ខេត្តកំពង់ធំ ៖ លោក ស៊ន កាដេត នាយកវិទ្យាល័យបួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តួចផ្តើមគំនិតរៀបចំកន្លែងលាងដៃសម្រាប់សិស្សានុសិស្សសម្អាតអនាម័យទប់ស្កាត់មេរោគនិងការចម្លងជំងឺកូវីដ-១៩ក្នុងសាលារៀននិងសហគមន៍។
កន្លែងលាងដៃចំនួនពីរនេះ មានទម្រធ្វើពីស៊ីម៉ង់ តភ្ជាប់ប្រព័ន្ធទឹកស្អាតបង្ហូរពីលើ ហើយនៅទីនោះមានសាប៊ូសម្រាប់លាង សម្អាតសម្លាប់មេរោគផងដែរ។
កន្លែងលាងដៃដែលដាក់ដំណើរកាលកាលពីដើមខែកុម្ភៈឆ្នាំ២០២២នេះ បានសាងសង់ឡើងក្រោមថវិការៃអង្គាសពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យបួលក្បិល ដែលចំណាយថវិកាសាងសង់ប្រមាណ ២០០ ដុល្លារសហរដ្ឋអាមេរិក។
លោកនាយក ស៊ន កាដេត ជូនដំណឹងនឹងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ត្រូវបង្កើនការរក្សាអនាម័យតាមរយៈការឧស្សាហ៍សម្អាតរាង្គកាយ ពិសេសលាងសម្អាតដៃឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ការចម្លងមេរោគ និងការចម្លងជំងឺកូវីដ-១៩។
មួយទៀតលោកនាយកសាលាក៏ក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ សិស្សទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល បីកុំ បីការពារ គឺការពាក់ម៉ាស់ ការរក្សាគម្លាត និងលាងដៃឱ្យបានខ្ជាប់ខ្ជួន ខណៈជំងឺកូវីដ-១៩ ពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង កំពុងរីករាលដាល។
យុវសិស្សម្នាក់ឈ្មោះ រុន វិរៈ ជាសិស្សវិទ្យាល័យបួលក្បិលប្រាប់ឱ្យដឹងថា រូបគេតែងលាងសម្អាតដៃជាមួយសាប៊ូ និងឧស្សាហ៍បាញ់អាកុលពេលចូលបន្ទាប់រៀន។ ការធ្វើបែបនេះ ដើម្បីរក្សាបានអនាម័យនិងមានទម្រុកចិត្តពេលរៀនក្នុងថ្នាក់។ យុវជន រុន វិរៈ បន្ថែមថា រូបគេសប្បាយរីករាយដែលពេលនេះសាលារៀនបានរៀបចំឱ្យមានកន្លែងលាងដៃនេះឡើង បង្កភាពងាយស្រួលដល់សិស្សក្នុងការធ្វើអនាម័យ។ យុវសិស្សរូបនេះយល់ថា បរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩នេះ ការធ្វើអនាម័យខ្លួនប្រាណពិសេសការលាងដៃនឹងសាប៊ូគឺជារឿងចាំបាច់បំផុតដែលត្រូវធ្វើ ដើម្បីបញ្ចៀស ឬ កាត់បន្ថយអត្រាចម្លងនៃជំងឺកូវីដ-១៩។ យុវជន វិរៈ សន្យាថានឹងអនុវត្តការលាងដៃឱ្យបានញឹកញាប់ ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍ ជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទខ្លីនេះសរសេរដោយ យឿន ស៊ីឌី យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។