en     km
en     km

នាយករដ្ឋមន្ដ្រី៖ រដ្ឋមន្ដ្រីកសិកម្មមិនបាច់មានជំនាញកសិកម្មតែទាមទារជំនាញដាក់ទិសដៅ

Share

នាយករដ្ឋមន្ដ្រីកម្ពុជាថា រដ្ឋមន្ដ្រីក្រសួងកសិកម្ម មិនចាំបាច់មានជំនាញកសិកម្មនោះទេ សំខាន់ឱ្យតែចេះគ្រប់គ្រង បែងចែក និងដាក់ទិសដៅការងារ ជាមួយការដឹកនាំមន្ដ្រីក្រោមឱវាទធ្វើការឱ្យបានត្រឹមត្រូវគឺជារឿងចាំបាច់។ ការថ្លែងរបស់នាយករដ្ឋមន្ដ្រីបែបនេះ ក្រោយការតំឡើងតំណែងលោក ឌិត ទីណា ជារដ្ឋមន្ដ្រីកសិកម្ម។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖


ក្រោយមានការលើកឡើងថា មិនយកមន្ដ្រីកសិកម្មទៅធ្វើរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែបែរជាមន្ដ្រីក្រសួងរ៉ែ និងថាមពល មកធ្វើជារដ្ឋមន្ដ្រីកសិកម្មទៅវិញ នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះបានថ្លែងឆ្លើយតបថា រដ្ឋមន្ដ្រីកសិកម្មមិនចាំបាច់ចេះកសិកម្មទេ តែទាមទារឱ្យចេះការគ្រប់គ្រង និងដាក់ទិសដៅនានា។


ការឆ្លើយតបទៅរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អំឡុងពេលចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។
សម្ដេចបន្ថែមទៀតថា កុំវាយតម្លៃលើមនុស្សរហ័សពេក និងកុំគិតថា ទាល់តែមានជំនាញខាងកសិកម្មទើបអាចធ្វើរដ្ឋមន្ដ្រីកសិកម្មបាន។ បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីរម្លឹកពីអតីតកាលថា មន្ទីរកសិកម្មនៅតាមខេត្ត មន្ដ្រីមានឈ្មោះតែកសិកម្មទេ តែរកផលិតផលកសិកម្មដែលខ្លួនដាំមកហូបមិនបានផង។
សូមរម្លឹកដែរថា រដ្ឋមន្ដ្រីកសិកម្មថ្មី លោក ឌិត ទីណា គឺជាអតីតមន្ដ្រីនៃក្រសួងរ៉ែ និងថាមពល ដែលធ្លាប់ដឹកនាំរឿងបូមខ្សាច់តាមដងទន្លេ។ លោកត្រូវបានតែងតាំងជារដ្ឋមន្ដ្រីកសិកម្មដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើនាយករដ្ឋមន្ដ្រីក្រោយបញ្ចប់តំណែងលោក វេង សាខុន។


លោក ឌិត ទីណា ធ្លាប់បានលើកឡើងពីគោលនយោបាយកសិកម្មថ្មី ជុំវិញការបញ្ចុះថ្លៃដើមនៃការផលិត និងរក្សាតម្លៃផលិតផលលើទីផ្សារ ខណៈលោកចុះចែកពូជស្រូវដល់កសិករកាលពីអំឡុងទឹកជំនន់នៅខេត្តកំពង់ចាម។ ផ្អែកតាមក្រសួងកសិកម្ម លោកបានធ្វើសកម្មភាពជាមួយតំណែងថ្មី ដោយបន្ដចុះជួបប្រជាពលរដ្ឋរងគ្រោះ និងជួបជាមួយអ្នកធ្វើការងារលើវិស័យឯកជនក្នុងវិស័យកសិកម្មមួយចំនួនផងដែរ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង