en     km
en     km

លំហសេរីភាពបញ្ចេញមតិនៅតែជាប្រធានដែលប្រជាសហគមន៍និងអ្នកជំនាញវែកញែក ក្នុងកិច្ចប្រជុំផ្សព្វរបាយការណ៍របស់CCHR ឆ្នាំ២០២៣

Share

សង្គមស៊ីវិល សមាគម អង្គការ មិនមែនរដ្ឋាភិបាល អ្នកសារពត៌មាន សហគមន៍ និងយុវជនមួយចំនួន បានលើកឡើងពីបញ្ហា ប្រឈម ការគម្រាមកំហែង និងការរឹតត្បិតសិទ្ធិសេរីភាពខាងការបញ្ចេញមតិ របស់ពួកគេ និងសម្តែងនូវ ក្តីបារម្ភពីការរួមតូចនៃលំហសិទ្ធិសេរីភាពនៅកម្ពុជា។ លោក អ៊ុក ដែន រាយការណ៍៖

 

ការលើកឡើងពីក្ដីកង្វល់អំពីលំហសិទ្ធិសេរីភាពបញ្ចេញមតិធ្វើឡើងក្នុងពេលប្រជុំផ្សព្វរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រចាំឆ្នាំ ដែលប្រារព្វនៅសណ្ឋាគា(poulo wai Hotel) នៅថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានរបាយការណ៍ជាច្រើនត្រូវបានដាក់បង្ហាញដែលក្នុងនោះរបាយការណ៍របស់អង្គការហ្វ្រីដឹមហៅស៍ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថាមិនសេរីដោយបាន ពិន្ទុជាសកល ២៤ ក្នុងចំណោម ១០០ និងសេរីភាពតាមអនឡាញបានចំណាត់ថ្នាក់ ៤៤លើ១០០។ ចំណែករបាយការណ៍របស់អង្គការស៊ើបការសេដ្ឋកិច្ច​ ឆ្នាំ ២០២២ បានដាក់លេខរៀងកម្ពុជានៅលេខរៀង ១២១ នៃ ១៦៧​ និងចាត់ប្រទេសកម្ពុជាថាជា”ប្រទេសផ្តាច់ការ” ហើយសន្ទទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២២ ក៏បានគូសបញ្ជាក់អំពីការធ្លាក់ចុះនៃប្រជាធិបតេយ្យនៅកម្ពុជាថាបានក្លាយ ពីរបបកូនកាត់ទៅជារបស់ផ្ដាច់ការចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ នេះ ។ នេះជាការបញ្ជាក់ក្នុងរបាយការណ៍របស់អង្គការស៊ើបការសេដ្ឋកិច្ច​ ឆ្នាំ ២០២២។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានប្រាប់អ្នកសារពត៌មានវិទ្យុស្រ្តីថា ក្នុងនាមជាអ្នកធ្វើការងារខាងផ្នែកប្រជាធិបតេយ្យហើយក៏ជាពលរដ្ឋសកម្មម្នាក់ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានលោកក៏បានឯកភាពចំពោះអ្វីដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញពីការរួមតូចនៃលំហសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាដែលឃើញមានការធ្លាក់ចុះ។ហើយទាំងប្រជាពលរដ្ឋទាំងសកម្មជនដីធ្លីសកម្មជនសិទ្ធិមនុស្សក៏ប្រឈមមុខជាច្រើនដែរនៅក្នុងនោះមនុស្សមួយក្រុមដែលអ្នកសារព័ត៌មានដាក់ឈ្មោះឲ្យថាជាអ្នកវិភាគឬក៏ហៅម្យ៉ាងទៀតថាជាបញ្ញវន្តសាធារណៈ មានទាំងគ្រូបង្រៀន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិលនិងស្ថាប័នមួយចំនួនទៀតដែលតែងតែចំណាយពេលចែករំលែកនូវទស្សនៈរបស់ខ្លួនជុំវិញបញ្ហាសង្គមមួយចំនួន និងផ្តល់នូវអនុសាសន៍ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះក៏ប្រឈមមុខមិនតិចឡើយបើធៀបជាមួយ សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្ស។ដោយពួកគេប្រឈមនិងការតាមដាន ឃ្លាំមើលពីជនប្លែកមុខការគម្រាមកំហែងដោយផ្ទាល់ឬដោយប្រយោលពីសុវត្ថិភាពទាំងនៅផ្ទះ និងកន្លែងការងារ និងការរើសអើងពីកន្លែងការងារមួយចំនួន ការខ្លាចរអារមិនហ៊ានស្និទ្ធនស្នាលពីមិត្តភក្តិ ជាដើម។

«សម្រាប់លោកផ្ទាល់ក៏ធ្លាប់បានជួបជាច្រើន មានទាំងការ ឃ្លាំមើល ការតាមដាន ខ្ញុំតាំងពីចេញពីផ្ទះរហូតដល់កន្លែងធ្វើការ មានទាំងពេលអង្គុយធ្វើការនៅហាងកាហ្វេមានអ្នកអង្គុយទល់មុខថតរូប មានទាំងការគំរាមកំហែង ថាឲ្យប្រយ័ត្នប្រយែងកាត់បន្ថយសកម្មភាពក្នុងការនិយាយ ជាមួយអ្នកសារព័ត៌មាន ហើយកាលដែលលោកនៅបង្រៀនសាលាឯកជន គាត់ធ្លាប់មានការស្នើសុំឲ្យកាត់បន្ថយការនិយាយជាមួយអ្នកកាសែត ការខំមិនផុសនៅលើ Facebook រឿងសេដ្ឋកិច្ចរឿងនយោបាយអីជាដើម»។

ក៏ប៉ុន្តែលោក ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនាឱកាសប្រជុំផ្សព្វរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះដោយបញ្ជាក់ពីសេរីភាពបញ្ចេញមតិដោយអះអាងថា  បើតាមក្រសួងព័ត៌មាន សារព័ត៌មានដែលបានចុះបញ្ជី មានជាងពីរពាន់ស្ថាប័ន។ លោកបានចោទជាសំណួរបន្តថា បើយើងគុណ មួយស្ថាប័នមានតែ៥នាក់តើមនុស្សឡើងប៉ុន្មាន ? លោក ស៊្រាង ចិន្តា បន្តគេសម្ភាសន៍តែគ្នាបួនឬ ដប់ នាក់ ហើយសុទ្ធតែជាអ្នកដែលមានករណី ធ្លាប់បានប៉ះទង្គិច ដោយយកចំនួនអ្នករងគ្រោះតិចតួចមកវាតម្លៃ  ដែលលោកទាមទារឱ្យគិតគូពីតុល្យភាពដែលយើងអាចមើលឃើញ ក្នុងសង្គមដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ឱ្យតម្លៃ មតិភាគច្រើន។

«បើយើងប្រៀបទៅនឹងប្រទេសក្នុងតំបន់មានប្រទេសណាដែលមានសារព័ត៌មានច្រើនដូចយើង? តាមច្បាប់សារព័ត៌មាន ឆ្នាំ 1995 យើងអាចបោះពុម្ភបានដោយសេរី អត់បាច់ឱ្យក្រសួងព័ត៌មានឬមន្ទីរព័ត៌មានណាទៅមើលអត្ថបទរបស់យើងទេ ប្រទេសគេអត់បានទេ អត្ថបទ យើងផ្ញើទៅក្រសួងពាក់ព័ន្ធបើក្រសួងថាបោះមិនបានគឺបោះមិនបានហើយ បើត្រូវកែត្រង់ណាយើងមិនកែគេមិនឲ្យបោះ តែយើងអត់ទេ ហើយនេះគឺជាលំហមួយធំណាស់ មួយទៀតបណ្ដាញសង្គមសព្វថ្ងៃយើងដឹងហើយប្រទេសមួយចំនួនគេអត់ឲ្យប្រើ tik tok ប្រទេសខ្លះអត់ឲ្យប្រើTelegram ប្រទេសខ្លះអត់ឲ្យប្រើ Facebook តែយើងប្រើស្អីក៏បានដែរ»។

លោក សួន វុត្ថា ជាពលរដ្ឋអ្នកសារព័ត៌មាន របស់អង្គការ”CCIM” បានឆ្លើយតបការលើក តំណាងផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អំពីការចុះញ្ជីស្ថាប័នព័ត៌មានជាង ២០០០ ស្ថាប័ន ដោយចោទជាសំណួរថា អ្នកសារព័ត៌មានដែលជួបនាយករដ្ឋមន្ត្រីគឺ ម្ដងៗមានចូលរាប់ពាន់នាក់ឃើញថា អ្នកសារព័ត៌មានប៉ុន្មាននាក់ដែលហ៊ានរាយការណ៍អំពីការ កាប់បំផ្លាញព្រៃឈើធនធានធម្មជាតិរ៉ែ សួរថាមានអ្នកសារព័ត៌មានប៉ុន្មានអ្នកដែលហ៊ានរាយការណ៍ ពីការរំលោភបំពានសិទ្ធិដីធ្លីរបស់ពលរដ្ឋ និងមានប៉ុន្មានស្ថានីយ៍វិទ្យុ ទូរទស្សន៍ ដែលហ៊ានផ្សព្វផ្សាយរឿង អសកម្មរបស់មន្ត្រី រឿងអំពើពុករលួយ របស់មន្ត្រីរឿងអយុត្តិធម៌ របស់ប្រជាពលរដ្ឋនោះមូលដ្ឋាន?

«ជាក់ស្ដែងថ្មីៗនេះខ្ញុំទើបតែមកពីខេត្តកំពង់ធំ ខ្ញុំ ឃើញព្រៃសហគមន៍មួយដែលជាប់ព្រំប្រទល់សហគមន៍ព្រៃឡង់ ទៅឃើញសោកស្ដាយតែម្ដង ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះត្រឹមតែ ៦ ថ្ងៃ បើតាមសហគមន៍ប្រាប់ខ្ញុំ អស់ ៥០ ហិចតា សួរថា ស្ថាប័នព័ត៌មានជាង ២០០០ ហ្នឹងទូរទស្សន៍នៅស្រុកខ្មែរ មានស្ថាប័នទូរទស្សន៍ណាខ្លះដែលបានផ្សព្វផ្សាយព័ត៌មានឲ្យពលរដ្ឋដឹង មានអ្នកសារព័ត៌មាន ប៉ុន្មានស្ថាប័នដែលហ៊ានទៅផ្សព្វផ្សាយ គឺមានតិចតួចមែនទែនមិនមែនថាអត់ទេ តែអត់មានច្រើនទេ ។ដូច្នេះហើយរដ្ឋាភិបាល មិនគួរបង្កើតឲ្យមានតែអ្នកសារព័ត៌មានច្រើន រួចហើយថាសេរីភាពសារព័ត៌មាន នៅប្រទេសកម្ពុជាយើងពេញលេញនោះទេ គួរតែបង្កើតសារព័ត៌មានឯករាជ្យ ដែលហ៊ាន រិះគុណទង្វើអសកម្ម មួយចំនួនរបស់រាជរដ្ឋាភិបាល របស់មន្ត្រីនៅថ្នាក់មូលដ្ឋាន ទើបពលរដ្ឋយើងទទួលបាននូវព័ត៌មានពិត។ ហើយនៅពេលដែលអ្នកសារព័ត៌មានឯករាជ្យផ្សព្វផ្សាយព័ត៌មានពិត រដ្ឋាភិបាលបានដឹងអំពីភាពអសកម្មរបស់មន្ត្រីខ្លួនហើយអនុវត្តច្បាប់បានល្អ។»

ទោះយ៉ាងណា លោក សួន វុត្ថា បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា ហាក់ដូចជាមានពីរផ្នែក មួយផ្នែកដែលមាននិន្នាការខាងរាជរដ្ឋាភិបាលគឺ មានសេរីភាពពេញលេញក្នុងការអនុវត្តតួនាទីរបស់ខ្លួន មានពេលខ្លះពួកគេអនុវត្តលើសពីតួនាទីរបស់ខ្លួន អាចថាជាការជេរ ឈ្លោះប្រកែកគ្នា ពេញបណ្តាញសង្គមបានដោយសេរី មិនឃើញមានសមត្ថកិច្ចឬអាជ្ញាធរណាធ្វើវិធានការលើពួកគេនោះទេ។ ក៏ប៉ុន្តែសារព័ត៌មានមួយផ្នែកដែលពួកធ្វើការជាសារព័ត៌មានឯករាជ្យ ត្រូវបានគំរាមកំហែងបំភិតបំភ័យ ។

ងាកមកលោកស្រី ភ្លឹក ភីរម្យ អាយុ៤៥ឆ្នាំជាជនជាតិដើមភាគតិចពូនងរស់នៅភូមិឡៅកា ឃុំសុខដុម ស្រុកសែនមនោររម្យ ខេត្តមណ្ឌុលគីរីបានប្រាប់វិទ្យុស្ត្រីថា កន្លងមកអ្នកស្រី និងប្រជាសហគមន៍ធ្លាប់ទទួលរងការគំរាមកំហែង ពីអាជ្ញាធរ ដោយការចោទប្រកាន់ ប្ដឹងផ្ដល់ និងឡើងតុលាការ ដោយសារការតស៊ូមតិ ដើម្បីការពារសិទ្ធិសេរីរបស់ខ្លួន ដីធ្លីនិងព្រៃឈើ ហើយមានខ្លះក៏កំពុងជាប់ពន្ធធនាគារមិនទាន់ អាចដោះបាន ទាំងអស់នេះ ក្លាយជាសំពាធ និងជាក្តីបារម្ភ របស់ពួកគាត់។

«កន្លងមកជនជាតិដើមភាគតិចយើង គាត់ធ្លាប់ទទួលរងការគំរាមកំហែង ក្នុងការការពារដីធ្លីព្រៃឈើនិងសិទ្ធិរបស់ខ្លួនឯង ទៅប្រព័ន្ធតុលាការចាប់ដាក់ ព័ន្ធនាគារអញ្ចឹងទៅ ហើយយើងគ្មានលទ្ធភាពដោះគ្នាយើងចេញពីព័ន្ធនាគារ អីចឹងទៅ កាលបើយើងការពារភ្នំមួយឬការពារព្រៃមួយ តែងតែមាន ការគំរាមកំហែង ពីអាជ្ញាធរ ឬ ប៉ូលីសទាហាន អីអញ្ចឹងទៅ ការគំរាមកំហែង អត់ចង់ឱ្យពួកយើងបញ្ចេញមតិ អីអញ្ចឹងទៅ អញ្ចឹងជាការព្រួយបារម្ភរបស់ពួកខ្ញុំ ទៅមុខទៀតយើងនឹងមានបញ្ហាលើសហ្នឹងបើសិនជានៅតែអត់គោរពសិទ្ធិមនុស្ស»។

លោកស្រី​ ភ្លឹក ភីរម្យ

យុវជន ប៊ុនឡុងអាយុ២០ឆ្នាំ ជានិស្សិតនៃសកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានលើកឡើងថា៖ក្តីបារម្ភរបស់លោកក៏ដូចជាយុវជនមួយវចំនួនដែរ សង្គមបច្ចុប្បន្នភាគច្រើន គឺយុវជនត្រូវបានហាមប្រាមពីមនុស្សនៅជុំវិញខ្លួន មិនឱ្យហ៊ាននិយាយពីបញ្ហាសង្គម នយោបាយ រឿងភាពចន្លោះប្រហោង នៃការអនុវត្ត ច្បាប់របស់មន្ត្រី មួយចំនួនក្នុងសង្គម ដែលការនិយាយរឿងទាំងនេះ អាចធ្វើឱ្យគេ(ក្រុមខ្លះ)មិនសប្បាយចិត្ត ឬ ចោទថាពួកប្រឆាំង ដែលអាចប៉ះពាល់ ដល់អនាគតការងារ របស់ពួកគេ។

« បើយើងមានទស្សនៈផ្ទុយពីគំនិតរបស់គេ គេអាចចោទថាយើងថាជាអ្នកបដិវត្តន៍ ។ការបារម្ភរបស់ខ្ញុំគឺមានពីរ មួយគឺការបារម្ភចំពោះបច្ចុប្បន្ន សង្គមយើងបច្ចុប្បន្ន បើយើងមានទស្សនៈផ្ទុយពីគេ គេនឹងចោទយើងថាជាអ្នកបដិវត្តន៍។ ហើយក្តីបារម្ភទី  គឺចំពោះអនាគត កាលបើយើង ចេញមុខរិះគុណឬមានទស្សនៈមិនស្របនិងរាជរដ្ឋាភិបាល​ ឧទាហរណ៍ថា ថ្ងៃក្រោយទៅខ្ញុំចង់ធ្វើជា មេធាវី ចៅក្រម ព្រះរាជអាជ្ញា អីអញ្ចឹងទៅ គេមើលទៅ ប្រវត្តិយើងដែរ អូខេ ការនៅសិក្សាប្អូនធ្លាប់មានភាពសកម្ម ក្នុងការរិះគន់ ឬមានទស្សនៈមិនស្របជាមួយនឹងរាជរដ្ឋាភិបាល អញ្ចឹង បងអត់ចង់បានប្អូនធ្វើការនៅកន្លែងបងទេ។ នេះជាក្តីបារម្ភរបស់ប្អូនដែលថ្ងៃអនាគត »

យុវជន ប៊ុនឡុង

ចំណែក លោក ហ៊ួន ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា លំហនៃសិទ្ធិសេរីភាពខាងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាឈានដល់ដំណាក់កាលមួយដែលរួមតូច ដែលវាជាបញ្ហាប្រឈមទៅដល់ពលរដ្ឋទូទៅ នៅក្នុងការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិនៅក្នុងសង្គមដូចបានបង្ហាញនៅក្នុងងរបាយការណ៍។

«មួយវិញទៀតការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលវាសំខាន់ ជាពិសេសទាក់ទងជាមួយនឹងប្រជាពលរដ្ឋក្រីក្រខ្វះខាតហើយ ដែលបានរងនៅភាពអយុត្តិធម៌ក្នុងសង្គមមួយចំនួនដូច ក្នុងកម្មវិធីព្រឹកមិញ យើងឃើញមានបងស្រី ផាវ ញើងដែលជាសកម្មជន ដីធ្លីដែលរងនៅការបាត់បង់ដីធ្លីហើយរងបណ្តឹងនៅតុលាការជាច្រើនទៀតដោយសារគាត់អនុវត្តនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងអនុវត្តសិទ្ធិសេរីភាពក្នុងការការពារ នៅទ្រព្យសម្បត្តិរបស់គាត់ប៉ុន្តែគាត់ក៏រងនៅផលជះជាអវិជ្ជមាន អញ្ចឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលជាពិសេសតុលាការផង គឺជាផ្នែកមួយដ៏សំខាន់ដើម្បីធ្វើយ៉ាងណា អាចឲ្យប្រជាពលរដ្ឋទទួលបាននូវយុត្តិធម៌របស់ខ្លួន»។

មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះចាត់ទុកថា ក្នុងនាមយុវជន ក៏ដូចជាសង្គមស៊ីវិល គឺជាធាតុផ្សំយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ក៏ដូចជាជំរុញទៅដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកអះអាងថាយុវជនគឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការចូលរួមដើម្បីលើកកម្ពស់ សិទ្ធិទាំងអស់នោះ ព្រោះគាត់នៅក្មេង ហើយក៏ជាអ្នកដែលនៅក្នុងដំណាក់កាលនៃការរៀនសូត្រ ហើយស្ថិតនៅក្នុងចំនួនមួយដ៏ច្រើន ដែលយុវជនគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការរុញច្រានដល់សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាឲ្យមានភាពល្អប្រសើរ ហើយទទួលបានការគោរពពេញលេញ៕

អត្ថបទនិងរូបភាព៖អ៊ុក ដែន

 

Share

Image
Image
Image