ខេត្តព្រះវិហារ៖ សាលាបឋមសិក្សាអនុវត្តន៍ស្ថិតក្នុងខេត្តព្រះវិហារ បានបង្កើតសួនបន្លែក្នុងបរិវេណសាលា ដែលមានឈ្មោះថា«សួនបំណិនជីវិត»។សួនបន្លែបំណិនជីវិតនេះ បង្កើតឡើងក្នុងគោលបំណងបណ្តុះទម្លាប់កុមារជាសិស្សានុសិស្សឱ្យចេះដាំដុះបន្លែសរីរាង្គគ្មានជាតិគីមី ប្រយោជន៍ដើម្បីសុខភាពពេលទទួល។ អ្វីជាពិសេសជាងនេះ សាលាក៏បង្កើតកម្មវិធីដាក់លក់បន្លែរបស់សិស្សៗផងដែរ ដើម្បីប្រមូលថវិកាមកទិញសម្ភារៈសិក្សា និងជួយផ្គត់ផ្គង់សិស្សក្រីក្រ។
កាលពីដើមខេត្តកញ្ញាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ នាយិកា គ្រូបង្រៀន និងសិស្សានុសិស្សនៃបឋមសិក្សាអនុវត្តន៍ បានប្រមូលផលដំណាំដែលសិស្សៗបានដាំក្នុងបរិវេណសាលា និងបន្លែពីក្នុងសហគមន៍ដែលគ្មានជាតិគីមី មកតាំងលក់នៅមុខបឋមសិក្សាអនុវត្តន៍ ញុំាងឱ្យបរិយាកាសគ្រានោះមានសភាពអ៊ូអរ ខ្ញៀវខ្ញារ។
សកម្មភាពសិស្សានុសិស្សដាក់បន្លែលក់នៅមុខសាលា។រូបភាពពីលោក មាន សុវណ្ណារិទ្ធិ។
បន្លែបង្ការដែលយកមកតាំងលក់នេះ គឺជាផលដំណាំដាំដុះដោយដៃរបស់ កុមារា កុមារី ជាសិស្សានុសិស្សបឋមសិក្សាអនុវត្តន៍ ដែលដាំក្នុងសួនបន្លែឈ្មោះថា«សួនបំណិនជីវិត»ស្ថិតក្នុងទឹកដីខេត្តព្រះវិហារ។
សកម្មភាពសិស្សានុសិស្សដាក់បន្លែលក់នៅមុខសាលា។រូបភាពពីលោក មាន សុវណ្ណារិទ្ធិ។
ជុំវិញការដាំបន្លែក្នុងសួនបំណិនជីវិតនេះលោកស្រី រស់ ស៊ីថា នាយិកាសាលាបឋមសិក្សាអនុវត្តន៍ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា សួននេះបង្កើតឡើងក្នុងគោលបំណងចង់បង្ហាត់បង្រៀនសិស្សានុសិស្សពិសេសកុមារៗឱ្យចេះដាំដុះបន្លែសម្រាប់ទទួលទាន ហើយពួកគេអាចយកអនុវត្តដាំដុះនៅផ្ទះរៀងៗខ្លួនបាន។ មួយវិញទៀត ការបង្កើតសួនបន្លែនេះឡើង ក៏ដើម្បីបណ្តុះចំណេះដឹងនៃការបរិភោគបន្លែធម្មជាតិ ឬបន្លែសរីរាង្គដល់កុមារតាំងពីវ័យក្មេងផងដែរ ដើម្បីឱ្យពួកគេមានទម្លាប់ចេះបែកចែករវាងបន្លែគីមី និងបន្លែសរីរាង្គសម្រាប់ជ្រើសរើសយកទៅចម្អិនជួយដល់សុខភាពរាង្គកាយ។ នេះជាការបញ្ជាប់បន្ថែមរបស់លោកស្រីនាយិកាបឋមសិក្សាអនុវត្តន៍។
លោកស្រីនាយិកាបឋមសិក្សាបានបង្កើតសួនបន្លែបំណិនជីវិតឡើងក្នុងបរិវេណសាលារៀន។រូបភាពពីលោក មាន សុវណ្ណារិទ្ធិ។
បន្ថែមពីលើគោលបំណងនេះ លោកស្រីនាយិកាបឋមសិក្សាអនុវត្តន៍ប្រាប់ថា កម្រៃដែលទទួលបានពីការលក់កសិផលរបស់សិស្ស គឺមួយផ្នែកយកទៅទិញសម្ភារៈសិក្សារបស់ពួកគេ និងមួយផ្នែកទៀតសម្រាប់ជួយឧបត្ថម្ភសិស្សក្រីក្រដែលជួបប្រទះការខ្វះខាតក្នុងគ្រួសារ។
លោកស្រី រស់ ស៊ីថា៖«ការក្នុងសាលាកន្លែងដាំនេះតូចទេ មិនសូវជាធំនោះទេ តែអ្វីដែលយើងចង់បណ្តុះគាត់គឺចង់ឱ្យគាត់ទម្លាប់ចេះដាំទៅ ហើយពេលគាត់ទំនេរពីការសិក្សាគាត់អាចចេះដាំបន្លែអីតិចតួចនៅផ្ទះដែរ។ចំណែកថវិកាបានពីការលក់បន្លែនិងសម្ភារៈកែច្នៃពីដៃរបស់ពួកគាត់ គឺមួយផ្នែកយកទៅទិញសម្ភារៈសិក្សាខ្លួនគាត់ដែលចែកជាក្រុមហ្នឹង ហើយមួយផ្នែកទៀតគឺគាត់ជួយសិស្សក្នុងថ្នាក់គាត់ដែលមានជីវភាពខ្វះខាតហ្នឹងដែរ»។
សកម្មភាពសិស្សានុសិស្សដាក់បន្លែលក់នៅមុខសាលា។រូបភាពពីលោក មាន សុវណ្ណារិទ្ធិ។
ក្នុងរឿងនេះដែរ កុមារីមួយរូបឈ្មោះ លី រៀននៅថ្នាក់ទី៦«ក»នៃបឋមសិក្សាអនុវត្តន៍លើកឡើងថា ខ្លួនមានចិត្តសប្បាយរីករាយណាស់ដែលខាងសាលារៀនបានបង្កើតកម្មវិធីបំណិនជីវិតនេះឡើង ដោយផ្តល់ឱកាសដល់សិស្សានុសិស្សចេះវិធីដាំដុះបន្លែទាំងនៅសាលានិងនៅផ្ទះ ព្រមទាំងអាចលក់បន្លែយកថវិកាទិញសម្ភារៈសិក្សានិងជួយមិត្តរួមថ្នាក់។
កុមារី លី៖«យើងអាចយកបន្លែមកលក់ដើម្បីផ្គត់ផ្គង់ជួយមិត្តក្នុងថ្នាក់ដែលជាសិស្សក្រីក្រ។ ហើយទី ២ ពេលយើងទំនេរយើងអាចដាំនៅផ្ទះបេះឱ្យឪពុកម្តាយទទួលទានបាន »។
កុមារី លី បានមកលក់ដូរបន្លែនៅមុខសាលា។រូបភាពពីលោក មាន សុវណ្ណារិទ្ធិ។
ដោយឡែកស្រ្តីម្នាក់ដែលបានមកជួយទិញបន្លែនៅមុខសាលារៀន បង្ហាញចំណាប់អាម្មរណ៍ថា អ្នកស្រីមានក្តីរីករាយដែលឃើញកូនៗនិងកុមារផ្សេងៗចេះដាំដុះបន្លែបង្ការបានល្អៗនិងមិនប្រើជីគីមី។ មួយវិញទៀត អ្នកស្រីក៏សប្បាយចិត្តដែលខាងសាលាបានបង្កើតកម្មវិធីលក់បន្លែរបស់សិស្សៗ ប្រការនេះអាចជួយឱ្យសិស្សទទួលបានបទពិសោធន៍ថ្មីមួយទៀត គឺចេះលក់ដូរទូទាត់លុយកាកពីវ័យក្មេង។
អ្នកទិញបន្លែ៖«ឃើញថាខាងសាលាបានបង្រៀនគាត់ពីការដាំដុះបន្លែ ហើយគាត់ដាំបានល្អៗមែនទែន។បន្ថែមពីនេះមានការលក់ដូរទៀត ចឹងធ្វើឱ្យគាត់ចេះលក់ដូរមានបទពិសោធន៍ជាអ្នកលក់ដូរទៀត»។
ស្រ្តីមេផ្ទះមួយរូបបានមកទិញបន្លែដែលកូនៗនិងសិស្សបានដាំនឹងយកមកដាក់លក់នៅមុខសាលា។រូបភាពពីលោក មាន សុវណ្ណារិទ្ធិ។
ផ្អែកតាមរូបភាពដែលក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារផ្តល់ជូនមកឃើញថា បន្លែដែលត្រូវបានយកមកតាំងលក់មុខសាលារួមមាន ប្រភេទស្ពៃ គ្រឿងទេស មានដូចជា ម្ទេស ស្លឹកគ្រៃ ជី ផ្លែល្ហុង ផ្លែក្រសាំង និងកូនឈើ ព្រមទាំងមានវត្ថុអនុស្សាវរីយ៍ផងដែរ ដូចជាផ្ទះតូចៗធ្វើពីឈើ និងប្រអប់ក្រដាសចម្រុះពណ៌៕
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធិ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។