី ថន និងកញ្ញា រតនា អះអាងថាពួកគេមិនបានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់ឡើយ ហើយក៏មិនបានជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលបង្កើតព្រឹត្តិការណ៍គម្រោង CLV ដែរ។

លោក ថន ធន៖ «ជាការខកចិត្តដ៏ធំធេងមួយ ដោយសារយើងជាមិត្តភក្ដិជាបងប្អូនខំមកស្ដាប់ យើងគិតថាវាអាចមានដំណឹងល្អសម្រាប់ពួកគាត់ ដោយសារតែពួកគាត់រងការចោទប្រកាន់ដោយអយុត្តិធម៌ ប៉ុន្តែយើងមកដល់មិនបានលឺដំណឹងវិជ្ជមាន ឬអវិជ្ជមានអត់លឺទេ ប៉ុន្តែយើងទទួលបានដំណឹងថាសម្រេចតម្កល់សាលក្រមហ្នឹង វាជាចេតនាមួយដែលជាការឃុំឃាំងគាត់បន្តទៀតដោយអត់មានហេតុផល»។

ងាកមកឳពុកកញ្ញា រៀម ស្រីព្រេជរតនា លោក ជិន សារូ ប្រាប់វិទ្យុស្ត្រីតាមទូរសព្ទថា លោកនិងភរិយា មិនបានចូលរួមស្ដាប់ការប្រកាសសាលដីកានេះដោយផ្ទាល់ទេ ប៉ុន្តែគ្រួសារលោកត្រៀមឡើងមកភ្នំពេញដើម្បីចាំទទួលកញ្ញា ស្រីពេជ្ររតនា ចេញពីពន្ធនាគារ។ តែឥលូវតុលាការ សម្រេចតម្កល់មិនឱ្យកូនខ្លួននៅក្រៅឃុំទៅវិញ លោកសម្ដែងការសោកស្ដាយជាខ្លាំង និងនៅតែអះអាងថា កញ្ញា ស្រីពេជ្ររតនាមិនបានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់ឡើយ ហើយក៏មិនពាក់ព័ន្ធនឹងគម្រោង CLV ដែរ។

លោក ជិន សារូ៖ «មិនដឹងសម្រេចថាមកយកកូន ដល់អ៊‌ីចឹងខកចិត្តណាស់ក្មួយ ណាមួយអាណិតកូន វាខ្វះខាតទៅមកទៅមក មិនបានរកអី។ ពូមានតែស្នើទៅកាន់រដ្ឋាភិបាលស្នើឱ្យដោះលែងគាត់ឱ្យមានសេរីភាព ឱ្យបានរៀនសូត្រវិញផង។ វាគ្មានអីក្រៅពីសម្រាលដោះលែងគាត់ឱ្យមានសេរីភាព បានរហ័សមករៀន ខាតរៀនខាតអីអស់ហើយក្មួយឯងមើល ឯគ្រួសារនេះខ្វះខាតទៅមកទៅមកអត់បានរកអី»។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV ដើម្បីកុំឱ្យក្រុមជ្រុលនិយម ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេស។

ជុំវិញការសម្រេចនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ប្រាប់វិទ្យុថា តាមរយៈមេធាវីលីកាដូ ដែលការពារក្ដីជូនក្រុមយុវជនទាំងនោះ លោកស្ដាយ ដែលតុលាការកំពូល សម្រេចតម្កល់សាលដីកា និងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឱ្យកញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន នៅក្រៅឃុំបណ្ដោះអាសន្ន។ មួយវិញទៀតការបន្តឃុំខ្លួនពួកគេ ហាក់ដូចជាមិនសមឡើយ ព្រោះយុវជនផ្សេងទៀតដែលរងការចោទប្រកាន់ស្រដៀងគ្នានេះដែរ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំអស់ហើយ តែលោកចោទជាសំណួរថា ហេតុអ្វីយុវជនទាំងពីរនេះ មិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន?

លោក អំ សំអាត៖ «បើយើងមើលទៅករណីតែមួយ រឿងតែមួយ ប៉ុន្តែមានអ្នកខ្លះគាត់នៅក្រៅឃុំបណ្ដោះអាសន្នបាន ពួកគាត់មិនអាចនៅក្រៅឃុំបណ្ដោះអាសន្នបាន ហើយមួយទៀតបើយើងមើលទៅលើសកម្មភាពកន្លងមក ពួកគាត់នេះធ្វើការងារសង្គម ការងារសិទ្ធិមនុស្ស និងបរិស្ថាន ដែលជាការគួរឱ្យមានការកោតសរសើ និងការលើកទឹកចិត្ត មិនគួរត្រូវបានចាប់ខ្លួន និងចោទប្រកាន់ និងត្រូវបានឃុំខ្លួននោះទេបាទ!»។

នាយកអង្គការរូបនេះបន្ថែមថា ចំពោះនីតិវិធីបន្ត អាស្រ័យលើចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ព្រោះសំណុំរឿងនេះស្ថិតក្នុងដៃចៅក្រមរួចហើយ ដូច្នេះប្រសិនចៅក្រមបិទការស៊ើបសួរ យុវជនទាំងពីរនាក់នោះ អាចនឹងត្រូវបានដោះលែង ឬក៏អាចបញ្ជូនទៅជំនុំជម្រះ។ យ៉ាងណាលោកគិតថា មិនគួរឃុំខ្លួនពួកគេបន្តទេ យុវជនទាំងពីរ សមតែទទួលបានការដោះលែង​ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

លោក ថន ធន ដែលមកតាមដានស្ដាប់ការប្រកាសនេះ គឺលោកមិនអស់ចិត្តដែលតុលាការសម្រេចតម្កល់ថាការមិនដោះលែងពួកគេ និងបន្តឃុំខ្លួនពួកគេ ដោយមិនបញ្ជាក់ហេតុផលឱ្យច្បាស់លាស់ ខណៈពួកគេមិនបានប្រព្រឹត្តអ្វីខុសច្បាប់ឡើយ។

 

លោក ថន ធន មិត្តភក្ដិលោក ធី ថន និងកញ្ញា ស្រីពេជ្ររតនា។ 

លោក ថន ធន៖ «អ៊‌ីចឹងតុលាការ ចៅក្រមមានមុខនាទីសំខាន់នៅក្នុងស្ថាប័នសង្គម នៅក្នុងប្រទេសមួយ ប្រសិនជាតុលាការ ឬចៅក្រមអត់បានដើរទៅតាមវិជ្ជាជីវៈ ឬក៏ក្រមសីលធម៌របស់ចៅក្រមទេ ខ្ញុំគិតថាសង្គមមួយវានឹងធ្លាក់ចុះ ជាពិសេសជាមួយនិងបញ្ហាសង្គមទាក់ទងនឹងការកាត់ក្ដី ឬក៏បញ្ហាបទល្មើសមួយចំនួននេះ វានឹងកើតឡើងជាបន្តបន្ទាប់ ដោយសារតែចៅក្រម ការកាត់ក្ដីនេះ វាមានភាពលម្អៀង អត់មានវិជ្ជាជីវៈ កាត់ក្ដីដោយអគតិ ដោយភាពល្ងង់ ភាពខ្លាច មិនដឹងមិនលឺអីអ៊‌ីចឹងទៅ»។

កាលពីពេលថ្មីៗនេះ យុវជនចំនួន ៣នាក់ ដែលរងការចោទប្រកាន់ដូចគ្នានិងយុវជនកំពុងជាប់ឃុំដែរ ក្នុងនោះមាន៖ កញ្ញា​ ​សើន​ ​ស្រី​មៃ យុវជនសមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ (KS​I​L​A​) លោក ឈាង​ ​ឬ​ទ្ធី និងកញ្ញា សាក់ កន្និការ ដែលអ្នកទាំងពីរជាបុគ្គលិកអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ​(​Y​R​D​P) ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីពួកគេបានចេញវីដេអូសុំទោស និងទទួលស្គាល់កំហុសចំពោះសកម្មភាពខ្លួន។

យោងតាមរបាយការណ៍អង្គការលីកាដូ បានកត់ត្រាចាប់ពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ក្នុងនោះអង្គការលីកាដូ រកឃើញថា យ៉ាងហោចណាស់មនុស្សច្រើនជាង ៣០នាក់ទៀត ជាប់ឃុំនៅក្នុងពន្ធនាគារទាក់ទងនឹងបទចោទជុំវិញព្រឹត្តិការណ៍គម្រោង CLV៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង