កំពង់ធំ៖ ស្រឡាងមួយគ្រឿងដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយា បាននិងកំពុងបំពេញនាទីរបស់ខ្លួនដឹកអ្នកដំណើរឆ្លងកាត់ស្ទឹងសែនក្នុងខេត្តកំពង់ធំ ដោយយកកម្រៃតិចតួច ប៉ុណ្ណោះ ហើយចំពោះសិស្សវិញគឺមិនគិតថ្លៃនោះទេ។ ស្រឡាងមួយនេះ បានជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានទាន់ពេលវេលា ស្របពេលដែលទឹកជំនន់បានបង្កការលំបាកដល់ការធ្វើដំណើរតាមផ្លូវគោក។
ប្រជាពលរដ្ឋប្រើប្រាស់ស្រឡាងថ្លែងអំណរគុណនាយករដ្ឋមន្រ្តីដែលបានផ្តល់ស្រឡាងជូនពេលទឹកជំនន់។រូបភាពពី សៅ ស៊ីណា។
បើតាមក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំបានឱ្យដឹងថា ស្រឡាងនេះបានដាក់ដំណើរការជាច្រើនខែកន្លងមកហើយ ដោយបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កសិករក្នុងការងារប្រចាំថ្ងៃ និងជាពិសេសសិស្សសាលាបានទៅរៀនទាន់ពេលវេលា។
តាមរយៈកិច្ចសម្ភាសន៍ ប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ដែលបានមកទទួលសេវាធ្វើដំណើរតាមស្រឡាងនេះ លើកឡើងប្រហាក់ប្រហែលគ្នាថា ចាប់តាំងពីមានស្រឡាងដឹកអ្នកដំណើរនេះមក ធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរទៅប្រកបការងារស្រែចម្ការ ការលក់ដូរ និងទៅបំពេញការងារផ្សេងៗបានទាន់ពេលវេលា។ ចំណែកសិស្សសាលាវិញប្រាប់ថា ពួកគេបានទៅរៀនទាន់ពេលវេលា មិនចំណាយថវិកា និងទទួលបានសុវត្ថិភាពខ្ពស់បើធៀបនឹងការធ្វើដំណើរតាមទូកតូចៗ។
ប្រជាពលរដ្ឋសម្តែងក្តីរីករាយដែលនាយករដ្ឋមន្រ្តីផ្តល់ជូនស្រឡាងក្នុងពេលទឹកជំនន់។រូបភាពពី សៅ ស៊ីណា។
ជាក់ស្ដែងលោក យ៉ឹង ម៉ាណែត មេឃុំស្រើង ស្រុកប្រាសាទសំបូរ និងលោក ហ៊ុយ គឹមលី មេឃុំឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំបានលើកឡើងឲ្យដឹងថា ថ្មីៗនេះបងប្អូនប្រជាពលរដ្ឋបានមកប្រើប្រាស់សេវាដឹកជញ្ជូនតាមស្រឡាងនេះ ដើម្បីទៅស្រែចម្ការ ទៅឃ្វាលគោក្របី ទៅប្រកបការងាររកស៊ីលក់ដូរ ទៅបំពេញការងាររដ្ឋនិងក្រុមហ៊ុន ពិសេសសិស្សានុសិស្សក៏មកជិះដើម្បីទៅសាលារៀនផងដែរ។
សកម្មភាពប្រជាពលរដ្ឋមកជិះស្រឡាងឆ្លងស្ទឹងសែន។រូបភាពពី សៅ ស៊ីណា។
មេឃុំទាំងពីរខាងលើយល់ថា អំណោយរបស់នាយករដ្ឋមន្រ្តីនិងភរិយានេះ ពិតជាបានឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដ្បិតបើសិនជាគ្មានស្រឡាងនេះទេ ពលរដ្ឋនិងសិស្សសាលាច្បាស់ជាត្រូវលំបាកជិះទូកតូចៗដែលអាចប្រឈមគ្រោះថ្នាក់ និងចំណាយច្រើន។
ដោយឡែកលោកស្រី ថៃ គន្ធា សមាជិកគណៈកម្មការកំពង់ចម្លងបានឱ្យដឹងថា ក្នុងមួយថ្ងៃៗមានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមស្រឡាងនេះជាមធ្យមចំនួន ៤៥០ នាក់ ក្នុងមួយថ្ងៃៗ ដោយខ្លះដើរថ្មើរជើង និងខ្លះមានកង់ ម៉ូតូ ផងដែរ។ លោកស្រីបន្ថែមថា គណៈកម្មការមានក្រុមការងារច្បាស់លាស់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរ និងមើលការថែទាំ ជួសជុលស្រឡាងជាប្រចាំ ដើម្បីធានាបានសុខសុវត្ថិភាពដល់អ្នកដំណើរ។
លោកស្រី ថៃ គន្ធា សមាជិកគណៈកម្មការកំពង់ចម្លង(កណ្តាលលើកដៃប្រណម),លោក ហ៊ុយ គឹមលី មេឃុំឈូកស្រុកប្រាសាទសំបូរ(ឈរខាងឆ្វេង),លោក យ៉ឹង ម៉ាណែត មេឃុំស្រើង ស្រុកប្រាសាទសំបូរ ។រូបភាពពី សៅ ស៊ីណា។
សូមបញ្ជាក់ជូនថា ស្រឡាងមួយគ្រឿងដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្រ្តីនិងភរិយានេះ បានផ្តល់ជូនមកសម្រាប់ជាមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ស្ទឹងសែនក្នុងខេត្តកំពង់ធំ ក្នុងគ្រាដែលស្ថានភាពទឹកជំនន់បានបង្កបញ្ហារារាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សម្រាប់ថ្លៃធ្វើដំណើរវិញ បើតាមប្រភពមានសមត្ថកិច្ចពាក់ព័ន្ធបានបញ្ជាក់ថា សម្រាប់ថ្លៃបង់ស្រឡាងគឺយកថ្លៃតិចតួចតែប៉ុណ្ណោះ ពោលគឺចន្លោះពី៥០០រៀលដល់មួយពាន់រៀល ហើយសម្រាប់សិស្សសាលាវិញគឺមិនគិតថ្លៃនោះទេ៕
អត្ថបទខ្លីសរសេរដោយ សៅ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។