ពិព័រណ៌សៀវភៅកម្ពុជាលើកទី១០ទើបតែបញ្ចប់កាលពីឆ្នាំ២០២៣ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលប្រព្រឹត្តទៅជោគជ័យគួរជាទីកត់សម្គាល់ ដោយក្នុងរយៈពេល៤ថ្ងៃមានអ្នកចូលរួមសរុបចំនួនជាង ២០ម៉ឺននាក់។ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» ជាប្រធានបទថ្មីសម្រាប់ពិព័រណ៌សៀវភៅកម្ពុជាលើកទី១១ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៩-២២ខែធ្នូខាងមុខនេះ ដោយគណៈកម្មាការយល់ថាការសិក្សាតាមរយៈការអានសៀវភៅជាទុនដែលត្រូវបណ្តុះជារៀងរាល់ថ្ងៃដើម្បីបំពេញចន្លោះបន្ថែមរាល់ចម្ងល់របស់សាធារណជនទៅតាមប្រភេទនៃខ្លឹមសារ។
(កញ្ញា កែវ សុជាតា រាយការណ៍)
លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងនាយកអង្គការស៊ីប៉ា បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ថា ពាក្យស្លោក «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» គឺមានន័យទូលំទូលាយ។ ក្នុងនោះ លោកពន្យល់ថា ការសិក្សាតាមរយៈការអានគឺជាស្វ័យសិក្សាម្យ៉ាងដែលមិនចេះជិនណាយ ពោលគឺប្រសិនអ្នកសិក្សាមានចម្ងល់ឬត្រូវការសិក្សាអ្វីបន្ថែមអាចទៅស្វែងរកសៀវភៅប្រភេទនោះបានដោយងាយ។ ជាក់ស្តែង ការសិក្សាពេញមួយជីវិតនេះគឺជាកម្មវិធីសិក្សាមួយរបស់ពិភពលោកដែលមានគោលបំណងបណ្តុះចំណេះជំនាញរបស់មនុស្សជាតិចាប់តាំងពីពួកគេកើតរហូតឈានដល់វ័យជរាពាធ ដោយពុំមាននរណាម្នាក់អាចកំណត់វាស់វែងពីការចេះដឹងហើយឈប់រៀននោះទេ។
លោក ហុក សុទ្ធិ៖«បើយើងចេះតែបង្រៀនជាឧទាហរណ៍ ជាគ្រូបង្រៀនយើងចេះតែបង្រៀន ប៉ុន្តែយើងអត់ចេះ IT (បច្ចេកវិទ្យា) យើងអត់ចេះកុំព្យូទ័រ យើងអត់ចេះអី[ផ្សេងទៀត]មានន័យថាយើងហួសសម័យ។ អ៊ីចឹងហើយការរៀនមួយជីវិតនេះ គេហៅថាពាក្យស្លោកមួយដែលមានអត្ថន័យទូលំទូលាយ។ ហើយហេតុអីបានការអានគឺជាការរៀនពេញមួយជីវិត? ដោយសារកាលណាយើងអានធ្វើឱ្យយើងចេះអាន កាលណាយើងចេះអានយើងអាចនឹងរៀនអ្វីៗគ្រប់យ៉ាង ហើយច្រើនយ៉ាងដោយអត់បាច់មានគ្រូ។ យើងរៀនដោយខ្លួនឯងនៅពេលយើងអាយុប៉ុន្មានក៏យើងយកសៀវភៅមកអាន បានន័យថាយើងរៀនហើយ អ៊ីចឹងមានន័យថាយើងរៀនពេញមួយជីវិត។»។
លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងនាយកអង្គការស៊ីប៉ា កំពុងអង្គុយផ្តល់បទសម្ភាសទៅកាន់អ្នកសារព័ត៌មានមកពីស្ថាប័ននានាក្នុងឱកាសបើកពិព័រណ៌សៀវភៅកម្ពុជាលើកទី១១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ រូបភាព៖ WMC/Reaksmey
កញ្ញា ស្រ៊ុន វួចឡាង ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកស្ម័គ្រចិត្តកម្មវិធីសៀវភៅកម្ពុជាលើកទី១០កាលពីពេលកន្លងទៅ បានឱ្យដឹងថា ការអានមានសារៈប្រយោជន៍ណាស់សម្រាប់មនុស្សទូទៅពិសេសសិស្សនិស្សិត ដ្បិតសៀវភៅក្រៅតែពីអភិវឌ្ឍចំណេះដឹងទៅកាន់អ្នកអាន សៀវភៅក៏ជួយរំសាយនូវទុក្ខកង្វល់ ភាពសោកសៅ ឬអារម្មណ៍ដែលពិបាករ៉ាយរ៉ាប់បញ្ចេញទៅខាងក្រៅឱ្យអ្នកជុំវិញបានយល់ផងដែរ។សៀវភៅអាចជួយបន្លប់ឱ្យកញ្ញាសប្បាយមួយគ្រាទៅតាមសាច់រឿង និងខ្លឹមសារនៃសៀវភៅ។
កញ្ញា ស្រ៊ុន វួចឡាង៖«ការអានសៀវភៅគឺវាទូលំទូលាយនិងផ្តល់ជាសារៈសំខាន់បានច្រើនមែនទែន។ ទី១ គឺអាចថាមនុស្សយើងម្នាក់ៗគឺមានចំណង់ចំណូលចិត្តខុសៗគ្នា។ ហើយខ្ញុំយល់ឃើញថា សៀវភៅគឺជាកន្លែងមួយដែលអាចថាផ្តល់ជាcomfortzone(កន្លែងផ្តល់សុវត្ថិភាព)នៅពេលដែលយើងអត់អាចបញ្ចេញជាអីដែលយើងអាចនិយាយនៅក្រៅ យើងអាចស្វែងរកសៀវភៅ។ សៀវភៅខ្លះអាចឱ្យយើងស្វែងរកខ្លួនឯងបាន ហើយសៀវភៅខ្លះទៀតអាចអភិវឌ្ឃយើងរបៀបថាការអាន ការសរសេរ ឬក៏មួយផ្នែកទៀតអាចនិយាយបានថាបង្កើន បណ្តុះជាគំនិតផ្សេងៗបានមកពីសៀវភៅផ្សេងៗដូចគ្នាដែរ។»។
កញ្ញា ស្រ៊ុន វួចឡាង ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកស្ម័គ្រចិត្តកម្មវិធីសៀវភៅកម្ពុជាលើកទី១០ ចូលរួមបើកពិព័រណ៌សៀវភៅកម្ពុជាលើកទី១១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ រូបភាព៖ WMC/Reaksmey
សកម្មភាពអ្នកស្ម័គ្រចិត្តពិព័រណ៌សៀវភៅកម្ពុជាលើកទី១១ ត្រៀមខ្លួនដើម្បីពិព័រណ៌ក្នុងថ្ងៃខាងមុខ។ រូបភាព៖ Cambodia Book Fair
កញ្ញាសង្កេតឃើញថា នៅក្នុងការតាំងពិព័រណ៌សៀវភៅកម្ពុជាលើកទី១០កាលពីពេលកន្លងទៅ មានសៀវភៅជាច្រើនប្រភេទដែលអ្នកចូលរួមអាចជាវទៅតាមចំណង់ចំណូលចិត្តក្នុងនោះមានដូចជាសៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជានិងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យានិងភូមិវិទ្យា និងសៀវភៅទាក់ទងនឹងសាសនានិងសិល្បៈជាដើម។ អំឡុងពេល វួចឡាង ធ្វើជាអ្នកស័្មគ្រចិត្តពិព័រណ៌សៀវភៅកម្ពុជាកាលពីឆ្នាំ២០២៣ វួចឡាង ឃើញមានអ្នកចូលរួមយ៉ាងច្រើនកុះករ ខណៈនេះជាមោទនភាពមួយក្នុងនាមជាអ្នកស្ម័គ្រចិត្តម្នាក់ដែលមានឆន្ទៈអភិវឌ្ឍ និងលើកកម្ពស់ការអានទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីបន្តចូលរួមកែប្រែទម្លាប់ចាប់កាន់សៀវភៅអានទាំងអស់គ្នា។
រូបភាពអ្នកចូលរួមឈរមើលសៀវភៅដើម្បីជាវនៅក្នុងពិព័រណ៌សៀវភៅកម្ពុជាលើកទី១០។ រូបភាព៖ WMC/Seavminh
ដោយឡែក លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្មវិធីពិព័រណ៌សៀវភៅកម្ពុជានេះធ្វើសម្រេចជាផ្លែផ្កាបានចំនួន១០លើកមកហើយ ដែលឆ្នាំ២០២៤នេះនឹងធ្វើឡើងជាថ្មីម្តងទៀតចំនួនបួនថ្ងៃដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ។ ក្នុងឱកាសប្រកាសអំពីការរៀបចំពិព័រណ៍សៀវភៅលើកទី១១នេះ លោកបានបញ្ជាក់ថា ស្តង់សម្រាប់ឆ្នាំ២០២៤បានកើនឡើងដល់ទៅ២៩២ស្តង់ ខណៈឆ្នាំ២០២៣មានមិនដល់២៥០ស្តង់ផង។ លោកដាក់ក្តីរំពឹងថា នៅក្នុងការតាំងពិព័រណ៌លើកទី១១នេះនឹងមានអ្នកចូលរួមច្រើនសន្ធឹកដូចឆ្នាំមុន ហើយនិងមានសន្ទុះអ្នកទិញសៀវភៅដើម្បីអានឱ្យបានច្រើន ដ្បិតការទិញខ្លះអាចទិញដើម្បីជាប្រយោជន៍ខ្លួនឯង គ្រួសារកូនក្មួយ សម្រាប់អ្នករួមការងារ ឬដើម្បីចែករំលែកអ្នកកាន់កុមារនៅតាមជនបទដាច់ស្រយាលដែលខ្វះខាតថវិកាទិញសៀវភៅសម្រាប់អានផងដែរ។
លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមនិងផ្តល់បទសម្ភាសទៅកាន់អ្នកសារព័ត៌មានមកពីស្ថាប័ននានាក្នុងឱកាសបើកពិព័រណ៌សៀវភៅកម្ពុជាលើកទី១១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ រូបភាព៖ WMC/Socheata
ទន្ទឺមគ្នានេះ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបានឱ្យដឹងថា កម្មវិធីពិព័រណ៌សៀវភៅកម្ពុជាលើកទី១១នេះមិនខុសពីលើកមុននោះឡើយ ដោយធ្វើឡើងក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់នៅក្នុងការអានសៀវភៅ ពិសេសយុវជនដែលកំពុងស្ថិតនៅក្នុងវ័យសិក្សាឬចេញទៅប្រកបមុខរបរនៅក្នុងស្ថាប័ននានាឱ្យស្គាល់ពីតម្លៃនៃការអានដើម្បីអភិវឌ្ឍចំណេះដឹង និងជាមូលដ្ឋានគ្រឹះបង្កើនស្មារតី។ ទន្ទឹមគ្នានេះ គណៈកម្មាការរៀបចំកម្មវិធីពិព័រណ៌សៀវភៅចង់លើកទឹកចិត្តកវីអ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ឱ្យបន្តតាក់តែងនិងបង្កើតស្នាដៃថ្មីៗ ជួយគាំទ្រ និងផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់-ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
លោក គឹម ពីនន់៖«ហើយគោលបំណងនៃការរៀបចំពិព័រណ៌សៀវភៅលើកទី១១នេះក៏ដូចជាបណ្តាឆ្នាំកន្លងមកៗដែរ គឺយើងមានគោលបំណងធំចំនួន៥។ ទី១គឺថាឱ្យជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទរួមទាំងស្នាដៃថ្មី និងស្នាដៃចាស់ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ នេះគឺជាគោលបំណងធំរបស់យើងទី១។ ហើយទី២ គឺជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់នៅក្នុងការអានសៀវភៅ ហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បី អភិវឌ្ឍចំណេះដឹងនិងបង្កើតគំនិតសម្រាប់ការសិក្សានិងការងារ។ ទី៣គឺបង្កើនកម្មវិធីនិទានរឿង និងគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ។ ហើយចំណុចទី៤ធំ គឺថាគាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា និងនៅក្នុងពិភពលោកទៀត។ ហើយនិងចំណុចទី៥ គឺជាការលើកទឹកចិត្តដល់កវីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។»។
រូបភាពអ្នកចូលរួមឈរមើលសៀវភៅដើម្បីជាវនៅក្នុងពិព័រណ៌សៀវភៅកម្ពុជាលើកទី១០។ រូបភាព៖ WMC/Seavminh
សូមជម្រាបថា កម្មវិធីនេះដំណើរការទៅបានក្រោមការសហការគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងគណៈកម្មាការរៀបចំពិព័រណ៌ ដោយឡែកក៏មានកិច្ចសហការជាមួយដៃគូឧបត្ថម្ភមួយចំនួនទៀត។ បើគិតពីមួយឆ្នាំទៅមួយឆ្នាំ ការតាំងពិព័រណ៌សៀវភៅកម្ពុជាបានទទួលការគាំទ្រពីសាធារណជន ពិសេសពីសំណាក់យុវជន កាន់តែច្រើនឡើងៗ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍចំណេះដឹងនិងការងារ។ ជាមួយគ្នានេះដែរ គណៈកម្មាការរៀបចំពិព័រណ៌សៀវភៅកម្ពុជាលើកទៅ១១នេះ រំពឹងថានឹងមានអ្នកចូលរួមប្រហែលជាង២០ម៉ឺននាក់ ក្រោមការប្រើប្រាស់ឧបករណ៍ចាប់ចំនួនអ្នកចូលរួមដោយមានភាពសុក្រឹត៕